“អាជ្ញាធរ​គួរ​រឹត​បន្តឹង​បញ្ហា​គ្រឿង​ញៀន​ទៅ​លើ​អ្នក​អនុវត្ត​ច្បាប់​ជាជាង​ចាប់​អ្នក​ប្រើ​តូចតាច"

ដោយ វ៉ែន សុមេធ
2018.01.09
ម៉ក់ ជីតូ គ្រឿងញៀន ២០១៧ ៨៥៥ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន បាន​គាំទ្រ​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ជាតិ ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​២០១៧ មក។ ទន្ទឹម​នឹង​គ្នា​នេះ ពួកគេ​មើល​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​ដែល​អាជ្ញាធរ​ជាតិ​គួរ​តែ​ប្ដូរ​យុទ្ធសាស្ត្រ​បង្ក្រាប​ដើម្បី​ឲ្យ​យុទ្ធនាការ​បោស​សំអាត​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាជាង​ចាប់​តែ​អ្នក​ប្រើប្រាស់​កំប៉ិកកំប៉ុក​ស្ទើរ​តែ​រក​ពន្ធនាគារ​ដាក់​គ្មាន។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​យល់​ថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ជាតិ​គួរ​តែ​រឹត​បន្តឹង​លើ​មន្ត្រី​អនុវត្ត​ច្បាប់​វិញ​ម្ដង ជា​ជាង​ចាប់​តែ​អ្នក​ប្រើប្រាស់​តូចតាច។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន វាយ.អរ.ឌី.ភី (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ កំណើន​នៃ​អ្នក​ប្រើប្រាស់ និង​ការ​បង្ក្រាប ការ​ដកហូត និង​ចាប់​បាន​កំពុង​ដើរ​ស្រប​គ្នា។ លោក​ថា កាល​ពី ១៥​ឆ្នាំ​មុន ការ​ប្រើប្រាស់​គ្រឿង​ញៀន​មាន​តែ​នៅ​ទីប្រជុំជន ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​គ្រប​ដណ្ដប់ និង​ដុះដាល​ទៅ​ដល់​ជនបទ​ទៀត​ផង។ ដូច្នេះ​លទ្ធផល​ដែល​បង្ក្រាប​បាន​ច្រើន​វា​ពុំ​មែន​ជា​រឿង​ប្លែក​នោះ​ទេ។

លោក ជាង សុខា យល់​ថា ការ​រឹត​បន្តឹង​ចំពោះ​មន្ត្រី​ជំនាញ និង​មន្ត្រី​អនុវត្ត​ផ្ទាល់ បើ​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដោយ​ឲ្យ​មាន​លំហូរ​ចូល​គ្រឿងញៀន​នោះ គឺ​ត្រូវ​ដក​ចេញ​ពី​តួនាទី​តែ​ម្ដង៖ «ចំណុច​សំខាន់​តើ​សំណួរ​សួរ​ថា វា​ចូល​មក​តាម​ច្រក​ណា? ហើយ​ច្រក​ហ្នឹង​នៅ​តែ​មាន​ចូល​គឺ​អ្នក​ដែល​ឈរ​នៅ​ច្រក​ហ្នឹង​ត្រូវ​តែ​ដក​ចេញ​ពី​តួនាទី​នោះ​បាន​វា​អាច​ជោគជ័យ។ វា​មាន​ផ្លូវ​របស់​វា ផ្លូវ​នីមួយៗ​នៃ​ការ​នាំ​ចូល​នោះ​គឺ​មាន​អ្នក​មានសមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ ជា​ពិសេស​ប៉ូលិស នៅ​តាម​ព្រំដែន​ដែល​មាន​ការ​នាំ​ចូល​ថា​តើ​នាំ​ចូល​អ្វី​ខ្លះ? កន្លែង​នេះ​ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់»

ពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ លោក ជី គឹមស៊ិញ ថ្លែង​ថា លោក​ឃើញ​យុទ្ធនាការ​បង្ក្រាប​នេះ​ជា​ញឹកញាប់​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ធ្វើ​ទៅ​លើ​អ្នក​ប្រើប្រាស់ ពិសេស​យុវជន​នៅ​តាម​ភូមិ​ឃុំ​នានា សិស្ស​សាលា និង​អ្នក​ជួញដូរ​ក៏​មាន។ ប៉ុន្តែ​លោក​ជឿ​ថា បើ​ប្ដូរ​យុទ្ធសាស្ត្រ​ងាក​ទៅ​ពង្រឹង​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​វិញ ពោល​គឺ​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ទទួល​សំណូក ឬ​បើក​ដៃ​ឲ្យ​មាន​ចរាចរណ៍​គ្រឿងញៀន ហើយ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​នោះ​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​យល់​ថា​ ពលរដ្ឋ​នឹង​មើល​គំរូ​មន្ត្រី​អនុវត្ត​ច្បាប់ ខ្លាច​អាជ្ញាធរ​ហើយ​លោក​ជឿ​ថា នឹង​អាច​កាត់​បន្ថយ​បាន​ច្រើន៖ «រឿង​មួយ​ដែល​ខ្ញុំ​បារម្ភ​ដោយសារ​តែ​អ្នក​ធ្វើ​ការងារ​រាជការ ខ្ញុំ​និយាយ​ជា​ទូទៅ​ភាគ​ច្រើន​ហោប៉ៅ​របស់​គាត់​នៅ​ចំហ ហោប៉ៅ​គាត់​អត់​ដែល​ពេញ​ទេ គាត់​នៅ​ត្រូវការ​ទទួល​ទាំង​អស់​កន្លែង​ណា​មាន​ផល​ប្រយោជន៍​ធ្វើ​ដើម្បី​មុខមាត់​គាត់ គាត់​បង្ក្រាប ហើយ​បើ​សិន​ជា​ប្រទេស​យើង​នៅ​តែ​មាន​មន្ត្រី​ពុករលួយ​ដរាប​នោះ គ្រឿងញៀន​មិន​អាច​បំបាត់​ចោល​ទាំង​ស្រុង​ទេ គឺ​នៅ​តែ​មាន​កៀនកោះ ត្រូវ​រឹត​បន្តឹង​តាំង​ពី​ថ្នាក់​ភូមិ ឃុំ ឲ្យ​គាត់​ស្វែង​យល់​អំពី​ផល​ប៉ះពាល់​គ្រឿងញៀន»

ក្ដី​បារម្ភ​នេះ កើត​មាន​ឡើង​នៅ​គ្រា​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បើក​យុទ្ធនាការ​ពេញ​មួយ​ឆ្នាំ​២០១៧ និង​បង្ហាញ​លទ្ធផល​ជា​បន្ត​បន្ទាប់។ របាយការណ៍​បឋម​របស់​សមត្ថកិច្ច​អនុវត្ត​ច្បាប់ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ការ​បង្ក្រាប​បទល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ទូទាំង​ប្រទេស​មាន​ចំនួន ជាង ៨​ពាន់​ករណី (៨.១៥២)។ក្នុង​នោះ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជិត ២​ម៉ឺន​នាក់ (១៧.៨៧៧) ដក​ហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ១៧៣ គីឡូក្រាម ស្មើ​នឹង ៨៨៦ កញ្ចប់ និង​កញ្ឆា​ក្រៀម​ជាង ១១៣​គីឡូក្រាម។ ករណី​ទាំង​នេះ​ជន​ល្មើស​បាន​នាំ​គ្រឿងញៀន​ឆ្លង​កាត់​ចូល​ចេញ​តាម​ច្រក ផ្លូវគោក និង​អាកាស។ ចំណែក​តាម​ជើង​យន្តហោះ​ភាគ​ច្រើន​ជនសង្ស័យ​ជា​ជនបរទេស ដោយ​ពួកគេ​ប្រើ​ល្បិច​លាក់​ថ្នាំញៀន​នៅ​ក្នុង​ពោះ ក្នុង​វ៉ាលិស ក្នុង​ស្បែកជើង បង្កប់​នៅ​ត្រង់​ប្រដាប់​ភេទ ចង​ជាប់​ភ្លៅ និង​ចុង​ក្រោយ​នេះ លាក់​នៅ​ម៉ូទីស័រ​រថយន្ត​ក៏​មាន។ ​

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា បាន​ដាក់​សំណួរ​ថា តើ​នៅ​ពេល​ប្រមូល​គ្រឿងញៀន​ទាំង​នេះ​បាន​ហើយ​កម្លាំង​ជំនាញ​យក​វា​ទៅ​ណា? លោក​ថា គួរ​តែ​មាន​ការ​បំផ្លាញ​ចោល​ដោយ​មាន​តម្លាភាព និង​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ចិត្ត នោះ​នឹង​មាន​ការ​គាំទ្រ កិច្ចសហការ​និង​ការ​សាទរ​កាន់​តែ​ខ្ពស់​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ថែម​ទៀត៖ «អា​គ្រឿងញៀន​ដែល​ចាប់​បាន​ម្ដង​ថា​ប៉ុណ្ណេះ​គីឡូ ប៉ុណ្ណេះ​តោន យក​ទៅ​ណា? អា​ហ្នឹង​ធ្វើ​ម៉េច​ឲ្យ​មហាជន​មើល​ឃើញ​ថា វា​មាន​ការ​បំផ្លាញ​ចោល​ជា​សាធារណៈ​ដោយ​តម្លាភាព នេះ​សំខាន់។ បំផ្លាញ​ជា​សាធារណៈ​មិន​យក​គ្រឿងញៀន​ទៅ​ដុត​ចោល​យក​ស្អី​ទៅ​ដុត​ចោល​ផ្សេង​នោះ​ក៏​ជា​បញ្ហា​ដែរ។ យើង​បារម្ភ​ខ្លាច​ក្រែងលោ​អា​ហ្នឹង​គេ​យក​ទៅ​ធ្វើ​ចរាចរណ៍​មួយ​តង់​ទៀត វា​រឹត​តែ​ធ្ងន់​ទៀត»

ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន គ្រាន់​តែ ១​ករណី សមត្ថកិច្ច​នៃ​ស្នងការ​ខែត្រ​ស្ទឹងត្រែង ចាប់​ខ្លួន​ជនជាតិ​ឡាវ ម្នាក់ បាន​រឹប​អូស​គ្រឿងញៀន​ជាង ២​គីឡូក្រាម។ ប្រតិបត្តិ​ការ​បង្ក្រាប​នោះ ឋិត​នៅ​ចំណុច​កោះឫស្សី ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដែល​ជា​តំបន់​សំបូរ​ដោយ​ព្រៃ និង​ទន្លេ។

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ លោក ឈួន មករា បាន​អបអរសាទរ និង​ស្នើ​ឲ្យ​បន្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ចការ​បែប​នេះ​ត​ទៅ​ទៀត។ ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ ថ្វីត្បិត​មាន​យុទ្ធនាការ​បែប​នេះ​ក្ដី បញ្ហា​គ្រឿងញៀន​នៅ​តែ​កើត​មាន​ឡើង​ហាក់​ដូច​ជា​មិន​ទាន់​មាន​ការ​ថយ​ចុះ​សោះ។ លោក​ថា នៅ​តាម​ច្រក​ព្រំដែន​គឺ​ជា​រឿង​សំខាន់​ដែល​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​កំណត់​តំបន់​នោះ ជា​តំបន់​អាទិភាព​ដែល​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់។ បញ្ហា​នេះ​លោក​ខ្វល់​ថា វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​កូន​ចៅ​របស់​លោក និង​ក្មេងៗ​ជំនាន់​ក្រោយ ជាង​នេះ​ទៅ​ទៀត សង្គម​អសន្តិសុខ ហើយ​ប្រទេស​ជាតិ​គ្មាន​ការ​រីកចម្រើន។

ពលរដ្ឋ លោក ឈួន មករា៖ «មនុស្ស​ទូទៅ​តែងតែ​និយាយ​ឧបមា​ថា មាន​បញ្ហា​ដុំៗ​មាន​ការ​ប្រមូល​ផ្ដុំ​យុវជន​អ៊ីចឹង​ទៅ​ច្រើន​តែ​ថា​ពួក​ហ្នឹង​វា​ជក់​ម៉ា​ហើយ វា​ប្រើ​គ្រឿងញៀន​ហើយ​បាន​ជា​វា​មាន​រឿង​មាន​បញ្ហា​អ៊ីចឹង។ បញ្ហា​នេះ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​មាន​ការ​ព្រួយបារម្ភ​ដែរ បើ​សិន​ជា​ការ​ប្រើប្រាស់ និង​ការ​អនុវត្ត​ច្បាប់​មិន​បាន​ធ្វើ​ឲ្យ​បាន​ស៊ីជម្រៅ​ទេ សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន អាច​នឹង​ខូច​អនាគត និង​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​របស់​យើង»

ក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​ថៃ ជាង ១​លាន​ដុល្លារ សម្រាប់​គម្រោង​កម្ពុជា-ថៃ ស្ដីពី​ការ​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នាយ​ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ទទូច​ឲ្យ​មាតាបិតា​អាណាព្យាបាល​គ្រប់​រូប បញ្ជូន​កូន​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​តាម​មជ្ឈមណ្ឌល​ព្យាបាល និង​បន្សាប​គ្រឿងញៀន​នៅ​តាម​មណ្ឌល​សុខភាព​ចំនួន ២៩១​កន្លែង​ទូទាំង​ប្រទេស ដែល​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ នៅ​តាម​មជ្ឈមណ្ឌល​ព្យាបាល និង​បន្សាប​របស់​រដ្ឋ។ លទ្ធភាព​ក្នុង​ការ​ព្យាបាល ​ដោយ​មិន​លាប់​ឡើង​វិញ​ទេ ប្រសិន​ជា​ទទួល​សេវា​ព្យាបាល​បាន​ត្រឹមត្រូវ។

មន្ត្រី​សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍​ថា ក្រៅ​អំពី​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​គ្រឿង​ញៀន​ឲ្យ​បាន​តឹង​រ៉ឹង​នោះ រដ្ឋាភិបាល​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​គ្រឿងញៀន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ បង្កើន​ឱកាស​ការងារ​ឲ្យ​យុវជន​កាន់​តែ​ច្រើន។ យុវជន​ខ្លួន​ឯង​ដែល​បច្ចុប្បន្ន​មាន​ជាង ៤​លាន​កន្លះ​ទូទាំង​ប្រទេស​នោះ ត្រូវ​មាន​ភាព​ឆ្លាតវៃ​ចំពោះ​ការ​សេពគប់​មិត្តភ័ក្ដិ និង​ស្វែង​យល់​ពី​បញ្ហា​នេះ។ បើ​បណ្ដោយ​ឲ្យ​មាន​លំហូរ​ចូល និង​ចរាចរណ៍​គ្រឿង​ញៀន​ពាសពេញ​ប្រទេស​នោះ រដ្ឋាភិបាល​នឹង​រក​ពន្ធនាគារ​ដាក់​អ្នក​ទោស​មិន​អស់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។