
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សមត្ថកិច្ចពុំបានបោះបង់ការស៊ើបអង្កេត និងតាមចាប់ខ្លួនអ្នកគំរាមសម្លាប់អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះឡើយ។
ទោះយ៉ាងណា អាជ្ញាធរកំពុងជួបការលំបាកដ្បិតគេបានរកឃើញថា ជនសង្ស័យឋិតនៅក្រៅប្រទេស។ ចំណែកអនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ រិះគន់អាជ្ញាធរថា អនុវត្តច្បាប់មិនស្មើភាពគ្នា។
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ករណីគំរាមសម្លាប់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ អាជ្ញាធរសមត្ថកិច្ចកំពុងបន្តស្វែងរកទៀតគឺមិនធ្លាប់លះបង់ឡើយ។
ការអះអាងរបស់លោក ស ខេង ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីលោកចូលរួមពិធីបើកសិក្ខាសាលាស្ដីពីប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ៖ «រឿងខ្លះយើងរកឃើញរឿងខ្លះយើងអត់ទាន់រកឃើញ យើងនឹងបន្តករណីខ្លះដែលរកមិនទាន់ឃើញ»។
ស្របគ្នានោះ លោក ស ខេង បានលើកឡើងពីករណីដែលអាជ្ញាធរអនុវត្តបានរួមមានការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា ដែលប្រកាសធ្វើបដិវត្តពណ៌ និងលោក ផង់ សីហា ដែលគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច តាមហ្វេសប៊ុក ជាដើម។
លោក ស ខេង បញ្ជាក់ថា ករណីទាំង២នេះនឹងនាំអោយមានអំពើបង្ហូរឈាម និងសម្លាប់ជីវិតមនុស្ស ដែលទាមទារអោយអាជ្ញាធរចាត់វិធានការទប់ស្កាត់ការបង្កបញ្ហាអសន្តិសុខក្នុងសង្គម៖ «អ្នកដែលបញ្ចេញមតិថា នេះជាសិទ្ធិបញ្ចេញមតិ អ៊ីចឹងទុកអោយអ្នកច្បាប់ ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេសតុលាការបកស្រាយ។ រឿងបដិវត្តពណ៌តែកាលធ្វើទៅគឺមានការបង្ហូរឈាមហើយ ដាច់ខាតត្រូវមានការបង្ហូរឈាមហើយ អ៊ីចឹងវាបំផ្លាញដល់សន្តិសុខជាតិ សេចក្ដីសុខប្រជាពលរដ្ឋ ហើយអាយុជីវិត និងទ្រព្យសម្បត្តិ»។
ទាក់ទិននឹងករណីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនមួយចំនួនបានរិះគន់ថា អាជ្ញាធរពុំបានអនុវត្តការងារអោយបានត្រឹមត្រូវ នៅពេលដែលគេដឹងថា អ្នកសង្ស័យគំរាមសម្លាប់ លោក កឹម សុខា នោះឈ្មោះ ផែង វណ្ណៈ ដែលជាមន្ត្រីនៅក្រសួងមហាផ្ទៃ តាមរយៈគណនេយ្យហ្វេសប៊ុក របស់លោក។
ឆ្លើយតបនឹងការរិះគន់នេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បំភ្លឺថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញរកឃើញថា មានអ្នកបង្កើតគណនេយ្យហ្វេសប៊ុក បន្លំដោយប្រើឈ្មោះ លោក ផែង វណ្ណៈ ដើម្បីគំរាមសម្លាប់លោក កឹម សុខា។ លោកថា ករណីនេះអាជ្ញាធរនៅមានការលំបាកក្នុងការតាមចាប់ខ្លួនជននោះនៅឡើយ៖ «ពិតជាមានអ្នកក្លែងបន្លំអេកខោន (Account) របស់គាត់មែន។ យើងបានដឹងថា អាយ.ភី (IP) ហ្នឹងចេញពីក្រៅប្រទេស។ យើងក៏បានស្នើអាជ្ញាធរនៅបរទេស ដើម្បីសហការជាមួយយើងជួយស្រាវជ្រាវ ប៉ុន្តែលទ្ធផលវាអត់ទាន់ទទួលបាន ហើយករណីនេះបញ្ជាក់ថា យើងអត់ទាន់បញ្ចប់ទេ»។
ចំណែកលោក ផែង វណ្ណៈ ដែលជាមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីទៀតដែរថា លោកពុំបានបង្ហោះសារគំរាមសម្លាប់លោក កឹម សុខា នោះទេ។
ចំពោះអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា លោកមិនបានចាប់អារម្មណ៍ចំពោះការដាក់ការសង្ស័យទៅលើលោក ផែង វណ្ណៈ ឡើយ ប៉ុន្តែលោកថា ករណីនេះបង្ហាញពីការអនុវត្តច្បាប់ដែលមិនស្មើភាពគ្នាដែរ៖ «ជាការបរាជ័យប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរ ដែលមិនមានភាពស្មើគ្នា គឺមានការរើសអើង»។
យ៉ាងណា លោក គៀត ច័ន្ទថារិទ្ធ នៅតែអះអាងថា អាជ្ញាធរអនុវត្តតាមច្បាប់ ដោយពុំមានការរើសអើងអ្វីឡើយ។
កាលពីខែធ្នូ ឆ្នាំ២០១៣ គណនេយ្យហ្វេសប៊ុក ដែលមានឈ្មោះថា ផែង វណ្ណៈ បានបង្ហោះសារគំរាមសម្លាប់លោក កឹម សុខា ដោយភ្ជាប់នូវរូបថតកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងចំនួន ៧គ្រាប់។ ក្នុងនោះបានរៀបរាប់ថា ទុក ៧គ្រាប់ ឲ្យលោក កឹម សុខា។ គ្រាប់ទី១ បាញ់យកដៃឆ្វេង គ្រាប់ទី២ បាញ់យកដៃស្តាំ គ្រាប់ទី៣ បាញ់ជើងឆ្វេង គ្រាប់ទី៤ បាញ់យកជើងស្តាំ គ្រាប់ទី៥ បាញ់ពោះ គ្រាប់ទី៦ បាញ់បេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាល។
នៅក្រោយពេលអាជ្ញាធរចាប់ខ្លួនយុវជនប្រកាសធ្វើបដិវត្តពណ៌ និងអ្នកគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសាធារណជនបានរិះគន់អាជ្ញាធរដោយប្រៀបធៀបថា យុវជនទាំង ២រូប គឺ គង់ រ៉ៃយ៉ា និង ផង់ សីហា មិនគួរត្រូវចាប់ខ្លួនឡើយ ព្រោះជាការបញ្ចេញមតិរបស់ពលរដ្ឋ ខុសគ្នាពីលោក ផែង វណ្ណៈ ដែលជាមន្ត្រីសមត្ថកិច្ចមានអាវុធជាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។