ក្រុមហ៊ុន​ចិន​សម្រេច​បើក​ទ្វារ​ទឹក​ទំនប់​ដង្ហត​នៅ​បាត់ដំបង​ឲ្យ​ពលរដ្ឋ​ប្រើ​ទឹក​ឡើង​វិញ

ដោយ ម៉ម មុនីរតន៍
2014.07.15

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ក្រុមហ៊ុន​ចិន សម្រេច​បើក​ទ្វារ​ទឹក​ទំនប់​ដង្ហត ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម​ប្រព័ន្ធ​ធារាសាស្ត្រ បាន​ប្រើប្រាស់​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង​ឡើង​វិញ​ហើយ។

ការ​សម្រេច​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​នៅ​ពេល​នេះ គឺ​នៅ​បន្ទាប់​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ដង្ហត នេះ បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ​អស់​ជាច្រើន​ខែ រហូត​ធ្វើ​ឲ្យ​ស្រូវ​ប្រាំង​ត្រូវ​ខូចខាត។ ទំនប់​នោះ​ឋិត​នៅ​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ពលរដ្ឋ​និយាយ​ថា ស្រូវ​ប្រាំង​ជិត ១​ពាន់​ហិកតារ ដែល​ស្ថិត​ក្រោម​ខ្សែ​ទឹក​នៃ​ប្រឡាយ​មេ​ដង្ហត បាន​ងាប់​ដើម និង​សន្ទូង​ត្រូវ​ខូចខាត​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​ទឹក​ប្រើប្រាស់ និង​សង្គ្រោះ ខណៈ​សំណង​ដ៏​ធំ​ផ្នែក​ខាង​លើ​នៃ​ដង​ស្ទឹង​សង្កែ ជា​ជំនួយ​ឥត​សំណង​របស់​ចិន ផ្ដល់​ឲ្យ​កម្ពុជា មិន​បើក​ឲ្យ​ដំណើរ​ការ​ក្រោយ​ពី​សាងសង់​រួច។

រស់នៅ​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក រី ផា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កក្កដា ថា ឥឡូវ​ចិន បាន​បើក​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​នេះ​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម និង​ពុំ​មាន​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង អាច​បាន​បន្ត​ដាំ​ដុះ​ឡើង​វិញ។ លោក​បន្ត​ថា ប៉ុន្តែ​ទឹក​ដែល​ចិន បាន​បង្ហូរ​នៅ​ពេល​នេះ គឺ​មាន​តិចតួច​ណាស់ និង​ស្ទើរ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​បាន​ផង៖ «ទឹក​វា​ទើប​បាន​មក​ដល់ ឥត​ទាន់​បាន​ប្រើ ចាំ​មើល​យប់​នេះ​មួយ​យប់​ទៀត​មើល។ ខ្លាច​វា​រីង​មិន​ដឹង​ចាំ​មើល​យប់​នេះ​មួយ​យប់​ទៀត។ ថ្ងៃ​មុន​អ៊ីចឹង​ឯង តែ​បាន​មួយ​យប់​ថ្ងៃ​មួយ​វា​បិទ​វិញ»

ការ​សម្រេច​បើក​ទឹក​ឡើង​វិញ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា តវ៉ា​សូម​ឲ្យ​ភាគី​ចិន បង្ហូរ​ទឹក​ចូល​ប្រឡាយ​មេ ដើម្បី​បាន​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ពួក​គាត់។ កន្លង​មក ក្រុមហ៊ុន​ចិន សម្រេច​បិទ​មិន​បង្ហូរ​ទឹក ដោយសារ​ចិន ចោទ​ប្រកាន់​ពលរដ្ឋ​ថា បាន​ជីក​កាត់​ផ្ដាច់​ប្រឡាយ​មេ​អស់​ជាច្រើន​ម៉ែត្រ។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង ច្រាន​ចោល ដោយ​លោក​រក​ឃើញ​ថា មាន​កាត់​ផ្តាច់​មែន តែ​តិចតួច​ប៉ុណ្ណោះ។

ប្រព័ន្ធ​ធារាសាស្ត្រ​ដង្ហត ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ផ្នែក​ខាង​លើ​នៃ​ស្ទឹង​សង្កែ ក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់ នេះ ចាប់​សាងសង់​តាំង​ពី​ឆ្នាំ​២០០៩ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​របាយការណ៍​ណា​មួយ បញ្ជាក់​ពី​ទំហំ​នៃ​ទំនប់​នេះ​ឲ្យ​បាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ទាំង​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​ផ្នែក​នេះ ក៏​បាន​អះអាង​ដែរ​ថា ទំនប់​នេះ​មាន​ទំហំ​ធំ និង​ជ្រៅ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ធារាសាស្ត្រ​ដទៃ​ទៀត។

