ពលរដ្ឋ​ខ្មែរ​នៅ​ក្បែរ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ប្រឈម​នឹង​បញ្ហា​ដាំដុះ​លើ​ដី​របស់​ខ្លួន

ដោយ​ សូត សុខប្រាថ្នា
2015.06.09
ព្រំដែន ត្បូងឃ្មុំ ៦២០ ពលរដ្ឋ​ខ្មែរ​និង​ចាម ចុះ​ពិនិត្យ​មើល​តំបន់​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Uon Chhin

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រស់​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​វៀតណាម បាន​លើក​ឡើង​ពី​ភាព​លំបាក​ក្នុង​ការ​រស់​ប្រចាំថ្ងៃ ដោយសារ​កង​កម្លាំង​សមត្ថកិច្ច​វៀតណាម ចេះ តែ​មក​បោះ​ទីតាំង​នៅ​ក្បែរ​ដី​របស់​ពួកគាត់ ហើយ​ព្រមទាំង​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាច​ដាំ​ដំណាំ​លើដី​របស់​ខ្លួន​បាន។ បញ្ហា​នេះ​ មន្ត្រី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​នឹង​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ឱ្យ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់។

ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ក្នុង​ឃុំ​ត្រពាំងផ្លុង ចេះ​តែ​បារម្ភ​ចំពោះ​ដីស្រែ​ចម្ការ​របស់​ខ្លួន ហើយ​ពួកគាត់​បាន​ត្រឹម​​សម្តែង​ការ​ហួស​ចិត្ត​នៅ​ពេល​មាន​ដី​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​តែ​ភាគី​វៀតណាម ចេះ​តែ​មក​ហាម​ឃាត់ ដោយ​អះអាង​ថា ជា​ដី​តំបន់​ស។ លើស​ពី​នេះ​ទៀត អាជ្ញាធរ ឬ​កងកម្លាំង​វៀតណាម តែង​នាំ​គ្នា​ចុះ​ល្បាត និង​បោះ​ទីតាំង​ក្នុង​ដី​ខ្មែរ​ហួស​ពី​បង្គោល​ព្រំដែន​​ជា​ច្រើន​រយ​ម៉ែត្រ​ទៀត​ផង។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងផ្លុង ម្នាក់ លោក នាង ឌិត ឱ្យ​ដឹង​ថា ដី​របស់​ពួកគាត់​ប្រមាណ ៥០​គ្រួសារ​ដែល​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​លេខ ១១៣ ប្រមាណ ២០០​ម៉ែត្រ ប៉ុន្តែ​មិន​អាច​ដាំដំណាំ ឬ​ឆ្ការ​សំអាត​ព្រៃ ឬ​ស្មៅ​លើ​ដី​នោះ​បាន​ទេ។

លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​បាន​កំណត់​បង្គោល​ព្រំដែន​ទៅ​ហើយ​ក្តី ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ​ដដែល៖ «អូ! ពិបាក​នោះ​ពិបាក​ដល់​ហើយ។ គ្រាន់​តែ​ខ្ញុំ​ដាំ​ដំឡូង​ហើយ វា​មក​ដក​ចោល​បញ្ចាំ​ចោល​ក៏​មាន​ដែរ ហើយ​ដើម​ស្វាយចន្ទី​នៅ​ពេញ​ចម្ការ»

បញ្ហា​ទាំង​នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​ព្រំដែន​ក្នុង​ស្រុក​ពញាក្រែក ទេ ព្រោះ​វា​តែងតែ​កើត​ឡើង​ជា​រឿយៗ។ ជាក់​ស្តែង​នៅ​​ភូមិ​ត្រពាំងត្រឡោក ភូមិ​ត្រពាំងរំសែង ភូមិ​ត្រពាំងផ្លុង នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ១១៣ និង ១១៤ គឺ​ពលរដ្ឋ​តែង​ត្អូញត្អែរ​ពី​បញ្ហា​ទាំង​នេះ។ ពេល​ខ្លះ ក្រុម​សមត្ថកិច្ច​វៀតណាម ទាំង​នោះ ចូល​មក​ចង​អង្រឹង​ដេក​នៅ​តាម​ចម្ការ​កៅស៊ូ​ខ្មែរ​ ដោយ​មាន​គ្នា​ពី ៥​នាក់ ទៅ ៧​នាក់ ឬ​លើស​ពី​នេះ។

ចំណែក​ពលរដ្ឋ​ជា​ម្ចាស់​ចម្ការ ឬ​អ្នក​ភូមិ​រស់​នៅ​ទី​នោះ​វិញ បាន​ត្រឹម​សម្ដែង​ក្តី​បារម្ភ និង​ភាព​ហួសចិត្ត​តែ​ប៉ុណ្ណោះ។ ពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំងរំសែង មួយ​រូប​ទៀត លោក ឈីន ពៅ ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ឆ្លង​ហួស​ពី​បង្គោល​ព្រំដែន​ចូល​ទៅ​ដី​ប្រទេស​វៀតណាម បាន​ទេ សូម្បី​តែ​សត្វ​គោក្របី​ពលរដ្ឋ​ឆ្លង​ចូល​ខាង​វៀតណាម ម្តងម្កាល ក៏​ត្រូវ​សមត្ថកិច្ច​ព្រំដែន​គេ​ចាប់​ដែរ៖ «ខ្ញុំ​ភ័យ​ណាស់ បាន​ឯកឧត្ដម​ចុះ​មក​មើល​ព្រំដែន​ខ្ញុំ​អរ​ណាស់ ដើម្បី​ជា​រនាំង​មួយ​ជួយ​ការពារ​ព្រំដែន​ ព្រោះ​អី​សព្វថ្ងៃ​ខ្ញុំ​ភ័យ​ណាស់ មិន​ដឹង​ថា គេ​ចូល​យក​ថ្ងៃ​ណា​អី​ថ្ងៃ​ណា»

​ពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងផ្លុង នៅ​តែ​ជួប​បញ្ហា​ទាំង​នេះ ដោយ​មិន​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង ទើប​ពួកគេ​​នាំគ្នា​ប្ដឹង​ទៅ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។

ចំណែក​​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម ដែល​បាន​ដឹកនាំ​សមាជិក​ខ្លួន និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ ចុះ​ទៅ​តំបន់​មាន​បញ្ហា កាល​ពី​ថ្ងៃ​ទី​៧ មិថុនា លោក វ៉ាន់ ណារិទ្ធ អះអាង​ថា អាជ្ញាធរ​វៀតណាម​ គឺ​ពិត​ជា​មក​បោះ​ទីតាំង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ ៤០០ ទៅ ៥០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​មែន។

លោក​បន្ត​ថា ពួកគេ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហើយ ថែមទាំង​ហាមឃាត់​មិន​ឱ្យ​ក្រុម​អ្នក​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​អាច​​ចូល​ទៅ​ថត​រូប​លើ​បង្គោល​ព្រំដែន​លេខ ១១៤ ទៀត​ផង៖ «មុន​នឹង​ឈរ​លើ​បង្គោល​សីមា​ហ្នឹង ត្រូវ​ជួប​ជាមួយ​មេ​វៀតណាម សិន។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​អ្នក​តំណាងរាស្ត្រ ខ្ញុំ​បដិសេធ ព្រោះ​ជា​ដី​របស់​ខ្មែរ ហើយ​បង្គោល​ក៏​បាន​បោះ​រួច​ហើយ»

ការ​ចុះ​ទៅ​ស្រប​តាម​ពាក្យ​បណ្ដឹង​​របស់​អ្នក​ភូមិ​ក្នុង​ឃុំ​ត្រពាំងផ្លុង អំពី​សកម្មភាព​អាជ្ញាធរ​វៀតណាម តែង​តែ​មក​បោះ​ទីតាំង​​ក្នុង​ព្រៃ ឬ​ក្នុង​ដីចម្ការ​កៅស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ជា​ប្រចាំ។ លើស​ពី​នេះ ពួកគេ​​បាន​ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​ចម្ការ​តំបន់​នោះ​ជាដើម។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ទទួល​ស្គាល់​ថា កងកម្លាំង​ការពារ​ព្រំដែន​វៀតណាម​ ពិតជា​មាន​វត្តមាន​នៅ​ក្នុង​ដី​ខ្មែរ​មែន ប៉ុន្តែ​លោក​យល់​ថា អាច​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​រាល់​ដង​ឃើញ​តែ​ពួក​គេ​ដើរ​ល្បាត​នៅ​តាម​ព្រំដែន​តែប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត សមត្ថកិច្ច​ខ្មែរ​ក៏​តែង​ហាមឃាត់​អាជ្ញាធរ​វៀតណាម ឱ្យ​គោរព​ខ្សែ​បន្ទាត់​ព្រំដែន​រៀង​ខ្លួន​ទៀត​ផង៖ «អត់​ទេ វា​មក​ហ្នឹង​មក​នេះ​ទេ ព្រោះ​ខាង​ខ្ញុំ​ក៏​បាន​ហាមប្រាម​ពួកគេ​ដែរ ថា​កុំ​ឱ្យ​មក​ពាក់ព័ន្ធ​លើ​ដី​​របស់​យើង។ យើង​បាន​បោះ​បង្គោល​រួច​រាល់​ហើយ យើង​ត្រូវ​គោរព​បូរណភាព​ដែន​ដី»

មន្ត្រី​ការពារ​ព្រំដែន​ឱ្យ​ដឹង​ទៀត​ថា ពួកគេ​បាន​បញ្ជូន​របាយការណ៍​ទាក់ទង​សមត្ថកិច្ច​វៀតណាម ចូល​មក​ហួស​បង្គោល​ព្រំដែន​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​រួចរាល់​ហើយ។

ជាមួយ​គ្នានេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​ព្រំដែន គឺ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​ពិបាក​រហូត ដរាប​ណា​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់។ ជាង​នេះ​ទៀត លោក​មើល​ឃើញ​ថា អធិបតេយ្យភាព​របស់​កម្ពុជា បច្ចុប្បន្ន គឺ​មាន​ភាព​ទន់​ខ្សោយ៖ «ប៉ុន្តែ​បើ​រដ្ឋ​មួយ​មិន​អាច​ការពារ​ព្រំដែន​គោក ព្រំដែន​អាកាស ដែន​អធិបតេយ្យ​ដី ដែន​សមុទ្រ​បាន​ទេ បាន​ន័យ​ថា មិន​មាន​អធិបតេយ្យភាព គឺ​អធិបតេយ្យ​នោះ​ត្រូវ​បាន​រង្គោះរង្គើ​ហើយ»

យ៉ាង​ណា​ក៏ដោយ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម គ្រោង​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន និង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ដើម្បី​បំភ្លឺ​ឱ្យ​បាន​ច្បាស់​លាស់ ថា​តើ​ដី​តំបន់​នោះ​ជា​ដី​របស់​ខ្មែរ ឬ​ជា​ដី​របស់​វៀតណាម? ស្រដៀង​គ្នា​នេះ ពលរដ្ឋ​វិញ​ចង់​ឱ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដី​តំបន់​នោះ​ឱ្យ​បាន​ដាច់​ស្រឡះ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​​របស់​ពួកគាត់​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។