សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងសហជីពមោទនភាពកម្មករខ្មែរ ដែលការពារសិទ្ធិឲ្យកម្មកររោងចក្រកាត់ដេរអ៊ីហ្គាមិន បានដាក់ពាក្យប្ដឹងគ្នាទៅវិញទៅមករឿងបង្ករបួសស្នាមទៅអាជ្ញាធរឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែកុម្ភៈ។
ការដាក់ពាក្យប្ដឹងគ្នានេះ បន្ទាប់ពីសហជីពទាំង២បានអះអាងរៀងៗខ្លួនថា សហជីពម្ខាងចោទថាចោរប្លន់ ឯម្ខាងទៀតថាជេរគេ ទើបមានជម្លោះវាយតប់ កាលពីល្ងាចម៉ោងជិត៥ ថ្ងៃទី២១ ខែកុម្ភៈ។
តំណាងសហជីពស៊ីខាវឌូ លោក ចាន់ ពៅ ថ្លែងថា នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ក្រោយពីកម្មករកាត់ដេររោងចក្រអ៊ីហ្គាមិន បញ្ចប់ការតវ៉ា ដែលពួកគាត់អ្នកឃ្លាំមើល និងគាំទ្រការតវ៉ានោះ គាត់បានជិះម៉ូតូត្រឡប់មកការិយាល័យសហជីពនៅភ្នំពេញវិញ ស្រាប់តែធ្វើដំណើរមកដល់ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ក្រុមសហជីពមោទនភាពកម្មករខ្មែរ បានលើកគ្នាប្រមាណ ២០នាក់ ជិះម៉ូតូ ១០គ្រឿង ស្ទាក់វាយពួកគាត់ បង្កឲ្យមានរបួសធ្ងន់ និងស្រាល ៧នាក់។
ពួកគាត់បានដឹកអ្នករបួសទៅមន្ទីរពេទ្យបាយ័ន តែពេទ្យមិនទទួល គាត់ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រទៀត។ លោក ចាន់ ពៅ បន្តថា បញ្ហានេះលោកបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំស្វាយរលំ និងប៉ូលិសខេត្តកណ្ដាល ឲ្យជួយដោះស្រាយ៖ «ហើយពួកវាវ៉ៃពួកខ្ញុំ ប្រដាប់ទៅដោយអាវុធមានបំពង់ទីប ដំបងដំដោយដែកគោល និងឥដ្ឋតាន់មួយកំណាត់ៗហ្នឹង គេកាន់មកសម្រាប់វ៉ៃយើងដូចស្នាប់ដៃអីចឹង បានយើងរបួសធ្ងន់ធ្ងរហ្នឹង»។
លោក ប៊ុត ប៊ុនឈាន អាយុ ៣០ឆ្នាំ បញ្ចប់មហាវិទ្យាល័យច្បាប់ និងជាសមាជិកសហជីពស៊ីខាវឌូ ថ្លែងថា គាត់បានរងរបួសជាទម្ងន់ និងមិត្តរួមការងារ ៣នាក់ទៀត របួសធ្ងន់ដែរ សរុបអ្នករងរបួសធ្ងន់ និងស្រាល ៧នាក់។ លោកអំពាវនាវសុំឲ្យអាជ្ញាធរខេត្តកណ្ដាល និងរដ្ឋាភិបាលទប់ស្កាត់អំពើឆ្មក់វាយមនុស្សកណ្ដាលផ្លូវនេះ និងសូមឲ្យមានការដោះស្រាយបណ្ដឹងពួកគាត់ឲ្យមានយុត្តិធម៌ស្របតាមច្បាប់៖ «ខ្ញុំត្រូវទាមទារក្នុងសិទ្ធិសេរីភាពជាមួយថៅកែ ហើយក្នុងនាមសហជីព គេហ្នឹង គឺគេការពារប្រយោជន៍ឲ្យថៅកែ អីចឹងគេអត់ពេញចិត្តនូវអ្វីដែលយើងទាមទារឲ្យកម្មករទេ។ បើគេជាសហជីពដែលហៅថាសហជីពការពារកម្មករនោះ គេនឹងចូលរួមក៏ដូចជាជួយជំរុញឲ្យការអនុវត្តហ្នឹងមានភាពល្អប្រសើរ ប៉ុន្តែនេះមិនមែនអីចឹងទេ គឺគេការពារឲ្យថៅកែ គេមិនចង់ឲ្យយើងទាមទារ»។
អនុប្រធានសហជីពមោទនភាពកម្មករខ្មែរ លោក រុំ វាសនា បានបដិសេធថា មិនបានបង្កការវាយដំទៅសមាជិកសហជីពស៊ីខាវឌូ ទេ។ លោកថា ក្រុមគាត់បញ្ចប់ការតវ៉ាក៏ត្រឡប់ទៅផ្ទះដែរ។ ប៉ុន្តែខាងសហជីពស៊ីខាវឌូ ជេរកម្មករដែលកំពុងទទួលទានអាហារនៅតាមផ្លូវ។ ក្រោយមក ក៏មានការដេញវាយគ្នា ហើយមានឮពាក្យស្រែកថា មានចោរប្លន់ទៀត។ គាត់ឮដូច្នេះ ក៏ឈប់ម៉ូតូជួយមើល ស្រាប់តែខាងសហជីពស៊ីខាវឌូ នោះ ស្ទុះមកបង្កជម្លោះជាមួយគាត់ ទើបមានការវាយបកការពារខ្លួន តែមិនបង្កឲ្យមនុស្សរបួសធ្ងន់ទេ ព្រោះក្រុមស៊ីខាវឌូ រត់ចូលផ្ទះប្រជាជនភូមិលេខ១ ឲ្យគេជួយ។
លោក រុំ វាសនា៖ «រត់ទៅសួរថា មានប្លន់កន្លែងណា អ្ហែងចេះតែបង្ខូចអីចឹង។ ហើយដល់អីចឹងទៅ វារត់ចូលទៅក្នុងផ្ទះគេ វាទាញស្នប់មករកវ៉ៃកូនចៅខ្ញុំហ្នឹង កូនចៅខ្ញុំក៏បានការពារខ្លួនដែរ វាទៅទាញអាដំបងជន្ទល់ផ្ទះប្រវែងណាណី ចេញរាងក្រឡាៗមកការពារខ្លួនហ្នឹង ហើយអត់មានបានទៅប្រតាយប្រតប់វ៉ៃគ្នាឯណា»។
ប្រធានសហជីពមោទនភាពកម្មករខ្មែរ លោក ហុង សម្បត្តិ ថ្លែងថា សហជីពនេះបានដាក់ពាក្យប្ដឹងសហជីពស៊ីខាវឌូ ថាមានរំលោភសិទ្ធិពួកគាត់ ដើម្បីឲ្យអាជ្ញាធរឃុំស្វាយរលំ ជួយដោះស្រាយ។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងអាជ្ញាធរឃុំស្វាយរលំ ស្រុកស្អាង ជម្រាបសួរព័ត៌មានចោទដាក់គ្នានៃសហជីពទាំង២នោះបានទេ នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ។
បុគ្គលិករោងចក្រកាត់ដេរអ៊ីហ្គាមិន សុំមិនបញ្ចេញឈ្មោះ ថ្លែងថា កម្មករបានធ្វើកូដកម្មទាមទារផលប្រយោជន៍ ១៤ចំណុច និងសុំដំឡើងប្រាក់ខែគោលពីជាង ៦០ដុល្លារ ទៅជិត ១០០ដុល្លារ តាំងពីថ្ងៃទី២៤ ខែមករា មកដល់ពេលនេះ។ លោកថា ទោះជាមានសហជីពឈ្លោះគ្នាយ៉ាងណា ក៏កម្មករ ៩៥% ក្នុងចំណោមកម្មករជិត ៤ពាន់នាក់ បានចូលធ្វើការជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។