គ្រួសារ​កុមារ​ពិការ​ដៃ​នៅ​សិប្បកម្ម​ឡឥដ្ឋ​សម្ងំ​រស់​នៅ​ដោយ​ភ័យខ្លាច

ដោយ ប្រាជ្ញ ចេវ
2017.06.01
1

កុមារ វិចិត្រ ដែល​ពិការ​ដៃ​ម្ខាង​ដោយសារ​ចូល​ក្នុង​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ ឈរ​អោប​ទង់ជាតិ​នៅ​ក្នុង​សាលារៀន​របស់​ខ្លួន នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

ការងារ ឡ​ឥដ្ឋ ៨៥៥ ២០១៧

សកម្មភាព​ការងារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

3

សកម្មភាព​ការងារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ពលកម្ម កុមារ ៨៥៥ ២០១៧

សកម្មភាព​កុមារ​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA RFA

5

កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាមួយ​ម្ដាយ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

6

ក្មេង​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

7

កុមារ​ដែល​មក​តាម​ឪពុក​ម្ដាយ​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

សិប្បកម្ម​ផលិត​ឥដ្ឋ

សកម្មភាព​ការងារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

9

ពលរដ្ឋ​ធ្វើ​ការ​​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

10

កុមារ​ដែល​មក​តាម​ឪពុក​ម្ដាយ​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

ឪពុក​ម្ដាយ​កុមារ​រងគ្រោះ​ដាច់​ដៃ​ម្ខាង​នៅ​រោង​សិប្បកម្ម​ឡឥដ្ឋ កំពុង​រស់​នៅ​ដោយ​ភ័យខ្លាច​ដោយ​ការ​រត់​គេច ក្រោយ​កូន​របស់​ខ្លួន​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​នៅ​ក្នុង​រោង​សិប្បកម្ម​ឡឥដ្ឋ​នៅ​ខែត្រ​កណ្ដាល កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។ ការ​ព្រួយ​បារម្ភ​នេះ ខណៈ​ថៅកែ​ឡឥដ្ឋ​បាន​ទៅ​រក​ផ្ទះ​អតីត​កម្មករ​នោះ​ឃើញ និង​ព្រមាន​ថា នឹង​យក​គ្រួសារ​នោះ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ឥដ្ឋ​ទៀត​ដើម្បី​ដោះ​បំណុល។

ករណី​ក្មេង​ប្រុស​ម្នាក់​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​ទាញ​ឥដ្ឋ​ដាច់​ដៃ​ម្ខាង​ត្រឹម​ស្មា មិន​ទាន់​ទទួល​សំណង​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ឡើយ។ ក្រៅ​ពី​មិន​ទាន់​ទទួល​បាន​សំណង ឪពុក​ម្ដាយ​កុមារ​ពិការ​ដៃ នៅ​តែ​ព្រួយ​បារម្ភ និង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ព្រោះ​ថៅកែ​ឡឥដ្ឋ​ទាមទារ​ឲ្យ​សង​បំណុល​ដែល​ពួកគេ​ជំពាក់​ជាង ៣.០០០​ដុល្លារ។ សព្វថ្ងៃ​ឪពុក​ម្ដាយ​កុមារ​ពិការ​បាន​នាំ​គ្នា​រត់​ចេញ​ពី​ឡឥដ្ឋ​នៅ​ខេត្ត​កណ្ដាល ទៅ​រស់​នៅ​ទី​ដាច់ស្រយាល​ក្នុង​ខេត្ត​ព្រះសីហនុ។

កុមារ​គ្រោះថ្នាក់​ពិការ​ដៃ ព្រោះ​ចូល​ម៉ាស៊ីន​ឥដ្ឋ អាស៊ីសេរី សុំ​ហៅ​ឈ្មោះ​ក្រៅ​ថា វិចិត្រ។ វិចិត្រ មាន​អាយុ ៧​ឆ្នាំ ជា​កូន​ទី​៥ នៃ​គ្រួសារ​កម្មករ​ឡឥដ្ឋ​ក្រលំបាក។ វិចិត្រ ជួប​គ្រោះថ្នាក់​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ វិចិត្រ បាន​ចូល​ដៃ​ម្ខាង​ទៅ​ក្នុង​ម៉ាស៊ីន​ឥដ្ឋ ធ្វើ​ឲ្យ​ដៃ​នោះ​ដាច់​តែម្ដង។

