បណ្ដាញ​អ្នក​នេសាទ​ខេត្ត​កំពង់ឆ្នាំង​សន្និដ្ឋាន​ថា​បរិមាណ​ត្រី​ប្រហុក​ចុង​ឆ្នាំ​២០១៥​មាន​តិចតួច

ដោយ ជិន ជេដ្ឋា
2015.09.05
ត្រី​ប្រហុក​ផ្អក កំពង់ឆ្នាំង ៦១០ សកម្មភាព​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក និង​ផ្អក នា​កំពង់ផែ​ផ្សារក្រោម ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤។
RFA/Chin Chetha

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប នៅ​ខេត្ត​កំពង់ឆ្នាំង សន្និដ្ឋាន​ថា បរិមាណ​ត្រី​ប្រហុក​នៅ​ចុង​ឆ្នាំ​២០១៥ មាន​តិច​ជាង​ឆ្នាំ​កន្លង​ទៅ។ ការ​សន្និដ្ឋាន​នេះ បណ្ដាញ​អ្នក​នេសាទ​បាន​បង្ហាញ​មូលហេតុ​ជាច្រើន នៃ​ការ​ថយ​ចុះ​ទិន្នផល​ត្រី នៅ​គ្រា​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ។

តំណាង និង​ប្រជា​នេសាទ​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ថា ត្រី​ក្នុង​បឹង​ទន្លេសាប​កាន់​តែ​ខ្សត់​ទៅ ដោយសារ​ការ​ហូរ​ចូល​នៃ​អ្នក​នេសាទ​ជនជាតិ​វៀតណាម កើន​ឡើង សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម ឬ​ឆេះ​ព្រៃ និង​តំបន់​អភិរក្ស​ពូជ​ត្រី​ខ្លះ ត្រូវ​បាន​ជនល្មើស​បំផ្លាញ​ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ ជាដើម។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​រក​ត្រី​ប្រហុក ឬ​ផ្អក។

បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង លោក ស៊ឹម សុបញ្ញា ថ្លែង​ថា ត្បិត​រូប​លោក​ពុំ​មាន​តួលេខ​កើន​ឡើង ឬ​ថយ​ចុះ​នៃ​ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប តែ​ពលរដ្ឋ​ត្អូញត្អែរ​ពី​តម្លៃ​ត្រី​ធ្វើ​ប្រហុក ឬ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ​ថ្លៃ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ខ្សត់​ត្រី។ លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ​ចង​សន្ទូច ឬ​ដាក់​មង​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ទន្លេសាប ស្ទើរ​មិន​ជាប់​ត្រី​បាន​ហូប​ខ្លួន​ឯង​មួយ​ពេល​ផង៖ «យើង​បញ្ហា​នេះ​រួម​ផ្សំ​គ្នា ហើយ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​ទៀត ផល​នេសាទ​មិន​អាច​កើន​ឡើង​ទេ។ របាយការណ៍​របស់​ជលផល​និយាយ​ថា មាន​អ្នក​នេសាទ​ច្រើន ប៉ុន្តែ​យើង​សង្កេត​មើល​កូន​ចៅ​របស់​អ្នក​នេសាទ ចំណាក​ស្រុក​កាន់​តែ​ច្រើន អ៊ីចឹង​បាន​ន័យ​ថា ផល​ត្រី​ថយ​ចុះ»

មន្ត្រី​រដ្ឋបាល​ជលផល​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពលរដ្ឋ​ខ្មែរ​ចាប់​ត្រី​បាន​សរុប ៤​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៤ ដោយ​កើន​ឡើង​ជាង​ឆ្នាំ​២០១៣ ជាង ១​ម៉ឺន​តោន។ ក្នុង​នោះ ប្រជាពលរដ្ឋ​ចាប់​ត្រី​ពី​តាម​បឹង ត្រពាំង អូរ និង​ព្រែក​នានា​បាន​ជាង ១​ម៉ឺន​តោន កើន​ជាង​ឆ្នាំ​២០១៣ ជាង ៣​ពាន់​តោន។

ទាក់ទង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភិរុណ មិន​ទាន់​អត្ថាធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​យោង​តាម​កម្រិត​ទឹក​ទន្លេ​មិន​ជន់​ហូរ​ចូល​ព្រែក ឬ​លិច​ព្រៃ ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​ឆ្នាំ​នេះ ទិន្នផល​ត្រី​អាច​ថយ​តិចតួច។ លោក​ថា នៅ​ដំណាក់​កាល​ទី​១ នៃ​ខែ​កក្កដា ត្រី​បាន​ពង​មួយ​ចំនួន​ធំ តែ​ត្រូវ​អន្តរាយ​ទៅ​វិញ​ដោយសារ​ទឹក​ស្រក​រលួយ​ស្មៅ​ស្អុយ​ទឹក បណ្ដាល​ឲ្យ​ពុល​ត្រី៖ «បើ​និយាយ​ថា ត្រី​ប្រហុក​សម្បូរ ឬ​មិន​សម្បូរ បង​ព្យាករ​អត់​បាន​ទេ ព្រោះ​អា​ហ្នឹង​ទាក់ទង​កត្តា​ច្រើន ទាក់ទង​ទឹក ធាតុ​អាកាស អា​ហ្នឹង​វា​ទាល់​តែ​ព្យាករ​តាម​លក្ខណៈ​ប្រជាសាស្ត្រ»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល និង​ប្រជា​នេសាទ​អះអាង​ថា ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​កត្តា​បទល្មើស​ប្រើ​ឧបករណ៍​ទំនើបៗ បម្រែ​បម្រួល​អាកាសធាតុ និង​កត្តា​អ្នក​នេសាទ​មាន​កាន់​តែ​ច្រើន​ឡើង។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​នេសាទ​ខ្លះ បង្ខំ​ចិត្ត​ចិញ្ចឹម​ត្រី​នៅ​តាម​បៀ ឬ​ត្រពាំង ដោយ​ផ្ដល់​ចំណី​មាន​សារធាតុ​គីមី​បំប៉ន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។