បុរស​​ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាក់​ពី​លើ​ប្រាសាទ​អង្គរវត្ត​បញ្ជូន​ទៅ​ព្យាបាល​នៅ​ថៃ

ដោយ ហង្ស សាវយុត
2015.02.01

បុរស​​អ្នក​ទេសចរ​ជនជាតិ​ចិន ម្នាក់ បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ ហើយ​បន្ទាប់​ពី​គាត់​ធ្លាក់​ពី​លើ​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប ហើយ​មាន​របួស​ក្បាល​ធ្ងន់ធ្ងរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​កុម្ភៈ ថា បុរស​អ្នក​ទេសចរ​ជនជាតិ​ចិន ម្នាក់​អាយុ ៤១​ឆ្នាំ តែ​មិន​ស្គាល់​ឈ្មោះ បាន​រអិល​ជើង​ធ្លាក់​ពី​លើ​រោង​ថែវ​ទី​១ នៃ​ប្រាសាទ​អង្គរវត្ត កម្ពស់​ជិត ២​ម៉ែត្រ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា កន្លង​ទៅ។ បន្ទាប់​ពី​រអិល​ជើង​ធ្លាក់​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ គឺ​ក្រុម​គ្រូពេទ្យ​នៃ​គ្លីនិក​រ៉ូយ៉ាល់ (Royal) បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ។

លោក ង៉ូវ សេងកាក់ ថ្លែង​ថា៖ «ធ្លាក់​នៅ​រោង​ទង​ទី​១ ខ្ពស់​ដែរ​ហ្នឹង។ គាត់​មិន​ដឹង​ពេល​ដើរ​ថត​រូប ក៏​ថយ ហើយ​រអិល​ជើង​ធ្លាក់ វា​ក្រឡាច់​ជើង។ បន្ទាប់​ពី​ធ្លាក់​បោក​ក្បាល គឺ​មាន​កក​ឈាម​នៅ​សរសៃ​ខួរ​ក្បាល»

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា អ្នកស្រី ចៅ ស៊ុនកិរិយា ឲ្យ​ដឹង​ថា កន្លែង​ដែល​​បុរស​ទេសចរ​ជនជាតិ​ចិន ធ្លាក់​នោះ គឺ​មាន​ជណ្ដើរ​ធ្វើ​ពី​ឈើ​យ៉ាង​រឹងមាំ​សម្រាប់​ឲ្យ​អ្នក​ទេសចរ​ដើរ​ឡើង​ដោយ​សុវត្ថិភាព ក៏ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ដូចម្តេច បាន​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​នោះ​រអិល​ធ្លាក់។

រយៈពេល ៣-៤​ខែ​កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​បរទេស ២-៣​នាក់​ហើយ​ដែល​រងគ្រោះ​ថ្នាក់ ដូចជា​ទៅ​តោង​ថ្ម​ដើម្បី​ថត​រូប​បណ្ដាល​ឲ្យ​រលំ​ត្រូវ​រង​របួស​ជាដើម ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​មិន​ទាន់​មាន​ចាត់​វិធានការ​ណា​មួយ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ទាំ​ងនេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។