ផ្ទះ​ឈើ​ជញ្ជាំង និង​ដំបូល​បាំង​បិទ​ដោយ​ស័ង្កសី​ចាស់ៗ ប៉ុន្តែ​គ្មាន​រនាប និង​មាន​ដំណាំ​ហូប​ផ្លែ​ពីរ​បី​ដើម​នៅ​ជុំវិញ​ផ្ទះ។ ទី​នេះ​ជា​ជម្រក​សុខសាន្ត​របស់​គ្រួសារ​ក្រីក្រ​ដែល​ជា​កម្មករ​ឡឥដ្ឋ​មួយ ដែល​បាន​នាំ​គ្នា​រត់​ចេញ​ពី​ឡឥដ្ឋ នៅ​ក្នុង​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដែល​ជា​តំបន់​សិប្បកម្ម​ឡឥដ្ឋ មក​រស់​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន​វិញ នៅ​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ត​ព្រះសីហនុ៖ «»។

​កំពុង​បោសសម្អាត​ស្លឹក​ឈើ​ជុំវិញ​ផ្ទះ លោកស្រី ម៉ី ណា រៀបរាប់​ទាំង​សប្បាយ​ចិត្ត​ថា គ្រួសារ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ឡឥដ្ឋ​បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ៖ «»។

ប៉ុន្តែ​នៅ​ពេល​លោកស្រី​មើល​ឃើញ​កូន​ប្រុស​ពិការ​ដៃ​របស់​ខ្លួន​ដែល​កំពុង​រត់​លេង​ក្រោម​ម្លប់​ឈើ ស្ត្រី​មាន​សម្បុរ​ខ្មៅ​ស្រអែម មាន​វ័យ​ជាង ៤០​ឆ្នាំ​រូប​នេះ ប្រែ​ទឹក​មុខ​ក្រៀមក្រំ​មួយ​រំពេច។

ម្ដាយ​កុមារ​រងគ្រោះ វិចិត្រ លោកស្រី ម៉ី ណា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
ម្ដាយ​កុមារ​រងគ្រោះ វិចិត្រ លោកស្រី ម៉ី ណា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

ម្ដាយ​កុមារ​រងគ្រោះ គឺ​លោកស្រី ម៉ី ណា រៀបរាប់​ព្រឹត្តិការណ៍​នោះ​ថា ក្នុង​ពេល​លោកស្រី​កំពុង​លើក​ឥដ្ឋ​ចេញ​ពី​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ វិចិត្រ បាន​ទៅ​សុំ​លុយ ៥០០​រៀល​ទិញ​នំ ប៉ុន្តែ​លោកស្រី​មិន​ទាន់​មាន​លុយ​ឲ្យ ក៏​ប្រាប់​ឲ្យ​កូន​ចេញ​ពី​កន្លែង​ទាញ​ឥដ្ឋ ប៉ុន្តែ វិចិត្រ មិន​បាន​ចេញ​ទៅ​វិញ​ទេ នៅ​សម្ងំ​ឈរ​ក្រោយ​ខ្នង​លោកស្រី។ លោកស្រី​បន្ត​ថា លោកស្រី​មិន​បាន​ដឹង​ថា កូន​នៅ​ឈរ​នៅ​ក្រោយ​ខ្នង​ទៀត ទើប​បន្ត​ការងារ​ធម្មតា​វិញ ហើយ​លោកស្រី​បែរ​ខ្លួន​មក​ក្រោយ បណ្ដាល​ឲ្យ វិចិត្រ ទៅ​លើ​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ ពេល​នោះ​ហើយ​ដៃ​ម្ខាង​របស់ វិចិត្រ បាន​ចូល​ក្នុង​ម៉ាស៊ីន និង​ដាច់​តែម្ដង៖ «»។

