បទល្មើស​គ្រឿង​ញៀន​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2015.07.11
ខេត្ត​កំពង់ឆ្នាំង ៣០៥ និមិត្តរូប​នៃ​ខេត្ត​កំពង់ឆ្នាំង
RFA/Mom Sophon

របាយការណ៍​របស់​អាជ្ញាធរ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បង្ហាញ​ថា បទល្មើស​ប្រភេទ​នេះ កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពង់ឆ្នាំង។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ សម្ដែង​ក្ដី​បារម្ភ​ផង និង​សាទរ​ចំពោះ​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផង។

ស្នងការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច និង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង បាន​បង្ហាញ​របាយការណ៍​បទល្មើស​គ្រឿង​ញៀន​របស់​ខ្លួន​រយៈ​ពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៥។ សមត្ថកិច្ច​បង្ក្រាប​បាន​​ ៤៧​ករណី ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ១០៧​នាក់ ជាមួយនឹង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​គ្រាប់​ ៧០​គ្រាប់ ម៉ា​ទឹកកក ២៣០​កញ្ចប់​តូច អាវុធ​កែច្នៃ​ចំនួន ៥​ដើម និង​វត្ថុតាង​មួយ​ចំនួន​ទៀត។

ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ដើម​ឆ្នាំ​២០១៥ បាន​កើន​ឡើង ២១​ករណី បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ដែល​កាល​ណោះ​ឃាត់​ខ្លួន​មនុស្ស​បាន ១៤​នាក់ និង​វត្ថុតាង​មួយ​ចំនួន។

ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​លោក ជុន ថារិទ្ធ បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​របាយការណ៍​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នេះ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ដោយ​លោក​ប្រាប់​ថា រាល់​បទសម្ភាសន៍​ទាក់​ទង​នឹង​គ្រឿង​ញៀន​ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​អគ្គស្នងការ​នគរ​បាល​ជាតិ​ជាមុន។ ប៉ុន្ដែ​លោក​បង្ហើប​ថា កំពង់ឆ្នាំង មិន​មែន​ជា​ទីតាំង​ផលិត​គ្រឿង​ញៀន​ទេ ប៉ុន្តែ​វា​បាន​រង​ឥទ្ធិពល​ពី​ប្រទេស​ជិត​ខាង តាម​រយៈ​ការ​នាំ​ចូល និង​ចែកចាយ​របស់​​ឧក្រិដ្ឋ​ជននៅ​តាម​ក្រុង​ខ្លះ​នៃ​ប្រទេស​កម្ពុជា។

លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ខ្នះខ្នែង​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន តាម​រយៈ​វិធានការ​ចុះ​ត្រួត​ពិនិត្យ​ផ្ទះ​សំណាក់ ឬ​បន្ទប់​ជួល ដាក់​កម្លាំង​ល្បាត​តាម​គោល​ដៅ​សំខាន់ៗ កំណត់​មុខ​សញ្ញា​បន្ដ​តាមដាន​លើ​ជន​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ទាក់ទង​​គ្រឿង​ញៀន និង​វិធានការ​ផ្សព្វផ្សាយ​តាម​គ្រឹះស្ថាន​សិក្សា។

ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា (DARAC) លោក មាស សុវណ្ណ ថ្លែង​ថា ករណី​បង្ក្រាប និង​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​​គ្រឿង​ញៀន​​ ​បាន​កើន​ឡើង​គ្រប់​ទី​កន្លែង ដែល​តួលេខ​កើន​ឡើង​នេះ​អាច​បណ្ដាល​មក​ពី​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ប្រទេស​កើត​មាន​ច្រើន​ជាង​មុន និង​​មួយ​ទៀត មក​ពី​សមត្ថកិច្ច​សកម្ម​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ជាង​មុន។

លោក​បញ្ជាក់​ថា គ្រាន់​តែ​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ មណ្ឌល​របស់​លោក​ទទួល​ជន​រង​គ្រោះ​ដោយ​គ្រឿង​ញៀន​ចំនួន ១៨១​នាក់ ដែល​រយៈពេល​មួយ​ឆ្នាំ​ពេញ​កាល​ពី​ឆ្នាំ​២០១៤ ខាង​លោក​ទទួល​បាន​តែ​ជាង ៣០០​នាក់។ ប៉ុន្ដែ​លោក​សង្ឃឹម​ថា ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ​ករណី​គ្រឿង​ញៀន​អាច​នឹង​ថយ​ចុះ​ច្រើន បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​បន្ត​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ដូច​នៅ​ដើម​ឆ្នាំ​២០១៥ នេះ៖ «ខ្ញុំ​គិត​ថា បើ​សិន​រួម​គ្នា​យ៉ាង​សកម្ម​របស់​ក្រុម​ជំនាញ​ទាំង​អស់ គឺ​ថ្នាក់​ជាតិ ចុះ​ដល់​ថ្នាក់​ក្រោម​ជាតិ ហើយ​រួម​ដៃ​ជាមួយ​សហគមន៍​ដូច​ជា មេ​ភូមិ មេ​ឃុំ និង​ចៅហ្វាយ​ស្រុក ត្រូវ​សហការ​គ្នា ដើម្បី​យើង​កាត់​បន្ថយ ជាពិសេស​យុវវ័យ​នៅ​តាម​សហគមន៍​កុំ​បណ្ដែតបណ្ដោយ​ឲ្យ​គាត់​ធ្វើ​តាម​ចិត្ត»

ក្រោយ​ពី​ការ​ប្រកាស​វិធានការ​រួម​គ្នា​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២ ថា "អាស៊ាន​គ្មាន​គ្រឿង​ញៀន" ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​មួយ​ដែរ​នោះ ​នៅ​មាន​ភាព​អសកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​នៅ​ឡើយ ប៉ុន្តែ​ចាប់​ពី​ដើម​ឆ្នាំ​២០១៥ មក គេ​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ បាន​ចេញ​បេសកកម្ម​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។