មតិសង្គមស៊ីវិលដែលលោកបណ្ឌិត កែម ឡី បានជួយការងារ
2016.07.23
សាធារណជនទូទៅដែលស្ដាយស្រណោះលោក កែម ឡី ភាគច្រើនបានស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលតែងផ្សាយពីការវិភាគរបស់លោក។ ចំណែកអ្នកធ្វើការងារសង្គម និងអង្គការសង្គមស៊ីវិលដែលកំពុងស្ដាយស្រណោះបណ្ឌិត កែម ឡី ដែរនោះពួកគេមានមនោសញ្ចេតនាជ្រៅជាង ដ្បិតពួកគេបានធ្វើការងារជាមួយលោក។ ក្រុមនេះលើកឡើងថា លោកបណ្ឌិត កែម ឡី ជាមនុស្សសំខាន់ក្នុងការជួយជ្រោមជ្រែងការងាររបស់ពួកគេ។
តើលោកបណ្ឌិត កែម ឡី បានជួយអ្វីខ្លះដល់ការងាររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ?
មានអង្គការសង្គមស៊ីវិលទាំងជាតិ អន្តរជាតិ បូករួមនឹងគម្រោងមួយចំនួនរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ជាច្រើនកំពុងដង្ហោយរកលោកបណ្ឌិត កែម ឡី អោយទៅបញ្ចប់ការងារដែលនៅសេសសល់។
ការងារដែលត្រូវការលោកបណ្ឌិត កែម ឡី អោយទៅបំពេញនោះភាគច្រើនទាក់ទងនឹងផែនការយុទ្ធសាស្ត្ររយៈពេលវែង ការធ្វើគម្រោងកៀរគរថវិកា ការវាយតម្លៃបញ្ចប់គម្រោង និងវគ្គបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ស្ថិតក្នុងចំណោមនោះដែរ។ សមាគមនេះធ្វើការងារចងក្រង និងការពារសិទ្ធិអ្នកធ្វើការងារក្នុងផ្នែកក្រៅប្រព័ន្ធ រួមមានអ្នកម៉ូតូឌុប រ៉ឺម៉កទេសចរណ៍ អ្នកធ្វើប្រកបការងារខ្នាតតូច អ្នករត់តាក់ស៊ី អាជីវករក្នុងផ្សារ និងតាមផ្លូវ កម្មករអូសរទេះ កម្មករតាមផ្ទះ និងបណ្ដាញពលករនៅម៉ាឡេស៊ីជាដើម។
ប្រធានសមាគម គឺលោក វន់ ពៅ មានប្រសាសន៍ថា សមាគមនេះជួបការលំបាកនៅក្រោយពេលដែលលោកជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៤។ ពេលនោះគឺបានលោកបណ្ឌិត កែម ឡី ជួយជ្រោមជ្រែងអោយមានសកម្មភាពហូរហែឡើងវិញ៖ «នៅពេលខ្ញុំជាប់ពន្ធនាគារ ស្ថាប័នបាត់មេដឹកនាំ ធ្វើអោយមានភាពមិនប្រក្រតីមួយចំនួន។ ពេលដែលខ្ញុំចេញមកខ្ញុំបានអញ្ជើញគាត់ (កែម ឡី) អោយជួយរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញ រៀបចំរបៀបដឹកនាំ អភិវឌ្ឍន៍លក្ខន្តិកៈនៃសមាគម ទាំងបទបញ្ជាផ្ទៃក្នុង និងផ្នែកច្បាប់។ អ្វីដែលខ្ញុំសោកស្ដាយមួយទៀតគាត់បានទៅជួបខ្ញុំនៅពេលរៀបចំព្រឹត្តិការណ៍១ ឧសភា គាត់ (កែម ឡី) ថា ពេលទំនេរចាំខ្ញុំទៅជួយពូពៅឯង ធ្វើផែនការយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីអោយដំណើរការល្អ មានថវិកាគ្រប់គ្រាន់ក្នុងការដំណើរការ»។
មនុស្ស ២៣នាក់ រួមមានលោក វន់ ពៅ មន្ត្រីសមាគម និងអង្គការសង្គមស៊ីវិល រួមនឹងកម្មករត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅក្រោយការបង្ក្រាបដោយហិង្សាទៅលើហ្វូងកម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួលគោល នៅក្បែររោងចក្រ យ៉ាកជីន (Yakjin) និងនៅតាមផ្លូវវ៉េងស្រេង។ មកដល់ពេលនេះ លោក វន់ ពៅ កំពុងរំពឹងរកអ្នកមានសមត្ថភាព និងមានចិត្តល្អដូចលោកបណ្ឌិត កែម ឡី៖ «ពីព្រោះគាត់មានបទពិសោធន៍ហើយ គាត់មានចំណេះដឹង ហើយគាត់មានភាពក្លាហានទៀត។ គាត់និយាយការពិត គាត់និយាយហើយធ្វើទៀតហ្នឹងហើយដែលយើងរកមនុស្សប្រៀបធៀបជាមួយ បណ្ឌិត កែម ឡី អត់បានដូចដែលយើងមើលឃើញ។ យើងលើកទឹកចិត្តខ្មែរគ្រប់រូប ជាពិសេសបញ្ញវន្តបន្តវីរភាពពីបណ្ឌិត កែម ឡី បន្តទៀត។ ប្រសិនបើបាត់ កែម ឡី មួយហើយអត់មានអ្នកបន្តទៀត នោះប្រទេសជាតិយើង ជាពិសេសធនធានក្នុងការដឹកនាំសហជីព សមាគម យើងមិនដឹងទៅរកអ្នកណា ទៅពឹងអ្នកណា»។
មិនខុសគ្នានេះដែរ អនុប្រធានបណ្ដាញយុវជនកម្ពុជា ដែលធ្វើការងារលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន សិស្សនិស្សិត ទាំងក្នុងសាលារៀន និងសហគមន៍ លោក ស ម៉ូរី មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី បានខ្នះខ្នែងជួយជួយជ្រោមជ្រែងធ្វើយ៉ាងណាអោយអង្គការនេះមានឯកសារផ្លូវច្បាប់រឹងមាំ។ លើសពីនេះលោកតែងចំណាយពេលអប់រំ និងពន្យល់សមាជិកអង្គការនេះបង្កើនចំណេះដឹង៖ «ដោយសារតែលោកបណ្ឌិតគាត់ជាអ្នកស្រាវជ្រាវគាត់ មានព័ត៌មានច្រើន គាត់ផ្ដល់យោបល់ និងគំនិតយុទ្ធសាស្ត្រល្អៗ ពីរបៀបក្នុងការធ្វើការងារជាមួយយុវជន។ នៅក្នុងហ្នឹងដែរ លោកបណ្ឌិត កែម ឡី តែងតែចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីការងារបណ្ដាញយុវជន កម្ពុជា នៅពេលដែលយើងរៀបចំវេទិកាសាធារណៈផ្សេងៗ ដោយសារតែគាត់ចូលចិត្តធ្វើការងារជាមួយយុវជន អ៊ីចឹងពេលអញ្ជើញគាត់អត់ដែលថាទេ ហើយគាត់ចូលរួមដោយស្ម័គ្រចិត្ត»។
អង្គការទាំង២នេះ ក៏មិនខុសពីអង្គការសមាគមជាច្រើនទៀតដែរ គឺកំពុងរង់ចាំអោយលោកបណ្ឌិត កែម ឡី ជួយតាមដានការអនុវត្តគម្រោងរបស់ពួកគេ និងវាយតម្លៃបញ្ចប់គម្រោង។
ស្របគ្នានេះដែរអង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយធំមួយក៏ទទួលបានជំនួយដោយផ្ទាល់ជាច្រើនពីលោកបណ្ឌិត កែម ឡី ដែរ នោះគឺមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
នាយកមជ្ឈមណ្ឌលនេះ គឺលោក ប៉ា ងួនទៀង មានប្រសាសន៍ថា ក្រៅពីជួយជ្រោមជ្រែងអង្គការរបស់លោកហើយ លោកបណ្ឌិត កែម ឡី ថែមទាំងបានផ្ដួចផ្ដើមគំនិតក្នុងគម្រោងសំខាន់ៗមួយចំនួនរបស់អង្គការទៀតផង៖ «គម្រោង ចេះតែមានថ្មីជាបន្តបន្ទាប់ ប៉ុន្តែលើបញ្ហាដដែល គឺប្ដូររបៀបទៅតាមសម័យកាល។ ដូចជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយពេលគាត់ជួយធ្វើផែនការ យុទ្ធសាស្ត្រយើងកាលហ្នុង អីគឺអត់ទាន់មានការចាប់អារម្មណ៍ទេរឿងអ៊ីនធឺណិត (Internet) ភាគច្រើនផ្ដោតលើវិទ្យុដល់ក្រោយមកវាមានការវិវត្តន៍អ៊ីចឹងយើង យកមកច្នៃ។ រឿងមួយដែលស្រណោះជាអនុស្សាវរីយ៍នោះ គឺវាជាគម្រោងមួយដែលហៅថា ម៉េប្រូ (MEPRO) ដែលជាបណ្ដាញស្ថានីយវិទ្យុនៅតាមខេត្តដែលយើងចងក្រងគ្នា»។
