តើ​អគ្គនាយក​​អាជ្ញាធរ​អប្សរា​​ថ្មី​មាន​ទស្សនៈ​អ្វី​ថ្មី​ខ្លះ​សម្រាប់​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ?

ដោយ ហង្ស សាវយុត
2015.08.28
ប្រាសាទ​មេ​បុណ្យ​ខាង​លិច​សៀមរាប ៦២០ ប្រាសាទ​មេ​បុណ្យ​ខាង​លិច ខេត្ត​សៀមរាប ដែល​អ្នក​ជំនាញ​របស់​សាលា​បារាំង​ចុង​បូព៌ា កំពុង​ដំណើរ​ការ​គម្រោង​ជួសជុល។ រូបថត​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Hang Savyouth

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​ផ្លាស់​ចេញ​ពី​តំណែង ​បន្ទាប់ពី​លោក​បម្រើ​ការងារ​គ្រប់គ្រង ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប អស់​រយៈពេល ១៤​ឆ្នាំ​មក។ ពិធី​ប្រកាស​តែង​តាំង​​អគ្គនាយក​ថ្មី​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​​នៃ​អាជ្ញាធរ​​អប្សរា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។

តើ​អគ្គនាយក​​អាជ្ញាធរ​អប្សរា​​ថ្មី​នេះ ​មាន​ទស្សនៈ​អ្វី​​ថ្មី​​ខ្លះ​សម្រាប់​ជួយ​អភិរក្ស ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​ជា​ច្រើន​ដែល​កំពុង​ត្រូវ​ការ​ជួយ​សង្គ្រោះ?

មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​បុគ្គលិក​មួយ​ចំនួន​របស់​អាជ្ញាធរ​អប្សរា នៅ​តែ​ទទួល​ស្គាល់​គុណសម្បត្តិ​របស់​អតីត​អគ្គនាយក​នៃ​អាជ្ញាធរ​នេះ​ថា បាន​ខិតខំ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​វប្បធម៌ និង​បេតិកភណ្ឌ​ជា​ច្រើន ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លង​មក​នេះ។

ការ​លើក​ពី​គុណ​តម្លៃ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​អតីត​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ ត្រូវ​បញ្ចប់​តួនាទី ហើយ​រដ្ឋាភិបាល​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​មនុស្ស​ថ្មី​ឡើង​មក​ជំនួស​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​សីហា កន្លង​ទៅ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្លាស់ប្ដូរ​តួនាទី​អតីត​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ ដោយសារ​តែ​លោក​ឈាន​ដល់​អាយុ​ចូលនិវត្តន៍​ទៅ​ហើយ។

លោក ឡុង កុសល បញ្ជាក់​ថា ថ្វីត្បិតតែ​លោក ប៊ុន ណារិទ្ធិ ត្រូវ​ផ្លាស់ប្ដូរ​តួនាទី​ពី​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា ក៏ប៉ុន្តែ​លោក​នៅ​តែ​មិន​ទាន់​អាច​ដក​ខ្លួន​ចេញ​ពី​ការ​រួម​ចំណែក​បម្រើ​សង្គម​ជាតិ​នៅ​ឡើយ​ទេ គឺ​រដ្ឋាភិបាល​បាន​តែងតាំង​រូបលោក​ឱ្យ​ក្លាយ​ទៅ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម ហើយ​និង​វប្បធម៌​របស់​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី។ តួនាទី​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម ហើយ​និង​វប្បធម៌​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ការងារ ៣​ធំៗ សម្រាប់​ជួយ​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម ហើយ​និង​វប្បធម៌។

លោក ឡុង កុសល៖ «ដូច្នេះ​ការ​ផ្លាស់ប្ដូរ​តួនាទី​របស់​លោក​ទៅ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច ហើយ​និង​វប្បធម៌​នេះ គឺ​នៅ​តែ​បញ្ជាក់​ថា ឯកឧត្ដម ប៊ុន ណារិទ្ធិ នៅ​តែ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​លើក​តម្កើង​វិស័យ​វប្បធម៌ ជាពិសេស​គឺ​ការ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ជាតិ»

លោក ប៊ុន ណារិទ្ធិ ដែល​បម្រើ​ការ​ជា​អគ្គនាយក​អាជ្ញាធរ​អប្សរា​អស់​រយៈពេល ១៤​ឆ្នាំ គឺ​មាន​អតីត​ចេញ​មក​ពី​គ្រូបង្រៀន។ ចំណែក​អគ្គនាយក​អាជ្ញាធរ​អប្សរា ដែល​ឡើង​មក​កាន់​តំណែង​ថ្មី គឺ​លោក ស៊ុំ ម៉ាប់ ជា​អតីត​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល និង​អតីត​ជា​ខុទ្ទកាល័យ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​អគ្គនាយក​អាជ្ញាធរ​អប្សរា​ថ្មី​នោះ​ថា ចាប់​តាំង​ពី​អាជ្ញាធរ​អប្សរា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៥ គឺ​អាជ្ញាធរ​នេះ​បាន​ខិតខំ​ប្រែង​យ៉ាង​ខ្លាំង​លើ​ការងារ​ធ្វើ​ឱ្យ​ប្រាសាទ និង​រមណីយដ្ឋាន​បុរាណ​ខ្លះ បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ការងារ​អភិរក្ស​ថែរក្សា និង​ជួសជុល​ប្រាសាទ​បុរាណ​ជាច្រើន ដែល​បាក់បែក​ទ្រុឌទ្រោម ឱ្យ​ល្អ​ឡើង​វិញ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​កាន់​តែ​ខ្លាំង​ឡើង ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ ១​ផ្នែក។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​បញ្ជាក់​ថា ជោគជ័យ​មួយ​ទៀត​របស់​អាជ្ញាធរ​អប្សរា ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ គឺ​ការ​ស្វែង​រក​ឃើញ​ផ្លូវទឹក ដោយ​អាច​បញ្ចៀស​ទឹក​ជំនន់​មិន​ឱ្យ​លិចលង់​ទីក្រុង​សៀមរាប បាន​ត​ទៅ​ទៀត។

លោក សុខ អាន ចង់​ឃើញ​អគ្គនាយក​អាជ្ញាធរ​អប្សរា ដែល​ឡើង​មក​កាន់​តំណែង​ថ្មី ត្រូវ​បន្ត​ការងារ​ដែល​អ្នក​មុន​បាន​ធ្វើ​ជា​ច្រើន​មក​ហើយ ឱ្យ​នៅ​គង់វង្ស ព្រមទាំង​ធ្វើ​ការងារ​ដែល​នៅ​សេសសល់​ជា​ច្រើន​ទៀត៖ «ធានា​ឱ្យ​ការ​ជោគជ័យ ដែល​យើង​ទទួល​បាន​ហ្នឹង​ឱ្យ​មាន​និរន្តរភាព​ទៅ​មុខ​ទៀត ឱ្យ​វា​នៅ​តែ​ជោគជ័យ​បាន​រហូត កុំ​ឱ្យ​មាន​ទឹក​លិច​ផ្សារ​សៀមរាប កុំ​ឱ្យ​មាន​ទឹក​លិច​ប្រាសាទ​យើង ដែល​ជា​គ្រោះថ្នាក់​ធ្វើ​ឱ្យ​ប្រាសាទ​រលំ»

អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី បាន​បង្ហាញ​មោទនភាព​ថា លោក​ពិត​ជា​មាន​កិត្តិយស ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការ​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ថ្មី​នៅ​ក្នុង​ស្ថាប័ន​អាជ្ញាធរ​អប្សរា​នេះ។

លោក ស៊ុំ ម៉ាប់ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ជា​អគ្គនាយក​អាជ្ញាធរ​អប្សរា ជំនួស​លោក ប៊ុន ណារិទ្ធិ នោះ មាន​ប្រសាសន៍​ថា រូប​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ជា​ច្រើន ទោះ​ជា​លំបាក​យ៉ាង​ណា​ក្តី​សម្រាប់​ពេល​អនាគត៖ «ការ​ទទួល​បាន​ភារកិច្ច​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង​ស្ថាប័ន​ដែល​មាន​បេសកកម្ម និង​មុខងារ និង​ភារកិច្ច​ដ៏​សំខាន់​មួយ​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​រូប​ខ្ញុំ​បាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បេសកកម្ម​ដ៏​ធំធេង និង​ថ្លៃថ្លា​មួយ ដែល​ខ្ញុំ​ប្ដេជ្ញា​បំពេញ​ភារកិច្ច​ឱ្យ​បាន​ជោគជ័យ»

បើ​ទោះ​បី​ជា​អាជ្ញាធរ​អប្សរា​បាន​ទទួល​ការ​សរសើរ​លើ​កិច្ចការ​អភិរក្ស ថែរក្សា និង​ការពារ​ប្រាសាទ ព្រមទាំង​រមណីយដ្ឋាន​បុរាណ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​សម្រាប់​ភ្ញៀវ​ទេសចរ​ក៏ដោយ ក៏​កន្លង​ទៅ​ក្រុម​ភ្ញៀវ​ទេសចរ និង​មគ្គទេសក៍​ខ្លះ សំដែង​ការ​មិន​សប្បាយ​ចិត្ត​ទៅ​លើ​ឥរិយាបថ​របស់​មន្ត្រី​មួយ​ចំនួន ដែល​ប្រចាំ​ការ​នៅ​តាម​ប្រាសាទ​ទេ។

​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់​ដែល​តែង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ដើរ​កម្សាន្ត បាន​រិះគន់​ថា កន្លង​ទៅ​បុគ្គលិក​ផ្នែក​រៀបចំ​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា នៅ​តាម​ប្រាសាទ​ខ្លះ គឺ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ និង​មិន​មាន​សុជីវធម៌​ចំពោះ​ភ្ញៀវ​ទេសចរ និង​មគ្គុទ្ទេសក៍​ជាដើម ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​មាន​ការ​អាក់​អន់​ចិត្ត។ មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ​ចង់​ឱ្យ​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី គួរ​តែ​កែប្រែ​បញ្ហា​ខ្លះៗ ដែល​ធ្វើ​ឱ្យ​មគ្គុទ្ទេសក៍ និង​ភ្ញៀវ​ទេសចរណ៍​មិន​សប្បាយចិត្ត​នោះ៖ «ក្រោយ​ពី​ដូរ​ថ្មី យើង​ចាំ​មើល​ថា តើ​ការ​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​វា​ដូច​ពី​មុន ឬ​ក៏​យ៉ាង​ម៉េច? ដូច​ថា​ឱ្យ​មាន​សុជីវធម៌​ទី​១»

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​អាជ្ញាធរ​អប្សរា​បង្កើត​ឡើង ហើយ​បាន​កំណត់​ផ្ទៃដី​មួយ​ចំនួន​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ការពារ ព្រម​ទាំង​តំបន់​សណ្ឋាគារ​បូរី វប្បធម៌ និង​ទេសចរណ៍ ហើយ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​សាងសង់​លំនៅឋាន​លើ​ដី​របស់​ពួកគេ​មក គឺ​តែង​មាន​ការ​តវ៉ា និង​រិះគន់​ទៅ​លើ​ស្ថាប័ន​អាជ្ញាធរ​នេះ​ជា​ញឹកញាប់។

បន្ថែម​លើ​នេះ កាល​ពី​ឆ្នាំ​មុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ខ្លះ ក៏​ធ្លាប់​រិះគន់​ទៅ​លើ​អាជ្ញាធរ​អប្សរា ថា​បាន​គ្រប់គ្រង​ចំណូល​ដែល​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ មិន​ត្រឹមត្រូវ​បណ្ដាល​ឱ្យ​បាត់បង់​ចំណូល​ជាតិ​ដែរ។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​អប្សរា​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥ មក ក្រៅ​តែ​ពី​ស្ថាប័ន​នេះ​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ជា​ច្រើន​ឱ្យ​ចេះ​ធ្វើការ​ស្រាវជ្រាវ និង​ជួសជុល ថែរក្សា និង​អភិរក្ស​ប្រាសាទ​បុរាណ គឺ​មាន​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ​ជិត ២០ បាន​ចូលរួម​ក្នុង​ការងារ​ជួយ​ជួសជុល​ថែទាំ​ប្រាសាទ និង​អង្គការ​អន្តរជាតិ​ធំៗ​ជិត ៣០ ផ្សេង​ទៀត ក៏​បាន​មក​សហការ​ជួយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។