ពិធី​កាន់បិណ្ឌ​ទី​១​មាន​ពលរដ្ឋ​ចូល​រួម​ច្រើន​នៅ​តាម​វត្ត​​អារាម​នា​រាជធានី​ភ្នំពេញ

ដោយ ប្រាជ្ញ ចេវ
2015.09.28
1

ពលរដ្ឋ​កាន់​ព្រះពុទ្ធសាសនា នាំ​គ្នា​រៀបចំ​បោះ​បាយ​បិណ្ឌ។

2

បាយ​កន្ទោង​សម្រាប់​បោះ​បាយ​បិណ្ឌ។

3

ព្រះសង្ឃ​ស្វាធ្យាយ​មុន​រៀបចំ​បោះ​បាយ​បិណ្ឌ។

4

ពុទ្ធ​បរិស័ទ​នាំ​គ្នា​ទៅ​វត្ត​អារាម ប្រគេន​ចង្ហាន់​ព្រះសង្ឃ។

5

ពុទ្ធ​បរិស័ទ​អុជ​ទៀន​ធូប​ឧទ្ទិស​ដល់​បុព្វការីជន។

6

ពុទ្ធ​បរិស័ទ​អុជ​ទៀន​ធូប​ឧទ្ទិស​ដល់​បុព្វការីជន។

7

ពិធី​ពូន​ភ្នំ​អង្ករ។

8

ពិធី​ពូន​ភ្នំ​ខ្សាច់។

9

ពិធី​រាប់បាត្រ។

10

បាយ​កន្ទោង​សម្រាប់​ច្រូច​ទឹក។

11

ចង្ហាន់​ប្រគេន​ព្រះសង្ឃ របស់​ពុទ្ធបរិស័ទ​ពី​គ្រប់​មជ្ឈដ្ឋាន។

ថ្ងៃ​ទី​២៨ ខែ​កញ្ញា នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ របស់​ពលរដ្ឋ​​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា។ នៅ​តាម​បណ្ដា​វត្ត​អារាម​នានា នៅ​តាម​រាជធានី​ភ្នំពេញ ឃើញ​មាន​ពុទ្ធបរិស័ទ​ចូល​រួម​ច្រើន ទាំង​ក្នុង​ពិធី​បោះ​បាយបិណ្ឌ និង​យក​បាយ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។

​ចាប់​តាំង​ពី​ម៉ោង​ជាង ៤​យប់ ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​តាម​វត្ត​អារាម​ពោរពេញ​ដោយ​មនុស្សម្នា នាំ​គ្នា​សូត្រ​ធម៌ បោះ​បាយបិណ្ឌ ដែល​គេ​មាន​ជំនឿ​ថា នឹង​បាន​ទៅ​ដល់​ញាតិសន្ដាន​ដែល​កើត​ទៅ​ជា​ប្រេត​នោះ។ ដំណាល​គ្នា​នឹង​ពន្លឺ​ភ្លើង​ទៀន ភ្លើង​ធូប​វិល​ជុំវិញ​ព្រះវិហារ សូរស័ព្ទ​ព្រះធម៌ ក៏​បន្ទរ​ដំណាល​គ្នា​នោះ​ដែរ៖ «សំឡេង​សូត្រ​ធម៌»។

លោកស្រី ស៊ីន មួយគា ជា​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា  អ្នកស្រី​ភ្ញាក់​តាំង​ពី​ម៉ោង ១២​យប់ ដើម្បី​រៀបចំ​បាយ ម្ហូប និង​គ្រឿង​បូជា​ផ្សេងៗ។ ដៃ​កាន់​បាយបិណ្ឌ មាន​ដោត​ទង់​ក្រពើ​ផង​នោះ លោកស្រី​រំពឹង​ថា បាយ​ម្ហូប​ទាំង​នេះ​នឹង​បាន​ដល់​​ដូនតា សាច់​ញាតិ​របស់​លោកស្រី​ដែល​បាន​ចែក​ឋាន​រំលាយ​កាយ​ទៅ​ហើយ​នោះ៖ «ភ្ញាក់​នៅ​ផ្ទះ​តាំង​ពី​ម៉ោង ១២ ឡើង​ធ្វើ​បាយ​ម្ហូប គេង​អត់​លក់ ចង់​មក​តែ​វត្ត។ ពេល​មក​ធ្វើ​បុណ្យ​អ៊ីចឹង​ទៅ បាន​ជ្រះថ្លា ស្រលះ​ក្នុង​ខ្លួន»

សៀវភៅ "ពិធី​ប្រចាំ​ដប់​ពីរ​ខែ" របស់​អ្នកស្រី ពេជ្រ សល់ សរសេរ​អំពី​ដើម​កំណើត​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ថា ផ្អែក​តាម​សិលា​ចារិក​របស់​ព្រះបាទ យសោវរ្ម័ន គ្រង​រាជសម្បត្តិ​រវាង គ.ស. ៨៨៩ ដល់ ៩១០ ព្រះអង្គ​បាន​សាង​អាវាស (វត្ត ឬ ទី​លំនៅ) ជា​ច្រើន ហើយ​ទ្រង់​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ​ជា​រៀង​រាល់​ខែ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ចម្បាំង និង​ចំពោះ​ខ្មោច​ទាំង​ឡាយ​ដែល​គ្មាន​បងប្អូន គ្រួសារ ញាតិសន្ដាន។

ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សម័យ​នេះ មាន​រយៈពេល ១៥​ថ្ងៃ គឺ​ពី​ថ្ងៃ ១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ​ទី ១៥​រោច ខែ​ភទ្របទ ដែល​ថ្ងៃ​ចុង​ក្រោយ​គេ​ហៅ​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

ក្រោយ​ពលរដ្ឋ​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ​ដែល​ត្រូវ​បញ្ចប់​នៅ​ពេល​ព្រះ​សុរិយា​រះ ពលរដ្ឋ​នាំ​គ្នា​យក​ចង្ហាន់ ឬ​ថវិកា​ទៅ​ប្រគេន​ព្រះសង្ឃ។

អាចារ្យវត្ត សិរីគៀនឃ្លាំង លោក ចាយ សុវណ្ណរ៉ា ឲ្យ​ដឹង​ថា វត្ត​អារាម​ត្រូវ​បាន​រៀបចំ​ទីធ្លា​រួចរាល់​អស់​ហើយ​ដើម្បី​ទទួល​ពុទ្ធ​បរិស័ទ ដូច​សំអាត​ទីធ្លា ដាក់​ចាន ឆ្នាំង ឬ​ជើងពាន​ដើម្បី​ដាក់​បិណ្ឌ។ លោក​អាចារ្យ​បន្ត​ថា នៅ​វត្ត​សិរីគៀនឃ្លាំង មាន​រៀបចំ​ទៅ​សូត្រ​ធម៌ និង​បាយបិណ្ឌ​នៅ​ជិត​មាត់​ទន្លេ​ឆ្ងាយ​ពី​វិហារ ព្រោះ​គេ​យល់​ថា អ្នក​មាន​កម្មផល​ខ្លាំង​មិន​អាច​ទទួល​បាយបិណ្ឌ​នៅ​វិហារ​បាន​ទេ៖ «ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន​មិន​ដឹង​ថា គាត់​កើត​ទៅ​ជា​ប្រេត ឬ​តិរច្ឆាន​យ៉ាង​ណា​ទេ អ៊ីចឹង​ទេ​ត្រូវ​ឧទ្ទិស​ទើប​បាន​ដល់​ញាតិកា»

លោកស្រី សន គឹមចន ដើរ​ជុំវិញ​វិហារ ខ្សឹប​តិចៗ​ហៅ​ឈ្មោះ​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នេះ ឲ្យ​ដឹង​ថា លោកស្រី​សង្ឃឹម​ថា ដូនតា​ដែល​ចែក​ទៅ​ហើយ​អាច​ទទួល​បាន​អ្វី​ដែល​លោកស្រី​យក​មក​ធ្វើ​ពិធី​នៅ​ពេល​នេះ៖ «សង្ឃឹម​ថា​ជី​ដូន​ជីតា​បាន​ទទួល ចេះ​តែ​ហៅ​ឈ្មោះ​គាត់។ នៅ​ថ្ងៃ​បិណ្ឌ​ទី​១ ខ្ញុំ​ត្រូវ​ឲ្យ​បាន​ពីរ​វត្ត»

ដំណាល​គ្នា​នឹង​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ បាយ​ម្ហូប​រាប់​សិប​ចាន​ត្រូវ​សល់។ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​ការ​បង្ហោះ​រូបភាព​សកម្មភាព​យក​បាយ ម្ហូប ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ទី​សាធារណៈ និង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ដូច​គ្នា​នេះ​ដែរ ព្រះតេជព្រះគុណ អ៊ុន ឡុង គង់​នៅ​វត្ត​សំពៅមាស មាន​ថេរដីកា​ថា នៅ​វត្ត​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ពេល​រដូវ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ព្រះសង្ឃ​តែង​ចាត់ចែង​ចែក​ជូន​ទៅ​ពលរដ្ឋ​ក្រីក្រ និង​ផ្ដល់​ជូន​ទៅ​អង្គការ​កុមារ​កំព្រា។

ព្រះអង្គ​បន្ត​ថា ចង្ហាន់​ដែល​ពលរដ្ឋ​យក​ទៅ​ប្រគេន​ព្រះសង្ឃ ព្រះសង្ឃ​ក៏​អាច​ធ្វើ​ទាន​បន្ត​បាន​ដែរ៖ «បាយ ​ម្ហូប​នៅ​សល់​ទាំង​ប៉ុន្មាន​យក​ជូន​ចាស់ៗ ក្មេងៗ ឬ​អ្នក​គ្មាន​ផ្ទះសម្បែង។ យើង​ឃើញ​ថា ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ មាន​ច្រើន ព្រះសង្ឃ​អាច​ធ្វើ​ទាន​ទៅ​អ្នក​ផ្សេង​បាន»

តាម​ទំនៀម​ចាស់​ពី​បរម​បុរាណ​មក នៅ​ថ្ងៃ ១​កើត ខែ​អស្សុជ នេះ ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ត្រឡប់​ទៅ​ទីឋាន​ដើម​វិញ។ ពិធី​កាល​ពី​សម័យ​មុន​ធ្វើ​រយៈពេល ៣​ខែ ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​កិច្ច​ទំនុកបម្រុង​និច្ចភត្ត​ភិក្ខុសង្ឃ ក្នុង​រដូវ​ចូល​វស្សា​បី​ខែ ដែល​ប្ដូរ​មក​នៅ​ត្រឹម​ពិធីបុណ្យ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌ រយៈពេល​តែ ១៥​ថ្ងៃ នា​សម័យ​នេះ។ ឯកសារ​មួយ​ចំនួន​កត់ត្រា​ថា គឺ​ចាប់​ពី​រជ្ជកាល​ព្រះករុណា​បរមកោដ្ឋ ព្រះអង្គឌួង រវាង​ពុទ្ធ​សករាជ ២៣៩១-​២៤០៤ ដែល​ត្រូវ​នឹង​គ្រិស្ត​សករាជ ១៨៤៨-​១៨៥៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។