ចំណែក​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល វិញ​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ដោយ​និយាយ​យ៉ាង​ខ្លី​មុន​ដាក់​ទូរស័ព្ទ​ចុះ​ថា លោក​ជាប់​រវល់​មិន​អាច​ផ្ដល់​បទសម្ភាសន៍​បាន​ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាល​ស្រុក​សង្កែ លោក សួន សាវ៉េត អះអាង​ថា នៅ​ពេល​នេះ ចិន បាន​បើក​ទឹក​បង្ហូរ​ចេញ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ដាក់​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ហើយ។ ហេតុ​នេះ លោក​មាន​ជំនឿ​ថា ផល​ដំណាំ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​អាច​មាន​សង្ឃឹម​ឡើង​វិញ៖ «បើក​រួច​ហើយ​តាម​ខ្ញុំ​សួរ​ឃុំ​ម្សិលមិញ ថា​គេ​បើក​ឲ្យ​ហើយ។ ថ្ងៃ​ហ្នឹង​វា​ខុស​ដែរ និយាយ​រឿង​ទៅ​សំណូមពរ​សុំ​ឲ្យ​ចិន បើក​ទឹក។ ប្រជាជន​គាត់​មិន​អាច​រង់ចាំ​យូរ។ ចិន តែ​ថា​បើក​ឲ្យៗ​មិន​ចេះ​ឃើញ​បើក ប្រជាជន​បើក​ខ្លួន​តែ​ម្ដង។ រឿង​នោះ​វា​ប៉ុណ្ណឹង​ទេ»

ភ្ជាប់​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ពួក​គាត់​ទំនង​ជា​មិន​អាច​ទទួល​បាន​ទឹក​នេះ​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ។ ជា​ទម្លាប់ ចិន ​តែង​បើក​ហើយ​បិទ​វិញ​ជា​ញឹកញាប់ ដោយ​ពុំ​បាន​ផ្ដល់​ដំណឹង​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រោម​ខ្សែ​ទឹក​នៃ​ប្រឡាយ​មេ​បាន​ដឹង​ម្ដង​ណា​នោះ​ទេ។

ជាង​នេះ​ទៀត លោក​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ថា ទឹក​ដែល​បាន​បង្ហូរ​ចេញ​នៅ​ពេល​នេះ អាច​ប្រើប្រាស់​បាន​យូរ​ថ្ងៃ​នោះ​ទៀត​ផង ព្រោះ​ថា​ក្នុង​ឆ្នាំ​នេះ ទឹក​ដែល​បាន​បង្ហូរ​ចេញ​ម្ដងៗ​នេះ គឺ​មិន​គ្រប់គ្រាន់​ទាល់​តែ​សោះ​ចំពោះ​តម្រូវ​ការ​របស់​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​ភាគី​ចិន បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ កក្កដា។

បញ្ហា​នេះ ត្រូវ​បាន​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផល្គុន ឲ្យ​ដឹង​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​សម្រប​សម្រួល​កិច្ចការ​នេះ បើ​ទោះ​ជា​នៅ​ពេល​នេះ អង្គភាព​ជំនាញ​របស់​លោក​បាន​ទទួល​លិខិត​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​វិញ​ក្ដី តែ​ធាតុ​ពិត​អ្វីៗ​គឺ​ស្ថិត​នៅ​លើ​ចិន កាន់​កាប់​នៅ​ឡើយ។ បើ​ទោះ​ជា​បែប​ណា អាជ្ញាធរ​ខេត្ត​ចាត់​ទុក​ថា វា​គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​ជា​លទ្ធផល​ដែល​កម្ពុជា ទទួល​បាន​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​ធំ​មួយ​នេះ​នៅ​ក្នុង​តំបន់៖ «ជា​លិខិត​យើង​ទទួល​បាន ប៉ុន្តែ​ការ​គ្រប់គ្រង​ជាក់ស្ដែង គឺ​ចិន គាត់​នៅ​គ្រប់គ្រង​របស់​គាត់​នៅ​ឡើយ​ទេ។ អ៊ីចឹង​ទៅ​បាន​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​លើក​គ្នា​មក។ យើង​ចេះ​តែ​សម្រប​សម្រួល សូម​ឲ្យ​គាត់​បើក​ទឹក​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាជន ជា​ជាង​ទម្លាក់​ចោល​ទន្លេសាប វា​អត់​ប្រយោជន៍»

រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ដាក់​ទុន​លើ​ស្រូវ​ប្រាំង ត្រូវ​ខាត​បង់​អស់​រាប់​ពាន់​ដុល្លារ ព្រោះ​ពុំ​មាន​ទឹក​ប្រើប្រាស់។ ក្នុង​ចំណោម​នោះ ពួក​គេ​បាន​សម្រេច​ឈប់​ធ្វើ​ស្រែ​ប្រាំង ដោយសារ​ខាត​បង់​ច្រើន​ហួស​ហេតុ និង​ដក​សម្ភារៈ​ប្រើប្រាស់​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។