អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ចាប់​ផ្ដើម​ជម្លៀស​ពលរដ្ឋ​ដើម្បី​ដោះ​គ្រាប់បែក​គីមី

ដោយ អាស៊ីសេរី
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC
មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC
Photo courtesy of CMAC

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ និង​ព្រះសង្ឃ ដែល​រស់នៅ​ជិត​កន្លែង​ផ្ទុក​គ្រាប់​គីមី​ចេញពី​លំនៅឋាន​បណ្ដោះអាសន្ន ខណៈ​ក្រុម​ជំនាញ​ចាប់​ផ្ដើម​ជីក​យក​គ្រាប់បែក​គីមី​ចេញ ពី​ក្នុង​ដី​នៅ​ថ្ងៃ​នេះ។ អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចេញ​លំនៅឋាន តែ​ក្នុង​ពេល​ក្រុម​ជំនាញ​ដោះ​គ្រាប់បែក​ធ្វើ​សកម្មភាព​ជីក​យក​គ្រាប់​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​រសៀល នៅ​ពេល​យប់​ពលរដ្ឋ​ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​ដូច​ធម្មតា។

យុទ្ធនាការ​ដោះ​គ្រាប់បែក​គីមី របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចេញ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​កន្លែង​ដោះ​គ្រាប់បែក។ ថ្ងៃ​ទី៣ ខែ​តុលា​នេះ ជា​ថ្ងៃ​ទី១​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ ដើម្បី​ដោះ​គ្រាប់បែក​គីមី​ចំនួន​ពីរ​គ្រាប់ ដែល​កប់​ក្នុង​ដី​អស់​រយៈពេល​ជិត ៥០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ការ​ចាប់​ផ្ដើម​យុទ្ធនាការ​មិន​ទាន់​មាន​ភាព​មិន​ប្រក្រតី​អ្វី​កើតឡើង​នៅឡើយ​ដែរ។

មេភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក លោក ព្រាប សំអាង ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ចំនួន ៨៨​គ្រួសារ ចេញ​ពី​ផ្ទះ​សំបែង ដើម្បី​រស់នៅ​ទី​ទួល​សុវត្ថិភាព។ លោក​ថា តាម​គម្រោង​នៃ​ការ​ដោះ​គ្រាប់បែក​នេះ ត្រូវ​ចំណាយ​ពេល​ពី​៧ ទៅ​១០​ថ្ងៃ ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញ​មាន​ជាង​១០០​គ្រួសារ។ លោក​មេភូមិ​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​បាន​សាងសង់​រោង​ឲ្យ​ពលរដ្ឋ​រស់នៅ ចំណែក​ព្រះសង្ឃ​ត្រូវ​និមន្ត​ទៅ​គង់នៅ​វត្ត​ផ្សេង​បណ្ដោះអាសន្ន៖ «ឥឡូវ​ជម្លៀស​មួយ​គីឡូម៉ែត្រ​ជាង​មក​នៅ​ទីតាំង​ផ្លូវ​មក​ភ្នំពេញ ក្រុម​ស៊ីម៉ាក់​គេ​ឈប់​ការងារ គេ​អោយ​ទៅ​ផ្ទះ​វិញ ព្រឹក​ឡើង​មក​វិញ​ទៀត»

លោក​ថា កន្លែង​ដែល​ឲ្យ​ពលរដ្ឋ​រស់នៅ​បណ្ដោះអាសន្ន មាន​សង់​រោង​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន ហើយ​អាជ្ញាធរ​មាន​ចែក​បាយ​កញ្ចប់ ជីក​អណ្ដូង និង​ធ្វើ​បង្គន់​ឲ្យ​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​លោក ស្មា យុទ្ធ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ពី​ផ្ទះ ប្រាប់​ថា ការ​ជម្លៀស​ចេញ​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក ប៉ុន្តែ​ដើម្បី​សុវត្ថិភាព លោក​ត្រូវតែ​ចេញ​ពី​ផ្ទះ​តាម​ការរៀបចំ​របស់​អាជ្ញាធរ។ ពលរដ្ឋ​រូប​នេះ ថា នេះ​ជា​លើកទីមួយ​នៃ​ការ​ជម្លៀស​ចេញ​ពី​ផ្ទះ​ព្រោះ​ការ​ដោះ​គ្រាប់បែក៖ «មាន​ការ​ព្រួយ​ដែរ​ក្រែង​មាន​គ្រោះថ្នាក់​អី​ណឹង​ចេះ​តែ​បារម្ភ​អ៊ីចឹង»

ការ​បង្ហាញ​រូបភាព​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ ព្រោះ​ការ​ដោះ​គ្រាប់បែក​គីមី​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា គ្រាប់បែក​គីមី​នេះ ជា​របស់​អាមេរិក​ទម្លាក់​នេះ ស្រប​ពេល​លោក ហ៊ុន សែន វាយប្រហារ​សហរដ្ឋអាមេរិក​ផ្ទួនៗ ដើម្បី​ឲ្យ​លុប​បំណុល​ជិត ៥០០​លាន​ដុល្លារ និង​ចោទ​ប្រកាន់​ថា សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ចលនា​បដិវត្ត​ពណ៌​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ទាក់ទង​សកម្មភាព​ដោះ​គ្រាប់បែក​គីមី​នេះ​ដែរ អគ្គលេខាធិការ​រង​អាជ្ញាធរ​គីមី នៃ​ក្រសួងការពារជាតិ លោក​ឧត្ដមសេនីយ៍​ឯក កេ ដា ដែល​ទទួល​ដោះ​គ្រាប់បែក​នេះ ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹង​ថា ជំហាន​ទី​១ នៃ​ការ​ចាប់​ផ្ដើម​ក្រុម​មន្ត្រី​ជំនាញ ត្រួត​ពិនិត្យ​ឡើងវិញ និង​រាវរក​ជាតិ​ផ្ទុះ​ជុំវិញ​ទីតាំង​ប្រតិបត្តិការ​មុន​នឹង​ចាប់​ផ្ដើម​ជីក​រក​គ្រាប់បែក​គីមី។

មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា គម្រោង​ដោះ​គ្រាប់បែក​នេះ​នឹង ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ ខណៈ​លោក ហ៊ុន សែន ប្រកាស​ប្រើ​ថវិកា​រដ្ឋ​មិន​សុំ​ពី​បរទេស ឬ​សហរដ្ឋអាមេរិក។ មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា អាច​នឹង​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន បាន​ចោទ​ប្រកាស​ស្ថានទូត​សហរដ្ឋអាមេរិក​ថា មិន​អើពើ​ករណី​គ្រាប់បែក​គីមី ប៉ុន្តែ​ស្ថានទូត​អាមេរិក​បដិសេធ​ថា ខ្លួន​មិនដែល​បាន​ទទួល​សំណើ​ពី​រដ្ឋាភិបាល​កម្ពុជា រឿង​ស្នើ​ឲ្យ​ជួយ​សម្អាត​គ្រាប់បែក​គីមី​កប់​ក្នុង​ដី​នៅ​ខេត្ត​ស្វាយរៀង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល