ពិធី​រាប់​បាត្រ​​បង្សុកូល​​ថ្វាយ​​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​​បរម​រតន​កោដ្ឋ

ដោយ សេក បណ្ឌិត
2014.07.10
បុណ្យ ព្រះ​បរម​រតន​កោដ្ឋ ៦១០ ព្រះសង្ឃ​និមន្ត​រាប់​បាត្រ​ក្នុង​ពិធី​បុណ្យ​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតនកោដ្ឋ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៤។
RFA/Mom Sophon

គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ បាន​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជាង ៣​ពាន់​អង្គ​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ដើម្បី​ឧទ្ទិស​មហា​កុសល​ជូន​ព្រះ​វិញ្ញាណក្ខន្ធ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ​នរោត្តម សីហនុ។ មន្ត្រី​រាជការ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ក៏​ចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​នៅ​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​បុណ្យ​៣​ថ្ងៃ​នោះ​ដែរ។

ក្រោយ​ពិធី​រាប់បាត្រ​បញ្ចប់​នៅ​ម៉ោង​ជាង ៨​ព្រឹក ព្រះសង្ឃ​ជាង ៣​ពាន់​អង្គ ដែល​និមន្ត​មក​ពី​បណ្ដា​ខេត្ត ក្រុង រាជធានី​ទូទាំង​ប្រទេស ត្រូវ​បាន​ព្រះករុណា​សម្ដេច​ព្រះ មរមនាថ នរោត្តម សីហមុនី និមន្ត​ចូល​ព្រះបរមរាជវាំង បង្សុកូល​ថ្វាយ​នូវ​ព្រះរាជ​កុសល​ដល់​ព្រះ​បរម​រតន​កោដ្ឋ។

«សំឡេង»

ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា លោក ម៉ុម នាង ដែល​មាន​នាទី​ជួយ​សម្រប​សម្រួល​ពិធី​បុណ្យ​មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី មាន​ព្រះរាជ​វត្តមាន​ក្នុង​ពិធី​នោះ៖ «ក្នុង​កិច្ច​និមន្ត​ព្រះសង្ឃ​រាប់បាត្រ បង្សុកូល សមាធិ ដើម្បី​សរុប​ថ្វាយ​នូវ​ព្រះរាជ​កុសល ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ជា​ព្រះ​បិតា​ជាតិ ជា​ព្រះ​មហា​វីរក្សត្រ​លើ​ទឹក​ដី​កម្ពុជា ដើម្បី​ឯកភាព​ជាតិ​នៅ​លើ​ទឹក​ដី​នៃ​កម្ពុជា តាំង​ពី​សង្គម​រាស្ត្រ​និយម​មក»

ពិធី​រាប់បាត្រ និង​បង្សុកូល​នេះ ដឹក​នាំ​ដោយ​គណៈកម្មការ​រៀបចំ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វីរ​រាជ​បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ចៅហ្វា​វាំង គង់ សំអុល និង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា។

លោក ម៉ុម នាង ឲ្យ​ដឹង​ទៀត​ថា ព្រះសង្ឃ​ជាង ៣​ពាន់​អង្គ​នោះ ត្រូវ​បែង​ចែក​ជា ២៧​ក្រុម ហើយ​ព្រះករុណា​និមន្ត​មួយ​ក្រុម​ម្តងៗ ដើម្បី​ធ្វើ​ពិធី​បង្សុកូល​មុខ​ព្រះ​បរម​រតន​កោដ្ឋ ដែល​តម្កល់​នៅ​លើ​ព្រះ​ទីនាំង​មហា​មន្ទីរ​ក្នុង​ព្រះបរមរាជវាំង។

នៅ​ក្នុង​ពិធី​នោះ​ដែរ ស្ត្រី​ម្នាក់​មក​ពី​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ឈ្មោះ វាសនា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត​ដែល​ចូលរួម​ឈរ​មើល​ព្រះ​រាជ​ពិធី​នោះ សម្ដែង​ការ​សោកស្ដាយ​ដែល​មិន​បាន​ចូលរួម​រាប់បាត្រ​ព្រះសង្ឃ ដោយ​ពុំ​មាន​លុយ​កាក់ ហើយ​សមត្ថកិច្ច​ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ដែរ ពីព្រោះ​អ្នក​ដែល​អាច​ចូល​ក្នុង​ពិធី​នោះ​បាន​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ សុទ្ធ​តែ​មាន​ប័ណ្ណ​អញ្ជើញ​ត្រឹមត្រូវ​ពី​ក្រុម​ពិធីការ​ជា​ស្រេច៖ «ខ្ញុំ​ស្រឡាញ់​គោរព​សម្ដេច​តា ចិត្ត​របស់​ខ្ញុំ​ឃើញ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ឃើញ​លោក​និមន្ត​មក មនុស្ស​ច្រើន ដូច​មនុស្ស​សាមគ្គី​គ្នា​អ៊ីចឹង ដូច​សម្ដេច​តា​មាន​ព្រះរាជ​ឱង្ការ​ចូល​ចិត្ត​បែប​ហ្នឹង»

បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​មក​ពី​ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ លោក គឹម ផែន មាន​ប្រសាសន៍​ថា លោក​មាន​ក្តី​រីករាយ​ណាស់​នៅ​ពេល​ឃើញ​ពិធី​នេះ​កើត​ឡើង ទោះ​បី​មិន​បាន​ចូលរួម​ផ្ទាល់​ក៏ដោយ៖ «ថ្ងៃ​នេះ គឺ​ដ៏​ឧដុង្គឧត្តម​ណាស់ គឺ​មហា​កិត្តិយស ដែល​ប្រជាជន​យើង​ទាំងអស់​បាន​មក​សម្ដែង​នូវ​ការ​គោរព​ចំពោះ​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ជា​ទី​សក្ការៈ​គោរព​ស្រឡាញ់​ស្មើ​ជីវិត ដូច្នេះ​ថ្ងៃ​បើ​ទោះ​ជា​គ្មាន​ការ​អញ្ជើញ ក៏​ត្រូវ​តែ​មក ព្រោះ​ជា​ថ្ងៃ​ដ៏​ឧដុង្គឧត្តម​ណាស់»

ពិធី​រាប់បាត្រ និង​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី​មួយ នៃ​ពិធី​បុណ្យ​បី​ថ្ងៃ​នេះ បាន​បញ្ចប់​នៅ​មុន​ថ្ងៃ​ត្រង់ ហើយ​ចាប់​ពី​ម៉ោង ៤​រសៀល​ថ្ងៃ​ដដែល មាន​រៀបចំ​ពិធី​តាំង​សមាធិ​នៅ​មុខ​ព្រះបរមរាជវាំង និង​ពិធី​ផ្សេងៗ​ទៀត​ក្នុង​ព្រះបរមរាជវាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។