​ទាក់ទង​ស្ថានភាព​នៅ​ក្នុង​ឡឥដ្ឋ​នេះ​ដែរ ក្រុម​ការងារ​អាស៊ីសេរី បាន​ចុះ​ទៅ​តំបន់​ឡឥដ្ឋ​មួយ​ចំនួន និង​រោង​សិប្បកម្ម​ឡឥដ្ឋ ដែល​កុមារ វិចិត្រ ជួប​គ្រោះថ្នាក់​ដាច់​ដៃ ស្ថិត​នៅ​ភូមិ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ កន្លែង​ផលិត​ទាំង​នោះ​មាន​ស្ថានភាព​ស្រដៀងៗ​គ្នា។

នៅ​កន្លែង​ទាំង​នោះ មាន​ធ្វើ​ផ្ទះ​តូច​ឲ្យ​កម្មករ​ស្នាក់ ហើយ​កុមារ​តូច​ធំ​នាំ​គេ​រត់​លេង និង​នាំ​គ្នា​លេង​នៅ​គំនរ​ឥដ្ឋ។ រី​ឯ​កុមារ​ខ្លះ​រៀប​ឥដ្ឋ លើក​ឥដ្ឋ រុញ​រទេះ​ដឹក​ឥដ្ឋ និង​បញ្ជា​គ្រឿងយន្ត​ជាដើម។ ជាង​នេះ​ទៅ​ទៀត កន្លែង​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ​ដែល​ជា​កន្លែង​គ្រោះថ្នាក់ គ្មាន​គម្រប ឬ​ការពារ​ឲ្យ​មាន​សុវត្ថិភាព​នោះ​ទេ។

អាស៊ីសេរី បាន​ចុះ​ទៅ​ដល់​ទីតាំង​សិប្បកម្ម​ឡឥដ្ឋ​របស់​លោក ថាច លៀងស្រេង ដែល​ជា​កន្លែង​ដាច់​ដៃ​កុមារ ឋិត​នៅ​ភូមិ​ឈើទាល ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ប៉ុន្តែ​ថៅកែ​ឡឥដ្ឋ​មិន​ព្រម​មក​ជួប​តាម​ការ​សន្យា​ទេ ដោយ​លោក​ហេតុផល​ថា ឡាន​ខូច​តាម​ផ្លូវ។

យ៉ាងណា​ក៏ដោយ ថៅកែ​រូប​នេះ​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ ដោយ​លោក​ប្រាប់​ថា ក្រុម​គ្រួសារ​កម្មករ​ឡ​ឥដ្ឋ​ដែល​មាន​កូន​គ្រោះថ្នាក់​ដាច់​ដៃ​នោះ ជា​មនុស្ស​មិន​ល្អ លួច​រត់​ចេញ​ពី​ឡឥដ្ឋ​របស់​លោក​ទាំង​មិន​ទាន់​សង​បំណុល​ជាង ៣.០០០​​ដុល្លារ។ លោក​ព្រមាន​នឹង​តាម​ស្វែង​គ្រួសារ​លោកស្រី ម៉ី ណា ដែល​លួច​រត់​ចេញ​ពី​ឡឥដ្ឋ​ដើម្បី​ដោះស្រាយ​បំណុល៖ «»។

​បំណុល​កម្មករ​ធ្វើការ​នៅ​ឡឥដ្ឋ​ភាគ​ច្រើន ព្រោះ​កម្មករ​យក​ខ្លួន ឬ​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ទៅ​បញ្ចាំ​ដើម្បី​ដោះ​បំណុល។ មាន​ន័យ​ថា កម្មករ​ទៅ​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់ពាន់​ដុល្លារ ដោយ​យក​ប្លង់​ដី​ទៅ​បញ្ចាំ ហើយ​ពួកគេ​ត្រូវ​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ឡឥដ្ឋ​ដើម្បី​ដោះ​បំណុល។

តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី កម្មករ​ទាំង​នោះ​ភាគ​ច្រើន​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ​មួយ ទៅ​ថៅកែ​ឡឥដ្ឋ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ពួកគេ​ជំពាក់​បំណុល​ត​ជំនាន់​តាំង​ពី​ឪពុក​ម្ដាយ​ធ្លាក់​ដល់​កូន។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាល​ពី​ចុង​ឆ្នាំ​២០១៦ ដែល​និយាយ​ពី​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា លើក​ឡើង​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ ជា​ប្រភេទ​ការងារ​ខុស​ច្បាប់ ដោយ​យោង​តាម​ច្បាប់​របស់​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ។ របាយការណ៍​ដដែល​លើក​ឡើង​ទៀត​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ជា​ការ​អនុវត្ត​ស្រដៀង​គ្នា​ទៅ​នឹង​ទាសភាព។

​ម្ដាយ​កុមារ​ពិការ​ដៃ គឺ​លោកស្រី ម៉ី ណា  ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ធ្វើការ​នៅ​ឡឥដ្ឋ​ជា​អ្នក​វាយ​ដី​ចូល​ពុម្ព​ឲ្យ​ក្លាយ​ជា​ដុំ​ឥដ្ឋ។ លោកស្រី​ឲ្យ​ដឹង​ថា ឥដ្ឋ​មួយ​ដុំ​បាន​កម្រៃ ១៨​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​លោកស្រី​អាច​ធ្វើ​បាន​ឥដ្ឋ​ជាង ១​ម៉ឺន​ដុំ គិត​ជា​ប្រាក់​បាន​ជិត​ពីរ​ម៉ឺន​រៀល ប៉ុន្តែ​ដាច់​ខែ​ទើប​ថៅកែ​បើក​លុយ​ឲ្យ។

ការ​ផ្ដល់​សំណង​ករណី​កុមារ វិចិត្រ ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​នៅ​សិប្បកម្ម​របស់​លោក​ក្នុង​ពេល​កំពុង​បំពេញ​ការងារ លោក​ថៅកែ ថាច លៀងស្រេង មិន​ឆ្លើយ​​បំភ្លឺ​ឲ្យ​ច្បាស់លាស់​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា លោក​ផ្ដល់​ឲ្យ​សម្រាប់​ការ​ព្យាបាល​លើស​ពី ៩​ម៉ឺន​រៀល៖ «»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​សុំ​ពន្យល់​ពី​ករណី​នេះ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ខាង​ក្រសួង​ការងារ​វិញ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វ៉េង ហៀង ឲ្យ​ដឹង​ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី កាល​ពី​ដើម​ខែ​កុម្ភៈ ថា  ករណី​កុមារ​ជួប​គ្រោះថ្នាក់​នៅ​ឡឥដ្ឋ មិន​ត្រូវ​ដាក់​បន្ទុក​តែ​មក​លើ​ថៅកែ​រោងចក្រ​តែ​ឯង​នោះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក​ឪពុក​ម្ដាយ​របស់​កុមារ​ទាំង​នោះ៖ «»។

​ប៉ុន្តែ​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​ក្រសួង​ការងារ​ទេ។ លោក​ថា ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​មុន​គេ ព្រោះ​អង្គការ​លីកាដូ អង្កេត​ឃើញ​ថា ទីកន្លែង​ដែល​កុមារ​ជួប​គ្រោះថ្នាក់ ថៅកែ​រោងចក្រ​មិន​រៀបចំ​ឲ្យ​មាន​សុវត្ថិភាព​នោះ​ទេ ដែល​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ថៅកែ​ឡឥដ្ឋ៖ «»។

​វិចិត្រ បាន​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​ទៅ​ក្នុង​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ កាល​ពី​ចុង​​ខែ​មីនា ឆ្នាំ​២០១៦។ ជាង​មួយ​ខែ​ក្រោយ​ជួប​គ្រោះថ្នាក់​នេះ ដោយ​មិន​បាន​ទទួល​បាន​ប្រាក់​សំណង​ពី​ថៅកែ​ឪពុក​ម្ដាយ​របស់​កុមារ​សម្រេច​រត់​ចេញ​ពី​ឡឥដ្ឋ​ទាំង​យប់​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ៖ «»។

