មន្ទីរពេទ្យ​រុស្ស៊ី​បដិសេធ​ព័ត៌មាន​ថាអ្នកទោស​មក​ជួល​បន្ទប់​ពិសេស​សម្រាប់​លំហែ​កាយ

ដោយ រាជ វិញ្ញូ
2017-03-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Brach Chev

អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី​ អះអាងថា អ្នកទោស​ដែល​ធ្លាប់​មាន​អំណាច និង​មាន​លុយ​មួយចំនួន​នៅក្នុង​សង្គម ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​មែន តែ​មិនដែល​មក​យក​មន្ទីរពេទ្យធ្វើជា​កន្លែង​ពិសេស​សម្រាប់​លំហែ​កាយ​របស់​អ្នកទោស​ឡើយ។

ការអះអាង​នេះ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា មាន​អ្នកទោស​ដែល​មាន​លុយ និង​អំណាច អាច​ជួល​បន្ទប់​ពិសេស​របស់​មន្ទីរពេទ្យ​ខ្មែរ-សូវៀត សម្រាប់​ស្នាក់​នៅក្រៅ​គុក។

មន្ត្រី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​បញ្ជាក់ថា ខាង​មន្ទីរពេទ្យ​តែងតែ​ទទួលយក​ជនជាប់ចោទ ពិរុទ្ធជន ឬ​ជនសង្ស័យ ទាំង​ជនបរទេស និង​ខ្មែរ ដោយ​មិន​រើសអើង ដែល​ខាង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស បញ្ជូន​មក​ដើម្បី​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​របស់ខ្លួន។

អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក ឆឹង យ៉ៅយ៉េន ថ្លែង​នៅ​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០១៧ ថា រយៈពេល​កន្លងមក ក្រៅពី​អ្នកទោស ឬ​ជនសង្ស័យ​ធម្មតា​គ្មាន​លុយ ​និង​គ្មាន​លទ្ធភាព ក្នុងនោះ​ក៏មាន​អ្នក​មាន​អំណាច និង​លុយកាក់​ក្នុងសង្គម​មួយចំនួន ដូចជា​ឧកញ៉ា ថោង សារ៉ាត់ និង​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត និង​ឧកញ៉ា​ខ្លះទៀត ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មែន ប៉ុន្តែ​រាល់​អ្នក​ដែល​បញ្ជូន​ចេញពី​ពន្ធនាគារ​មក​ពិនិត្យ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គឺធ្វើឡើង​ដោយមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ពី​ខាង​ពន្ធនាគារ។

លោក​បន្តថា អ្នកទោស​ដែល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត គឺ​សុទ្ធ​តែ​ជា​អ្នកមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ដែល​ខាង​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ​គ្មាន​លទ្ធភាព​ព្យាបាល។ ម្យ៉ាងវិញទៀត ប្រសិន​អ្នកទោស​ទាំងនោះ ត្រូវបាន​ខាង​មន្ទីរពេទ្យ​រកឃើញថា មិន​សូវមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ នឹង​អាចឱ្យ​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ​ព្យាបាល​បាន គឺ​តែងតែ​បញ្ជូន​ត្រឡប់​ទៅកាន់​ពន្ធនាគារ​វិញ៖ «ពួក​ខ្ញុំ​ហ្នឹង មិន​ចេះតែ​ឱ្យ​សម្រាក​ទេ គឺមាន​ការ​ចំណារ​ពី​មជ្ឈមណ្ឌល​កែប្រែ គឺ​គេ​មក​មាន​លិខិតស្នាម​ពី​មណ្ឌល​កែប្រែ​ហ្នឹង ហើយ​ការ​សម្រាក​ព្យាបាល គឺ​តាមរយៈ​ការពិគ្រោះ​សិន»

ការអះអាង​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះថា ស្វីស្វញូវ (Swift News) បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ដោយ​ដាក់​ចំណងជើង​ថា ពួក​ម៉ាហ្វីយ៉ា និង​ពួកឧក្រិដ្ឋជន ជួល​បន្ទប់​មន្ទីរពេទ្យ​រុស្ស៊ី ជា​កន្លែងដេក​លំហែកាយ​ក្រៅ​គុក។ សារព័ត៌មាន​ក្នុងស្រុក​នេះ បញ្ជាក់ថា អ្នកទោស​មួយចំនួន​ដែលមាន​ឈ្មោះ​អាស្រូវ តែ​ជា​អ្នកមាន​លុយ ដូចជា ឧកញ៉ា ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ លោក ឈូក បណ្ឌិត អតីត​ទណ្ឌិត ​និង​ជា​អតីត​អភិបាលក្រុង​បាវិត ​បាញ់បោះ​ទៅលើ​ក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជាដើម តែងតែ​ចូលទៅ​ស្នាក់​នៅក្នុង​បន្ទប់ វីអាយភី (VIP) របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​យ៉ាង​ស្រួល ដោយ​លើក​ហេតុផល​ដើម្បី​សម្រាក​ព្យាបាល។

