សមាគម​កសិករ​ពិភាក្សា​ស្វែង​រក​វិធី​ប្រកួត​ផលិតផល​សរីរាង្គ​ក្នុង​ទីផ្សារ​អាស៊ាន

ដោយ អ៊ុក សាវបូរី
2014.03.25
កសិករ​ប្រជុំ ៦១០ សមាជ​កសិករ​ដែល​មាន​តំណាង​សមាគម​កសិករ ១​ពាន់​អង្គភាព​មក​ពី​១៧​ខេត្ត ប្រជុំ​ពិភាក្សា​រក​វិធី​ធ្វើ​ឲ្យ​ផលិតផល​សរីរាង្គ​នៅ​តែ​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អាស៊ាន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Ouk Savborey

កសិករ​ផ្នែក​ដំណាំ​សរីរាង្គ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន ២០០​នាក់ តំណាង​ឲ្យ​សមាគម​កសិករ​ចំនួន ១​ពាន់​អង្គភាព​មក​ពី​ខេត្ត​ចំនួន​១៧ បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ដើម្បី​ស្វែង​រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​ដាំដុះ​ផលិតផល​សរីរាង្គ នៅ​តែ​អាច​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន (Asean) សម្រាប់​ឆ្នាំ​២០១៥។

ប្រធាន​អង្គការ​សេដាក (CEDAC) លោក យ៉ង សាំងកុមារ អះអាង​ថា ការ​បង្រួញ​ដី​ដាំ​ស្រូវ​លើ​ដី​ធំធេង​មិន​បាន​ផល មក​ដាំ​ដំណាំ​សរីរាង្គ​លើ​ដី​តូច តែ​បាន​ផល​ច្រើន និង​ការ​ចិញ្ចឹម​សត្វ ទើប​អាច​ឲ្យ​កសិករ​ទទួល​បាន​ចំណូល​រហ័ស។ ពិសេស​ទៅ​ទៀត គឺ​ការ​ចេះ​សន្សំ​មុន​ចាយ និង​ការ​ចងក្រង​គ្នា​ជា​សហគមន៍​គ្រប់គ្រង​ផលិត​ដំណាំ​បាន​ច្រើន លក់​ថោក​ជាង​គេ ទើប​មាន​និរន្តរភាព​ស្បៀង ហើយ​អាច​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​អាស៊ាន។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាង​មុខ បាន​ធ្វើ​ឲ្យ​កសិករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជួប​ជុំ​គ្នា​ត្រៀម​លក្ខណៈ​ចេះ​ប្រកួត​ប្រជែង​បញ្ជូន​ដំណាំ​ក្នុង​ប្រទេស​នេះ ទៅ​លក់​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា ដើម្បី​ជំរុញ​ឲ្យ​ការ​ដាំដុះ​ផលិតកម្ម​សរីរាង្គ​អាច​ដណ្ដើម​ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី និង​នៅ​លើ​ពិភពលោក​បាន​ប្រសើរ អង្គការ​សេដាក បាន​រៀប​ចំ​ឲ្យ​កសិករ​ប្ដូរ​ទម្លាប់​ពី​ធ្វើ​ស្រែ​ឃ្លោក មក​ធ្វើ​ស្រែ​ខ្លឹម គឺ​បន្ថយ​ដី​ធ្វើ​ស្រែ មក​ដាំ​បន្លែ​ផ្លែ​ឈើ និង​ចិញ្ចឹម​សត្វ ដែល​រហ័ស​បាន​ចំណូល។ កសិករ​ត្រូវ​ឈប់​លក់​ស្រូវ កែច្នៃ​មក​លក់​អង្ករ ដោយ​ទុក​អង្កាម និង​កន្ទក់​សម្រាប់​ចិញ្ចឹម​សត្វ និង​ធ្វើ​ជី​ធម្មជាតិ។ កសិករ​ត្រូវ​សន្សំ​មុន​ចាយ។ បន្ទាប់​ពី​មាន​ធនធាន​ថវិកា និង​ដី​កសិកម្ម កសិករ​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍​កសិករ សហការ​ជាមួយ​អង្គការ​សេដាក គឺ​កសិករ​អាច​បន្ត​នូវ​និរន្តរភាព​ការងារ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង និង​ពង្រីក​សកម្មភាព​អភិវឌ្ឍន៍​កសិករ​ផ្សេង​ទៀត។

លោក​បណ្ឌិត យ៉ង សាំងកុមារ៖ «ហាត់​ធ្វើ​អ្វី​ឲ្យ​បាន​ល្អ ទី​២ គឺ​យើង​ផលិត​យ៉ាង​ម៉េច​ឲ្យ​បាន​ចំណេញ​ឲ្យ​ល្អ​ជាង​គេ ហើយ​ថោក​ជាង​គេ ដើម្បី​ឲ្យ​យើង​លក់​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន។ ទី​៣ យើង​ធ្វើ​ម៉េច​ចង​គ្នា​ជា​ប្រព័ន្ធ​មួយ​ដ៏​ធំ ដើម្បី​ឲ្យ​យើង​ធានា​នូវ​ការ​ផ្គត់ផ្គង់​មួយ​ច្បាស់​លាស់។ ទី​១ យើង​នឹង​ជំនួស​នូវ​ការ​នាំ​ចូល ជាពិសេស គឺ​បន្លែ ឈើ​ហូប​ផ្លែ សាច់​អី ហើយ​ឈាន​ពី​ការ​ជំនួស​ការ​នាំ​ចូល យើង​ឈាន​ទៅ​ការ​នាំ​ចេញ​លក់​ទៅ​ឲ្យ​គេ​វិញ»

កសិករ​មក​ពី​ភូមិ​ក្រាំងស្ពឺ ឃុំ​តាំងក្រូច ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក សន សឺន ថ្លែង​ថា ខេត្ត​កំពង់ស្ពឺ ជា​តំបន់​ខ្សត់​ទឹក។ កាល​ពី ៥​ឆ្នាំ​មុន វិស័យ​កសិកម្ម​ក្នុង​ខេត្ត​មិន​សូវ​ឈាន​មុខ​គេ​ឡើយ។ ប៉ុន្តែ​ក្រោយ​ពី​កសិករ​ចេះ​នូវ​បច្ចេកទេស​កសិកម្ម និង​ការ​ច្នៃ​ប្រឌិត​មក ហើយ​ធ្វើ​ឲ្យ​ការ​ធ្វើ​ស្រែ និង​ដាំ​បន្លែ គឺ​ប្រើ​ទឹក​តិច ហើយ​ដី​ដាំ​ដំណាំ​នោះ គឺ​អាច​ដាំ​បាន​ដល់ ១​ឆ្នាំ ដោយ​មិន​ខូច​ដី៖ «គេ​ជីក​ជា​រង្វង់​ដូច​ជា​កង់​រទេះ ហើយ​គេ​ដាក់​សំរាម​ដាក់​ជី រួច​គេ​ដង​ទឹក​ចាក់​នៅ​ក្នុង​ហ្នឹង។ ដោយ​ឡែក​បន្លែ​គេ​អត់​ដាក់​ក្នុង​ហ្នឹង គេ​ដាំ​នៅ​ខាង​រុក្ខជាតិ​ដែល​វា​ទទួល​ផល​ពី​ចំហាយ​ទឹក គឺ​វា​ខ្លាំង​ណាស់ ដល់​ពេល​វា​ដុះ វា​ចាក់​ឫស​មក​ក្នុង​រង្វង់​យើង​ហ្នឹង ហេតុ​នេះ​ក៏​វា​ស្រូប​យក​ជីវជាតិ​ក៏​បាន​វែង ដំណាំ​នោះ​ក៏​អាយុកាល​វា​វែង​ដែរ ហើយ​ក៏​យើង​មិន​មែន​ដាំ​តែ​ដំណាំ​មួយ​មុខ។ យើង​អាច​ដាំ​ដំឡូងជ្វា ស្ពៃ ត្រឡាច ល្ពៅ សណ្ដែក យើង​ដាំ​ចម្រុះ​គ្នា»

កសិករ​វ័យ​ក្មេង​អាយុ ២៦​ឆ្នាំ ឈ្មោះ វន់ ជា មក​ពី​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ដី​ស្រែ​នៅ​តំបន់​គាត់​ភាគ​ច្រើន​ជា​ដី​ខ្សាច់។ គាត់​បាន​ប្ដូរ​ការ​ដាំដុះ​ពី​ស្រែ​តាម​ទម្លាប់​ប្រើ​ពូជ​ស្រូវ​ច្រើន ហើយ​រំពឹង​តែ​ទឹក​ភ្លៀង​ក្នុង​ការ​ស្រោចស្រព មក​ធ្វើ​ស្រែ​បែប​កែច្នៃ​ដូច​លើក​រង​ដាំ​ស្រូវ និង​ពង្រាប​ដី​ស្រែ​ឲ្យ​ស្មើ ដើម្បី​ឲ្យ​ទឹក​ស្រោច​ក្នុង​ដី​ស្រែ​អស់​ទឹក​តិច ហើយ​ធន់​នឹង​អាកាសធាតុ​រាំង​ស្ងួត​យូរ​ថ្ងៃ៖ «អ៊ីចឹង​តែ​យើង​ដាក់​ទឹក​វា​លិច​ទៅ​ម្ខាងៗ យើង​ដាក់​ជី​ដាក់​អី​ទៅ វា​លិច​ទៅ​ម្ខាងៗ​ធ្វើ​ឲ្យ​អណ្ដូង កន្លែង​ខ្លះ​ហ្នឹង​វា​មាន​ទឹក អា​កន្លែង​ខ្លះ​អត់​មាន​ទឹក។ ដល់​អ៊ីចឹង​ទៅ វា​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​ទឹក​ម្ខាងៗ អត់​ល្អ​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ធ្វើ​ស្រែ​ឲ្យ​ស្មើ»

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​នៃ​អង្គ​សមាជ គឺ​ដើម្បី​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ ដែល​ផ្ដោត​សំខាន់​លើ​ការងារ​សន្សំ​ប្រាក់ ដើម្បី​អាស្រ័យ​លើ​ខ្លួន​ឯង សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ ភាព​ជោគជ័យ​នៃ​ការ​ផលិត និង​ទីផ្សារ​ស្រូវ​សរីរាង្គ ការ​ពង្រីក​ចំនួន​ប្រើប្រាស់​ឡ​ជីវឧស្ម័ន ការ​ដាំ​ដើម​ឈើ ជាដើម។ លោក​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ អង្គការ​នេះ​បាន​ត្រៀម​ស្រូវ​សរីរាង្គ ១.៥០០​តោន សម្រាប់​កិន​អង្ករ​លក់​ឲ្យ​សហរដ្ឋ​អាមេរិក ច្រើន​ជាង​គេ និង​បន្ទាប់​មក គឺ​ក្រុង​ហុងកុង។

លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០១៣ សមាគម​កសិករ​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ស្រូវ​សរីរាង្គ ដោយ​វិធី​ធ្វើ​ស្រែ​មិន​បាច់​ភ្ជួរ​ដី​បាន​ច្រើន​ពាន់​ហិកតារ។ លោក​ថា អង្គការ​នេះ​ក៏​បាន​ប្រកាស​ជូន​រង្វាន់​ដល់​កសិករ​ដែល​ធ្វើ​ស្រែ​អនុវត្ត​តាម​គោលការណ៍​ធម្មជាតិ។ អ្នក​ជាប់​លេខ​១ ទទួល​បាន​នូវ​មេ​គោ ៣​ក្បាល។ អ្នក​ជាប់​លេខ​២ នឹង​បាន​មេ​គោ ២​ក្បាល។ អ្នក​ជាប់​លេខ​៣ នឹង​បាន​មេ​គោ ១​ក្បាល។ អ្នក​ដែល​បាន​ចូល​រួម​ប្រឡង តែ​មិន​បាន​ជាប់​ចំណាត់​ថ្នាក់ នឹង​ទទួល​បាន​អំណោយ​លើក​ទឹក​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។