ចៅ​អធិការ​វត្ត​ស្ដីទី​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​រង​ការ​ចោទ​ថា​ឆាន់​ស្រា​យល់ព្រម​ចេញ​ពី​វត្ត

ដោយ ជិន ជេដ្ឋា
2016-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ជាង​ទង ចាំ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha
តំណាង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ជាង​ទង ចាំ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត​ប្រាសាទ​ជាងទង ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សាទរ​នឹង​ការ​និមន្ត​ចេញ​ពី​វត្ត​របស់​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ដែល​គណៈកម្មការ​វត្ត​រក​ឃើញ​ថា ព្រះអង្គ​ឆាន់​ស្រា​ខុស​វិន័យ​សង្ឃ។ មន្ត្រី​ធម្មការ​បញ្ជាក់​ថា ការ​បណ្ដេញ​សង្ឃ​ចេញ​ពី​វត្ត ឬ​តែងតាំង​ចៅ​អធិការ​ថ្មី មិន​ទាន់​មាន​សេចក្ដី​សម្រេច​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

តំណាង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ជាងទង ៤​ភូមិ ប្រមូល​ផ្ដុំ​គ្នា​ប្រមាណ ៥០​នាក់ នៅ​លើ​សាលាឆាន់​ដែល​សង់​មិន​ទាន់​រួច​មួយ​ខ្នង ដើម្បី​រង់ចាំ​ស្ដាប់​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​វត្ត​ពី​សំណាក់​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ប៉ុន្តែ​ពុទ្ធបរិស័ទ​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ ដោយ​អ្នក​រៀបចំ​កម្មវិធី​ប្រជុំ​ច្រឡំ​កាលបរិច្ឆេទ ហើយ​លើក​ទៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា វិញ។

ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ជាងទង លោក ចាប សារិន មាន​ប្រសាសន៍​ថា ដ្បិត​មិន​ទាន់​មាន​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ស្រេច ប៉ុន្តែ​ពុទ្ធបរិស័ទ​ភាគច្រើន​សប្បាយ​ចិត្ត ពេល​ដឹង​ថា​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ស្ម័គ្រ​ចិត្ត​ចេញ​ពី​វត្ត​ដោយ​អង្គ​ឯង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ពុទ្ធបរិស័ទ នឹង​ស្ងប់​ចិត្ត​ក្នុង​ការ​ធ្វើ​បុណ្យ​កឋិនទាន នៅ​ពេល​ដែល​ព្រះសង្ឃ​ធ្លាប់​បង្ក​បញ្ហា​ចេញ​ពី​វត្ត៖ «ផឹក​ស្រា​មិន​មែន​តែ​ម្ដង​ទេ! បួន​ប្រាំ​ដង​រួច​មក​ហើយ ក្រោយ​កឋិន​បញ្ចប់​មិន​ទាន់​រើ​រោង​ផង លោក​ផឹក​ស្រវឹង រក​កាប់​គ្នា​ពេញ​វត្ត។ ដល់​អ៊ីចឹង​ខ្ញុំ​ក្នុង​នាម​អាចារ្យ និង​គណៈកម្មការ​បាន​ប្រជុំ​គ្នា​សម្ងាត់ ដើម្បី​ហៅ​លោក​មក​សួរ​ដោះស្រាយ​រឿង​ហ្នឹង​កុំ​ឲ្យ​វា​បែក។ ដល់​ហៅ​លោក​មក​សួរ បម្រុង​រាយការណ៍ លោក​ថា​អាណិត​អាត្មា​កុំ​រាយការណ៍​អី អាត្មា​ខុស​ហើយ អាត្មា​នឹង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាចារ្យ និង​គណៈកម្មការ បើ​ថ្ងៃ​ក្រោយ​អាត្មា​ផឹក​ស្រវឹង​អ៊ីចឹង​ទៀត គឺ​ចុះ​ចេញ​ពី​វត្ត​ដោយ​ខ្លួន​ឯង។ ដល់​ឆ្នាំ​នេះ​ទើប​ភ្ជុំ​ចប់ លោក​ផឹក​ស្រា ABC អស់​ដប់​កំប៉ុង​ជាង។ អ៊ីចឹង​លោក​ថា​អាត្មា​ចេញ​ហើយ ពេល​ចេញ​វស្សា​នេះ​អាត្មា​នឹង​ចេញ។ ដល់​ចេញ​វស្សា​អត់​ចេញ។ ពន្យារ​បួន​ដប់​ថ្ងៃ គណៈកម្មការ​គិតគូរ​ធ្វើ​អត់​កើត ព្រោះ​លោក​អត់​ចេញ ដល់​អ៊ីចឹង​បាន​គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ចាប់​ផ្ដើម​ក្ដៅ​ក្រហាយ​កើត​រឿង​ផ្ដិត​មេដៃ​ប្ដឹង​ត​ទៅ​លើ​ទៀត​ហ្នឹង»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ដើម្បី​បំភ្លឺ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ព្រះអង្គ​ធ្លាប់​សារភាព​កំហុស ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ទង្វើ​បួន​ចំណុច គឺ​ទី​១ ឈប់​សេព​គ្រឿង​ស្រវឹង។ ទី​២ មិន​បង្ក​រឿង​ជាមួយ​ភិក្ខុ និង​សាមណេរ។ ទី​៣ ឈប់​ប្រព្រឹត្ត​ទង្វើ​អ្វី​ខុស​នឹង​វិន័យ​សង្ឃ និង​ទី​៤ មិន​ប្រើ​អាកប្បកិរិយា​អ្វី​លើ​នារី​ភេទ។

ប្រធាន​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​អះអាង​ថា ក្រោយ​ធ្វើ​កិច្ចសន្យា ព្រះសង្ឃ​អង្គ​នេះ​មិន​កែប្រែ​កំហុស​ទេ ដោយ​នៅ​តែ​ឆាន់​ស្រា​ដដែល ទើប​ពុទ្ធបរិស័ទ ៣០០​នាក់​ផ្ដិត​មេដៃ សុំ​ដក​ព្រះអង្គ​ចេញ។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​ស្ដីទី​នៃ​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រុម​ការងារ​នឹង​ចុះ​ប្រជុំ​ផ្សព្វផ្សាយ និង​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត ដើម្បី​បាន​ធ្វើ​បុណ្យ​កឋិនទាន​នៅ​ពេល​នោះ​តែ​ម្ដង។ ចំពោះ​វិធានការ​លើ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុស​វិន័យ ឬ​តែងតាំង​ចៅ​អធិការ​ថ្មី លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៖ «អនុគណ​លោក​បាន​ជួប​ជាមួយ​ព្រះចៅ​អធិការ​មួយ​ជំហាន​ហើយ ហើយ​លោក​ថា​នឹង​ចាក​ចេញ​ពី​កន្លែង​ហ្នឹង អត់​នៅ​វត្ត​ទេ។ ស្អែក​ម៉ោង​ពីរ​កន្លះ គឺ​ខ្ញុំ​ទៅ​ចាប់​ផ្ដើម​ប្រជុំ​រៀបចំ​ផ្សព្វផ្សាយ ឬ​ដោះស្រាយ​យ៉ាង​ម៉េច​ចាំ​មើល​នីតិវិធី​ស្អែក។ ខ្ញុំ​ថា​ឲ្យ​តែ​មាន​អង្គ​កឋិន ត្រូវ​ធ្វើ​ទៅ អត់​មាន​ឲ្យ​ខកខាន​អី​ទេ»

កាល​ពី​ដើម​ឆ្នាំ​២០១៦ ពុទ្ធបរិស័ទ​ក៏​មាន​ប្រតិកម្ម​ចំពោះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ ដែល​ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ក្នុង​ករណី​ចៅ​អធិការ​វត្ត​បាន​ប្រព្រឹត្ត​កំហុស​ស្រដៀង​គ្នា​នេះ​ដែរ។ រឿងរ៉ាវ​ដែល​តែងតែ​កើត​មាន​នៅ​តាម​វត្ត​អារាម​នេះ ត្រូវ​ព្រះ​មេគុណ​ខេត្ត ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​ត្រិះរិះ​រក​ការពិត ព្រោះ​រឿង​ហេតុ​ខ្លះ​អាច​កើត​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណៈកម្មការ និង​ព្រះសង្ឃ ជា​ជាង​កំហុស​តិចតួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល