អាដហុក​ស្នើ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​បាញ់​បោះ​លើ​រថយន្ត​ដឹក​ឈើ​២​គ្រឿង

ដោយ ម៉ែន សុធីរ
2016.06.28
រថយន្ត​ដែល​សមត្ថកិច្ច​បាញ់ ស្ទឹងត្រែង ៨៥៥ រថយន្ត​ដែល​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាញ់​ដោយ​សង្ស័យ​ថា​ដឹក​ឈើ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo provided

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ស៊ើប​អង្កេត​បន្ទាន់​ចំពោះ​ករណី​សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​អាវុធ​បាញ់​រះ​លើ​រថយន្ត​ជា​ច្រើន​គ្រាប់​ដែល​សង្ស័យ​ថា ដឹក​ឈើ​ប្រណិត។ សមាគម​អាដហុក សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ប្រើប្រាស់​អាវុធ​របស់​សមត្ថកិច្ច​ថា ជា​ទម្រង់​អាច​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អសន្តិសុខ​សង្គម។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ប៉ូ លី យក​កាំភ្លើង​បាញ់​រះ​លើ​រថយន្ត​សាំយ៉ុង (Samyung) និង​រថយន្ត​កាមេរី បាលែន (Camry) ដែល​សង្ស័យ​ថា ដឹក​ឈើ​ប្រណិត​ពី​ស្រុក​សៀមប៉ាង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឋិត​នៅ​ចំណុច​ព្រៃ​ចាស់​លើ​ផ្លូវ​ជាតិ​លេខ​៧អា (7A) ក្នុង​ភូមិ​គីឡូ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

​សមាគម​អាដហុក ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​មូលហេតុ​នាំ​ឲ្យ​កើត​មាន​ករណី​នេះ និង​ស្រាវជ្រាវ​រក​លិខិត​បេសកកម្ម​នានា​ទាក់ទិន​ការ​ប្រើប្រាស់​អាវុធ​របស់​នគរបាល​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល សង្ស័យ​ថា ការ​បាញ់​រះ​លើ​រថយន្ត​ដឹក​ឈើ​ប្រណិត គឺ​ជា​ហេតុផល​ទារ​ប្រាក់​ដើម្បី​ជា​ថ្នូរ​ដោះលែង ឬ​ក៏​បាញ់​ដើម្បី​ឲ្យ​រថយន្ត​ឈប់​ដើម្បី​ជំរិត​ទារ​ប្រាក់។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ទាំង​នោះ​ពុំ​មាន​បេសកកម្ម​ប្រើប្រាស់​អាវុធ ហើយ​បាន​បាញ់​ដោយ​សេរី គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា ប្រសិន​សមត្ថកិច្ច​ទាំង​នោះ​មាន​លិខិត​បញ្ជា​បេសកកម្ម​ប្រើប្រាស់​អាវុធ ក៏​ពុំ​មាន​សិទ្ធិ​យក​កាំភ្លើង​បាញ់​បង្ក្រាប​អ្នក​រក​ស៊ី​ឈើ​ដែរ ដរាបណា​ជនល្មើស​មិន​មាន​អាវុធ​តដៃ។

លោក ហូ សំអុល បារម្ភ​ថា ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​បោះ​ដោយ​សេរី​ពុំ​មាន​ច្បាប់ទម្លាប់​គឺ​ជា​ទម្រង់​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ​ដែល​ជា​ដើមចម​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ៖ «បង្ក្រាប​ក្នុង​ឆន្ទៈ​បទល្មើស​ពិតប្រាកដ កុំ​ថា​ថ្ងៃ​ណា​ឈ្មួញ​ឲ្យ​លុយ ឬ​ក៏​ឧក្រិដ្ឋជន​ឲ្យ​លុយ​ទៅ​មិន​បង្ក្រាប បើកដៃ​ឲ្យ ថ្ងៃ​ណា​មិន​បាន​ឲ្យ​បែរ​ជា​បង្ក្រាប»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ៅ តារា និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ចន្ថារិទ្ធ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ចំពោះ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​ត្រូវ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ មិន​អាច​អាង​អំណាច​បាញ់​បោះ​ដោយ​សេរី​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ស៊ើប​អង្កេត​រក​ឫសគល់​ករណី​នេះ  ហើយ​ចាត់វិធានការ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ៖ «ព្រោះ​អាវុធ​មិន​បាន​ចែង​បាញ់​បោះ​សេរី​ដើម្បី​អាង​ខ្លួន​ជា​ស្អី​ទេ មុន​ផ្ទុះ​អាវុធ​ត្រូវ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ។ ដូច្នេះ​ស្នើ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខែត្រ (អភិបាលខែត្រ) មាន​វិធានការ​យ៉ាង​ម៉េច? ស៊ើបអង្កេត​ស្រាវជ្រាវ​តាមច្បាប់»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចន្ថារិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បទល្មើស​ខ្លះ នគរបាល​បាន​យក​កាំភ្លើង​បាញ់​ហើយ​សរសេរ​ក្នុង​របាយការណ៍​ថា ផ្ទុះ​អាវុធ​ដោយ​អចេតនា។ លោក​ណែនាំ​ឲ្យ​នគរបាល​ទាំង​អស់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ការប្រើប្រាស់​អាវុធ​ជាដើម ហើយ​លោក​ក៏​ជំរុញ​ឲ្យ​ន​របាល​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះត្រង់ និង​មាន​វិជ្ជាជីវៈ៖ «ដេញ​គេ​ពី​ក្រោយ បាញ់​គេ ដល់​ដាក់​របាយការណ៍​មក​ថា ផ្ទុះ​អាវុធ​ដោយ​អចេតនា។ លេង​របៀប​ហ្នឹង​អត់​បាន​ទេ! នគរបាល​ត្រូវ​យុត្តិធម៌ ស្មោះត្រង់ និង​វិជ្ជាជីវៈ សុខទុក្ខ​ពលរដ្ឋ​នៅ​លើ​ដៃ​របស់​នគរបាល នៅ​លើ​ប៊ិច​របស់​នគរបាល»

​លោក ហូ សំអុល កត់សម្គាល់​ថា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​បាញ់​បោះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​នៅ​ពេល​ឮ​សំឡេង​កាំភ្លើង​បាញ់​រះ​ច្រើន​គ្រាប់​ចេញ​ពី​បរិវេណ​ផ្ទះ​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ឡូយ សូផាត បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ខែត្រ​ស្ទឹងត្រែង តែ​មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិនទាន់​បង្ហាញ​មូលហេតុ​នៃ​ការ​បាញ់​បោះ​នោះ​នៅ​ឡើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។