មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​អះអាង​ថា​មាន​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ដោះដូរ​អគារ

ដោយ ម៉ម មុនីរតន៍
2015.06.18
រង្វល់​ខេត្ត​កំពត ៦១០ រង្វង់​មូល​ទី​រួម​ខេត្ត​កំពត។ រូបថត​ថ្ងៃ​២១ មិថុនា ២០១៤
Photo: RFA

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ប្រមាណ ៧០​នាក់ បាន​ទាមទារ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​មួយ​នេះ ដោះស្រាយ​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឡើង​វិញ។

ពួក​គេ​រិះគន់​ថា គុណភាព​អគារ​ពុំ​មាន​ស្តង់ដារ និង​សាងសង់​អគារ​ឲ្យ​បាន​គ្រប់​ចំនួន ដូច​ដែល​មាន​ក្នុង​ប្លង់​មេ​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​ចន្លោះ​ប្រហោង​យ៉ាង​ដូច្នេះ​មែន ក៏ប៉ុន្តែ​ថា ចំណុច​ខ្វះខាត​ទាំង​នេះ គឺ​អ្នក​ជំនាញ​កំពុង​ជួសជុល​កែលំអ​ឡើង​វិញ​ហើយ។

ប្រតិកម្ម​របស់​មន្ត្រី​ពន្ធនាគារ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​បទបញ្ជា​ឲ្យ​រុះរើ​ពន្ធនាគារ​ចាស់ និង​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​អ្នក​ទោស​ម្ដង​ជា​ពីរ​ដង​ទៅ​ទីតាំង​ថ្មី ក៏ប៉ុន្តែ​មាន​ការ​ជំទាស់​ជាច្រើន​លើក​ច្រើន​សា​ពី​មន្ត្រី​ពន្ធនាគារ​ដែរ ដោយ​ពួក​គេ​ចោទ​ប្រកាន់​ថា អគារ​ថ្មី​នេះ​ធ្វើ​ពុំ​ទាន់​បាន​គ្រប់​ចំនួន ដូច​ដែល​មាន​នៅ​ក្នុង​ប្លង់​មេ​នៅ​ឡើយ។

មន្ត្រី​និយាយ​ថា នៅ​ក្នុង​ប្លង់​មេ គឺ​តម្រូវ​ឲ្យ​សាងសង់​អគារ​ចំនួន​៤ ក៏ប៉ុន្តែ​ពេល​នេះ មាន​តែ​អគារ​៣ ប៉ុណ្ណោះ ហើយ​ពុំ​មាន​គុណភាព​ថែម​ទៀត​ផង។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​ពុំ​ហ៊ាន​បញ្ចេញ​ឈ្មោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ក្រុម​មន្ត្រី​ពន្ធនាគារ​អះអាង​ថា ពួក​គេ​ជំទាស់ និង​ពុំ​ព្រម​ផ្លាស់ប្ដូរ​ទៅ​អគារ​ថ្មី​ឡើយ។ ពួក​គេ​ថ្លែង​ថា ទីតាំង​ថ្មី​ខ្វះ​សព្វគ្រប់ ដូចជា​ពុំ​មាន​អគារ​សម្រាប់​បុគ្គលិក​បម្រើ​ការ​ស្នាក់នៅ គុណភាព​អគារ​អន់ បន្ទប់​តូច​ចង្អៀត​ជាង​មុន​ជាដើម។ លើស​ពី​នេះ​ទៀត អគារ​រដ្ឋបាល និង​អគារ​ពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ទោស ក៏​ពុំ​មាន​ថែម​ទៀត​ផង។ ពួក​គេ​បន្ត​ថា «អគារ​ឃុំឃាំង​ក៏​វា​មិន​គ្រប់គ្រាន់។ អគារ​ចាស់​ហ្នឹង​វា​មាន​ជាង ១០​បន្ទប់ ហើយ​ដល់​ពេល​ធ្វើ​ថ្មី​បាន​តែ ៩​បន្ទប់។ វា​មិន​ចង់​បាន​អី​ច្រើន​ទេ គ្រាន់​តែ​ថា​ចង់​ឲ្យ​មាន​អគារ​រឹងមាំ ហើយ​យើង​ទៅ​កន្លែង​ថ្មី​ឲ្យ​វា​បាន​ធំ​ជាង​អគារ​ចាស់​តិច​ទៅ។ ដី​នេះ គឺ​សុទ្ធតែ​ដី​រដ្ឋ​ទេ ឲ្យ​មន្ត្រី​បាន​ដី​ម្នាក់​មួយ​ប្លង់ ឬ​ម្នាក់ ៥​ម៉ែត្រ​អី​អ៊ីចឹង​ទៅ»

មន្ត្រី​ពន្ធនាគារ​រក​ឃើញ​ថា អគារ​ពន្ធនាគារ​ចាស់​នេះ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ប្រមាណ ៤០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​ទីតាំង​ថ្មី​ដែល​មាន​ផ្ទៃដី​ចំនួន ៤​ហិកតារ​លើស​ជិត ៣​ដង​នៃ​ទំហំ​ពន្ធនាគារ​ចាស់​ដែល​មាន​ទំហំ​ជិត ១​ហិកតារ​នោះ គឺ​ជា​ដី​សម្បទាន​របស់​រដ្ឋ។ មន្ត្រី​ពន្ធនាគារ​ចោទ​ប្រកាន់​ថា ស្ថាប័ន​រដ្ឋ​មួយ​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប្រមាណ​ជាង ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោម​រូបភាព​នៃ​ការ​ដោះដូរ​នេះ។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​ការិយាល័យ​សំណង់​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​ប្លង់​សាងសង់​នេះ គឺ​លោក អោ ប៉ូឡែត ទទួល​ស្គាល់​ថា ភាព​ខ្វះខាត​សម្រាប់​ទីតាំង​ស្នាក់នៅ​របស់​មន្ត្រី​ពន្ធនាគារ គឺ​ពិត​ជា​មាន​ភាព​ចន្លោះ​ប្រហោង​មែន។ ក៏ប៉ុន្តែ​សម្រាប់​បន្ទប់​អន្ទិត និង​ជន​ជាប់​ចោទ​ជាដើម​វិញ គឺ​គ្រប់គ្រាន់។ លោក អោ ប៉ូឡែត ចាត់​ទុក​ថា ការ​ទាមទារ​របស់​មន្ត្រី​ពន្ធនាគារ គឺ​ជា​ការ​ទាមទារ​ដ៏​ខ្ពស់​ហួសហេតុ ដែល​ខាង​ពន្ធនាគារ​ពុំ​អាច​ផ្ដល់​ជូន​បាន ដូចជា​ពួក​គេ​ចង់​បាន​ប្លង់​កម្មសិទ្ធិ​ដាច់​មុខ នៅ​ក្នុង​បរិវេណ​ដី​នៃ​ពន្ធនាគារ​ជាដើម។

ដោយ​ឡែក​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត លោក អែម សំបូរ ឆ្លើយ​តប​ថា ភាព​ខ្វះ​ចន្លោះ​នេះ ត្រូវ​បាន​ជួសជុល និង​កែលំអ​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា មិន​យូរ​ទេ​ទីតាំង​ថ្មី​នេះ​អាច​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក អែម សំបូរ បន្ត​ថា «ដូចជា​ទ្វារ​ដូចជា​អី​ហ្នឹង កែ​សម្រួល​ឡើង​វិញ​ហើយ។ ពេលវេលា​មាន​រយៈពេល​ខ្លី​ដែរ កំពុង​បង្វិល​ទីតាំង​ចាស់»

ជុំវិញ​រឿង​នេះ មន្ត្រី​ស្រាវជ្រាវ​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី យល់​ឃើញ​ថា ប្រសិន​បើ​ការ​សាងសង់​មិន​គ្រប់​ស្តង់ដារ​នោះ បាន​ន័យ​ថា ដើម​ចម​ចម្បង គឺ​ដោយសារ​មាន​អំពើ​ពុក​រលួយ។ លោក យន់ ផល្លី បន្ត​ថា «ដូច​ថា​ការ​សាងសង់​វា​មិន​បាន​ល្អ ហើយ​មិន​បាន​ធំ​ដូចជា​នៅ​ទីតាំង​ពន្ធនាគារ​ចាស់​ទេ។ ដូច្នេះ​វា​អាច​មាន​ទាក់ទិន​អំពើ​ពុក​រលួយ​ហើយ​បាទ»

ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត ដូចជា​រោងកុន ពហុកីឡាដ្ឋាន​ជាតិ និង​ចុង​ក្រោយ​នេះ គឺ​ពន្ធនាគារ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​លក់​ដូរ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្រោម​រូបភាព​ដោះ​ដូរ​ដើម្បី​អភិវឌ្ឍ។

ព័ត៌មាន​នៃ​ការ​ដេញ​ថ្លៃ​ជុំវិញ​ការ​ដោះ​ដូរ​នេះ កម្រ​ឃើញ​រដ្ឋ​ប្រកាស​ជា​សាធារណៈ​ណាស់។ ក្រៅ​ពី​នេះ ទំហំ​ទឹក​លុយ​ដែល​បាន​ពី​ការ​លក់​អគារ​រដ្ឋ​នេះ​ទៀតសោត ក៏​ពុំ​ដែល​បង្ហាញ​ថា​បាន​បង់​ចូល​ក្នុង​ថវិកា​រដ្ឋ​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ​ដែរ។ អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សម្រាប់​ដាក់​លក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។