ធនាគារ​ពិភពលោក​បង្ហាញ​របាយការណ៍​កែលំអ​បរិយាកាស​វិនិយោគ​បរទេស​នៅ​កម្ពុជា

ដោយ អាន ស៊ីថាវ
2014.10.29
អាឡាសសានេ សូ (Alassane Sow) ៦១០ ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសសានេ សូ (Alassane Sow មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/An Sithav

ក្រុម​ស្ថាប័ន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ចេញ​របាយការណ៍​កែលំអ​បរិយាកាស​បង្កើត​អាជីវកម្ម និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នោះ បាន​បង្ហាញ​ថា មាន​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ការ​បង្កើត​ក្រុមហ៊ុន ក្នុង​នោះ​រួម​មាន​តម្លៃ និង​ការ​ផ្គត់ផ្គង់​អគ្គិសនី ការ​បែង​ចែក​ធនធាន​ហិរញ្ញវត្ថុ និង​ការ​កសាង​ពលកម្ម​ជំនាញ។

ប៉ុន្តែ ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា បាន​អះអាង​បន្ថែម​ថា ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ គឺ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ក្រុមហ៊ុន​របស់​គេ។

របាយការណ៍​វាយ​តម្លៃ​អំពី​បរិយាកាស​វិនិយោគ​ប្រចាំ​ឆ្នាំ​២០១៤ របស់​ធនាគារ​ពិភពលោក (Wold Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ស្នើសុំ​ឲ្យ​ប្រទេស​កម្ពុជា បង្កើត​ឱកាស​ធុរកិច្ច​ថ្មី​របស់​ខ្លួន តាម​រយៈ​ការ​ផ្គត់ផ្គង់​ដោយ​ភាព​ជឿ​ជាក់​នៃ​ថាមពល​អគ្គិសនី ការ​កែ​ទម្រង់​រចនាសម្ព័ន្ធ​ចំណាយ​ធនធាន​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​ផ្លូវ​ការ និង​ការ​កសាង​ពលកម្ម​ជំនាញ។ បញ្ហា​ទាំងអស់​នេះ បាន​បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី។

ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសាន សូ (Alassane sow) មាន​ប្រសាសន៍​ថា កម្ពុជា មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លូតលាស់​យ៉ាង​ខ្លាំង ក្នុង​ការ​បង្កើត​ឲ្យ​ផលិតផល​ថ្មីៗ​ជាច្រើន និង​បាន​ទាក់ទាញ​អ្នក​វិនិយោគិន​បន្ថែម។ លោក​បញ្ជាក់​ថា របាយការណ៍​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ ដែល​ឈាន​ទៅ​រក​ការ​កសាង​បរិយាកាស​ធុរកិច្ច​មួយ ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ឬ​ការ​បង្កើត​អាជីវកម្ម​ថ្មី​បន្ថែម​ទៀត។ របាយការណ៍​ថ្មី​នេះ បាន​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ ៥​ឆ្នាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ក្រុមហ៊ុន​នានា ក្នុង​ការ​បង្កើត​អាជីវកម្ម និង​បង្កើន​ប្រភេទ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន។

អ្នក​រៀបចំ​របាយការណ៍ និង​ជា​អ្នក​សេដ្ឋកិច្ច​ថ្នាក់​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក ជូលៀន ក្លឺក (Julian Clarke) មាន​ប្រសាសន៍​ថា ប្រាក់​ខែ​ទាប និង​ការ​មិន​បង់​ពន្ធ​នាំ​ទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា វិញ ត្រូវ​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​រារាំង​ដល់​ក្រុមហ៊ុន​ទាំងអស់។

អគ្គនាយក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុក ចិន្ដាសុភា មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​របស់​ក្រុម​ស្ថាប័ន​អភិវឌ្ឍន៍​ទាំង​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ប្រឈម​នានា ដើម្បី​លើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​បង្កើត​ជា​ប្រភព​កំណើន​ថ្មី​សម្រាប់​ជំរុញ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ បច្ចុប្បន្ន ប្រទេស​កម្ពុជា បាន​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ប្រទេស​ជប៉ុន ជាច្រើន​មក​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​សង្ឃឹម​ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ទីតាំង​វិនិយោគ​ប្រកប​ដោយ​សក្ដានុពល​នៅ​ក្នុង​តំបន់។

លោក សុក ចិន្ដាសុភា៖ «ប្រភព​កំណើន​សេដ្ឋកិច្ច គឺ​បាន​មក​ពី​ការ​ធ្វើ​ពិពិធកម្ម តាម​រយៈ​ការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មី និង​ការ​រក​ប្រភព​កំណើន​ថ្មី​នៃ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស។ បច្ចុប្បន្ន អ្នក​វិនិយោគ​បរទេស​ជប៉ុន បាន​ចូល​មក​យ៉ាង​ច្រើន​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កម្ពុជា មិន​ត្រឹម​តែ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ជប៉ុន ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ទាក់ទាញ​អ្នក​វិនិយោគ​ដទៃ​ទៀត​ដែល​កំពុង​ប្រតិបត្តិការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា»

ទោះ​ជា​យ៉ាង​ណា របាយការណ៍​រួម​គ្នា​រវាង​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្ដល់​យោបល់​ថា ការ​ស្វែងរក​ប្រភព​ថាមពល​ពី​ប្រទេស​ជិត​ខាង អាច​ជំរុញ​ឲ្យ​តម្លៃ​អគ្គិសនី​ចុះ​ថោក រួម​ទាំង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា លោក អេរិក ស៊ីដវិក (Eric Sidgwick) មាន​ប្រសាសន៍​ថា របាយការណ៍​ថ្មី​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ដល់​អ្នក​តាក់​តែង​ច្បាប់ និង​រៀបចំ​គោល​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​វិនិយោគ​មួយ​ប្រកប​ដោយ​សក្ដានុពល។ ការ​អនុវត្ត​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ជា​ឥទ្ធិពល​ដែល​អាច​ឈាន​ដល់​ការ​សម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​បី​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​ភាព​ចម្រុះ​នៃ​ប្រភព​កំណើន​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំនួន​អ្នក​ងាយ​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។