សព្វ​ថ្ងៃ​នេះ ឪពុក​ពួកគេ​សម្រេច​ឲ្យ វិចិត្រ បងប្រុស​ម្នាក់ និង​បងស្រី​ម្នាក់​ចូល​រៀន​នៅ​សាលា​រដ្ឋ​មួយ​កន្លែង​ជិត​ផ្ទះ​ដោយ​ទទួល​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​ពី​អង្គការ​មនុស្សធម៌​នៅ​ក្នុង​តំបន់​នោះ។

​ក្រោយ វិចិត្រ ជួប​គ្រោះថ្នាក់​ពិការ​ដៃ​ម្ខាង​កុមារ​រូប​នេះ មិន​មាន​បុគ្គលិក​លក្ខណៈ​ដូច​កុមារ​ដទៃ​ទេ។

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចុះ​ទៅ​ដល់​ផ្ទះ​កុមារ វិចិត្រ នៅ​ខេត្ត​ព្រះសីហនុ កុមារ​រូប​នេះ ឆាប់​ភ័យ​ខ្លាច​នៅ​ពេល​ឃើញ​មនុស្ស​ប្លែក​មុខ និង​មិន​និយាយ​ជាមួយ​អ្នក​ណា​ដែល​គេ​មិន​ស្គាល់​នោះ​ទេ៖ «»។

អ្នកស្រី អឹម សុផានី ជា​គ្រូបង្រៀន​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​គ្រូ​ប្រចាំ​ថ្នាក់​បង្រៀន​កុមារ វិចិត្រ ឲ្យ​ដឹង​ថា កុមារ វិចិត្រ មិន​ហ៊ាន​និយាយ ឬ​សួរ​អ្នកស្រី​ទេ​នៅ​ក្នុង​ម៉ោង​សិក្សា ហើយ​សូម្បី​អ្នកស្រី​សួ​សំណួរ ក៏ វិចិត្រ មិន​ហ៊ាន​ឆ្លើយ​ដែរ។ អ្នកស្រី​ថា បើ​ចំពោះ​កុមារ​ផ្សេងៗ​ទៀត វិចិត្រ និយាយ​លេង​ធម្មតា។ អ្នកស្រី​ថា អ្នកស្រី​បាន​ដឹង​ថា វិចិត្រ ជា​អតីត​កុមារ​ឡឥដ្ឋ ដូច្នេះ​ទាមទារ​ឲ្យ​អ្នកស្រី​យក​ចិត្ត​ទុក​ជាង​កុមារ​ផ្សេងទៀត៖ «»។

​លើស​ពី​តួនាទី​គ្រូបង្រៀន អ្នកគ្រូ អឹម សុផានី យល់​ថា ប្រសិនបើ​មាន​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ពាក់ព័ន្ធ​យកចិត្ត​ទុក​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​កុមារ វិចិត្រ នឹង​អាច​ធ្វើ​ក្មេង​នេះ​អាច​រៀន​សូត្រ​ដូច​កុមារ​ដទៃ​ទៀត។ ចំណែក​នៅ​ពេល​បាន​ជួប​មុខ​ការ​ក្រុម​ការងារ​អាស៊ីសេរី ជិត​មួយ​ថ្ងៃ ទាំង​នៅ​សាលា និង​នៅ​ផ្ទះ​យូរៗ​ម្ដង​កុមារ ក៏​យល់​បន្លឺ​សំឡេង​តិចៗ​មក​ក្រុម​ការងារ​អាស៊ីសេរី ដែរ។ វិចិត្រ ថា គេ​មិន​ចង់​ទៅ​រស់​នៅ​ក្នុង​ឡឥដ្ឋ​ទៀត​ទេ ព្រោះ​ខ្លាច​ថៅកែ​ឡឥដ្ឋ​វាយ​ធ្វើ​បាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។