ប៉ូលិស​កម្ពុជា​សហការ​ជាមួយ​ប៉ូលិស​អាំងទែប៉ូល​តាម​ចាប់​ឧកញ៉ា ថោង សារ៉ាត់

ដោយ ប្រាជ្ញ ចេវ
2014.12.13
ស ខេង ៦១០ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អោយ​ដឹង​ថា ប៉ូលិស​កម្ពុជា កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដែល​គេ​ស្គាល់​ថា ប៉ូលិស​អាំងទែប៉ូល (Police Interpole) ដើម្បី​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់។

វិធានការ​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​អះអាង​ថា បាន​តម្រុយ​ពី​ទីកន្លែង​លាក់​ខ្លួន​របស់​លោក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​សំណង់​៩៩៩ ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។

នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ប៉ូលិស​កម្ពុជា ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​បញ្ជូន​ខ្លួន​មក​តុលាការ។ ការ​បង្ហើប​ឲ្យ​ដឹង​ដូច​នេះ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ប៉ូលិស​កម្ពុជា បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល បន្ថែម​លើ​ការ​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា។ លោក​ថា ការ​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​ចាំបាច់​ណាស់​ត្រូវ​មាន​ការ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ហើយ​ប៉ូលិស​អន្តរជាតិ​នៃ​ស្ថាប័ន​នេះ ក៏​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​កម្ពុជា ដែរ៖ «សមត្ថកិច្ច​របស់​ប្រទេស​នីមួយៗ បើ​គ្មាន​កិច្ច​សហការ​ជាមួយ​ប៉ូលិស​អាំងទែប៉ូល​ទេ ធ្វើ​អី​មិន​កើត​ទេ ណា​មួយ​យើង​ជា​សមាជិក​អាំងទែប៉ូល​ផង»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ប៉ូលិស​កម្ពុជា បាន​បញ្ជូន​ដីកា​ស្វែងរក​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ទៅ​អាជ្ញាធរ​ប្រទេស​វៀតណាម និង​ប្រទេស​ជិត​ខាង​កម្ពុជា ដើម្បី​សុំ​កិច្ច​សហការ​ក្នុង​ការ​ចាប់​ខ្លួន​បញ្ជូន​ជន​សង្ស័យ​មក​កម្ពុជា ផ្ដន្ទាទោស​តាម​ច្បាប់។

ដូច​គ្នា​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ប៉ូលិស​របស់​ប្រទេស​វៀតណាម បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​កិច្ច​សហការ​ពី​ប៉ូលិស​កម្ពុជា ហើយ។ ប៉ុន្តែ​លោក​មិន​ទាន់​អះអាង​ថា នឹង​ចាប់​ខ្លួន លោក ថោង សារ៉ាត់ បាន​នៅ​ពេល​ណា​នោះ​ទេ៖ «កំពុង​តែ​ស្រាវជ្រាវ! ធម្មតា​ទេ​យើង​តែ​ដាក់​ស្នើសុំ​ចឹង​ទៅ គេ​សហការ​ជាមួយ​យើង​ហើយ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់។ កាសែត​ក្នុង​ស្រុក​រាយការណ៍​ថា សមត្ថកិច្ច​បាន​ដក​ហូត​យក​ក្បាល​កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​ផ្ដិត​ក្រយៅ​ដៃ កាំភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត និង​បាន​កោះ​ហៅ​មេការ​ម្នាក់​នៃ​បុរី​៩៩៩ មក​សាកសួរ។ លោ ថោង សារ៉ាត់ ត្រូវ​បាន​គេ​សង្ស័យ​ថា មេ​ខ្លោង​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ទាក់ទង​សំណុំ​រឿង​នេះ តុលាការ​បាន​ចាប់​ខ្លួន​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ ក្នុង​នោះ​រួម​មាន ឪពុក​ម្តាយ លោក ថោង សារ៉ាត់ និង​អង្គរក្ស ៤​នាក់ ដែល​មាន​ម្នាក់​បាន​ឆ្លើយ​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ រំពឹង​ថា សមត្ថកិច្ច​នឹង​ចាប់​ខ្លួន លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី។ លោក​ថា នៅ​ពេល​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន ប៉ូលិស​នឹង​ធ្វើ​សន្និសីទ​កាសែត​ជា​សាធារណៈ ឲ្យ​សាធារណជន​បាន​ដឹង​រឿង​ក្តី​ឲ្យ​បាន​ស៊ី​ជម្រៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។