សង្គមស៊ីវិល៖ ការធ្លាប់ចុះនៃបណ្ដឹងអំពើពុករលួយមិនឆ្លុះបញ្ចាំងពីការថយចុះអំពើពុករលួយ
2017.01.05
អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា បណ្ដឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយបានធ្លាក់ចុះនៅឆ្នាំ២០១៦ បើប្រៀបធៀបក្នុងរយៈដូចគ្នា កាលពីឆ្នាំមុន។ ផ្ទុយពីការយល់ឃើញនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឲ្យដឹងថា ការធ្លាក់ចុះនៃបណ្ដឹងនេះ មិនទាន់ឆ្លុះបញ្ចាំងពីការថយចុះនៃអំពើពុករលួយនោះនៅឡើយទេ។
ថ្វីបើអង្គភាពប្រឆាំងអំពើពុករលួយបានកំណត់ថា បណ្ដឹងដែលខ្លួនធ្លាប់ទទួលបានចំពោះការប្ដឹងផ្ដល់ក្នុងអំពើពុករលួយជាហូរហែក្នុងពេលកន្លងទៅបានថយចុះក៏ដោយចុះ ក៏និន្នាការនៃការប្រព្រឹត្តិអំពើពុករលួយនេះ ត្រូវបានអង្គការតម្លាភាពអន្តរជាតិ រកឃើញថា កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះនៅឡើយ ខាងប្រព្រឹត្តអំពើពុករលួយ។
កាលពីថ្ងៃទី៣ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានចេញរបាយការណ៍ស្ដីពីការធ្លាក់ចុះនៃបណ្ដឹងទាក់ទិនអំពើពុករលួយ។ របាយការណ៍បញ្ជាក់ថា បណ្ដឹងបានធ្លាក់ចុះពី ៧៨១បណ្ដឹង កាលពីឆ្នាំ២០១៤ មកនៅត្រឹម ៥៩៧សំណុំរឿង ក្នុងឆ្នាំ២០១៥។ និន្នាការនេះ កាន់តែធ្លាក់ចុះខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមានបណ្ដឹងរហូតដល់ជាង ១ពាន់សំណុំរឿង។
ថ្វីបើចរន្តនេះបានធ្លាក់ចុះដូចអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយចេញផ្សាយ សម្រាប់អង្គការតម្លាភាពអន្តរជាតិវិញ បានចេញរបាយការណ៍របស់ខ្លួននៅឆ្នាំ២០១៥ ដោយរកឃើញថា ប្រទេសកម្ពុជា នៅតែជាប់ចំណាត់ខ្ពស់ជាងគេខាងអំពើពុករលួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ក្នុងចំណោម ១៦៩ ប្រទេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥០ ខ្ពស់ជាងគេខាងប្រព្រឹត្តអំពើពុករលួយ។ ពិន្ទុនេះ នៅតែជំរុញឲ្យកម្ពុជា ដើរតួឈានមុខគេបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់មួយចំនួន ក្នុងនោះមានប្រទេស ថៃ ឡាវ ភូមា និងប្រទេសវៀតណាម។
ជុំវិញរឿងនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ទទួលស្គាល់ថា កម្ពុជានៅតែមានអត្រានៃអំពើពុករលួយខ្ពស់នៅឡើយ បើគិតពីលទ្ធកម្ម ឬការដេញថ្លៃនៅក្នុងវិស័យគមនាគមន៍ និងសំណង់ជាដើម។
ក្រៅពីនេះ លោក ព្រាប កុល មើលឃើញថា អំពើពុករលួយអាចថយចុះក្នុងដំណាក់កាលចុងក្រោយនេះ ប៉ុន្តែនៅក្នុងវិស័យសាធារណៈមួយចំនួនដែលមានចំណូលទាប ដូចជាការធ្វើសំបុត្រកំណើត ឬត្រួតពិនិត្យយានយន្តជាដើម៖ «អំពើពុករលួយនៅក្នុងការគ្រប់គ្រងចាត់ចែងថវិការដ្ឋហើយនិងការធ្វើកិច្ចកុងត្រាធំៗសម្រាប់ការសាងសង់អ្វីផ្សេងៗហ្នឹង គឺយើងមើលទៅហាក់ដូចជាមិនទាន់មានសញ្ញាថា ការថយចុះគួរឲ្យកត់សម្គាល់ណាមួយនៅឡើយទេ»។
របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងដែរថា ក្នុងរយៈពេល ៣ឆ្នាំ អង្គភាពនេះទទួលបានបណ្ដឹងជាង ២ពាន់សំណុំរឿង។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះពីអង្គភាពប្រឆាំងអំពើពុករលួយបានភ្លាមៗទេ នៅថ្ងៃទី៥ ខែមករា។
យ៉ាងណាលោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការធ្លាក់ចុះនៃបណ្ដឹងពាក់ព័ន្ធអំពើពុករលួយនេះ មិនទាន់ឆ្លុះបញ្ចាំងពីការថយចុះនៃអំពើពុករលួយទេ។
លោកបន្តថា កត្តាសំខាន់ដែលថយចុះបណ្ដឹងជុំវិញអំពើពុករលួយក្នុងរយៈពេលចុងក្រោយនេះ ប្រហែលពលរដ្ឋលែងមានជំនឿលើអង្គភាពនេះទៀត ក៏អាចថាបានដែរ៖ «ការដែលអង្គភាពប្រឆាំងអំពើពុករលួយ អះអាងពីការធ្លាក់ចុះបណ្ដឹងទី១ ដោយសារអង្គភាពនេះធ្លាប់ទាត់ចោលបណ្ដឹងរបស់សហគមន៍ដែលរងគ្រោះ ដោយសារបញ្ហាដីធ្លី ហើយការដែលពួកគេមិនអាចប្ដឹងតទៅបាន។ នេះជាមូលហេតុធ្វើឲ្យអ្នកផ្សេងទៀត គេយល់ថា ក៏ឥតមានជំនឿ»។
បើទោះជាបែបណា អង្គភាពប្រឆាំងអំពើពុករលួយនេះ ក៏រងការរិះគន់ដែរថា ចាត់ការភាគច្រើនបានតែទៅលើក្រុមមនុស្សដែលឋិតនៅក្រៅរង្វង់បក្សកាន់អំណាច។
ជាក់ស្ដែងសំណុំរឿងចុងក្រោយ ដែលមានភាពចម្រូងចម្រាសដូចជាសំណុំរឿងបែកធ្លាយសារឆ្លើយឆ្លងដែលគេសង្ស័យថា ជារបស់កញ្ញា ធី សុវណ្ណថា ជាមួយលោក ហ៊ុន សែន ពាក់ព័ន្ធទឹកប្រាក់រហូតដល់ទៅ ១លានដុល្លារអាមេរិក អង្គភាពប្រឆាំងអំពើពុករលួយ មិនបានចាត់ការឡើយដោយលើកឡើងថា វាគ្មានអង្គហេតុដែលត្រូវចាត់ការ។
លើសពីនេះ អំពើពុករលួយក្នុងវិស័យក្រសួងសុខាភិបាល និងចុងក្រោយក្រសួងរ៉ែ និងថាមពល ដែលគេចោទថា ធ្វើឲ្យបាត់លុយជាង ៧០០លានដុល្លារអាមេរិក រឿងលក់ខ្សាច់ទៅសិង្ហបុរី ក៏អង្គភាពប្រឆាំងអំពើពុករលួយមិនឃើញចាត់ការដែរ។ ក៏ប៉ុន្តែគេសង្កេតឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតយ៉ាងឆាប់រហ័សសំណុំរឿងប្រឆាំងនឹងមន្ត្រីបក្សប្រឆាំង និងប្រឆាំងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ជាដើម (ADHOC)៕