មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​អ្នក​ទោស​ស្លាប់

ដោយ ហ៊ុំ ចំរើន
2017-05-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពិធី​បុណ្យ​សព​អ្នក​ទោស​ដែល​ស្លាប់ ឋិត​នៅ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Provided
ពិធី​បុណ្យ​សព​អ្នក​ទោស​ដែល​ស្លាប់ ឋិត​នៅ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Provided
Photo: RFA

សាច់ញាតិ​អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ម្នាក់​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​ទៅ ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​ថា មូលហេតុ​បណ្ដាល​ឲ្យ​អ្នក​ទោស​ស្លាប់​ដោយសារ​សមត្ថកិច្ច​ធ្វេសប្រហែស មិន​ឆាប់​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល។ ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សាច់ញាតិ​អ្នក​ទោស​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​​បាត់បង់​សមាជិក​ក្នុង​គ្រួសារ ដោយសារ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ។

ម្ដាយ​ចិញ្ចឹម​របស់​អ្នក​ទោស​ដែល​ស្លាប់​នៅ​ភូមិ​សែសិន នៅ​សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ លោកស្រី ខុន ធី ថ្លែង​ថា កូន​ស្រី​របស់​លោកស្រី​ឈ្មោះ សុខ ចាន់ថន អាយុ ២៧​ឆ្នាំ មាន​ជំងឺ​សួត​តាំង​ពី​អាយុ ៧​ឆ្នាំ​មក។ លោកស្រី​បន្ថែម​ថា ជំងឺ​របស់​នាង​កន្លង​មក​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ ក៏ប៉ុន្តែ​អំឡុង​ពេល​ដែល​នាង​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​នេះ មិន​អាច​ទៅ​ព្យាបាល​បាន​ដូច​ពេល​មុន​ឡើយ។ ម្ដាយ​ចិញ្ចឹម​រូប​នេះ​អះអាង​ថា កូន​ស្រី​របស់​ខ្លួន​ដែល​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា នោះ គឺ​លោកស្រី​ពុំ​បាន​ទៅ​ទាន់​ដង្ហើម​នាង​ស្លាប់​នោះ​ទេ។

លោកស្រី​សង្កត់​ធ្ងន់​ថា កាល​ពី​ថ្ងៃ​ទី​៣ ឧសភា កូន​ស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​ឲ្យ​ប្រញាប់​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ ហើយ​ភ្លាម​នោះ លោកស្រី​ក៏​ប្រញាប់​ទៅ​សុំ​មន្ត្រី​ពន្ធនាគារ​នាំ​កូន​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់​ថា ជំងឺ​របស់​អ្នក​ទោស​មិន​ធ្ងន់ធ្ងរ ដែល​អាច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ព្យាបាល​ខាង​ក្រៅ​បាន លោកស្រី​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ មក​ដល់​ថ្ងៃ​ទី​៦ ឧសភា ទើប​លោកស្រី​ទទួល​ដំណឹង​តាម​រយៈ​មេ​ភូមិ​ថា កូន​របស់​គាត់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា៖ «កូន​ខ្ញុំ​សាច់​មាំមួន​តែ​ម្ដង ព្រោះ​ខ្ញុំ​សុខ​អត់ ផ្ញើ​ប្រាក់​ឲ្យ​កូន​ចាយវាយ​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​គាត់​នៅ​ក្នុង​គុក​គ្មាន​អី​ហូប​ទេ។ កូន​ខ្ញុំ​បាន​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់លាស់​ហើយ ហេតុ​អី​យប់​ហ្នឹង​គេ​ដឹក​កូន​ខ្ញុំ​មក​មន្ទីរពេទ្យ​មង្គលបុរី មិន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​មើល​ថែ​កូន​ក្នុង​ពេទ្យ​អ៊ីចឹង? សោកស្ដាយ​ណាស់»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​ថា អ្នក​ទោស​ដែល​ស្លាប់​នោះ​ពុំ​មែន​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​នោះ​ទេ។ លោក​អះអាង​ថា លោក​បាន​ព្យាយាម​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អស់​ពី​លទ្ធភាព​ហើយ ក៏ប៉ុន្តែ​មិន​អាច​ជួយ​បាន ដោយសារ​ជំងឺ​របស់​គាត់​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន៖ «គ្មាន​ទេ! ឥឡូវ​បង​ទៅ​មើល​នៅ​កន្លែង​ខ្ញុំ ឲ្យ​តែ​ដឹង​ថា​ឈឺ យើង​បញ្ជូន​ទៅព្យាបាល​ភ្លាម។ ជួនកាល ខ្ញុំ​នៅ​ដល់​ម៉ោង ១២​យប់​ឯណោះ ហើយ​ថ្ងៃ​មើល​គាត់ ខ្ញុំ​នៅ​តាំង​ពី​ម៉ោង ៣​ភ្លឺ​ជាង​រហូត​ដល់​ភ្លឺ​ឯណោះ។ គ្រាន់​តែ​ឈឺ​ភ្លាម ខ្ញុំ​សុខ​ចិត្ត​ដឹក​ទៅ​ពេទ្យ​ភ្លាម អត់​មាន​ទុក​គាត់​ចោល​ទេ ហើយ​មួយ​ទៀត ខ្ញុំ​បញ្ជាក់​ដែរ តាម​ពិត​ម្ដាយ​គាត់​ទៅ​ទទួល​យក​ត្រឹមត្រូវ គាត់​បាន​បញ្ជាក់នៅ​មុខ​ប៉ូលិស​អស់​ហើយ ថា​ជំងឺ​ហ្នឹង​មិន​អាច​មើល​ជា​ទេ»

ដង្ហែ​សព​អ្នក​ទោស បន្ទាយមានជ័យ ២០១៧ ៨៥៥
សាច់ញាតិ​ដង្ហែ​សព​អ្នក​ទោស​ដែល​ស្លាប់ ឋិត​នៅ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Provided Photo: RFA

លោកស្រី សុខ ចាន់ថន ជាប់​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ។

អ្នក​ទោស​ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន​អះអាង​ថា អ្នក​ជំងឺ​មាន​អាការ​ធ្ងន់​ជាច្រើន​ថ្ងៃ​មក​ហើយ​នៅ​ក្នុង​ពន្ធនាគារ ហើយ​អ្នក​ស្លាប់ ព្រម​ទាំង​សាច់ញាតិ​ក៏​បាន​ព្យាយាម​សុំ​ឲ្យ​ឆ្មាំ​គុក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ តែ​ប្រធាន​ពន្ធនាគារ​មិន​អនុញ្ញាត។ អ្នក​ជាប់​ពន្ធនាគារ​បន្ថែម​ថា អ្នក​ជំងឺ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ គឺ​ពុំ​មែន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ឡើយ៖ «បើ​សិន​ជាគាត់​ខ្នះខ្នែង ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ទោសដាច់​ខ្យល់​ស្លាប់​ដែរ ហើយ​ពេទ្យ​នៅ​ក្នុង​នេះ ទោះ​ជា​មាន​ឈឺ​ធ្ងន់​យ៉ាង​ណា មាន​តែ​ថ្នាំ​ប៉ារ៉ាសេតាមល (PARACETAMOL) ហើយ​ពេទ្យ​ក្នុង​ពន្ធនាគារ​មិន​ងាយ​មក​មើលអ្នក​ជំងឺ​ទេ ហើយ​ថែម​ទាំង​និយាយ​សម្ដី​គំរោះគំរើយ​ដាក់​អ្នក​ទោសទៀត​ផងមិន​តែ​ប៉ុណ្ណោះ បញ្ជា​ឲ្យ​អ្នក​ទោស​ទៅ​ប្ដឹង ក៏​គេ​មិន​ខ្លាច​ដែរ ព្រោះ​ពី​ម្សិលម្ង៉ៃ​ហ្នឹង ម្ដាយ​អ្នក​ទោស​សុំ​យក​កូន​ទៅ​ក្រៅ គេ​មិន​ឲ្យ ហើយ​ដល់​ពេល​ថ្ងៃ​ឈឺ អុកស៊ីហ្សែន​ក៏​មិន​មាន ក៏​មនុស្ស​ដាច់​ខ្យល់បាត់​ទៅ»

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ពុំ​ទាន់​មាន​គម្រោង​ប្ដឹង​នៅ​ក្នុង​ករណី​នេះ​នៅ​ឡើយ ក្រោម​ហេតុផល​មាន​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ចំណេះ​ដឹង​ផ្លូវ​ច្បាប់។

អ្នក​ទោស​អះអាង​ទៀត​ថា នៅ​ពេល​អ្នក​ជំងឺ​ស្លាប់​ភ្លាម សមត្ថកិច្ច​ប្រញាប់​បញ្ជូន​សាកសព​ចេញ​ពី​ពន្ធនាគារ​យ៉ាង​ឆាប់​រហ័ស។ សាច់ញាតិ និង​អ្នក​ទោស​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​អ្នក​ទោស​ស្លាប់​ក្នុង​ពន្ធនាគារ ឬ​ស្លាប់​នៅ​មន្ទីរពេទ្យ​ក៏ដោយ បញ្ហា​នេះ​គឺ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ ដែល​ពុំ​បាន​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។ លោក​សង្កត់​ធ្ងន់​ថា ករណី​នេះ ប្រសិន​មន្ត្រី​ពន្ធនាគារ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​តាម​ការ​ស្នើសុំ​របស់​សាច់ញាតិ នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​បាន៖ «យើង​នៅ​តែគិត​ថា វា​នៅ​តែ​ជា​បទល្មើស​ក្រម​ព្រហ្មទណ្ឌ និយាយ​អំពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទាក់ទង​នឹង​ការ​ធ្វេសប្រហែស​មិន​គោរព​បទបញ្ជា​អី​ហ្នឹង គឺ​អ្នក​ជំងឺ​ធ្ងន់​ត្រូវ​តែ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ចំណែក​សាច់ញាតិ​ជន​រងគ្រោះ មិន​បាន​ដឹក ដូច្នេះ​យើង​ហាក់​មាន​ការ​សង្ស័យ​ទៅ​ការ​កើត​ឡើង​ដល់​អ្នក​ស្លាប់​នោះ»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ថា ប្រសិន​បើ​សាច់ញាតិ​ចង់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ពន្ធនាគារ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ សាច់ញាតិ​អាច​ទាក់ទង​ទៅ​ស្នាក់ការ​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក​នឹង​ជួយ​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

សព​អ្នក​ទោស​ក្រោយ​ពី​ស្លាប់ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា នៅ​ផ្ទះ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល