ធនាគារ​ពិភពលោក​ផ្តល់​ថវិកា​១០០​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​និង​អភិវឌ្ឍ​ជនបទ

ដោយ យាង សុជាមេត្តា
2017.04.16
សាលា​បឋម​សិក្សា​ខិះ​ក្រោម ស្ទឹងត្រែង ២០១៦ ៨៥៥ សិស្ស​ពីរ​ថ្នាក់​រៀន​ក្នុង​បន្ទប់​តែ​មួយ​នៅ​សាលា​បឋម​សិក្សា​ខិះ​ក្រោម ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank) បាន​អនុម័ត​ថវិកា ១០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ពីរ​នៅ​កម្ពុជា គឺ​ជួយ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​ស្ថាបនា​ផ្លូវ​ជនបទ​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ ព្រម​ទាំង​ការ​ធន់​នឹង​ឥទ្ធិពល​ពី​អាកាសធាតុ​ត្រជាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ មេសា ឲ្យ​ដឹង​ថា គម្រោង​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​អនុវិទ្យាល័យ​មាន​រយៈពេល ៥​ឆ្នាំ មាន​ទឹកប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក។ គម្រោង​មាន​គោល​បំណង​ពង្រឹង​ការ​គ្រប់គ្រង​របស់​សាលា និង​លើក​កម្ពស់​គុណភាព​គ្រូបង្រៀន ពិសេស​លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរ​សាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា។

ចំណែក​គម្រោង​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ នឹង​ស្ថាបនា​ឡើង​វិញ​ផ្លូវ​ជនបទ​ប្រវែង ២៥០​គីឡូម៉ែត្រ​ក្នុង​ខេត្ត​ចំនួន​៦ តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​សាប ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ៣​លាន ៥​សែន​នាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ សៀមរាប និង​ខេត្ត​កណ្ដាល។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា គម្រោង​នឹង​ស្ថាបនា​ផ្លូវ​ដែល​អាច​ធន់​នឹង​ទឹក​ជំនន់​ដែល​អាច​បញ្ចៀស​ការ​ចំណាយ​ខ្ពស់​លើ​ការ​សាងសង់​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។