ក្រុម​ជន​ពិការ​ស្នើ​សុំ​បញ្ចុះ​តម្លៃ​​សេវា​ដឹក​ជញ្ជូន​ក្នុង​ពេល​បុណ្យ​ជាតិ

ដោយ សេក បណ្ឌិត
2015.10.09
ជន​ពិការ ៦២០ ក្រុម​តន្ត្រី​ជន​ពិការ​ប្រគំ​នៅ​ម្ដុំ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១៥
RFA/Sek Bandith

សេវាកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែងតែ​មាន​ការ​រិះគន់​ថា បាន​ឆក់​ឱកាស​ឡើង​ថ្លៃ​គ្មាន​ដែន​កំណត់​ក្នុង​ឱកាស​បុណ្យ​ជាតិ​សំខាន់ៗ។ បញ្ហា​នេះ​កំពុង​ប្រឈម​ខ្លាំង​ចំពោះ​ពលរដ្ឋ​ក្រីក្រ ហើយ​ពិបាក​លើស​ពី​នេះ​ទៀត​នោះ គឺ​ជន​ពិការ។

តើ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ជន​ពិការ​នឹង​ទទួល​បាន​ការ​យោគយល់ ឬ​បញ្ចុះ​តម្លៃ​ពិសេស​ណា​មួយ​លើស​ពី​មនុស្ស​ធម្មតា​ក្នុង​ការ​ប្រើ​សេវា​ដឹក​ជញ្ជូន​នោះ​ទេ?

ក្រុម​ជន​ពិការ​ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​ក្រុង និង​រថយន្ត​ឈ្នួល​ផ្សេងៗ​ទៀត អនុគ្រោះ​ដល់​ពួកគាត់​ដោយ​កុំ​យក​ថ្លៃ​ធ្វើ​ដំណើរ ឬ​អាច​បញ្ចុះ​តម្លៃ​ណា​មួយ​ជាពិសេស​សម្រាប់​ជន​ពិការ។

ប្រធាន​សមាគម "សំនៀង​ជន​ពិការ​កម្ពុជា" លោក ចាប ទីតូ បាន​អំពាវនាវ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ​សុំ​ឲ្យ​ម្ចាស់​សេវាកម្ម​ដឹក​ជញ្ជូន​ទាំង​អស់​អនុគ្រោះ​ដល់​ជន​ពិការ និង​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បន្ថែម​លើ​រឿង​នេះ ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព៖ «សុំ​សំណូមពរ​តែម្ដង​ទៅ​ចំពោះ​ម្ចាស់​រថយន្ត សូម​មេត្តា​ដូច​ថា យក​ពី​ជន​មិន​ពិការ ១០០% យក​ពី​ជន​ពិការ​តែ ៥០% បាន​ហើយ ដើម្បី​ជួយ​សម្រាល​ទុក្ខ​ពួកគាត់»

យុវជន​ពិការ​មួយ​រូប​ឈ្មោះ ហែម ពុទ្ធា មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ប៉ុន្តែ​សព្វថ្ងៃ​កំពុង​ប្រកប​របរ​នៅ​ភ្នំពេញ។ ហែម ពុទ្ធា មាន​ប្រសាសន៍​ថា ជន​ពិការ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ពេល​ខ្លះ​ក៏​មាន​ការ​រើសអើង​ខ្លះ​ដែរ។ ដើម្បី​សម្រួល​ដល់​បញ្ហា​នេះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ចេញ​ជា​គោលការណ៍​ទៅ​ដល់​ម្ចាស់​សេវាកម្ម​ដឹក​ជញ្ជូន​ឲ្យ​អនុគ្រោះ​ដល់​ជន​ពិការ​ទៅ៖ «ថ្ងៃ​បុណ្យ​សូម​ឲ្យ​គ្រប់​តាក់ស៊ី​ទាំង​អស់​យក​តម្លៃ​ស្មើ​នឹង​ថ្ងៃ​ធម្មតា​ទៅ​បាន​ហើយ»

ចំណែក​យុវជន​ពិការ​ម្នាក់​ទៀត​ដែល​មាន​អាជីព​ជា​តន្ត្រីករ​នៅ​ទីក្រុង​ភ្នំពេញ ក៏​មាន​ក្តី​ប្រាថ្នា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ស្រដៀង​គ្នា​ដែរ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​ពិការ​ទៅ​តាម​មធ្យោបាយ​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន៖ «សូម​ឲ្យ​ជួយ​ដល់​ជន​ពិការ​ខ្លះ​ទៅ ព្រោះ​ជន​ពិការ​សុទ្ធតែ​ជួប​ការ​លំបាក មាន​ភាព​ក្រីក្រ​រៀងៗ​ខ្លួន ហើយ​ឥឡូវ​នេះ​ជន​ពិការ​ច្រើន​ណាស់»

ជន​ពិការ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ជន​ពិការ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

ឆ្លើយ​តប​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​របស់​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ថា នឹង​អន្តរាគមន៍​រឿង​នេះ​ឲ្យ​បាន​ឆាប់​ទៅ​តាម​សំណើ​របស់​ពលរដ្ឋ​ពិការ ដើម្បី​ឲ្យ​ពួកគាត់​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៖ «ខ្ញុំ​នឹង​រៀបចំ​គោលការណ៍​នេះ​ជូន​រដ្ឋមន្ត្រី​ប្រធាន​ក្រុមប្រឹក្សា​ការពារ​ជន​ពិការ​ដើម្បី​ចេញ​លិខិត​អំពាវនាវ​មួយ​ទៅ​គ្រប់​វិស័យ​ឯកជន ឲ្យ​គាត់​យោគយល់​ដល់​ជន​ពិការ។ ខ្ញុំ​នឹង​ចាត់​វិធានការ​រឿង​ហ្នឹង»

ក្រុម​អ្នក​រត់​រថយន្ត​ឈ្នួល​ម្នាក់​ពី​ភ្នំពេញ ទៅ​ខេត្ត​កំពត បាន​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ពី​ជន​ពិការ ហើយ​បើ​មាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទៀត​កាន់​តែ​ប្រសើរ​ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ដូចៗ​គ្នា៖ «ខ្ញុំ​មាន​ចិត្ត​ជួយ​ពួកគាត់ ឲ្យ​តែ​ពួកគាត់​មាន​ពាក្យ​សម្ដី​មួយ​ម៉ាត់​ថា គាត់​អត់​លុយ​ហើយ​ចង់​ទៅ​ណា ខ្ញុំ​នឹង​ជូន​ពួកគាត់​ទៅ​ដល់​ទីកន្លែង។ តែ​ក៏​សូម​ឲ្យ​គាត់​ស្លៀកពាក់​សមរម្យ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​ដល់​គេ។ អាច​អត់​យក​លុយ​ក៏​បាន​ដែរ សុទ្ធតែ​ខ្មែរ​ដូច​គ្នា»

ទាក់ទង​នឹង​ករណី​នេះ​ដែរ លោក ចាប ទីតូ បាន​រំលឹក​ថា កាល​ពី​ឆ្នាំ​ទៅ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ធ្លាប់​ចេញ​លិខិត​អន្តរាគមន៍​ទៅ​ដល់​ម្ចាស់​សេវាកម្ម​ដឹក​ជញ្ជូន​ឲ្យ​បញ្ចុះ​តម្លៃ​ដល់​ជន​ពិការ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ជំរុញ​ឲ្យ​អនុវត្ត​នោះ​ទេ៖ «ទាក់ទង​រឿង​ហ្នឹង គឺ​គេ​អត់​ឲ្យ​គិត​ថ្លៃ​ដូច​អ្នក​ធម្មតា​ទេ គឺ​តម្រូវ​ឲ្យ​បញ្ចុះ​តម្លៃ ៥០% ប៉ុន្តែ​សេចក្ដី​ប្រកាស​នេះ​មិន​ទាន់​បាន​អនុវត្ត​បាន​ពេញលេញ​ទេ»

ទន្ទឹមគ្នា​នេះ​ដែរ លោក​ចង់​ឲ្យ​មាន​អ្នក​ឃ្លាំមើល​ចំពោះ​ការ​អនុវត្ត​សារាចរ​ណែនាំ​របស់​មន្ទីរ ក្រសួង​របស់​រដ្ឋាភិបាល​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ជន​ពិការ​កម្ពុជា បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ១០% អាច​ស្មើ​នឹង​ជាង ១​លាន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៥​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។