ភរិយា​លោក ជា វិជ្ជា រំលឹក​ការ​ឈឺ​ចាប់​​គ្រា​ភរិយា​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​សិទ្ធិជ្រកកោន​ទៅ​ប្រទេស​ទី​៣

ដោយ ខែ សុណង
2017-07-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភរិយា​របស់​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី (កណ្ដាល) និង​កូន​ស្រី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)។ រូបថត​ឆ្នាំ​២០១៧។ Photo Provided
ភរិយា​របស់​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី (កណ្ដាល) និង​កូន​ស្រី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)។ រូបថត​ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី រំលឹក​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​នៅ​គ្រា​ភរិយា​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។ លោកស្រី ជា គិមនី កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ស្ថានភាព​រស់​នៅ​របស់​លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​ទាំង​៥ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​ប្រឹង​ត្រដរ​រស់ និង​មិន​ទាន់​ឃើញ​ពន្លឺ​ទៅ​រស់​នៅ​ប្រទេស​ដែល​មាន​សន្តិសុខ​គ្រប់គ្រាន់​នៅ​ឡើយ។

ភរិយា​អតីត​ប្រធាន​សហជីព​កម្មករ​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ជាង ១៣​ឆ្នាំ​មុន បាន​រំលឹក​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ថា ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ បើ​ទោះ​បី​ជា​លោកស្រី​មាន​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ។ លោកស្រី​ចង់​ឲ្យ​គ្រួសារ​បណ្ឌិត កែម ឡី បាន​ចេញ​ទៅ​ប្រទេស​ទី​៣ ឲ្យ​បាន​ឆាប់។

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) មាន​ប្រសាសន៍​ថា ថ្វីត្បិត​ស្វាមី​លោកស្រី​បាន​ទទួល​មរណភាព​ជាង ១៣​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​ភាព​ឈឺ​ចាប់​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​រហូត​មក​ដល់​បច្ចុប្បន្ន។ លោកស្រី​បន្ត​ថា នៅ​ពេល​លោកស្រី​បាន​ឃើញ​បាន​ឮ​ភរិយា​បណ្ឌិត កែម ឡី កំពុង​ជួប​ប្រទះ​សព្វថ្ងៃ កាន់​តែ​ដាស់​ឲ្យ​លោកស្រី​នឹក​ឃើញ​បញ្ហា​ដែល​គាត់​បាន​ជួប​ប្រទះ​កន្លង​មក។

លោកស្រី​បាន​រៀបរាប់​ត្រួសៗ​ថា ឃាតកម្ម​បាញ់​សម្លាប់​ស្វាមី​គាត់​គឺ​ជា​ការ​រៀបចំ​គម្រោង​ទុក​ជា​ប្រព័ន្ធ បន្ទាប់​ពី​បាញ់​សម្លាប់​មាន​រូបភាព និង​សកម្មភាព​ជា​ច្រើន​ដូច​នឹង​អ្វី​ដែល​​លោកស្រី ប៊ូ រចនា បាន​ជួប​ប្រទះ​ដែរ ដូច​ជា​ភាព​រញ៉េរញ៉ៃ​ដែល​គេ​បញ្ជ្រាប​ឲ្យ​មាន​ការ​ទាស់ទែង និង​បែកបាក់​ក្នុង​គ្រួសារ បញ្ហា​លុយ​ចូល​បុណ្យ ភាព​ប្រទាញប្រទង់​នៅ​ពេល​រៀប​ពិធី​បុណ្យ​សព មាន​អ្នក​តាមដាន និង​ឃ្លាំមើល​លោកស្រី​គ្រប់​ជំហាន។ លោកស្រី​ថា ក៏​មាន​ការ​ចោទ​ប្រកាន់​ថា លោកស្រី​វេច​លុយ​រត់​ទៅ​រស់នៅ​សុខ​ស្រួល មាន​ការ​សមគំនិត​សម្លាប់​ស្វាមី​ខ្លួន និង​មាន​អ្នក​បញ្ចុះបញ្ចូល​មនុស្ស​ក្បែរ​ខ្លួន​លោកស្រី​ឲ្យ​លោកស្រី​ដក​ពាក្យ​បណ្ដឹង​ករណី​ឃាតកម្ម​ស្វាមី​លោកស្រី​ទៀត​ផង ខណៈ​លោកស្រី​ពុំ​បាន​ទទួល​យុត្តិធម៌ និង​កាន់​តែ​ធ្វើ​ឲ្យ​លោកស្រី​រស់​ទាំង​ដោយ​វេទនា។

ជុំវិញ​បញ្ហា​នេះ លោកស្រី ជា គិមនី អំពាវនាវ​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ខ្នះខ្នែង​និង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​គ្រួសារ​បណ្ឌិត កែម ឡី បាន​ចេញ​ឲ្យ​កាន់​តែ​ឆាប់​ទើប​សុវត្ថិភាព៖ «ជួយ​យក​គាត់​ឲ្យ​បាន​ចេញ​ឆាប់ ចេញ​ឆាប់​កាល​ណា​ល្អ​កាល​ហ្នឹង ប្រពន្ធ​រងគ្រោះ​វេទនា​ហើយ​គេ​សម្អុយ​គេ​ចោទ​គេ​ថា សព្វ​គ្រប់​គ្នា​រងគ្រោះ​ផ្លូវ​ចិត្ត​រហូត​បង ប៊ូ រចនា ក៏​គាត់​បាន​ជួប​ជាមួយ​ខ្ញុំ​ដែរ​រឿង​រ៉ាវ​មិន​ខុស​គ្នា​ប៉ុន្មាន​ដែល​គេ​ចោទ​គាត់ គេ​ចោទ​ខ្ញុំ​ដូច​គ្នា​ពេល​ដែល​ប្ដី​ខ្ញុំ​ស្លាប់​អ្នក​ណា​ក៏​គេ​ដឹង​ថា ខ្ញុំ​ចេញ​ទៅ​អាមេរិក​ដែរ រឿង​អី​ដែល​ខ្ញុំ​ទៅ​ហ្វាំងឡង់ វិញ​បងប្អូន​គូរ​គិត»

ការ​ថ្លែង​របស់​ភរិយា​លោក ជា វិជ្ជា បែប​នេះ បន្ទាប់​ពី​លោកស្រី ជា គិមនី បាន​ឃើញ​ស្ថានភាព​រស់​នៅ​របស់​លោកស្រី ប៊ូ រចនា ភរិយា​បណ្ឌិត កែម ឡី នៅ​ក្រៅ​ប្រទេស​ដោយ​លាក់​ខ្លួន​ពួន​អាត្មា​រង់ចាំ​ប្រទេស​ទី​៣ ទទួល និង​ផ្ដល់​សិទ្ធិ​ឲ្យ​រស់​នៅ។

ប៊ូ រចនា ២០១៧ ១៤៤០
ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth

លោកស្រី ប៊ូ រចនា បាន​ផ្ដល់​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រស់​នៅ​រង់ចាំ​សិទ្ធិ​ជ្រកកោន​នៅ​ស្រុក​គេ ជីវិត​គ្មាន​សិទ្ធិ​សេរីភាព រស់​នៅ​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​គ្រប់​ពេល​វេលា ចំណែក​កូនៗ​ក៏​មិន​បាន​ទៅ​រៀន​សូត្រ។ លោកស្រី​សង្ឃឹម​ថា នឹង​បាន​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី ដើម្បី​ឲ្យ​កូនៗ​របស់​លោកស្រី​មាន​អនាគត​ល្អ។

លោកស្រី ប៊ូ រចនា នៅ​តែ​រស់​នៅ​ក្នុង​ភាព​ឈឺ​ចាប់ ហើយ​លោកស្រី​មិន​ជឿជាក់​លើ​តុលាការ​កម្ពុជា ទេ៖ «រឿង​ឃាតកម្ម​ប្ដី​ខ្ញុំ​នេះ វា​ដក់​នៅ​ក្នុង​ចិត្ត​រហូត ទោះបី​ពេល​វេលា​យូរ​ប៉ុណ្ណា​ក៏​ដូច​ថ្មីៗ​អ៊ីចឹង វា​អត់​បំភ្លេច​បាន​ទេ ព្រោះ​យើង​ឃើញ​នៅ​នឹង​ភ្នែក យើង​ឃើញ​សកម្មភាព ឃើញ​ឈាម​ហូរ​នៅ​ដាប​ពេញ​ខ្លួន»

លោក ជា វិជ្ជា ដែល​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។កាល​នោះ​លោក​មាន​កូនស្រី​អាយុ​ជាង ២​ឆ្នាំ ហើយ​ភរិយា​របស់​លោក​កំពុង​ពរ​ពោះ​កូន​ស្រី​ទី​២។ លោក ជា វិជ្ជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​និយាយ​ពុះពារ​ដើម្បី​ផល​ប្រយោជន៍​ជូន​កម្មករ។

សំណុំ​រឿង​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥ តុលាការ​បាន​ផ្ដន្ទាទោស​មនុស្ស ២​នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ឲ្យ​ជាប់​គុក​ម្នាក់ ២០​ឆ្នាំ រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ថា ជា​ឃាតក​សិប្បនិមិត្ត។ ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ទៀត ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឡើង​វិញ។ ប៉ុន្តែ​សាធារណជន​ពុំ​មាន​ជំនឿ​លើ​គណៈកម្មការ​នេះ​ទេ។

ចំណែក​បណ្ឌិត កែម ឡី ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ដែល​ហ៊ាន​និយាយ​ចំៗ រិះគន់​មិន​ញញើត​ចំពោះ​ភាព​អសកម្ម​របស់​រាជរដ្ឋាភិបាល របស់​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួញ​ធំៗ ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ជាតិ។ លោក​ថែម​ទាំង​រិះគន់​ទៅ​លើ​អ្នក​នយោបាយ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​ភ័យ​ខ្លាច ទោះ​បី​ដឹង​ខ្លួន​ថា ការ​បញ្ចេញ​មតិ​របស់​លោក​អាច​នឹង​ត្រូវ​មាន​គ្រោះថ្នាក់​ក៏​ដោយ។

លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ជិត​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ តាំង​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឃាតក​តែ​ម្នាក់​គត់ គឺ អឿត អាង ហៅ ជួប សម្លាប់ ដែល​បាន​សារភាព​ថា ខ្លួន​ជា​ជន​ដៃ​ដល់។ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​នេះ នៅ​បន្សល់​ភាព​មន្ទិល​ជា​ច្រើន​សម្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ។

ទោះ​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ច្រើន​ក៏ដោយ នៅ​ក្នុង​ការ​ធ្វើ​បុណ្យ​រដ្ឋាភិបាល​ពុំ​បាន​ជួយ​ជ្រោមជ្រែង​ឡើយ សូម្បី​តែ​បើក​ផ្លូវ​ឲ្យ​ហែ​សព។ ប៉ុន្តែ​ក្រោយ​បុណ្យ​ខួប ១​ឆ្នាំ បណ្ឌិត កែម ឡី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​បាន​​ចូល​បុណ្យ និង​សង់​ចេតិយ​ចំនួន ៦​ម៉ឺន​ដុល្លារ។ ទន្ទឹម​នឹង​គ្នា​នេះ សាធារណជន​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ឲ្យ​បាន​ពេញលេញ​នោះ​មាន​តម្លៃ ជា​ជាង​ទឹក​លុយ​ចូល​បុណ្យ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

​ ខ្ញុំក៏ឆ្ងល់ដែរ ហេតុដូចម្ដេច​ បានជាភរិយាបិណ្ឧត
 កែម ទ្បី រង់ចាំយូរម្លេះ។ ហាក់ដូចជា គ្មាននរណា
 ឈឺឆ្អាល។

Jul 30, 2017 05:11 PM

គេហទំព័រ​ទាំងមូល