អតីត​យោធិន​ពិការ​ជា​ទ័ព​របស់​លោក ហ៊ុន សែន បាត់បង់​ប្រាក់ខែ​ជិត​៣០​ឆ្នាំ

ដោយ ប្រាជ្ញ ចេវ
2017.06.04
ជន​ពិការ កឹម យ៉ាន ២០១៧ ១៤៤០ អតីត​យោធិន​ពិការ​ភ្នែក​ទាំង​គូ​ក្នុង​ចំបាំង​ការពារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​លោក កឹម យ៉ាន ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អតីត​យោធិន​ពិការ​ប្រាប់​ថា លោក​បាន​បាត់បង់​ប្រាក់ខែ និង​ឈ្មោះ​ពី​ក្រសួង​ការពារ​ជាតិ ជិត ៣០​ឆ្នាំ ក្រោយ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ទាំង​គូ​ក្នុង​ចំបាំង​ការពារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ជន​ពិការ​រូប​នេះ ស្នើសុំ​ស្វែងរក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ខ្លួន​អាច​បើក​ប្រាក់ខែ​ដើម្បី​ចិញ្ចឹម​ជីវិត ឬ​ទីលំនៅ ដើម្បី​អាច​បន្ត​ជីវិត​របស់​ខ្លួន​នៅ​លើ​ផ្លូវ​អន្ធការ​ដ៏​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។

បើ​ទោះ​បី​ជា​អតីត​យោធិន ទាំង​អ្នក​ពិការ និង​មិន​ពិការ​មួយ​ចំនួន​ដែល​រួច​ផុត​ជីវិត​ពី​សង្គ្រាម ទទួល​បាន​ប្រាក់ខែ និង​ការ​ឧបត្ថម្ភ​ផ្នែក​សង្គមកិច្ច​ពី​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​អតីត​យោធិន​ពិការ​ភ្នែក​ទាំង​គូ​ម្នាក់​ព្រោះ​ការពារ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរ​ថា លោក​បាន​បាត់​ឈ្មោះ​ពី​ក្រសួង​ការពារ​ជាតិ និង​មិន​បាន​ប្រាក់ខែ​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩ មក​ដល់​ពេល​នេះ។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌​ផ្ទៃ​មេឃ ជា​អ្នក​បម្រើ​ការ​ផ្នែក​សម្រួល​សរសៃ ឬ​ហៅ​ថា​ម៉ាស្សា​ឲ្យ​ហាង​សម្រួល​សរសៃ​មួយ​កន្លែង​នៃ​រាជធានី​ភ្នំពេញ បុរស​សម្បុរ​ខ្មៅ​ស្រអែម​សក់​រួញ​អង្គាដី​រូប​នេះ មាន​ឈ្មោះ កឹម យ៉ាន លោក​ទទួល​បាន​ប្រាក់​កម្រៃ​ពី​របរ​នេះ​ពី ១០០​ដុល្លារ​ទៅ ១៥០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​ការ​ចិញ្ចឹម​ប្រពន្ធ និង​កូន។

លោក កឹម យ៉ាន មាន​អាយុ ៤៤​ឆ្នាំ បាន​ចាប់​យក​របរ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ គឺ​បន្ទាប់​ពី​បាត់បង់​ការងារ និង​ឈ្មោះ​ពី​ក្រសួង​ការពារ​ជាតិ។

អតីត​យោធិន​ពិការ​រូប​នេះ​រំឭក​ពី​ប្រវត្តិ​ថា លោក​បាន​ចូល​បម្រើ​ទ័ព​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​១៩៨៦ ផ្នែក​វិទ្យុ​ទាក់ទង​ថ្មើរ​ជើង​នៅ​ខេត្ត​បន្ទាយមានជ័យ។ លោក​ថា នៅ​សម័យ​នោះ លោក​គ្មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន​ទេ ព្រោះ​ពេល​នោះ​គឺ​ចូល​ធ្វើ​ទាហាន​ភ្លាម​ក៏​ចេញ​ច្បាំង​តែ​ម្តង។ នៅ​ឆ្នាំ​១៩៨៩ ខែ​មេសា ក្រុម​លោក​ចេញ​ច្បាំង​នៅ​សមរភូមិ​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ៖ «»

