ក្រសួង​មហាផ្ទៃ​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​ដើម្បី​ពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​ក្នុង​ក្រុង

ដោយ ម៉ម មុនីរតន៍
2017.08.20
ភ្លើង​សញ្ញា​ចរាចរណ៍ ២០១៧ ៦២២ ភ្លើង​សញ្ញា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Nuon Soksarim

ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​រាជធានី​ភ្នំពេញ ដែល​សំដៅ​ដល់​ប្រព័ន្ធ​តាមដាន​ពី​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ មជ្ឈមណ្ឌល​ដែល​ត្រួត​ពិនិត្យ​ពី​សន្តិសុខ និង​ចរាចរណ៍​តាម​រយៈ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​លើ​ដង​វិថី​នានា​នេះ នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។ អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​យល់​ឃើញ​ថា តាម​រយៈ​ប្រព័ន្ធ​ថ្មី និង​ទំនើប​នេះ ប្រហែល​ជា​អាច​ជួយ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ជូន​ដល់​ពលរដ្ឋ​បាន​សុខសាន្ត​ជាង​មុន។

សេចក្ដី​សម្រេច​នេះ​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ សីហា បាន​បង្កើត​មុខងារ​ជាច្រើន​ប្រភេទ​ក្នុង​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រព័ន្ធ​តាមដាន​ពី​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គឺ​ជា​ឧបករណ៍​មួយ​មាន​មុខងារ​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ជនល្មើស​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​មុន។

សេចក្ដី​ប្រកាស​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​ក្រុង​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង នេះ គឺ​ជា​មជ្ឈមណ្ឌល​មួយ​ស្ថិត​នៅ​ក្រោម​ចំណុះ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ហើយ​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាលា​ក្រុង​ភ្នំពេញ​តែ​ម្ដង។

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​កំពុង​ដាក់​ឲ្យ​បណ្ដុះបណ្ដាល​ពី​ជំនាញ មុន​នឹង​ត្រូវ​ចូល​បំពេញ​ភារកិច្ច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក​បន្ត​ថា «យើង​បណ្ដុះបណ្ដាល​ហើយ និង​សង្ឃឹម​ថា​ក្នុង​សប្ដាហ៍​ក្រោយ​នេះ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​រៀបចំ​ការងារ​ប្រចាំ​បញ្ជា​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ»

មជ្ឈមណ្ឌល​ថ្មី​នេះ​មាន​ភារកិច្ច​មួយ​ចំនួន​រួម​មាន ទទួល​ទូរស័ព្ទ​ទាន់​ពេល វិភាគ​ទិន្នន័យ បង្កើត​សៀវភៅ និង​កត់ត្រា​រាល់​ទិន្នន័យ​ព័ត៌មាន រក្សា​ទុក​ទិន្នន័យ​ឲ្យ​បាន​គត់មត់ និង​តាមដាន​ជា​ប្រចាំ​នូវ​ទិន្នន័យ​រូបភាព ជាដើម ចាប់​យក​ទិន្នន័យ​ដែល​ផ្ដល់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ដែល​បំពាក់​នៅ​តាម​ទី​សាធារណៈ និង​មាន​ក្រុម​ការងារ​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ដូចជា​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​ចរាចរណ៍ និង​សុវត្ថិភាព​សង្គម ដើម្បី​ចាត់ចែង និង​ដោះស្រាយ​ឲ្យ​ទាន់​សភាពការណ៍​ភ្លាមៗ។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ មាន​ជំនឿ​ថា តាម​រយៈ​មជ្ឈមណ្ឌល​ថ្មី និង​ទំនើប​នេះ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្មុគស្មាញ​ទាក់ទិន​សន្តិសុខ និង​សណ្ដាប់ធ្នាប់​បាន​ច្រើន​ករណី​នៅ​ក្នុង​សង្គម​ជាង​មុន។ លោក​បន្ត​ថា «ការ​ប្រើប្រាស់​ប្រព័ន្ធ​អាយធី (IT) បច្ចេកវិទ្យា​នេះ គឺ​វា​បាន​ឆាប់​រហ័ស។ ខ្ញុំ​ថា​នេះ​អាច​ឆ្លើយតប​បាន និង​ទប់ទល់​ស្ថានការណ៍​ថ្មីៗ​នេះ​បាន»

សេចក្ដី​សម្រេច​នេះ​ក៏​បាន​បង្កើត​ក្រុម​ប្រចាំ​បញ្ជា​ចំនួន ៥​ក្រុម សម្រាប់​ប្ដូរ​វេន​គ្នា​ជា​អចិន្ត្រៃយ៍ ២៤ លើ ២៤​ម៉ោង និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​វេន​នីមួយៗ​មាន​ពេល ៦​ម៉ោង ហើយ​ក្រុម​ប្រចាំ​វេន​នីមួយៗ​មាន​មន្ត្រី​ចំនួន ១៦​នាក់។

ស្រប​ពេល​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ថ្មី​ដើម្បី​ត្រួត​ពិនិត្យ​ពី​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម​នេះ មាន​បទល្មើស​ជាច្រើន​ករណី​កំពុង​កើត​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ និង​ត្រូវ​រង​ការ​រិះគន់​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​តែង​រួច​ខ្លួន​ពី​ការ​ផ្ដន្ទាទោស។

ជុំវិញ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ចាត់​ទុក​ថា​អំពើ​ចោរកម្ម​ដែល​តែង​គំរាម​កំហែង​ពី​សន្តិសុខ និង​សុវត្ថិភាព​ពលរដ្ឋ គឺ​ជា​មុខ​សញ្ញា​ចាស់​ដែល​ចាំបាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ឡើង​វិញ។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា នេះ​ជា​ការ​ធ្វេសប្រហែស​មួយ ហើយ​ក៏​ព្រមាន​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ត្រូវ​ធ្វើ​ការ​ដោយ​ម៉ឺងម៉ាត់ បើ​មិន​ដូច្នេះ​ទេ បញ្ហា​កាន់​តែ​ស្មុគស្មាញ។ លោក​បន្ត​ថា «មុខ​ចោរ​ដដែលៗ គឺ​ចោរ​ចូល​គុក​មិន​ដែលចេះ​ជាប់​គុក​យូរ។ អ៊ីចឹង​សូម​មើល​ឡើង​វិញ ខ្ញុំ​និយាយ​សាជាថ្មី។ ពី​មុន​ខ្ញុំ​និយាយ​ថា​ខ្ញុំ​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​ខ្ញុំ ដើម្បី​ប្រឆាំង​នឹង​រឿង​នេះឥឡូវ​នេះ​ឲ្យ​តែ​ប្រភេទ​ចោរ និង​ពួក​គ្រឿង​ញៀន វា​ចេញ​ពី​គុក​ដូចជា​ស្រួល​ពេក​តែ​ម្ដងពួក​នេះ​តែ​ចេញ​បង្ក​រឿង ពី​មុន​វា​ត្រឹម​តែ​ប្លន់​ទេ អត់​ទាន់​ហ៊ាន​សម្លាប់​មនុស្ស​ទេ ប៉ុន្តែ​វា​ចេញ​លើក​ក្រោយ​នេះ​វា​ហ៊ាន​សម្លាប់​មនុស្ស»

មន្ត្រី​សាលា​ក្រុង​ភ្នំពេញ មាន​ជំនឿ​ថា តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ប្រមាណ​ជា ១​ពាន់​គ្រឿង​ដើម្បី​ត្រួត​ពិនិត្យ​លើ​កិច្ចការ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ អាច​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​បាន​មួយ​កម្រិត​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។