ក្រុមហ៊ុន​ស៊ីនទ្រី​ត្រៀម​កម្មករ​ជាង​៥០០​នាក់​សំអាត​ទីក្រុង​ពេល​បុណ្យអុំទូក

ដោយ ទេព សុរ៉ាវី
2014.11.02
កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ៦១០ កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ចាប់​ផ្ដើម​ប្រមូល​សំរាម​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី នៅ​ល្ងាច​ថ្ងៃ​៥ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Mom Sophon

សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ម្ចាស់​ស្តង់​លក់ទំនិញ អាជីវករ​លក់ដូរ​គ្រប់​ប្រភេទ កីឡាករ ប្រណាំង​ទូក និង​ពលរដ្ឋ​ដែល​មក​ចូលរួម​លេង​កម្សាន្ត​ទាំងអស់ ត្រូវ​ជួយ​ថែរក្សា​សណ្ដាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​អំឡុង​ពេល​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំណល់​សំរាម​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី (CINTRI) ត្រៀម​កម្លាំង​ជាង​៥០០​នាក់ បោសសំអាត​និង​ប្រមូល សំរាម ក្នុង​ពិធីបុណ្យ​អុំទូក​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា​ខាងមុខ។

ប្រធាន​ជាន់ខ្ពស់​ការិយាល័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី លោក សេង ប៊ុនរិទ្ធ ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២ វិច្ឆិកា​ថា កម្មករ​ស៊ីនទ្រី​ជាង​៥០០​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ឲ្យ​បោសសំអាត និង​ប្រមូល សំរាម​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ជាពិសេស​នៅ​តាម​គោលដៅ​សំខាន់ៗ​មួយ​ចំនួន រួមមាន នៅមុខ​ព្រះបរមរាជវាំង នៅមុខ​កោះ​ពេជ្រ នៅ​រមណីយដ្ឋាន​វត្តភ្នំ នៅ​ក្បែរ​ទីលាន ប្រជាធិបតេយ្យ និង​នៅ​ម្ដុំ​វិមានឯករាជ្យ។

លោក​បន្ត​ថា​កម្មករ​ជាង​៥០០​នាក់​នេះ នឹង​ចេញ​ប្រតិបត្តិការ​បោសសំអាត និង​ប្រមូល​សំរាម ជា​២ក្រុម។ មួយ​ក្រុម​ត្រូវ​បោសសំអាត​និង​ប្រមូល​សំរាម ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៣​រសៀល និង​មួយ​ក្រុម​ទៀត ត្រូវ​បោសសំអាត​និង​ប្រមូល​សំរាម ពី​ម៉ោង​១១​យប់​ដល់​ម៉ោង​៧​ព្រឹក និង​មាន​ប្រើ​គ្រឿងចក្រ​ជា ជំនួយ​ក្នុង​ការ​កើប​និង​ប្រមូល​សំរាម ដើម្បី​បន្ធូរបន្ថយ​កម្លាំង​ពលកម្ម​ខ្លះ និង​ឲ្យ​បាន​លឿន។ សំឡេង

រហូតមកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​តួលេខ​ផ្លូវការ​ពី​ចំនួន​ពលរដ្ឋ ដែល​មកលេង​កម្សាន្ត នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅឡើយ​ទេ​។ តែ​បើ​តាម​ការ​ប៉ាន់ស្មាន​ពី​មន្ត្រី​រដ្ឋាភិបាល អាច​មាន​មនុស្ស រាប់​ម៉ឺន​នាក់​ចូលរួម​កម្សាន្ត​ក្នុង​ពិធី​នោះ បន្ទាប់ពី​បុណ្យអុំទូក​ខកខាន​ប្រារព្ធ​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ស្តង់​លក់ទំនិញ អាជីវករ​លក់ដូរ និង​ម្ចាស់​ទីតាំង​ប្រគំតន្ត្រី​ទាំងអស់​ត្រូវ​មាន​ធុងសំរាម ឬ​ថង់​សម្រាប់​ដាក់​សំរាម​ផ្ទាល់ខ្លួន ពិសេស​កីឡាករ​និង​អ្នក​មកលេង​កម្សាន្ត​ទាំងអស់​ត្រូវ​ចោល​សំរាម ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សោភ័ណភាព​និង​អនាម័យ​ទីក្រុង។ សំឡេង

សាលា​រាជធានី​ភ្នំពេញ ក៏​ត្រៀម​ដំឡើង​បង្គន់​សាធារណៈ​ជាង​២០០​បង្គន់ នៅ​ទីតាំង​ចំនួន​២៩​កន្លែង ដើម្បី​ត្រៀម​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ពិធីបុណ្យ​អុំទូក។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​សម្រេច​បើក​ស្ពាន​ជ្រោយចង្វា​ថ្មី​ឆ្លងកាត់ បណ្ដោះអាសន្ន​តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា​ដើម្បី​សម្រួល​ចរាចរណ៍។ រីឯ​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​ពេល​បុណ្យអុំទូក​វិញ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ អះអាង​ថា​អាច​មាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​សរុប​ប្រហែល​១​ម៉ឺន​នាក់​ត្រៀម​ការពារ​ក្នុង​ពិធី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។