សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ​នៅ​បាត់ដំបង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក

ដោយ ហ៊ុំ ចំរើន
2017-06-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ជួបជុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង  បន្ទាប់​ពី​មាន​ការ​ចាប់​ព្រះសង្ឃ​មួយ​អង្គ​ទៅ​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៧។
ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ជួបជុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បន្ទាប់​ពី​មាន​ការ​ចាប់​ព្រះសង្ឃ​មួយ​អង្គ​ទៅ​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​មួយ​អង្គ នៅ​ខេត្ត​បាត់ដំបង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​នៅ​រសៀល​ថ្ងៃទី២១ មិថុនា ក្រោយ​នាំ​ព្រះ​កាយ​តាម​ដីកា​តុលាការ​ខេត្ត ដើម្បី​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ព្រះ​អង្គ​ថា លាក់​អាវុធ​ខុស​ច្បាប់។

ការ​ចាប់​ផ្សឹក​នេះ ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បន្ទាប់​មក​យក​ទៅ​ផ្សឹក​តែ​ម្ដង នៅ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ហើយ​បញ្ជូន​ព្រះសង្ឃ​អង្គ​នោះ មក​ស្នងការដ្ឋាន​នគរបាល​វិញ។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​លោក ជេត វណ្ណី ឲ្យ​អាស៊ីសេរី​ដឹង​ក្រោយ​កើត​ហេតុ​ភ្លាមៗ​ថា លោក​មិន​ទាន់​ដឹង​ពី​ករណី​នេះ​ទេ ហើយ​ក៏​មិន​មានការ​​នាំ​ព្រះសង្ឃ​អង្គ​នោះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្ត​បាត់ដំបង​ព្រះតេជព្រះគុណ ឡុញ សុខគា ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា សមាជិក​របស់​ព្រះអង្គ​មួយ​អង្គ​ព្រះនាម ហន សុផាន្នី ត្រូវ​បាន​សមត្ថកិច្ច​ប្រមាណ​២០​នាក់ កាន់​ដីកា​តុលាការ មក​ដល់​កុដិ​របស់​ព្រះអង្គ ក្នុង​វត្ត​ដំរីស សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ទី២១ មិថុនា ដើម្បី​នាំ​ព្រះ​អង្គ​ទៅ​សាកសួរ។

ព្រះសង្ឃ ហន សុផាន្នី ៨៥៥
សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​ប្រចាំ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក​នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ Photo provided Photo provided

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​ថេរៈដីកា​តាម​ហ្វេសប៊ុក (Facebook) ក្រោយ​ការ​ចាប់​ព្រះសង្ឃ​អង្គ​នោះ​ភ្លាមៗ​ថា ពិត​ជា​មាន​ការ​ឃាត់​សមាជិក​របស់​ព្រះ​អង្គ​មែន ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់។ ព្រះតេជព្រះគុណ​អះអាង​ថា តាម​ពិត​ព្រះសង្ឃ​អង្គ​នេះ គ្រាន់​តែ​បង្ហោះ​កាំភ្លើង​ជ័រ​ក្នុង​ហ្វេសប៊ុក​ជា​ការ​លេង​សើច រួម​នឹង​សំណេរ​ថា ហាត់​បាញ់​កាំភ្លើង ដើម្បី​រក្សា​លទ្ធផល​បោះឆ្នោត​ជាដើម។

ព្រះអង្គ​យល់​ថា ការ​លេង​សើច​ទាំង​នេះ​មិន​សមរម្យ​មែន ប៉ុន្តែ​ព្រះអង្គ​ហៅ​ការ​ចេញ​ដីកា​ឃាត់​ព្រះ​កាយ​ព្រះតេជព្រះគុណ ហន សុផាន្នី នេះ វា​លើស​ពី​ដែន​សមត្ថកិច្ច​​របស់​អាជ្ញាធរ ដែល​​ត្រូវ​ជា​តួនាទី​របស់​មន្ត្រី​សង្ឃ​ធ្វើ​ការ​អប់រំ​ណែនាំ តាម​ច្បាប់​របស់​ព្រះពុទ្ធសាសនា។

ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាង​ថា ព្រះ​អង្គ​បាន​ហៅ​ទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល សុំ​ការ​យោគយល់​នូវ​កំហុស​ឆ្គង​នៃ​ការ​លេង​សើច​របស់​ព្រះសង្ឃ​អង្គ​នោះ។ ព្រះអង្គ​អះអាង​ថា លោក ច័ន្ទ សុផល បាន​សន្យា​ថា អាជ្ញាធរ​នឹង​ដោះលែង​ព្រះតេជព្រះគុណ ហន សុផាន្នី វិញ ក្រោយ​ការ​សាកសួរ​ បើ​សិន​ជា​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នេះ

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sovan

ខ្ញុំមិនគាំទ្រនូវទង្វើរបស់ព្រះអង្គដែលយករឿងបែបនេះមកលេងសើចនោះទេ។ ឃាត់ដើម្បីទុកជាការព្រមាន តែក៏គួរដោះលែងវិញដែរ។ បើថ្ងៃមុននៅតែប្រព្រឹត្តបែបនេះទៀត គួរតែចាប់ម្តងទៀត ហើយឃុំរយៈពេលណាមួយ។ វាជាការគំរាមកំហែងមួយដែរ។

Jun 22, 2017 05:11 AM

គេហទំព័រ​ទាំងមូល