ក្រោយ​ពី​ត្រូវ​របួស លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​បន្ទាយ​បូសស្បូវ ស្រុក​ស្វាយចេក និង​ចុង​ក្រោយ​ត្រូវ​បញ្ជូន​តាម​យន្តហោះ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ឬ​ហៅ​ថា​ពេទ្យ​ទាហាន ក្រុង​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល ភ្នែក​ទាំង​ពីរ​របស់​លោក​មិន​អាច​មើល​ឃើញ​អ្វី​ទាំងអស់​ចាប់​ពី​ពេល​នោះ​មក៖ «»

ដោយ​ចិត្ត​អន្ទះសា​ចង់​ឃើញ​ភាព​ស្រស់​ស្អាត​នៃ​ដែនដី​សុវណ្ណ​ភូមិ លោក កឹម យ៉ាន សម្រេច​ទៅ​ព្យាបាល​នៅ​ខាវអ៊ីដាង​ទឹកដី​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៩០។ ប៉ុន្តែ​នៅ​តែ​មិន​អាច​មើល​ឃើញ​ឡើង​វិញ​ដដែល។ លោក​ថា ពេល​វិល​ចូល​កម្ពុជា ក្រុម​ទាហាន​ប្រឆាំង​រដ្ឋាភិបាល​មិន​ឲ្យ​លោក​ចូល​ស្រុក​ទេ ដែល​ឲ្យ​លោក​សម្រេច​ទៅ​រស់នៅ​ក្នុង​ជំរំ​សាយធូ​អស់​រយៈពេល ៣​ឆ្នាំ ទើប​អាច​ចូល​ស្រុក​វិញ​បាន។

អតីត​យោធិន​រូប​នេះ​និយាយ​ដោយ​សម្ដី​មួយៗ​ថា នៅ​ឆ្នាំ​១៩៩៣ លោក​បាន​សួរ​ព័ត៌មាន​ពី​កន្លែង​បើក​ប្រាក់ខែ​នៃ​យោធា​ខេត្ត​បន្ទាយមានជ័យ អ្នក​កាន់​ឯកសារ​ប្រាប់​ថា បាត់​ឯកសារ ដែល​តម្រូវ​ឲ្យ​ធ្វើ​ឯកសារ​ថ្មី។ ប៉ុន្តែ​លោក​ថា ទោះ​លោក​បាន​បំពេញ​ឯកសារ​តាម​តម្រូវការ​ក្តី ក៏​លោក​នៅ​តែ​មិន​អាច​បើក​ប្រាក់ខែ​បាន​ដដែល។ លោក​ថា​តែងតែ​ព្យាយាម​ទៅ​សាកសួរ​នៅ​កន្លែង​បើក​ប្រាក់ខែ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្តង ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៦ លោក​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​ខេត្ត​បន្ទាយមានជ័យ ទៅ​រស់នៅ​ខេត្ត​បាត់ដំបង ហើយ​ក៏​បាន​ទៅ​សួរនាំ​រឿង​ប្រាក់ខែ​ទៀត​ដែរ ព្រោះ​គ្មាន​ជំនឿ​ថា​នឹង​ទទួល​បាន​ប្រាក់ខែ៖ «»

ទោះ​ពិការ​ភ្នែក​ទាំង​គូ ប៉ុន្តែ​យូរៗ​ម្តង លោក កឹម យ៉ាន ថា​លោក​បាន​ស្តាប់​ព័ត៌មាន​ឮ​គេ​ផ្សាយ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ផ្តល់​ផ្ទះ ឬ​ផ្តល់​ដី​ដល់​ជន​ពិការ​ដែល​ជា​អតីត​យុទ្ធជន ដែល​ធ្វើ​ឲ្យ​លោក​មាន​ទឹក​ចិត្ត​ស្វះស្វែង​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ឬ​ទៅ​សុំ​អន្តរាគមន៍​នៅ​ក្រសួង​ពាក់ព័ន្ធ តែ​លោក​មិន​ដែល​បាន​ចម្លើយ​ទេ។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ឲ្យ​ដឹង​ថា ក្រសួង​អាច​ពិនិត្យ ឬ​សើរើ​បាន លុះត្រា​លោក កឹម យ៉ាន មាន​អត្តលេខ ឬ​កាត​ទាហាន បើ​មិន​ដូច្នេះ​ទេ ករណី​នេះ​គឺ​ជា​រឿង​ស្មុគស្មាញ​ដែល​ពិបាក​ស្រាវជ្រាវ។ ប៉ុន្តែ​លោក​ថា លោក​នឹង​ព្យាយាម​ទាក់ទង​ទៅ​អង្គភាព​យោធា​ខេត្ត​បន្ទាយមានជ័យ ចំពោះ​ករណី​លោក កឹម យ៉ាន៖ «»

ចំណែក​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដែល​ធ្វើ​ការងារ​ទាក់ទង​អតីត​យុទ្ធជន ថា​លោក​មិន​បាន​ដឹង​ករណី​នេះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​អតីត​យោធិន​ពិការ លោក កឹម យ៉ាន ទាក់ទង​អង្គភាព​របស់​ខ្លួន។

ទោះ​លោក កឹម យ៉ាន គ្មាន​ប័ណ្ណ​ទាហាន ឬ​អត្តលេខ​ក្តី តែ​លោក​នៅ​ចងចាំ​យ៉ាង​រត់​មាត់​នូវ​ឈ្មោះ​បន្ទាយ និង​ឈ្មោះ​មេ​បញ្ជាការ​របស់​លោក។ លោក​ចាំ​បាន​ថា កាល​ពី​អំឡុង​លោក​បម្រើ​ការងារ​យោធា មេ​បញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ គឺ កុយ ដោក ហើយ​មេ​បញ្ជាការ​រង​យោធា​ខេត្ត​បន្ទាយមានជ័យ ឈឿន សារិត។ លោក​ថា បន្ទាយ​របស់​លោក​នៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​សិរីសោភ័ណ។

អតីត​មេ​បញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ គឺ​លោក កុយ ដោក ឲ្យ​អាស៊ីសេរី ដឹង​ថា លោក​នៅ​ចាំ​យ៉ាង​ច្បាស់​ថា ជន​ពិការ​ឈ្មោះ កឹម យ៉ាន ពិត​ជា​អតីត​កូន​ទ័ព​របស់​លោក​មែន។ លោក​ប្រាប់​ទៀត​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៣ ដែល​កាលណោះ​លោក​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម យ៉ាន បាន​សុំ​អន្តរាគមន៍​ពី​លោក​ដែរ ហើយ​លោក​បាន​សរសេរ​លិខិត​បញ្ជាក់​ជា​ប្រយោជន៍​អាច​ឲ្យ​អតីត​យោធិន​ពិការ​រូប​នេះ អាច​បើក​ប្រាក់​ឧបត្ថម្ភ ឬ​ប្រាក់ខែ​បាន ប៉ុន្តែ​លោក​មិន​ស្មាន​ថា​មក​ដល់​ពេល​នេះ លោក កឹម យ៉ាន នៅ​តែ​មិន​អាច​ទទួល​អ្វី​បាន​ពី​ក្រសួង​ការពារ​ជាតិ ឬ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន៖ «»

ទាក់ទង​ករណី​លោក កឹម យ៉ាន គ្មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន អតីត​មេ​បញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ លោក កុយ ដោក និយាយ​ថា ដោយ​សម័យ​នោះ​ជា​ជំនាន់​សង្គ្រាម​នៅ​មាន​សង្គ្រាម​នៅ​ឡើយ ដូច្នេះ​ពេល​ខ្លះ​ត្រូវ​ជ្រើសរើស​ទ័ព​ភ្លាមៗ និង​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ភ្លាមៗ ដែល​ហេតុ​ធ្វើ​ឲ្យ​កងទ័ព​ខ្លះ​មិន​មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន។

ចំណែក​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ពិការ​តែងតែ​មាន​ជន​ពិការ​ជា​អតីត​យុទ្ធជន​ដែល​ជួប​បញ្ហា គ្មាន​ប័ណ្ណ​ទាហាន ឬ​បាត់​អត្តលេខ។ លោក​យល់​ថា ក្រសួង​ការពារ​ជាតិ និង​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន គួរ​មាន​ការ​យោគយល់​ដល់​ជន​ពិការ ជាពិសេស​ជន​ពិការ​ភ្នែក​ចំពោះ​ការ​ខ្វះខាត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ៖ «»

សព្វថ្ងៃ លោក កឹម យ៉ាន បាន​រៀបការ​ជាមួយ​ស្ត្រី​ពិការ​ភ្នែក​ដូច​គ្នា​ដែល​ជា​អ្នក​ធ្វើ​ការ​ផ្នែក​ម៉ាស្សា​សម្រួល​សរសៃ។ ជា​ចំណង​នៃ​អាពាហ៍ពិពាហ៍ អ្នក​ទាំង​ពីរ​បាន​ផ្តល់​កំណើត​ឲ្យ​កូន​ប្រុស​ម្នាក់​អាច​មើល​ឃើញ​ភព​ផែនដី ដែល​សព្វថ្ងៃ​គេ​កំពុង​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។