ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​កើន​ខ្ពស់

ដោយ អាស៊ីសេរី
2017-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គំនរ​សំរាម​ដែល​គេ​គរ​ចោល​នៅ​តាម​ផ្លូវ​មួយ ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៧។
គំនរ​សំរាម​ដែល​គេ​គរ​ចោល​នៅ​តាម​ផ្លូវ​មួយ ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៧។
Photo: RFA

ប្រតិបត្តិករ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​ការ​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំ​ខែ​របស់​ក្រុមហ៊ុន ខេ.អេស.ដាប់ប៊ែលយូ.អឹម (K.S.W.M.) ដែល​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​កាល​ពី​ពេល​ថ្មីៗ ថា​មាន​តម្លៃ​កើន​ខ្ពស់​បើ​ប្រៀបធៀប​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI)។

អភិបាល​ក្រុង​ព្រះសីហនុ អះអាង​ថា ការ​កំណត់​តម្លៃ​សំរាម​នេះ មាន​ការ​ឯកភាព​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ និង​អាជីវករ។

ប្រជាពលរដ្ឋ​រស់​នៅ​ទីប្រជុំជន​ក្រុង​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋបាល​ក្រុង-​ខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា​ទៅ​លើ​ការ​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំ​ខែ​ជា​ថ្មី ព្រោះ​សេវា​តម្លៃ​ប្រមូល​សំរាម​ដែល​រដ្ឋបាល​ក្រុង​ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម មាន​តម្លៃ​ខ្ពស់ លើស​ក្រុមហ៊ុន​ចាស់​ស៊ីនទ្រី ១​ទ្វេ​ជា ៣ ឬ​ច្រើន​ជាង​នេះ។ ក្រុម​អាជីវករ និង​ពលរដ្ឋ​បាន​រិះគន់​ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ដែល​បាន​ដើរ​ប្រមូល​លុយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ថា​បាន​កំណត់​តម្លៃ​ប្រមូល​សំរាម​ខ្ពស់​ដែល​ក្រុមហ៊ុន​ចាស់ ១​ខែ បាន​កំណត់​ឲ្យ​បង់​ត្រឹម ១​ម៉ឺន​រៀល​ក្នុង​ផ្ទះ ១​ខ្នង ឬ​មួយ​ល្វែង តែ​ពេល​នេះ​កើន​ទ្វេ និង​មាន​ទីតាំង​ខ្លះ​ទៀត​ពី​មុន​បង់ ៣០​ដុល្លារ​អាមេរិក ប៉ុន្តែ​ពេល​នេះ​ត្រូវ​បង់​រហូត​ដល់ ១០០​ដុល្លារ​ជាដើម ហើយ​ក្រុមហ៊ុន​ប្រមូល​សំរាម​មិន​បាន​ទៀងទាត់​ទេ។

​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ស្នើ​ដល់​អភិបាល​ក្រុង និង​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំ​ខែ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ជៀសវាង​កើត​មាន​ប្រតិកម្ម​តវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា ការ​កំណត់​តម្លៃ​សំរាម​ប្រចាំ​ខែ​ជា​ថ្មី​នេះ គឺ​មាន​ការ​ចូលរួម និង​ឯកភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​មាន តំណាង​រដ្ឋបាល​ក្រុង រដ្ឋបាល​ខេត្ត ប្រជាពលរដ្ឋ ឬ​អាជីវករ រួម​ជាមួយ​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ជាដើម បាន​អនុម័ត​លើក​ដៃ​យល់​ព្រម។

​លោក​ស្នើ​ដល់​ពលរដ្ឋ​កុំ​ចោទ​ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ថា​ជា​អ្នក​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម ព្រោះ​ក្រុមហ៊ុន​នេះ​មិន​បាន​ចូលរួម​ក្នុង​ការ​កំណត់​តម្លៃ​សំរាម​ប្រចាំ​ខែ​នេះ​ទេ ដោយសារ​ទើប​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ការងារ​ប្រមូល​សំរាម​នា​​ទីប្រជុំជន​មួយ​នេះ នៅ​ក្រោយ​ការ​កំណត់​តម្លៃ​សំរាម​នេះ។

​ករណី​នេះ លោក អ៊ី សុខឡេង បាន​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន​ថា  ការ​កំណត់​តម្លៃ​សំរាម​ថ្មី រដ្ឋបាល​ក្រុង​បាន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អន្តរក្រសួង រួម​មាន ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​បរិស្ថាន។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អង្ក​ការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ស្នើ​ដល់​រដ្ឋបាល​ក្រុង​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ផង ត្រូវ​ជួបជុំ​គ្នា​ពិភាក្សា​​ទៅ​លើ​ការ​កំណត់​តម្លៃ​សំរាម​ជា​ថ្មី​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន និង​ជៀសវាង​មាន​ប្រតិកម្ម​តវ៉ា​នៅ​ថ្ងៃ​ខាង​មុខ។

លោក ស្រេង វ៉ាន់លី៖ «សូម​ឲ្យ​ក្រុមហ៊ុន​សិក្សា​អំពី​តំបន់​ណា​ខ្លះ​ដែល​ត្រូវ​ឲ្យ​រថយន្ត​មក​ប្រមូល​សំរាម ឲ្យ​បាន​ជា​ប្រចាំថ្ងៃ និង​តំបន់​ណា​ខ្លះ ដែល​ត្រូវ​ប្រមូល ២ ឬ ៣​ថ្ងៃ​មក​ប្រមូល​ម្ដង ដោយ​មិន​ត្រូវ​ទុក​ឲ្យ​សំរាម​គរ​ទុក​ចោល​រហូត​ដល់ ១​សប្ដាហ៍ ឬ​ដប់​ថ្ងៃ​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ជះ​ក្លិន​ស្អុយ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ទេសចរ​ជាតិ អន្តរជាតិ ដែល​គាត់​បាន​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ដោយ​ឃើញ​សំរាម​នៅ​តាម​ដង​ផ្លូវ​ច្រើន»

​ទោះ​យ៉ាង​ណា រាល់​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា កាកសំណល់ ឬ​សំរាម​ត្រូវ​បាន​គេ​យក​ទៅ​គរ​ទុក​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​រយៈពេល​យូរ​ថ្ងៃ និង​ជះ​ក្លិន​ស្អុយ ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដោយ​អាជ្ញាធរ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ពិសេស​ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ដែល​ទើប​ទទួល​បាន​សិទ្ធិ​វិនិយោគ​ប្រមូល​សំរាម​ថ្មី បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ចប់​ក្រុង​ត្រា ហើយ​មិន​ត្រូវ​បាន​រដ្ឋបាល​ក្រុង​នេះ​ផ្តល់​សិទ្ធិ​វិនិយោគ​បន្ត មិន​ទាន់​អាច​គ្រប់គ្រង​កាក​សំណល់​ទាំង​នេះ​បាន​ល្អ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល