គ្រួសារ​ខ្មែរ​ដែល​ជនជាតិ​វៀតណាម​ព្រួត​វាយ​សម្លាប់​នៅ​ព្រៃវែង​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី

ដោយ ថា កិត្យា
2017-06-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
៩-សីហា-២០១៦៖ គ្រួសារ​ជន​រងគ្រោះ​កម្ពុជា ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​ដល់​ផ្ទះ ឋិត​នៅ​ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ Photo Provided
៩-សីហា-២០១៦៖ គ្រួសារ​ជន​រងគ្រោះ​កម្ពុជា ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​ដល់​ផ្ទះ ឋិត​នៅ​ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ Photo Provided
Photo Provided

គ្រួសារ​ខ្មែរ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​នៅ​ឃុំ​អ្នកលឿង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ដោយ​មិន​មាន​ដំណើរការ​ទៅ​មុខ​សោះ។ ភរិយា​ជនរងគ្រោះ​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់ និង​ទាមទារ​សំណង ៣០​លាន​រៀល។ រី​ឯ​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រៃវែង ថា តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​ករណី​នេះ​ដោយ​យក​ចិត្ត​ទុកដាក់។

សំណុំរឿង​ជនជាតិ​វៀតណាម ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ភូមិ​អ្នកលឿងក្រោម ឃុំ​អ្នកលឿង ជាប់​នឹង​ភូមិ​៦ ឃុំ​ព្រែកខ្សាយ (ខ) ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នោះ បាន​អូស​បន្លាយ​ពេល​ជាង ១០​ខែ​ទៅ​ហើយ។ គ្រួសារ​ជនរងគ្រោះ​អះអាង​ថា តុលាការ​ហាក់​ទុក​សំណុំ​រឿង​នេះ​ចោល ដោយ​មិន​ចាត់​ការ​ឲ្យ​លឿន​ទៅ​មុខ​សោះ ខណៈ​ពួកគាត់​កំពុង​រស់​រង​ទុក្ខវេទនា និង​ទន្ទឹង​ចាំ​យុត្តិធម៌។

ភរិយា​ជនរងគ្រោះ អ្នកស្រី ចាន់ ស៊ីណា រៀបរាប់​ថា សំណុំរឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម លើ​ប្ដី​អ្នកស្រី​នេះ គឺ​តុលាការ​បាន​កោះ​ហៅ​អ្នកស្រី​អោយ​ទៅ​ជួប​តែ​ម្ដង​គត់ ក្រោយ​ពេល​ប្ដី​ស្លាប់​បាន ៦​ខែ ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក គឺ​គ្មាន​ការ​កោះ​ហៅ ឬ​សួរ​នាំ​អ្វី​ទៀត​ឡើយ៖ «ខ្ញុំ​ថា មិន​ដឹង​ដែរ ព្រោះ​គាត់​មិន​ដែល​ទំនាក់ទំនង​អី​ទេ។ សំណុំ​រឿង​នេះ​ដូច​គេ​មិន​ហៅ​យើង​ឡើង​ម៉េច​ទេ។ មើល​ទៅ​ដូច​របៀប​យើង​អត់​លុយ ឬ​យើង​មិន​ដែល​ទៅ​សួរ​គេ អ៊ីចឹង​ក៏​គេ​មិន​ដែល​មក​ហៅ​យើង​ដែរ។ ខ្ញុំ​លុយ​ណា​ជិះ​ម៉ូតូឌុប​ទៅ​សួរ​ទៅ​ម្ដង ១០​ដុល្លារ​ណោះ ហើយ​មាន​លុយ​ឯ​ណា​រក​តែ​លុយ​ហូប​ខ្លួន​ឯង​គ្មាន​ផង»

