ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ចំណាកស្រុក​ទៅ​លើ​កុមារ

ដោយ អាស៊ីសេរី
2017-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​កុមារ​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
សកម្មភាព​កុមារ​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ​ហៅ​កាត់​ថា អង្គការ​យូនីសហ្វ (UNICEF) បាន​ចេញរបាយការណ៍​សិក្សាស្រាវជ្រាវ​សង្ខេប​មួយ ស្ដីពី​ផល​ប៉ះពាល់​លើ​កុមារ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​រាជធានី​ខេត្ត គោលដៅ​នៃ​ប្រទេស​កម្ពុជា។

របាយការណ៍​នោះ​គឺ​ជា​ការសិក្សា​ជំហាន​ដំបូង ពី​ផល​ប៉ះពាល់​ទៅ​លើ​កុមារ ទាំង​កុមារ​ដែល​ត្រូវ​ឪពុក​ម្ដាយ​ទុក​ចោល​នៅ​ផ្ទះ និង​កុមារ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ជាមួយ​ពួកគេ។

អង្គការ​យូនីសហ្វ​ក៏​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ទៅ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​កែ​លម្អ​ផល​ប៉ះពាល់​ទាំង​នោះ។

របាយការណ៍​សង្ខេប​កម្រាស់២០​ទំព័រ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២ ខែ តុលា​របស់​អង្គការ​យូនីសេហ្វ រក​ឃើញ​ថា មាន​ផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ឪពុក​ម្ដាយ ទៅ​លើ​កុមារ ក្នុង​នោះ​រួម​មាន ផល​ប៉ះពាល់​លើ​ផ្នែក​ការ​រស់​នៅ ការអប់រំ កិច្ចការពារ​កុមារ​សុខុមាលភាព ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​កុមារ។

ក្នុង​របាយការណ៍​នោះ​បង្ហាញ​ដែរ​ថា ដោយសារ​មាន​ការ​កើន​ឡើង​នូវ​ចំណាកស្រុក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទើប​យូនីសេហ្វ បាន​រៀបចំ​អោយ​មាន​ការសិក្សា​នេះ​ឡើង ដើម្បី​វាយតម្លៃ​លើ​ផល​ប៉ះពាល់​លើ​កុមារ។ ការ​ប្រមូល​ទិន្នន័យ​ធ្វើ​ឡើង​តាមរយៈ​ការពិភាក្សា​ក្រុម​គោលដៅ​ចំនួន​២៩ មាន​អ្នក​ចូលរួម​ចំនួន ២៥១​នាក់ (មនុស្ស​ពេញ​វ័យ ជា​ឪពុក​ម្ដាយ អាណាព្យាបាល និង​ជីដូនជីតា ចំនួន​៦២​នាក់ និង​កុមារ​១៨៩​នាក់​ទាំង​កុមារ​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ឪពុក​ម្ដាយ និង​ត្រូវ​ទុក​ចោល​តាម​ភូមិ) ដោយ​បាន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​គោលដៅ មាន​បាត់ដំបង ប៉ោយប៉ែត បន្ទាយ​មាន​ជ័យ ព្រៃវែង និង​សៀមរាប។

ការសិក្សា​នេះ​បាន​រក​ឃើញ​ជាថ្មី​ម្ដងទៀត ដែល​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​ថា ហេតុផល​ធំជាង​គេ​ដែល​នាំ​អោយ​គ្រួសារ​ធ្វើ​ចំណាក​ស្រុក​គឺ​ហេតុផល​ហិរញ្ញវត្ថុ​គ្រួសារ។

ក្នុង​ចំណោម​ករណី​សិក្សា​ចំនួន​៧ គឺ​មាន​ចំនួន​៦ ដែល​មាន​បញ្ហា​ស្រដៀង​ៗ​គ្នា ក្នុង​នោះ​គឺ​មាន​សមាជិក​គ្រួសារ​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ប្រើប្រាស់​ដី​ជា​វត្ថុ​បញ្ចាំ ដើម្បី​ខ្ចី​លុយ​មក​រ៉ាប់រង​ថ្លៃ​ព្យាបាល។ ជារឿយៗ ពួកគេ​ក៏​បាន​ខ្ចី​ពី​ម្ចាស់​បំណុល​មួយ​យក​ទៅ​សង​ម្ចាស់​បំណុល​មួយទៀត។ ក្នុង​នោះ​ពួកគេ​បាន​ជំពាក់​បំណុល​ចន្លោះ​ពី ១ពាន់ (.០០០) ទៅ១ម៉ឺន (១០.០០០) ដុល្លារ។

របាយការណ៍​ដដែល​រក​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ដែល​មាត្រា១២ ចែង​ថា គួរ​មាន​ការពិចារណា​ពី​ទស្សនៈ​របស់​កុមារ​ពាក់​ព័ន្ធ​នឹង​ការសម្រេចចិត្ត ដែល​ប៉ះពាល់​ដល់​ជីវិត និង​សុខុមាលភាព​របស់​ពួកគេ។ ប៉ុន្តែ​កុមារ​ភាគច្រើន​ក្នុង​ចំណោម ១៨៩​នាក់ ដែល​បាន​សាកសួរ​បញ្ជាក់​ថា​ពុំ​មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​កុមារ​ឡើយ​នៅ​ពេល ដែល​ឪពុក​ម្ដាយ​របស់​ពួកគេ​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក។ ក្នុង​នោះ​មាន​តែ​កុមារ​២នាក់​ត្រូវ​បាន​សាកសួរ​ថា​តើ​ពួកគេ​ចង់​ទៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​គេ​ឬ​អត់។ កុមារ​តូច​ៗ​ជាច្រើន​ត្រូវ​បាន​ទុក​ចោល​អោយ​នៅ​ជាមួយ​ជីដូន​ជីតា ឬ​សាច់ញាតិ​ខណៈ​កុមារ​អាយុ​លើស​១៥ ឆ្នាំ​ច្រើន​តែ​ធ្វើ​ដំណើរ​ទៅ​តាម​ឪពុកម្ដាយ ឬ​សាច់ញាតិ ជាទូទៅ​ពួកគេ​ទៅ​ធ្វើ​ការ​ដែរ។

ចំពោះ​កុមារ​ដែល​ត្រូវ​ទុក​ចោល​ច្រើន​តែ​បោះបង់​ការសិក្សា ជាពិសេស​កុមារី ដោយ​ហេតុ​ថា​ពួកគេ​ត្រូវ​រួមចំណែក​ធ្វើ​ការងារ​ផ្ទះ និង​រកចំណូល​ជួយ​គ្រួសារ ឬ​មាន​ចំណាប់​អារម្មណ៍​តិចតួច ​លើ​ការ​រៀន​សូត្រ។ ប៉ុន្តែ​ក៏​មាន​ការ​អះអាង​ពី​លទ្ធផល​នៃ​ការសិក្សា​កាន់តែ​ល្អ​របស់​កុមារ​ដែរ ដោយ​សារ​ជីវភាព​ពួកគេ​កើន​ឡើង។ ជា​ញឹក​ញយ​កុមារ​ជួប​ប្រទះ​នឹង​ការ​គំរាម​កំហែង​ចំពោះ​សុវត្ថិភាព ការ​បំពារបំពាន​ផ្លូវ​ភេទ និង​ផ្លូវកាយ​នៅ​ពេល​ទុក​អោយ​នៅ​ជាមួយ​សាច់​ញាតិ។ កុមារ​តូចៗ​​រហូត​ដល់​អាយុ​២​ឆ្នាំ​ធ្លាប់​ត្រូវ​ទុក​ចោល​អោយ​នៅ​តែ​ឯង​យូរ​អាច​ជាច្រើន​ថ្ងៃ ច្រើន​សប្ដាហ៍ ទាំង​ដឹង​ថា​អាច​មាន​គ្រោះ​ថ្នាក់​សម្រាប់​ពួកគេ ប៉ុន្តែ​ត្រូវ​ពន្យល់​ថា​គឺ​ដោយសារ​ពុំ​អាច​រក​អ្នកណា​អោយ​ជួយ​មើល​បាន។ ពួកគេ​ក៏​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវចិត្ត​ដូចជា​ការ​រំខាន​ទំនាក់ទំនង​រវាង​ឪពុកម្ដាយ និង​កូន​ជាដើម។

ត្រង់​ចំណុច​នេះ ចំពោះ​អ្នក​សិក្សា​ការអភិវឌ្ឍ​សង្គម​ជា​ពិសេស លោក បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត​ធ្លាប់​បាន​លើក​ឡើង​ថា ភូមិ​ដែល​មាន​អ្នក​ចំណាក​ស្រុក​ច្រើន​គឺ​ជា​ភូមិ​យាយ​ចាស់​មាន​កូន​ខ្ចី ពោល​គឺ​បន្ទុក​ថែទាំ​កុមារ​ត្រូវ​ធ្លាក់​ទៅ​លើ​ជីដូន​ជីតា​វ័យ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ៖ «ភាគ​ច្រើន​យុវជន​គាត់​ចំណាក​ស្រុក​គាត់​ទុក​កូនៗ​នៅ​ស្រុក​ឲ្យ​យាយៗ តាៗ​ជួយ​មើល ជា​បន្ទុក​មួយ។ បើ​កូន​នោះ​ផ្ញើ​លុយ​មក​មិន​អី​ទេ ប៉ុន្តែ​បើ​កូន​ខ្លះ​គាត់​អត់​មាន​លទ្ធភាព​ផ្ញើ​លុយ​មក​ទេ យាយ​តា​នោះ​លំបាក​ជាមួយ​ចៅ​ហើយ ដែល​នេះ​ហើយ​ទាក់ទង​ការ​អប់រំ»

ចំណែក​កុមារ​ទៅ​តាម​ឪពុកម្ដាយ​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ដដែល​បង្ហាញ​ថា បញ្ហា​ធំ​របស់​ពួកគេ​គឺ​ការសិក្សា បញ្ហា​ការពារ​កុមារ និង ពលកម្ម​កុមារ។ កុមារ​ដែល​ចំណាក​ស្រុក​មកកាន់​ទីក្រុង ជួប​ការ​លំបាក​ក្នុង​ការ​ចុះឈ្មោះ​ចូលរៀន​ឡើង​វិញ​ដោយសារ​បញ្ហា​សំបុត្រ​កំណើត និង​កម្រៃ​សេវា​ក្រៅផ្លូវការ។ នៅ​ពេល​បាន​ចូលរៀន​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ជួប​ការ​​លំបាក​ដោយសារ​ចំណាយ​ខ្ពស់​ក្នុង​ការ​បង់​ថ្លៃ​សាលារៀន​ក្រៅ​ផ្លូវការ។ ការសិក្សា​ក្នុង​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា កុមារ​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​នឹង​ត្រូវ​គេ​ធ្វើ​អោយ​អាម៉ាស់​មុខ ហាម​ឃាត់​មិន​អោយ​ចូល​រួម​ពេញ​លេញ​ក្នុង​ថ្នាក់រៀន ឬ​អាច​ប្រឡង​មិន​ជាប់​ដើម្បី​បាន​ឡើង​ថ្នាក់។

ចំណែក​កុមារ​ដែល​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​ការអប់រំ​ដែរ បញ្ហា​ទាំង​នោះ​រួម​មាន​ខ្វះខាត​ឯកសារ​ត្រឹមត្រូវ ភាព​ចាំបាច់​ក្នុង​ការ​រក​ប្រាក់​ចំណូល និង​ការប្រែប្រួល​នៃ រយៈពេល​ស្នាក់នៅ និង​ភាព​មិន​ស្របច្បាប់។ កុមារ​ដែល​មាន​អាយុ​ពី​១៥ ដល់​១៨​ឆ្នាំ​ពិបាក​នឹង​បាន​បន្ត​ការសិក្សា នៅ​ពេល​ដែល​វ័យ​របស់​ពួកគេ​សមស្រប​នឹង​ធ្វើ​ការងារ​ពេញ​ម៉ោង។

ករណី​ខ្លះ​ទៀត​កុមារ​ដែល​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​តែ​ឯង​គឺ​កាន់តែ​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច និង​គ្រោះថ្នាក់​ផ្សេងៗ។ ជាមួយ​គ្នា​នេះ​កុមារ​មាន​អាយុ​ច្រើន​ត្រូវ​ទៅ​ធ្វើ​ការងារ​សំណង់​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ការងារ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ កុមារ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា​ការ​បង្ខំ​អោយ​សុំ​ទាន ធ្វើ​ការងារ​ដោយ​គ្មាន​ច្បាប់​ត្រូវ​តម្រួត​ថៃ​ចាប់​ខ្លួន បញ្ជូន​មក​វិញ ដោយ​បែក​ខ្ញែក​ពី​ឪពុក​ម្ដាយ កុមារ​ខ្លះ​ត្រូវ​បញ្ជូន​មកវិញ​ភ្លាម​ខ្លះ​ទៀត​ត្រូវ ឃុំ​ក្នុង​មណ្ឌល ពី​៨​ខែ​ទៅ​ជាង​១ឆ្នាំ។

ក្នុង​មណ្ឌល​ទាំង​នោះ​មាន​លាយឡំ​ដោយ​មនុស្ស​អនាថា​ដែល​ពេញ​វ័យ ហើយ​បុគ្គលិក​ក្នុង​មណ្ឌល​ត្រូវ​ចាត់​ទុក​ជា​អ្នក​ត្រួត​ពិនិត្យ​កុមារ មិនមែន​អ្នក​ថែទាំ​កុមារ​ឡើយ ដែល​ពេល​ខ្លះ​ក៏​មាន​ករណី​រំលោភបំពាន​ផ្លូវ​កាយ និង​ផ្លូវ​ភេទ​កុមារ​កើត​ឡើង។ កុមារ​ជាច្រើន​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ហើយ​ត្រូវ​បាន​គេ​នាំ​ទៅ​ស្នាក់​នៅ​មណ្ឌល​សំចត​នៅ​ប៉ោយប៉ែត ដែល​ទី​នោះ​មាន​ការ​ខិតខំ​ជួយ​ស្វែង​រក​ឪពុក​ម្ដាយ។

ទាក់​ទិន​នឹង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ចំណាក​ស្រុក​មក​លើ​កុមារ​នេះ​នៅ​មិន​ទាន់​មាន​លើកឡើង​ណាមួយ​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

កន្លង​ទៅ​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ពាក់​ព័ន្ធ​គឺ​តែង​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ ជាពិសេស​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ខណៈ​ការងារ​ក្នុង​ស្រុក​ខ្វះខាត និង​ប្រាក់​ខែ​ទាប។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង ធ្លាប់​លើក​ឡើង​ថា ការ​គ្រប់​គ្រង​ចំណាក​ស្រុក​បាន​ល្អ​គឺ​ជា​អត្ថប្រយោជន៍៖ «ចំណាកស្រុក​មិន​មែន​ជា​ចំណុច​អវិជ្ជមាន​ទេ បើ​គ្រប់គ្រង​បាន​ល្អ​ហើយ​ពេល​នេះ​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​កំពុង​ប្រកួត​គ្នា​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម»

សម្រាប់​អង្គការ​យូនីសេហ្វ​ដែល​បង្ហាញ​អោយ​ឃើញ​ពី​ផល​ប៉ះពាល់​ចំពោះ​កុមារ​នេះ​ក៏​បាន​លើក​ឡើង​ពី​សេវាកម្ម​មួយ​ចំនួន​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្ដល់​កុមារ​រង​គ្រោះ ដែល​រួម​មាន​សេវា​មណ្ឌល​សំចត ការ​ប្រឹងប្រែង​អោយ​ពលករ​ចំណាក​ស្រុក​បាន​ច្បាប់​អនុញ្ញាត​បំពេញ​ការងារ និង​ការ​ជួយ​សង្គ្រោះ​កុមារ​ជាដើម។ លើស​ពី​នេះ​របាយការណ៍​ដដែល​ក៏​បាន​លើក​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ចំណាកស្រុក​រួម​មាន​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​គួរ​ផ្ដល់​អាទិភាព​ប្រមូល​និង​វិភាគ​ទិន្នន័យ​ពី​ជន​ចំណាកស្រុក និង​កូន​ៗ​របស់​ពួកគេ​នៅ​ពេល​ដែល​ពុំ​មាន​តួលេខ​ច្បាស់លាស់​ពី​ពួកគេ​នៅ​ឡើយ ពន្លឿន​វិសាលភាព​កិច្ច​គាំពារ​សង្គម ដោយ​ផ្ដោត​លើ​គ្រួសារ​ក្រីក្រ ដើម្បី​កាត់​បន្ថយ​ការ​ជាប់​បំណុល​ដោយ​សារ​ការ​ចំណាយ​ខ្ពស់​លើ​សេវា​សុខភាព ពិនិត្យ និង​រៀបចំ ឡើងវិញ​ពី​នីតិវិធី​កំណត់​គ្រួសារ​ក្រីក្រ បង្កើន​ចំនួន​មន្ត្រី​សង្គម​កិច្ច តាម​ស្រុក និង​ឃុំ ដើម្បី​កំណត់​កុមារ​ងាយ​រងគ្រោះ និង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវា​ទារកដ្ឋាន​បម្រើ​ដល់​គ្រួសារ​ចំណាកស្រុក។

ស្របគ្នា​នេះ​ក្រសួង​អប់រំ​គួរ​ធានា​ផ្ដល់​ព័ត៌មាន​ពិត​ពី​បែបបទ​ក្នុង​ការ​ចុះ​ឈ្មោះ​សិស្ស និង​ត្រូវ​បត់​បែន​ជួយ​អោយ​កុមារ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​ចូលរៀន ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ទីតាំង​សិស្ស ពង្រឹង​សេវា​ពិសេស​អប់រំ​យ៉ាង​ហោច​កម្រិត​អប់រំ​មូលដ្ឋាន​សម្រាប់​កុមារ​ចំណាកស្រុក​អាយុ​ពី​១៥ ដល់ ១៨​ឆ្នាំ និង​ទទួល​ស្គាល់​សាលារៀន​សហគមន៍​នៅ​តាម​តំបន់​របស់​ជន​ចំណាកស្រុក។ ចំពោះ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដៃ​គូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​វិញ​គឺ​គួរ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ស្រាវជ្រាវ​ថ្មីៗ ដើម្បី​បំពេញ​ភាព​ខ្វះខាត​ចំណេះដឹង​ពី​ផល​ប៉ះពាល់​លើ​កុមារ​ចំណាក​ស្រុក គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​កំណត់​រក​កុមារ​ងាយ​រងគ្រោះ ពិនិត្យ​តាម​ដាន​សុខុមាលភាព​របស់​ពួកគេ​ដូចជា​ផ្ដល់​ជំនួយ​សង្គម និង​ការពារ​កុមារ កសាង​សមត្ថភាព ក្រសួង​សង្គម​កិច្ច ដើម្បី​ផ្ដល់​សេវា​សុខុមាលភាព​សង្គម​នៅ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល