កម្លាំង​ជំនាញ​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង

ដោយ ខែ សុណង
2016-01-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ម្ដុំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
សកម្មភាព​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ម្ដុំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Brach Chev

កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ ចាប់​ផ្ដើម​យុទ្ធនាការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​ដែល​មាន​សារធាតុ​ស្រវឹង​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ។ យុទ្ធនាការ​នេះ ចាប់​ផ្ដើម​ពី​យប់​​ម៉ោង៩ ថ្ងៃ​ទី​២៣ មករា ដើម្បី​ពង្រឹង​ច្បាប់​ចរាចរ​ថ្មី។ ទន្ទឹម​នឹង​ការ​ចាប់​ផ្ដើម​នេះ កម្លាំង​ជំនាញ​ក៏​ត្រួត​ពិនិត្យ​ល្បឿន​បើកបរ នៅ​ទីប្រជុំជន​ដែល​កំណត់​ដោយ​ច្បាប់​ផង​ដែរ។

កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ សហការ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ ប្រមាណ​១០​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ ឧត្ដម​សេនីយ៍​ឯក រុន រ័ត្នវាសនា មាន​ប្រសាសន៍​ថា កម្លាំង​នឹង​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល នៅ​តាម​ដង​ផ្លូវ​ទី​ប្រជុំ​ជន និង​ក្បែរ​ទីតាំង​សំខាន់ៗ ដូចជា ហាង​កម្សាន្ត​ពេល​រាត្រី ជាដើម ដើម្បី​ឃាត់​អ្នក​បើកបរ​ពិនិត្យ​ជាតិ​ស្រវឹង​ក្នុង​ខ្លួន។

លោក​ថា ខេត្ត​មួយ​ចំនួន​ក៏​ធ្វើ​យុទ្ធនាការ​នេះ​ដូច​គ្នា​ដែរ បូក​រួម​ទាំង​ការ​​ត្រួតពិនិត្យ​ល្បឿន​កំណត់​តាម​ផ្លូវ​ជាតិ​សំខាន់ៗ ។ លោក​បញ្ជាក់​ថា កម្លាំង​នគរបាល​ពុំ​មាន​សិទ្ធិ​ផាក​ពិន័យ​ទេ​មាន​តែ​តុលាការ​ប៉ុណ្ណោះ​ដែល​ដាក់​​ទោស​ហើយ​ពិន័យ​ជា​ប្រាក់​ទៀត៖ «កម្លាំង​នាយកដ្ឋាន​ខ្ញុំ​សហការ​ជាមួយ​ស្នងការ​រាជធានី​ភ្នំពេញ​ហ្នឹង ត្រួតពិនិត្យ​ជាតិ​អាល់កុល​ហ្នឹង​ពេល​យប់។ គោលដៅ​យើង​ដាក់​នៅ​កន្លែង​ជាក់ស្ដែង យើង​ត្រួត​ពិនិត្យ​មើល​កន្លែង​ណា​ដែល​យើង​ត្រូវ​ដាក់​ពិសេស​កន្លែង​ដាក់​គេ​មិន​ចង់​ប្រាប់​មុន​ទេ ខ្លាច​គេច ព្រោះ​ដោយសារ​យប់​ឡើង​យើង​មើល​ស្ថានភាព​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​ច្រើន​យើង​ធ្វើ​ពេល​យប់​ពាក់ព័ន្ធ​ស្រវឹង»

ពាក់ព័ន្ធ​បញ្ហា​នេះ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​សាទរ​ចំពោះ​ការ​ចាប់​ផ្ដើម​ពង្រឹង​ច្បាប់​ចរាចរណ៍។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ថ្លែង​ថា វា​ជា​ការ​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ថ្មី​នេះ ពីព្រោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​វា​ជា​មូលហេតុ​ចម្បង​ទី​២ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ឆ្នាំៗ។

ឆ្នាំ​២០១៥ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង មាន​ចំនួន​១៥% នៃ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មាន​ចន្លោះ​ពី​​២​រយ​នាក់ ទៅ​៣​រយ​នាក់។

មាត្រា​៧៧ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ចែង​ថា ជន​ណា​បើកបរ​នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង​ដោយ​មាន​ជាតិ​អាល់កុល​ចាប់​ពី​០.៤០ មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់​ពី​០.៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​ពី​៨០​ម៉ឺន​រៀល ទៅ​៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្តាប់ទៅទំនងមែនទែន តែអញ្ចេះដើម្បីឲ្យមានាប្រសិទ្ធិភាព កុំភ្លេច​ត្រួតពិនិត្យចាស់វែងគ្នា​ឯងផងណាលោកណា ត្បិតអីអ្នកជក់បារី​មិន​ផ្លែក​​​ទេពេលដែលគាត់ជួបនិងផ្សែងបារីនោះ អញ្ចឹងកុំភ្លេវលាងសំអាត​បាតដៃនិងច្រមុះអ្នកវាស់អផយស្អាតផងណាទានណា។

Jan 24, 2016 09:47 PM

គេហទំព័រ​ទាំងមូល