ស្នងការ​ខេត្ត​ព្រៃវែង​ថា​មិន​បាន​បញ្ជា​ឲ្យ​ចាប់​ពលរដ្ឋ​ដែល​គប់​ឡាន​ពន្លត់​អគ្គីភ័យ

ដោយ ថា កិត្យា
2017-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមត្ថកិច្ច និង​ក្រុម​ពន្លត់​អគ្គីភ័យ បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
សមត្ថកិច្ច និង​ក្រុម​ពន្លត់​អគ្គីភ័យ បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​ខេត្ត​ព្រៃវែង បាន​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​ផ្ទុះ​កំហឹង​យក​ដុំ​ថ្ម​គប់​ឡាន​ពន្លត់​អគ្គីភ័យ និង​ឡាន​ប៉ូលិស ដោយសារ​មិន​អាច​ជួយ​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ ៤​ខ្នង នៅ​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ​កន្លង​ទៅ។ រីឯ​ស្នងការ​ខេត្ត​ព្រៃវែង តប​ថា ពុំ​មាន​អាជ្ញាធរ​ណា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​ក្នុង​រឿង​ឆេះ​ផ្ទះ​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គី និង​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ​បាន​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​លេច​មុខ​ជាង​គេ​ក្នុង​ហេតុការណ៍​ផ្ទុះ​កំហឹង យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ពន្លត់​អគ្គីភ័យ និង​ឡាន​របស់​ប៉ូលិស កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា កន្លង​ទៅ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​មួយ គឺ​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ ៤​ខ្នង ដោយសារ​ឡាន​ពន្លត់​អគ្គីភ័យ​បាន​ទៅ​ដល់​យឺត ហើយ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង រួច​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ឡាន​ពន្លត់​អគ្គីភ័យ និង​ឡាន​ប៉ូលិស ប៉ុន្តែ​មិន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ។ ក្រោយ​មក​ទៀត ក៏​ស្រាប់​តែ​អាជ្ញាធរ​បាន​តាម​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បុរស​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ៖ «ដំបូង​គ្រាន់​តែ​គាត់​ស្រែក​ទេ។ អ្នក​ខ្លះ​ថា​មក​ធ្វើ​អី គេ​ពន្លត់​រួច​ឆេះ​រួច​ហើយ។ ខ្លះ​ទៀត​ថា​ដូរ​លេខ​៤ ចេញ​ទៅ​អី​អ៊ីចឹង ហើយ​ក៏​ឈាន​ទៅ​ដល់​គប់​ដុំ​ថ្ម​លើ​ឡាន​បាញ់​ទឹក ហើយ​ពេល​នោះ​ក៏​មាន​ការ​សម្រួល​គ្នា ប៉ុន្តែ​ពេល​ល្ងាច​ក៏​មាន​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​បុគ្គល​ដែល​ប្រើ​ដុំ​ថ្ម​គប់​លើ​រថយន្ត​ពន្លត់​អគ្គីភ័យ​នោះ​ទៅ»

ភ្លើង​ឆេះ​ផ្ទះ ព្រៃវែង ២០១៧ ១៤៤០
ឡាន​ពន្លត់​អគ្គីភ័យ​ទៅ​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​ស្នាយភ្លើង ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided Photo Provided

មេ​ឃុំ​ព្រៃព្នៅ លោក សួរ ទ្រី អះអាង​ថា ពលរដ្ឋ​ពិត​ជា​ផ្ទុះ​កំហឹង ហើយ​បាន​គប់​ឡាន​ពន្លត់​អគ្គីភ័យ ៣​ដុំ​ឥដ្ឋ និង​ឡាន​ប៉ូលិស ២​ដុំ​ឥដ្ឋ​ពិត​មែន។ ទោះ​យ៉ាង​ណា លោក​ពុំ​បាន​ដឹង​រឿង​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។

ម្ចាស់​ផ្ទះ​រងគ្រោះ គឺ​លោកស្រី ស្រីម ឲ្យ​ដឹង​ថា ផ្ទះ​របស់​ពួក​គាត់​បាន​ឆេះ​រយៈពេល ៣០​នាទី​ទៅ​ហើយ ទើប​ឡាន​បាញ់​ទឹក​មក​ដល់។ រីឯ​ករណី​ថា​មាន​ពលរដ្ឋ​ផ្ទុះ​កំហឹង និង​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពលរដ្ឋ​នោះ គឺ​លោកស្រី​ពុំ​បាន​ដឹង​ឡើយ ព្រោះ​មាន​អារម្មណ៍​តក់ស្លុត​ពេក។ លោកស្រី​បន្ត​ថា ផ្ទះ​ដែល​ឆេះ​ទាំង ៤​ខ្នង​នោះ គឺ​មាន​ផ្ទះ​កូន​លោកស្រី ៣​ខ្នង និង​ផ្ទះ​ក្មួយ ១​ខ្នង ដែល​ពួក​គេ​ខំ​ប្រឹង​កសាង​ឡើង​តាម​រយៈ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោកស្រី​បន្ត​ថា ពេល​នេះ​គ្រួសារ​លោកស្រី​គ្មាន​សល់​អ្វី​ទីពឹង​ទៀត​ឡើយ៖ «សូម​គាត់ (អាជ្ញាធរ) ជួយ​ថវិកា​ខ្លះ​មក ខ្ញុំ​មិន​ដឹង​ទីពឹង​អី​ទេ។ ខោ​អាវ​សល់​តែ​មួយ​ចង្កេះ ហើយ​ឆេះ​ខ្លោច​ខ្លួន​ទៀត»

ទាក់ទង​ករណី​នេះ ស្នងការ​ខេត្ត​ព្រៃវែង លោក ស្រេង ជា មាន​ប្រសាសន៍​ថា ឡាន​ពន្លត់​អគ្គីភ័យ​បាន​ទៅ​ដល់​ក្នុង​រយៈពេល ២០​នាទី​ស្រប​តាម​រយៈពេល និង​ចម្ងាយ​ផ្លូវ។ ហេតុការណ៍​កាលណោះ លោក ស្រេង ជា បាន​បញ្ជា​ឡាន​ពន្លត់​អគ្គីភ័យ​ចេញ​ពី​ស្រុក​ពារាំង មួយ​គ្រឿង ស្រុក​ស្វាយអន្ទរ មួយ​គ្រឿង និង​ទី​រួម​ខេត្ត​មួយ​គ្រឿង។ លោក​ថា អាជ្ញាធរ​បាន​ខិតខំ​ជួយ​យ៉ាង​ខ្លាំង ទើប​អាច​ជួយ​សង្គ្រោះ​ផ្ទះ​ដែល​នៅ​ជិតៗ​នោះ ហើយ​ឆេះ​ត្រឹម​តែ ៤​ខ្នង។ ទន្ទឹម​គ្នា​នេះ លោក​មិន​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ពលរដ្ឋ​ណា​ម្នាក់​ឡើយ៖ «ខ្ញុំ​អត់​មាន​បញ្ជា​តាម​ចាប់​ផង។ ម្យ៉ាង​ទៀត បើ​សិន​ជា​ករណី​ស៊ើប​អង្កេត ទាល់​តែ​ខ្ញុំ​ធ្វើ​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា បើ​ខ្ញុំ​អត់​ធ្វើ​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា​ផង តើ​មាន​ពីណា​តាម​ចាប់»

យ៉ាង​ណា​ក៏ដោយ​ចុះ ពលរដ្ឋ​នៅ​មិន​ទាន់​ជឿ​សម្ដី​របស់​ស្នងការ​ខេត្ត​នៅ​ឡើយ​ទេ ព្រោះ​ក្រោយ​កើត​ហេតុ កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ តែងតែ​ចុះ​ស្វែងរក​មុខ​ជន​សង្ស័យ​ម្នាក់​ដែល​រស់នៅ​ភូមិ​សាមគ្គី ជាប់​ភូមិ​កើត​ហេតុ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ បុរស​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ ក៏​បាន​រិះគន់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​បម្រើ​សេវាកម្ម​របស់​អាជ្ញាធរ​ដែរ ទើប​បណ្ដាល​ឲ្យ​ផ្ទះ ៤​ខ្នង​ត្រូវ​ឆេះ​ខ្ទេចខ្ទី។

ចំពោះ​អាជ្ញាធរ​វិញ នៅ​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល