ខេត្ត​សៀមរាប​នៅ​តែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​រយៈពេល​៤​ថ្ងៃ​មក​ហើយ

ដោយ ហង្ស សាវយុត
2015.04.25
បង្គោល​អគ្គិសនី​រលំ សៀមរាប ៦២០ បង្គោល​អគ្គិសនី​ដួល​រលំ​ដោយសារ​ខ្យល់​បក់​នៅ​ជាប់​ស្ពាន ក្នុង​ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ប្រជាពលរដ្ឋ​ច្រើន​ម៉ឺន​នាក់​នៅ​ក្នុង​ទីក្រុង​សៀមរាប និង​បណ្ដា​ស្រុក​ដទៃ​ទៀត កំពុង​គ្មាន​អគ្គិសនី​ប្រើប្រាស់​រយៈពេល ៤​ថ្ងៃ​មក​ហើយ។ មនុស្ស​ជាច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រាន្ត​មិន​បាន​នៅ​ពេល​យប់ ខ្វះ​ថាមពល​ប្រើប្រាស់​សាក​ទូរស័ព្ទ​ដៃ និង​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តាម​ផ្ទះ​ជាដើម។

ការ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នេះ បន្ទាប់​ពី​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ខ្លាំង បំផ្លាញ​ផ្ទះ​សម្បែង​អស់​ប្រមាណ ១៦០​ខ្នង និង​រលំ​ដួល​បង្គោល​អគ្គិសនី​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​ឧត្តរមានជ័យ និង​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប អស់​ចំនួន ២៥​បង្គោល​តាំង​តែ​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​ទៅ។

ប្រធាន​អគ្គិសនី​ខេត្ត​សៀមរាប លោក គង់ ពុទ្ធី មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មេសា ថា អង្គភាព​អគ្គិសនី​កំពុង​បញ្ជូន​បុគ្គលិក​ទៅ​កាន់​កន្លែង​គ្រោះ​ធម្មជាតិ ដើម្បី​ជួសជុល​បង្គោល​អគ្គិសនី​ដែល​ដួល​រលំ​នោះ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​រំពឹង​ថា ប្រហែល​ជា​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មេសា អាច​ភ្ជាប់​ចរន្ត​អគ្គិសនី​ឡើង​វិញ។

ជា​ធម្មតា​នៅ​ខេត្ត​សៀមរាប គឺ​ត្រូវ​ការ​កម្លាំង​អគ្គិសនី​សរុប​ប្រមាណ​ជាង ៦០​មេហ្គាវ៉ាត់ ដើម្បី​ចែក​ចាយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ដាច់​ចរន្ត​អគ្គិសនី​ដែល​បន្ត​ពី​ខេត្ត​បន្ទាយមានជ័យ មក គឺ​ខេត្ត​នេះ​មាន​ថាមពល​អគ្គិសនី​តែ ១០​មេហ្គាវ៉ាត់​ប៉ុណ្ណោះ ដើម្បី​ចែក​ចាយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​ផ្ដល់​ទៅ​កន្លែង​នេះ​មួយ​ម៉ោង និង​កន្លែង​ផ្សេង​ទៀត​មួយ​ម៉ោង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។