សព្វ​ថ្ងៃ​ស្ត្រី​មេម៉ាយ វ័យ ៣១​ឆ្នាំ​រូប​នេះ កំពុង​រស់​នៅ​ចិញ្ចឹម​កូន ៦​នាក់ ប្រុស ៣ ស្រី ៣ ដោយ​កូន​ពៅ​អាយុ​ទើប ៩​ខែ ហើយ​កូន​ច្បង​អាយុ ១៤​ឆ្នាំ។ ជីវភាព​អ្នកស្រី​កាន់​តែ​ធ្លាក់​ដុនដាប​បន្ទាប់​ពី​ស្វាមី​ស្លាប់ ហើយ​អ្នកស្រី​ក៏​ចាប់​ផ្ដើម​ធ្លាក់ខ្លួន​ឈឺ​ក្អក​ធ្លាក់​ឈាម និង​វង្វេងស្មារតី​ម្ដងម្កាល ក្រោយ​រង​របួស​ដោយសារ​ជនជាតិ​វៀតណាម វាយ ក្នុង​ពេល​ជួយ​ប្ដី។

អ្នកស្រី ចាន់ ស៊ីណា ប្ដឹង​ទាមទារ​ឲ្យ​អាជ្ញាធរ និង​តុលាការ​បន្ត​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត និង​ស្នើ​ឲ្យ​ពន្លឿន​នីតិវិធី​លើ​សំណុំ​រឿង​នេះ។ អ្នកស្រី​ប្ដឹង​ទាមទារ​សំណង​ចំនួន ៣០​លាន​រៀល និង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់៖ «សូម​អោយ​គេ​កាត់​ទោស​ឲ្យ​លឿនៗ​ទៅ ដើម្បី​បាន​សំណង​ខ្លះ​ចិញ្ចឹម​កូន​និង​ព្យាបាល​ខ្លួន​ឯង»

ជនរងគ្រោះ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​មាន​ឈ្មោះ រ័ត្ន ធី អាយុ ៣៣​ឆ្នាំ រស់​នៅ​ភូមិ​អ្នកលឿងក្រោម ឃុំ​អ្នកលឿង ជាប់​នឹង​ភូមិ​៦ ឃុំ​ព្រែកខ្សាយ (ខ) ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ ភរិយា​ជនរងគ្រោះ​រៀបរាប់​ថា កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា ប្ដី​អ្នកស្រី​បាន​ដើរ​ទៅ​ទិញ​បារី​នៅ​តូប​លក់ដូរ​ក្បែរ​ផ្ទះ។ ពេល​នោះ​ជនជាតិ​វៀតណាម ម្នាក់ បាន​សម្លុត​ទារ​បារី​ជក់ តែ​ប្ដី​អ្នកស្រី​មិន​ឲ្យ ព្រោះ​ថា បារី​នោះ​គាត់​ទិញ​ឲ្យ​អ្នក​ដទៃ រួច​ក៏​កើត​ជា​ទំនាស់​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​កាន់​តែ​ធំ ដោយ​ មាន​ជនជាតិ​វៀតណាម លើស​ពី ២០​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​មូល ឈើ​ជ្រុង ដែក​គាស់ និង​កាំបិត ចូល​រួម​ព្រួត​វាយ​ប្តី​អ្នកស្រី​រហូត​ដល់​ស្លាប់ និង​មាន​បំណង​សម្លាប់​អ្នកស្រី និង​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​ចូល​ជួយ​ទៀត​ផង។

