មន្ត្រី​ជលផល​ផ្សព្វផ្សាយ​ពី​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន

ដោយ យាង សុជាមេត្តា
2015.01.03
ណៅ ធួក ៦២០ លោក ណៅ ធួក (ឆ្វេង) ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ចាប់​ផ្ដើម​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង រវាង​កម្ពុជា និង​ឡាវ នា​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

មន្ត្រី​ជំនាញ​ផ្នែក​ធនធាន​ជលផល រំពឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ធនធាន​ជលផល​បាន​មក​ពី​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ អាច​លែង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ទិន្នផល​ត្រី​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​រវាង​កម្ពុជា និង​ឡាវ សម្រេច​បាន​ដូច​ការ​គ្រោង​ទុក។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង រវាង​កម្ពុជា និង​ឡាវ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ហេតុ​ថា ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ធនធាន​ត្រី ដែល​បាន​មក​ពី​ទន្លេ​មេគង្គ ដើម្បី​ធ្វើ​ជា​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ការ​ចាប់​ផ្ដើម​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​រវាង​កម្ពុជា និង​ឡាវ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាប នៃ​រដ្ឋបាល​ជលផល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥ នា​សណ្ឋាគារ សាន់វ៉េ (Sunway Hotel) ដែល​មាន​អ្នក​ចូលរួម​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រមាណ​ជាង ៤០​នាក់។

គម្រោង​ដែល​រដ្ឋបាល​ជលផល​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅ​ពេល​នេះ គឺ​ត្រូវ​បាន​ប្រកាស​ឲ្យ​អនុវត្ត​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។ គម្រោង​នេះ​មាន​រយៈពេល ៣​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​ទាំង​ភាគី​កម្ពុជា និង​ឡាវ។ ថវិកា​ជាង​កន្លះ​លាន​ដុល្លារ​នេះ គឺ​ជា​មូលនិធិ​ផ្តល់​ដោយ​ធនាគារ​ពិភពលោក ដែល​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មការ​ទន្លេ​មេគង្គ និង​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ។

គោល​បំណង​នៃ​គម្រោង​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ផ្នែក​ជលផល ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ របស់​កម្ពុជា និង​ក្នុង​ខេត្ត​ចំប៉ាសាក់ (Champassak) និង​ខេត្ត​អាតាពៅ (Attapeu) របស់​ឡាវ រួម​គ្នា​អភិវឌ្ឍ និង​ប្រើប្រាស់​ផែនការ​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ធនធាន​ជលផល និង​ការ​អភិវឌ្ឍ។

ថ្លែង​នៅ​ពេល​ចូលរួម​សិក្ខាសាលា​នា​សណ្ឋាគារ សាន់វ៉េ ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួក មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឡាវ សម្រាប់​ការ​គ្រប់គ្រង​ជលផល​ឆ្លង​ដែន​នេះ នឹង​សម្រេច​បាន​នូវ​គោលដៅ និង​គោល​បំណង​សំខាន់​រួម​គ្នា ដើម្បី​អភិវឌ្ឍ គ្រប់គ្រង និង​អភិបាលកិច្ច​ល្អ​លើ​ធនធាន​មច្ឆា ធនធាន​ទឹក និង​ធនធាន​ពាក់ព័ន្ធ​របស់​អាង​ទន្លេ ព្រម​ទាំង​ផ្តល់​ឱកាស​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន ការ​ដក​ស្រង់​បទពិសោធន៍ ការ​យល់​ដឹង​ផែនការ​វិទ្យាសាស្ត្រ​ពី​គ្នា អំពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ និង​ការ​គ្រប់គ្រង​ជលផល​ឆ្លង​ដែន។

លោក ណៅ ធួក មាន​ប្រសាសន៍​បន្ថែម​ថា ប្រសិន​បើ​មិន​មាន​ការ​គ្រប់គ្រង ឬ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ឡាវ ឬ​វៀតណាម នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ផល​ត្រី​ដែល​ជា​ម្ហូប​អាហារ​ដ៏​សំខាន់​របស់​ពលរដ្ឋ​កម្ពុជា។

នៅ​កម្ពុជា ផ្ទៃ​ដី​ប្រមាណ ៨៦% នៃ​ផ្ទៃដី​សរុប គឺ​ឋិត​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ទន្លេ​សាប និង​ដៃ​ទន្លេ​សាប ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ក៏​ពឹង​ផ្អែក​លើ​ធនធាន​ដែល​បាន​មក​ពី​ទន្លេ​ទាំងអស់​នោះ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ ការ​ផ្សព្វផ្សាយ​អំពី​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​២០១៤ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ និង​ខណៈ​ដែល​ប្រជាពលរដ្ឋ និង​អាជីវករ​ទិញ​ត្រី​ធ្វើ​ប្រហុក​ផ្អក​សម្រាប់​រក្សា​ទុក​បរិភោគ និង​លក់​ប្រចាំ​ឆ្នាំ ក៏​រអ៊ូរទាំ​ថា​តម្លៃ​ត្រី​ថ្លៃ​ជាង​ឆ្នាំ​មុនៗ​ដែរ។

បន្ថែម​ពី​លើ​នេះ ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្ត​ខ្មែរ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ថយ​ចុះ​ទិន្នផល​ត្រី​សម្រាប់​សហគមន៍​របស់​ពួក​គេ​ផង​ដែរ នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​ឡាវ កំពុង​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស៊ីផាន់ដន ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក ណៅ ធួក ថ្លែង​ថា គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​ឆ្លង​ដែន​រវាង​កម្ពុជា និង​ឡាវ នេះ នឹង​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង ពិភាក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជលផល​ក្នុង​ទន្លេ​មេគង្គ ក្នុង​នោះ​ក៏​រួម​មាន​ការ​ពិភាក្សា​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ឡាវ លើ​ទន្លេ​មេគង្គ​ផង​ដែរ។

ទន្លេ​មេគង្គ គឺ​ជា​ទន្លេ​វែង​បំផុត​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រវែង​សរុប​ប្រមាណ ៤.៨០០​គីឡូម៉ែត្រ ហូរ​កាត់​ប្រទេស​ចំនួន​៦ គឺ​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម។ មនុស្ស​ប្រមាណ ៦០​លាន​នាក់ រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ធនធាន​បាន​មក​ពី​ទន្លេ​នេះ ដែល​ផ្តល់​ទិន្នផល​ត្រី​ប្រមាណ ២​លាន ៣​សែន​តោន​ក្នុង​១​ឆ្នាំ។

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា បើ​តាម លោក ណៅ ធួក ទន្លេ​មេគង្គ​បាន​ផ្តល់​ផល​ត្រី​ធម្មជាតិ​ជា​មធ្យម​ប្រមាណ ៥០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ដែល​លោក​ថា​ចំនួន​នេះ គឺ​សមាមាត្រ​ប្រហែល ១០% នៃ​ផល​ទុន​ជាតិ​សរុប​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។