គម្រោងទាក់ទងនឹងការពង្រឹងឯករាជភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឋិតក្នុងផ្នែកមួយហៅថា សម្ព័ន្ធបណ្ដាញផ្សព្វផ្សាយព័ត៌មានដែលហៅថា ម៉េប្រូ (MEPRO) កំពុងដំណើរការដោយមានវិទ្យុជាង ៤០ស្ថានីយជាសមាជិក។ ក្រៅតែពីជាអ្នកផ្ដួចផ្ដើមគំនិត លោកបណ្ឌិត កែម ឡី ក៏ជាអ្នកជួយពង្រឹងដំណើការគម្រោងនេះផង។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ចាន់ សុម៉ាលី មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី ជាធនធានដែលតែងផ្ដល់ចំណេះដឹងថ្មីៗជានិច្ច៖ «គាត់ គឺជាគំរូ គឺគាត់មានការវិភាគច្បាស់ដោយមានទិន្នន័យយោង គឺគាត់មិនមែនចេះតែថា ដូចជាបុគ្គលមួយចំនួនទេ។ ការបាត់បង់រូបគាត់ កម្ពុជាមានការបាត់បង់ច្រើន ព្រោះគាត់ជាធនធានកម្រ ហើយប្រហែលជាទៅមុខទៀតហ្នឹងមិនមានអ្នកណាមកជំនួសគាត់បាន»។
ក្រុមសង្គមស៊ីវិលទាំងនេះនៅតែអាឡោះអាល័យពីគំរូការងាររបស់លោកបណ្ឌិត កែម ឡី ថាពិបាកនឹងមានអ្នកធ្វើដូចលោកណាស់។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ រំលឹកថា លោកនឹងមិនភ្លេចឡើយបណ្ដាំរបស់លោក កែម ឡី ដែលអោយលោកជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត៖ «គឺ លោកបណ្ឌិត កែម ឡី បានយួរបាយ និងម្ហូបទៅអោយខ្ញុំនៅពេលគេបញ្ជូនខ្ញុំពីពន្ធនាគារត្រពាំងផ្លុង មកព្រៃស។ ខ្ញុំស្រណោះសម្ដីគាត់ប្រាប់ថា ជីវិតយើងជាអ្នកដែលធ្វើការងារសង្គមគឺវាបែបហ្នឹងឯង។ គាត់ហៅខ្ញុំថា ពូពៅ។ ពូពៅ ឯងកុំតូចចិត្តអ៊ីចឹងខ្ញុំមកព្រៃសហ្នឹង គឺមកមើលកន្លែងដូចតែគ្នាហ្នឹង កឺអាហ្នឹងហើយជាសណ្ឋាគាររបស់យើង ប៉ុន្តែជាអកុសលត្រូវបានគេលួចធ្វើឃាតគាត់បែបនេះសោះ គឺស្រណោះមែនទែន»។
ចំណែកលោក ប៉ា ងួនទៀង វិញ លោកនឹងយកលោកបណ្ឌិត កែម ឡី ជាគំរូក្នុងការជំរុញលើកកម្ពស់សេរីភាពបញ្ចេញមតិ៖ «ការដែលគាត់ខំគ្រប់យ៉ាង គាត់ខំផ្សព្វផ្សាយខំអីហ្នឹង គឺគាត់អោយអាហ្នឹងវាជាបេសកកម្មមួយអោយទៅដល់គោលដៅ។ ឧទាហរណ៍គាត់ចង់ឃើញប្រព័ន្ធប្រជាធិបតេយ្យខ្មែរ ប្រព័ន្ធពុករលួយវាត្រូវបាត់បង់ដែនដីខ្មែរត្រូវបានការពារ មានយុវជនសកម្មជាដើម ដែលយើងត្រូវឆ្លុះបញ្ចាំង ហើយទ្រឹស្ដីគាត់ល្អៗដូចជាជូតទឹកភ្នែកហើយបន្តដំណើរតទៅមុខ ត្រីដែលហែលបណ្ដោយទឹកជាត្រីងាប់ ជាដើម។ ទាំងអស់ហ្នឹងគឺជាគំនិតល្អៗវាឆ្លុះបញ្ចាំងពីយើងបើទោះបីជាយើង ឋិតនៅក្នុងទីតាំងណាក៏ដោយ យើងមានតែម្នាក់ឯងក៏ដោយអីក៏ដោយ យើងក្រក៏ដោយ គឺយើងសុទ្ធតែមានលទ្ធភាពជួយសង្គម យើងមើលគឺគាត់តែម្នាក់ឯង មិនបាច់មានអង្គភាពអីទេគាត់អាចជួយសង្គមបាន»។
តាមមើលសារសំខាន់នេះមិនមែនលោកបណ្ឌិត កែម ឡី មិនដឹងឡើយ ប៉ុន្តែធ្វើម្ដេចបើជីវិតលោកត្រូវឃាតកផ្ដាច់ផ្ដិលទៅហើយ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅកណ្ដាលរាជធានីភ្នំពេញ។
បើទៅជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបួងសួងអោយវិញ្ញាណក្ខន្ធលោកបណ្ឌិតបានដល់ឋានបរមសុខ៕