​ក្រោយ​ហេតុការណ៍​នោះ អាជ្ញាធរ​ស្រុក​ពាមរក៍ បាន​ចាប់​ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ៦​នាក់ បញ្ជូន​ទៅ​តុលាការ។ អាជ្ញាធរ​បាន​សន្យា​ថា នឹង​បន្ត​ការ​ស៊ើប​អង្កេត​ដោយ​យកចិត្តទុកដាក់​ដើម្បី​រក​ចាប់​ខ្លួន​ជនសង្ស័យ​បន្ត​ទៀត តាម​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​ជិត​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​ពុំ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​បន្ថែម​ទៀត​នោះ​ទេ។ ទោះ​យ៉ាង​ណា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៦​នាក់​នោះ មក​ដល់​ពេល​នេះ​គឺ​មាន​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ​ជនរងគ្រោះ ដោយ​អះអាង​ថា ជន​ម្នាក់​នោះ​មិន​បាន​ចូលរួម​វាយដំ​ឡើយ ហើយ​គ្រួសារ​គេ​ក៏​លំបាកលំបិន​ខ្លាំង​ណាស់​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្ត​ព្រៃវែង លោក ញ៉ឹក វ៉ាន្នី មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​គឺ​បាន​ឆ្លង​ផុត​ចៅក្រម​ស៊ើបសួរ​រួច​ហើយ នឹង​កំពុង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ។ លោក​បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​នេះ ចៅក្រម​ស៊ើបសួរ​បាន​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស​លើ​មនុស្ស ៧​នាក់ តាម​មាត្រា ២២៤ ក្នុង​បទ​ចោទ​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ និង​មាត្រា ២៩ ពី​បទ​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក​បន្ត​ថា ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ មាន​ម្នាក់​ឈ្មោះ វៀន យ៉ាងស៊ុយ ជា​ជនជាតិ​វៀតណាម គឺ​តុលាការ​កំពុង​តាម​ចាប់​ខ្លួន ហើយ​ម្នាក់​ឈ្មោះ​តូយ៉ាងហុក ត្រូវ​បាន​ដោះលែង​វិញ។ បច្ចុប្បន្ន​នេះ នៅ​មាន​ជនជាប់ចោទ ៥​នាក់​ទៀត កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាការ​ដើម្បី​រង់ចាំ​បញ្ជូន​ទៅ​ជំនុំជម្រះ រួម​មាន​ទី​១ ឈ្មោះ វៀន យ៉ាងកង ទី​២ ឈ្មោះ វៀន យ៉ាងងឿ ទី​៣ ឈ្មោះ ឡាំ យ៉ាងសៀង ទី​៤ ឈ្មោះ វីរៈ ដែន និង​ទី​៥ ឈ្មោះ ជិន បារាំង៖ «សំណុំ​រឿង​នេះ​នៅ​ក្នុង​លេខាធិការដ្ឋាន ហើយ​កំពុង​រៀបចំ​ដាក់​ទៅ​ប្រធាន ដើម្បី​ចាត់​ចៅក្រម​ជំនុំជម្រះ»

ពលរដ្ឋ​កម្ពុជា អះអាង​ថា នៅ​ភូមិ​លេខ​៦ ជិត​ផ្សារ​អ្នកលឿង នោះ មាន​ជនជាតិ​វៀតណាម ជាច្រើន​រស់​នៅ​យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​ហាក់​មិន​សូវ​ហ៊ាន​តតាំង​ជាមួយ​ជនជាតិ​វៀតណាម ទាំង​នោះ​ទេ។ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៤ ដល់​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​បាន​បណ្ដេញ​ជនបរទេស​ដែល​រស់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ចំនួន ១៨.២៣០​នាក់ ស្មើ​នឹង ៧៩​សញ្ជាតិ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។ តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម តែង​តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ជនជាតិ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធានា​នូវ​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ។

​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ជនជាតិ​វៀតណាម ព្រួត​វាយ​លើ​ពលរដ្ឋ​កម្ពុជា​នេះ គឺ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​តុលាការ ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​ម៉ឺងម៉ាត់ និង​បន្ទាន់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៖ «កាល​ណា​ដែល​យើង​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេល​វេលា ឬ​វិធានការ​នេះ មាន​ការ​យឺតយ៉ាវ​គឺ​ធ្វើ​អោយ​ប្រជាពលរដ្ឋ ឬ​ក៏​ជនរងគ្រោះ​គាត់​បាត់បង់​ទំនុក​ចិត្ត​ទៅ​លើ​ផ្លូវ​ច្បាប់»

អ្នកជិតខាង​ផ្ទះ​ជនរងគ្រោះ​សុទ្ធតែ​បង្ហាញ​ក្ដី​អាណិតអាសូរ​ចំពោះ​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ។ ពួកគេ​ថា គាត់​ជា​ស្ត្រី​ម្នាក់​ដែល​ខំប្រឹង​តស៊ូ​សម្បើម​ណាស់ ដើម្បី​រក​លុយ​ចិញ្ចឹម​កូន​តូចៗ។ គ្រួសារ​ជនរងគ្រោះ និង​ពលរដ្ឋ​ខ្មែរ​ថា ពួកគេ​មិន​ចង់​រងគ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​ចាត់​វិធានការ​ឲ្យ​បាន​លឿន និង​មាន​យុត្តិធម៌​ពេញលេញ​ដើម្បី​បន្សាប​ការ​ឈឺចាប់​ផ្លូវចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល