អ្នក​ឃ្លាំមើល​ស្នើ​សមត្ថកិច្ច​​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចូល​ពី​ថៃ

ដោយ ដែន អយុធ្យា
2017.07.22
ព្រំដែន ចាំយាម កោះកុង ១៤៤០ ២០១៧ រថយន្ត​ដឹក​ទំនិញ​ថៃ ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ ចាំយាម ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​ថៃ ចាំយាម ខេត្ត​កោះកុង ជួយ​ពង្រឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​រាល់​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​នេះ​ឲ្យ​សកម្ម​ជាង​មុន ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នក​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម​មក​ពី​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង សង្កេត​ឃើញ​ថា សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ ចាំយាម របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ពិសេស​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង រាល់​ថ្ងៃ​នេះ នៅ​មាន​ភាព​សោះអង្គើយ ឬ​មាន​ភាព​ធូរ​លុង​នៅ​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ ចាំយាម ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ទំនិញ​ដឹក​តាម​រថយន្ត​ធំៗ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មិន​ទាន់​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ឲ្យ​ជួយ​ជំរុញ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រក​ទ្វារ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដោយ​មិន​ត្រូវ​ត្រួតពិនិត្យ​តែ​ទៅ​លើ​ក្រដាស​ស្នាម​នាំ​ចូល​ទំនិញ ឬ​លុយ​ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំង​នោះ​បង់​ជូន​ស្ថាប័ន​នីមួយៗ ហើយ​ចប់​រឿង​នោះ​ទេ៖ «សូម​មេត្តា​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​មែន​ទែន ពីព្រោះ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​ថៃ ចាំយាម​នេះ គឺ​ជា​ច្រក​នាំចូល​ទំនិញ​ផ្នែក​អាហារ​បរិភោគ។ អ៊ីចឹង​ពាក់ព័ន្ធ​ការ​នាំ​ចូល​គ្រឿង​ឧបភោគបរិភោគ​ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព»

ចំណែក​លោក អ៊ិន គង់ជិត អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង ក៏​ព្រួយ​បារម្ភ​ពី​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​នៅ​តាម​ច្រក​ទ្វារ​ចាំយាម​នេះ​ដែរ។ លោក​ថា មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង គួរ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​​ចាំយាម ឲ្យ​បាន​ច្រើន​ជាង​ការ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា។

លោក អ៊ិន គង់ជិត ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ងាក​មក​ជួយ​គិត​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ជា​ធំ​ឲ្យ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដោយ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សំណូក​ពុករលួយ​ណា​មួយ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ចូល​មក​ស្រុក​ខ្មែរ៖ «មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង យើង​សង្កេត​ឃើញ​ថា ភាគ​ច្រើន​គាត់​ទៅ​ត្រួត​ទំនិញ​តែ​នៅ​តាម​ទីផ្សារ ឬ​ផ្សារ​លក់ដូរ​ច្រើន​ជាង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​ច្រក​ចាំយាម។ អ៊ីចឹង​មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង គួរ​តែ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​តាម​ច្រក​ព្រំដែន​ចាំយាម ឲ្យ​បាន​ច្រើន ដោយ​ត្រូវ​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​អាហារ​ប្រភេទ​កំប៉ុង និង​អាហារ​ស្រស់ បន្លែ​ផ្លែ​ឈើ​ជាដើម ដោយ​ពិនិត្យ​ទៅ​លើ​កាលបរិច្ឆេទ ការ​ប្រើប្រាស់​ទំនិញ​នីមួយៗ ឲ្យ​បាន​ត្រឹមត្រូវ ដែល​បាន​នាំចូល​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា យើង»

អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ថៃ ចុះ​បង់​លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ ចាំយាម ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den ayuthyea
អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ថៃ ចុះ​បង់​លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ ចាំយាម ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den ayuthyea
RFA/Den ayuthyea

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ធ្លាប់​បាន​រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ពិសេស​មន្ត្រី​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង ជាដើម ដែល​បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ខ្មែរ-​ថៃ នាំ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចូល​មក​លក់ដូរ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ទំនិញ​កម្ពុជា-​ថៃ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ​បញ្ហា​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ឆ្លើយ​ដោះសា​ថា មិន​បាន​ដឹង​ថា មាន​ទំនិញ​ហួសកំណត់​ប្រើប្រាស់​ត្រូវ​បាន​គេ​នាំ​យក​មក​ដាក់​លក់​ក្នុង​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​មិត្តភាព​កម្ពុជា-​ថៃ នា​ខេត្ត​ព្រះសីហនុ នោះ​ទេ។

យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា មុខ​ទំនិញ​មួយ​ចំនួន ពិសេស​គ្រឿង​សម្អាត​កាយ ភេសជ្ជៈ​កំប៉ុង ឬ​ដង និង​អាហារ​កំប៉ុង ព្រម​ទាំង​នំ​ចំណី​ជាដើម ដែល​ពាណិជ្ជករ​ខ្មែរ-​ថៃ នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​ចាំយាម ខេត្ត​កោះកុង ពិត​ជា​មាន​ដាក់​លក់​ក្នុង​ស្តង់​ពិព័រណ៍​ទំនិញ​មិត្តភាព​កម្ពុជា-​ថៃ ជា​បន្តបន្ទាប់​មក​នេះ។ ក្នុង​នោះ​មាន​មុខ​ទំនិញ​ខ្លះ​បាន​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ជិត​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម។

ទាក់ទិន​បញ្ហា​នេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​បន្តបន្ទាប់ ជូន​មន្ត្រី​ក្រោម​ឱវាទ​ទូទាំង ២៥​រាជធានី-​ខេត្ត ឲ្យ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​តាម​ច្រក​ទ្វារ​ព្រំដែន និង​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា ឲ្យ​បាន​ជា​ប្រចាំ។

ទន្ទឹម​គ្នា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន ឬ​រាយការណ៍​ពី​ករណី​ចំណី​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព និង​ការ​ពុល​ចំណី​អាហារ​ជាដើម តាម​ខ្សែ​ទូរស័ព្ទ​លេខ៖ ០១២ ២៣៣ ២៦២ លេខ ០១២ ៨៥០ ១០៥ លេខ ០១២ ៨៧០ ០៧៦ លេខ ០១២ ៤៤៥ ៥៦២ លេខ ០៩៦ ៨២៩ ៧៨៧៨ និង​លេខ ០៩៧ ៧៨៨ ៦១១១ ជាដើម។

​បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​សង្កត់ធ្ងន់​ថា នឹង​មាន​ចំណាត់​ការ​ជា​បន្ទាន់​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​អំពី​ករណី​ពុល​ចំណី​អាហារ ឬ​អាហារ​គ្មាន​គុណភាព​ដែល​ពលរដ្ឋ​រាយការណ៍​ជូន ហើយ​បាន​សន្យា​ថា នឹង​រក្សា​ការសម្ងាត់​នៃ​អត្តសញ្ញាណ​របស់​អ្នក​រាយការណ៍ ឬ​ផ្ដល់​ព័ត៌មាន​មក​កាន់​អគ្គនាយកដ្ឋាន​កាំកុងត្រូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។