មន្ត្រី​បោះឆ្នោត​ឃុំ​នៅ​បាត់ដំបង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​មិន​ហ៊ាន​ស្នាក់នៅ​ផ្ទះ

ដោយ ហ៊ុំ ចំរើន
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរតាគី ខេត្ត​បាត់ដំបង លោក ហ៊ុន យ៉ន និង​ប្រពន្ធ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ឲ្យ​របួស​ធ្ងន់ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរតាគី ខេត្ត​បាត់ដំបង លោក ហ៊ុន យ៉ន និង​ប្រពន្ធ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ឲ្យ​របួស​ធ្ងន់ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​នឹង​ពូថៅ​ឲ្យ​របួស​ធ្ងន់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ កំពុង​លាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​នៅ​ផ្ទះ​សាច់ញាតិ ដោយ​មិន​ហ៊ាន​ទៅ​រស់នៅ​ផ្ទះ​របស់​ខ្លួន​នោះ​ទេ។ ពួក​គាត់​អះអាង​ថា មូលហេតុ​ដែល​មិន​ហ៊ាន​ទៅ​ផ្ទះ ដោយសារ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ព្រោះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​មិន​ស្គាល់​មុខ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​នៅ​ឡើយ។ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ផ្នែក​ព្រហ្មទណ្ឌ បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​បន្ថែម​ដើម្បី​ចាប់​ជន​ដៃ​ដល់ តែ​ខ្វះ​កិច្ច​សហការ​ពី​សាមី​ខ្លួន។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរតាគី ស្រុក​ថ្មគោល និង​ប្រពន្ធ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​នោះ លើក​ឡើង​ថា ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ទាន់​ចាប់​ជន​មិន​ស្គាល់​មុខ​ដែល​លួច​កាប់​ពួក​គាត់​ឲ្យ​រង​របួស​មក​ផ្ដន្ទាទោស​បាន​ទេ ពួក​គាត់​រស់នៅ​គ្មាន​សុវត្ថិភាព​ឡើយ។

លោក ហ៊ុន យ៉ន ផ្ដល់​សម្ភាស​ខណៈ​រស់នៅ​ជាមួយ​សាច់ញាតិ​ថា ចាប់​តាំង​ពី​ជន​មិន​ស្គាល់​មុខ​កាប់​ឲ្យ​របួស​ធ្ងន់​កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា មក សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។ បុរស​វ័យ ៦២​ឆ្នាំ​រូប​នេះ​បន្ត​ទាំង​ទឹក​មុខ​ស្លេកស្លាំង​ថា លោក​មិន​ចង់​រស់នៅ​ជាមួយ​សាច់ញាតិ​ទេ ក៏ប៉ុន្តែ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ធ្វើ​ឲ្យ​ពួក​គាត់​មិន​ហ៊ាន​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្លួន ព្រោះ​ខ្លាច​ជន​មិន​ស្គាល់​មុខ​លួច​កាប់​ទាំង​ប្ដី និង​ប្រពន្ធ​ដូច​ពេល​មុន​ទៀត៖ «បាទ! បើ​សិន​សមត្ថកិច្ច​ចាប់​ជនល្មើស​មិន​បាន​ទេ ខ្ញុំ​គ្មាន​សុវត្ថិភាព​ទៅ​ថ្ងៃ​ក្រោយ​ទេ ព្រោះ​ខ្ញុំ​ជឿជាក់​ថា វា​នឹង​តាម​ផ្ដន្ទា​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត ព្រោះ​មិន​វា​ខឹង​ខ្ញុំ​នៅ​ចំណុច​ណា​មួយ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​រស់នៅ​ផ្ទះ​ខ្ញុំ​បាន​ទេ សូម​ជួយ​ខ្ញុំ​ផង»

អតីត​គ្រូបង្រៀន​ចូល​និវត្តន៍​រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់ ដើម្បី​ពួក​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ទៅ​រស់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​ឡើង​វិញ៖ «អ៊ីចឹង​ដឹង​ហើយ​ផ្ទះ​គេ​មិន​ដូច​នៅ​ផ្ទះ​របស់​យើង​ទេ បើ​ទោះ​ជា​អ្នក​នោះ​កូន​ក៏ដោយ ព្រោះ​គេ​មាន​ក្រុម​គ្រួសារ​គេ។ ដូច្នោះ​ខ្ញុំ​សំណូមពរ​ទៅ​សមត្ថកិច្ច ធ្វើ​ម៉េច​ផ្ដល់​ភាព​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាទ​ខាងតែ​បាន»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរតាគី លោក ហ៊ុន យ៉ន អះអាង​ថា នៅ​យប់​កើត​ហេតុ​មាន​បុរស​ម្នាក់​កម្ពស់​ប្រហែល ១​ម៉ែត្រ ៦០​សង់ទីម៉ែត្រ សក់​ផ្កា​ថ្កូវ បាន​យក​ពូថៅ​ចូល​មក​កាប់​លោក​ក្នុង​ផ្ទះ​ចំ​ក្បាល និង​ស្មា កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា។ លោក​បន្ថែម​ថា មុន​ចូល​មក​កាប់ បុរស​រូប​នោះ​បាន​ដុត​ឯកសារ​បោះឆ្នោត​គ្មាន​សល់ ហើយ​ពេល​នោះ​លោក​ចេញ​មក​មើល​ភ្លើង​ឆេះ​ខាង​មុខ​ផ្ទះ​របស់​លោក ស្រាប់​តែ​ជន​មិន​ស្គាល់​មុខ​កាប់​លោក​តែ​ម្ដង។ លោក​អះអាង​ថា ភ្លាម​នោះ ប្រពន្ធ​របស់​លោក​ក៏​បាន​ស្រែក​ថា​ចោរៗ ដើម្បី​ឲ្យ​អ្នក​ស្រុក​ជិត​ខាង​មក​ជួយ ហើយ​ជន​នោះ​យក​កាំបិត​ចាក់​ពោះ​ប្រពន្ធ​របស់​លោក ២​កាំបិត បណ្ដាល​ឲ្យ​របួស​ធ្ងន់ ក្រោយ​មក​ប៉ូលិស​ឃុំ​អូរតាគី ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ វ៉ូលមេត អ៊ឹមមើជេនស៊ី ខេត្ត​បាត់ដំបង (World Mate Emergency) តែ​ម្ដង។

ប្រពន្ធ​ជន​រងគ្រោះ លោកស្រី រុំ វី ថ្លែង​ទាំង​ទឹក​ភ្នែក​ថា នៅ​ពេល​នឹក​ឃើញ​គ្រា​ដែល​ជន​មិន​ស្គាល់​មុខ​ចាក់​លោកស្រី និង​ប្ដី​ឲ្យ​រង​របួស លោកស្រី​មាន​អារម្មណ៍​តក់ស្លុត​យ៉ាង​ខ្លាំង និង​មិន​ហ៊ាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​របស់​ខ្លួន​នោះ​ទេ៖ «ខ្ញុំ​ភ័យ​ណាស់​អស់​លោក​អើយ! ជួយ​រក​ជនល្មើស​ឲ្យ​ឃើញ​ផង។ ខ្ញុំ​ចូល​ផ្ទះ​ខ្ញុំ​មិន​បាន​ទេ។ ខ្ញុំ​នឹក​ផ្ទះ​ខ្ញុំ​ណាស់។ ខ្ញុំ​ដេក​ស្រមៃ ឲ្យ​តែ​ដេក​បិទ​ភ្នែក​ភ្លាម ខ្ញុំ​នឹក​ឃើញ​ចោរ​មក​ចាក់​ខ្ញុំ

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរតាគី អះអាង​ថា នៅ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ប្រមាណ ១០​ថ្ងៃ មាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ប័ណ្ណ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដុត​ចោល​អស់​ជាង ១០០​សន្លឹក​ម្ដង​រួច​មក​ហើយ។ លោក​បន្ថែម​ថា ទាំង​ពីរ​ករណី​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។

ឆ្លើយតប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី មាន​ប្រសាសន៍​ថា ករណី​នេះ​ពុំ​មែន​ជា​រឿង​នយោបាយ​ទេ តែ​ប្រហែល​ជា​រឿង​គំនុំ​ច្រើន​ជាង។ លោក​អះអាង​ថា មូលហេតុ​ដែល​មិន​ទាន់​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​បាន ដោយសារ​ជន​រងគ្រោះ​លាក់​បាំង​ព័ត៌មាន​ខ្លះ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​តាម​រក​មុខ​សញ្ញា​ជនល្មើស។

លោក​បន្ថែម​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​មុខ​សញ្ញា ដើម្បី​ចាប់​ជនល្មើស​មិន​ទាន់​ឈប់​នៅ​ឡើយ៖ «ខ្ញុំ​សំណូមពរ​សុំ​ឲ្យ​គាត់​ជួយ​ខ្ញុំ ដើម្បី​សហការ​ចំណុច​ផ្សេង ព្រោះ​បើ​គាត់​បង្ហាញ​ឲ្យ​ច្បាស់​ជាង​នេះ​បន្តិច​ទៀត យើង​នឹង​ចាប់​ជន​នោះ​បាន​ភ្លាម»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​អាច​ជា​រឿង​នយោបាយ ព្រោះ​នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​កើត​ហេតុ ជនល្មើស​បាន​ដុត​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​របស់​ជន​រងគ្រោះ​ចោល ដោយ​ពុំ​បាន​យក​ទ្រព្យ​របស់​ជន​រងគ្រោះ​ឡើយ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ប្រសិន​បើ​អូស​បន្លាយ​ពេល អាច​នឹង​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​រងគ្រោះ៖ «អ៊ីចឹង​ដែល​ថា​គាត់​មាន​ការ​លាក់​បាំង​នោះ ចំណុច​នេះ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ជំនឿ​ទុក​ចិត្ត​ដល់​ជន​រងគ្រោះ ព្រោះ​បើ​គាត់​មិន​មាន​ជំនឿ​ទុក​ចិត្ត​ទេ គាត់​មិន​សហការ​ទេ។ អ៊ីចឹង​សំខាន់​គាត់ គឺ​សមត្ថកិច្ច​ត្រូវ​តែ​បង្ហាញ​យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​ការពារ​សុវត្ថិភាព​ជូន​គាត់»

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឃុំ​អូរតាគី គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៥០០​សំឡេង។ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​អាណត្តិ​ទី​៣ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ​មួយ​នេះ។

ពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ ភាគច្រើន​អះអាង​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​ជា​មនុស្ស​សុភាព​រាបសា ហើយ​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​នោះ​ទេ។

ជន​រងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ មិថុនា ហើយ​មក​ទល់​ពេល​នេះ ស្ថានភាព​មុខ​របួស​របស់​អ្នក​ទាំង​ពីរ មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ។ ពួក​គាត់​អះអាង​ថា តាំង​តែ​ចេញ​ពី​មន្ទីរពេទ្យ​មក អ្នក​ទាំង​ពីរ​ស្នាក់នៅ​ជាមួយ​សាច់ញាតិ​នៅ​ខេត្ត​បាត់ដំបង ដោយ​ពុំ​ហ៊ាន​ចេញ​ទៅ​ណា​ក្រៅ​ផ្ទះ​នោះ​ទេ ដោយ​ពួក​គាត់​ទន្ទឹង​រង់ចាំ​ដំណឹង​ពី​សមត្ថកិច្ច​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល