អាជ្ញាធរ​ភ្នំពេញ​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​និង​រ៉ឺម៉កម៉ូតូ​ធ្វើ​ចរាចរណ៍​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក

ដោយ យាង សុជាមេត្តា
2014.11.02
ប៉ូលិសយាម៣០៥ ប៉ូលិស​យាម​នៅ​ច្រក​ចូល​ក្រុង​ភ្នំពេញ​មួយ​កន្លែង ក្នុង​ថ្ងៃ​បុណ្យ​អុំទូក ទី២១ វិច្ឆិកា ២០១០
RFA/Den Ayuthya

អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​ម្ចាស់​រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ មិន​ឲ្យ​បើកបរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពិធីបុណ្យ​អុំទូក​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ទី ៧ វិច្ឆិកា​។ វិធានការ​នេះ ធ្វើឡើង​ដើម្បី​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​រយៈ ពេល​៣​ថ្ងៃ​នា​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ។

សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣១ តុលា ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ ព្រមទាំង​រ៉ឺម៉ក​ម៉ូតូ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​ឡើយ នៅ​ក្នុង ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ខាងមុខ។ ប៉ុន្តែ​រថយន្ត​ទាំងអស់​នោះ អាច​ធ្វើ​ចរាចរ​ចូល​ក្នុង​ក្រុង​បាន​ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង ១០​ព្រឹក។

ក្រៅពី​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ការ​ធ្វើ​ចរាចរណ៍ របស់​ម្ចាស់​រថយន្ត​ចូល​ក្នុង​ក្រុង សាលា​រាជធានី​ភ្នំពេញ ក៏​ណែនាំ​ម្ចាស់​រថយន្ត​អំពី​ផ្លូវ​វាង​សម្រាប់​ការ​ធ្វើ​ចរាចរ​នៅ​តាម ផ្លូវជាតិ​សំខាន់ៗ​មួយ​ចំនួន ដែល​រួមមាន​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង លេខ​៦ ព្រមទាំង​ផ្លូវ​មួយ​ចំនួន​ទៀត។ លើស​ពី​នេះ ពួកគេ​ក៏​ត្រូវ​បាន​ណែនាំ​ពី ចំណត​ដែល​ត្រូវ​ចូល​ចត​ផង​ដែរ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពី​បញ្ចៀស​ការ កកស្ទះ​ចរាចរណ៍​ក្នុង​ថ្ងៃ​ពិធីបុណ្យ វិធានការ​នេះ ក៏​រួមចំណែក​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ព្រមទាំង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ចូលរួម៖ «មនុស្ស​ច្រើន​អ៊ីចឹង ប្រសិនបើ​មាន​ការ​អ្វី​កើតឡើង​តែ​បន្តិច គឺ​អាច​ធ្វើ​មនុស្ស​ផ្អើល អ៊ីចឹង​ឆ្នាំនេះ​យើង​ធ្វើ​ច្រើន​ណាស់ តាំងពី​ការ​ពង្រាយ​ប្រជាពលរដ្ឋ មិន​ឲ្យ​មនុស្ស​នៅ​មួយ កន្លែង​នោះ​ទេ មនុស្ស​ភាគច្រើន​ទៅ​ដោយ​សារ​មាន​ការ​ប្រគំតន្ត្រី (Concert) មាន​ការ​លក់​ស្តង់​លក់​អី​ទៅ ពេល​យប់​ឡើង​យើង​ធ្វើ​នៅ​កោះ​ពេជ្រ​ខ្លះ​ទៅ យើង​ធ្វើ​នៅ​វត្ត​បទុម ហើយ​នៅ​តាម បណ្ដោយ​ផ្លូវ​ស៊ីសុវត្ថិ មិន​ឲ្យ​មានការ​លក់ដូរ​ច្រើន​ទេ យើង​ឲ្យ​មាននៅ​ម្ដុំ​វត្តភ្នំ នៅ​ទីលាន​ប្រជាធិបតេយ្យ យើង​ឲ្យ​ធ្វើ​នៅ​ត្រើយ​ខាងកើត​ជ្រោយ​ចង្វារ​ជាដើម ហើយ​បើ​យើង​បន្ថែម​យាន​យន្ត​មក​គ្រប់គ្នា​ទៀត វា​ធ្វើ​ឲ្យ​មានការ​កកស្ទះ​អ៊ីចឹង​យើង​ពង្វាង​ចរាចរណ៍»

ទោះ​យ៉ាងណា លោក ឡុង ឌីម៉ង់ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​អាជ្ញាធរ​នឹង​ចាត់វិធានការ បែប​ណា ចំពោះ​ម្ចាស់​រថយន្ត​ដែល​ហ៊ាន​បំពាន​លើ​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ។ លោក ឡុង ឌីម៉ង់ អះអាង​ថា ប្រាកដ​ណាស់​នឹង​មាន​មន្ត្រី​ទទួលខុសត្រូវ​នៅ​តាម​តំបន់​នីមួយៗ។ លោក​ថា​ក្នុង​ករណី​ដែល​មាន​ការ​ឆក​ល្វែង ក្នុង​ពេល​អនុវត្ត មន្ត្រី​ដែល​ទទួលខុសត្រូវ ក្នុង​តំបន់​នោះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ ឬ​គណៈ​បញ្ជាការ​សន្តិសុខ។

ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ នឹង​ត្រូវ​បាន​រៀបចំឡើង​ផ្លូវការ​ជាថ្មី បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា ដោយសារ​កម្ពុជា​កើតមាន​បញ្ហា​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​ករណី​មនុស្ស ជាន់គ្នា​ស្លាប់​ប្រមាណ​៣​រយ​នាក់​លើ​ស្ពាន​នាគ​ឆ្លង​ទៅ​កោះ​ពេជ្រ​ជាដើម។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ពេលនេះ​។ ទោះ​យ៉ាង​ណា លោក​ថា ដើម្បី​ឲ្យ​ការ អនុវត្ត​សេចក្ដី​ណែនាំ​នេះ​មាន​ប្រសិទ្ធភាព សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ផ្ទាល់​ត្រូវ​បោះបង់ចោល នូវ​វប្បធម៌​យល់​ញាតិ ដែល​ធ្វើ​ឲ្យ​ឃ្លាត​ច្បាប់ និង​វប្បធម៌​ត្រីងៀត​ឆ្លៀត​ពង​ជាដើម ដែល​នេះ លោក​សំដៅ​ដល់​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​សមត្ថកិច្ច ជាមួយ​ម្ចាស់​យានយន្ត៖ «បើ​សិន​ណា​លោក​ចង់​អនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព លោក​កុំ​យោគយល់ តំបន់​ណា​ចេញ​បញ្ជា​ទៅ​ហើយ​សុំ​លោក​ធ្វើ​ចុះ ប្រសិន​ណា​មាន​អ្នក​ឆ្លៀត គឺ​ពេល​ហ្នឹង អ្នក​ហ្នឹង​ក្បត់​នឹង​ប្រជាជន​ហើយ ក្បត់​ប្រជាជន ក្បត់​បទបញ្ជា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​យើង​គួរ​មាន​វិធានការ​ទៅ បើ​គាត់​ហ៊ាន​ធ្វើ​អ៊ីចឹង​សុំ​អាជ្ញាធរ​ដាក់ទណ្ឌកម្ម​គាត់​ទៅ»​។

ទាក់ទង​នឹង​ពិធីបុណ្យ​អុំទូក​នេះ​ដែរ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ជា​សមាជិក​គណៈ កម្មការ​រៀបចំ​បុណ្យជាតិ លោក កឹម គុណវឌ្ឍន៍ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​អំពាវនាវ​ពលរដ្ឋ​ចូលរួម កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​កងកម្លាំង​នគរបាល ប្រដាប់​ដោយ​អាវុធ នៅ​តាម​ទី​បរិវេណ​នានា​នៅ​ក្នុង​ក្រុង។ លោក​បញ្ជាក់​ថា​សមត្ថកិច្ច ទាំងអស់​នេះ​ជា​អ្នកការពារ​ពលរដ្ឋ​ឲ្យ​មាន​សុវត្ថិភាព នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ​ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។