លោក ឆឹង យ៉ៅយ៉េន ទទួលស្គាល់ថា អ្នក​ទាំងនេះ​ពិតជា​បានមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មែន តែ​លោក​បញ្ជាក់​ថា ពួកគេ​ទាំងនេះ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​មិន​ដល់​មួយ​សប្ដាហ៍​ឡើយ គឺ​ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ​វិញ។ លោក​ថ្លែងថា បច្ចុប្បន្ន​នៅតែ​លោក ថោង សារ៉ាត់ ដែល​ត្រូវ​បញ្ជូនមក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចេញចូល ព្រោះ​ជនជាប់ចោទ​នេះ មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​ជាច្រើន​មុខ ដូចជា​ជំងឺថ្លើម​ជាដើម។

លោក​បន្ថែមថា ក្នុង​មួយខែៗ គឺមាន​អ្នក​ដែល​គេ​បញ្ជូន​ចេញពី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស មក​ពិនិត្យ និង​សម្រាក​ព្យាបាល​ឥតគិតថ្លៃ​នៅ​មន្ទីរ​មិត្តភាព​ពេទ្យ​ខ្មែរ-សូវៀត មាន​ជាង ​៣០០​នាក់ ហើយ​អ្នកទោស​ខ្លះ ក៏បាន​បង្ក​ការលំបាក​ដល់​គ្រូពេទ្យ​ដែរ។

ជាមួយគ្នានេះ មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវ​នា ថ្លែងថា តាម​គោលការណ៍​សិទ្ធិមនុស្ស និង​ច្បាប់​ពន្ធនាគារ មិនមែន​ទាល់​តែ​អ្នកទោស​មាន​លុយ ទើប​ខាង​ពន្ធនាគារ​បញ្ជូនមក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​ឡើយ គឺ​រួមទាំង​អ្នកទោស​ដែលជា​អ្នកក្រ និង​គ្មាន​លទ្ធភាព ក៏ត្រូវ​បាន​បញ្ជូន​ឱ្យមក​ទទួល​សេវា​ព្យាបាល​ស្មើភាព​គ្នា៖ «ការបំភ្លឺ​របស់ខ្ញុំ គឺ​ចង់ឱ្យ​សារព័ត៌មាន​ពិនិត្យឡើងវិញ ថា​មាន​អ្នកក្រ​និង​អ្នកមាន​ប៉ុន្មាន​នាក់ ដឹក​ទៅ​ព្យាបាល​នៅ​ខាងក្រៅ»

ទោះជា​យ៉ាងណាក៏ដោយ មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើនរូប​កំពុង​ជាប់ពន្ធនាគារ លោក ជូង ជូងី ថ្លែងថា រយៈពេល​កន្លងមក លោក​សង្កេត​ឃើញ​​ថា មាន​ការ​រើសអើង​ចំពោះ​អ្នក​ជាប់ពន្ធនាគារ​មួយចំនួន​ដែលមាន​សិទ្ធិ​ទទួលបាន​ការព្យាបាល។ លោក​មេធាវី អះអាងថា ជាក់ស្ដែង​ដូចជា​ករណី​កូនក្ដី​របស់លោក គឺ​លោក ហុង សុខហូរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​ទាមទារ​ឱ្យ​គ្រូពេទ្យ​ជំនាញ​បរទេស​ទៅពិនិត្យ​ព្យាបាល តែ​បែរជា​តុលាការ រារាំង​មិនឱ្យ​យក​គ្រូពេទ្យ​បរទេស​នោះ ចូលទៅ​ព្យាបាល​ក្នុង​ពន្ធនាគារ​ឡើយ ដោយ​ខាង​តុលា​ការយក​លេស​ថា ពន្ធនាគារ​គឺ​មាន​គ្រូពេទ្យ​របស់ខ្លួន៖ «គាត់​សុំ​ពេទ្យ​ពី​ខាង​ណា​ក៏​ដោយ ដើម្បី​យកទៅ​ព្យាបាល​នៅក្នុង​ពន្ធនាគារ គួរ​តែ​អនុញ្ញាត តែ​ខ្ញុំ​មានការ​សោកស្ដាយ ដែល​មិនឱ្យ​មានការ​ព្យាបាល​បែប​ហ្នឹង»

ចំណែក​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ ជារឿយៗ លោក​សង្កេត​ឃើញ​មាន​អ្នកទោស​ដែលមាន​លុយ និង​លទ្ធភាព​គ្រប់គ្រាន់​មួយ​ចំនួន អាចមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តែ​សម្រាប់​អ្នកទោស​គ្មាន​លុយ​វិញ មិនសូវ​ទទួលបាន​ឱកាស​ដើម្បី​សម្រាក​ព្យាបាល​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល