អាជ្ញាធរ​ខ្មែរ​រក​ឃើញ​គ្រាប់​គីមី​១​គ្រាប់​ក្នុង​ចំណោម២​គ្រាប់​នៅ​ខេត្ត​ស្វាយរៀង

មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ីម៉ាក់ (CMAC) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​របស់​ក្រសួងការពារជាតិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​រក​ឃើញ​ទីតាំង​កប់​គ្រាប់​គីមី ១​គ្រាប់​ហើយ ក្នុង​ចំណោម​គ្រាប់​គីមី​ចំនួន ២​គ្រាប់ ដែល​កប់​ក្នុង​បរិវេណ​វត្ត​គគីរ និង​សាលា​បឋមសិក្សា​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC

មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ីម៉ាក់ (CMAC) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​របស់​ក្រសួងការពារជាតិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​រក​ឃើញ​ទីតាំង​កប់​គ្រាប់​គីមី ១​គ្រាប់​ហើយ ក្នុង​ចំណោម​គ្រាប់​គីមី​ចំនួន ២​គ្រាប់ ដែល​កប់​ក្នុង​បរិវេណ​វត្ត​គគីរ និង​សាលា​បឋមសិក្សា​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ថ្លែងប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី៤ ខែ​តុលា នេះ​ថា ផែនការ​រុករក និង​ដោះ​គ្រាប់​នេះ នឹង​ចំណាយ​រយៈពេល​យ៉ាង​យូរ​បំផុត​ចំនួន ១០ថ្ងៃ ឬ​ឆាប់​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន អាស្រ័យ​លើ​កត្តា​អំណោយផល​ពី​អាកាសធាតុ និង​កត្តា​បន្ទាប់បន្សំ​មួយ​ចំនួន​ផ្សេងទៀត។ លោក​ថា ចំពោះ​ការ​ដោះ​គ្រាប់​គីមី​នេះ ផ្អែក​តាម​គោលការណ៍​សុវត្ថិភាព ត្រូវ​ធ្វើ​ឡើង​មួយ​ទីតាំង​ម្ដងៗ ពោល​គឺ​មិន​អាច​ដោះ​គ្រាប់​ទាំងពីរ​ក្នុង​ពេល​តែមួយ​បាន​នោះ​ទេ។ លោក​ថា គ្រាប់​គីមី ទី២ អាច​ស្ថិតនៅ​ឆ្ងាយ​ពី​គ្រាប់​គីមី​ទី១ ប្រមាណ​ជា ៦០ ម៉ែត្រ៖ «ឥឡូវនេះ​យើង​រក​ឃើញ​ហើយ យើង​កំពុងតែ​... វា​ស្មុគស្មាញ​ច្រើន​ដែរ ដោយសារ​ភ្លៀង​ផង ហើយ​ដោយសារតែ​តំបន់​ហ្នឹង​នៅ​ក្បែរ​អាគារ អ៊ីចឹង​ការ​ប្រើ​ឧបករណ៍​រាវ​ហ្នឹង​វា​ឆ្លង​ច្រើន។ ប៉ុន្តែ​យើង​សង្ឃឹមថា យើង​ធ្វើ​នៅ​ក្នុង​មួយ​កន្លែង ប្រើ​ពេល​វេលា​ពី​២ ទៅ ៥​ថ្ងៃ ក្នុង​ការ​សម្អាត​មួយ​ទីតាំង​ទៅ​មួយ​ទីតាំង។ យើង​ប្រឹង​ស្រូត​មិន​ឲ្យ​យូរ វា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​កម្លាំង​ប្រតិបត្តិការ​ផង និង​ពាក់ព័ន្ធ​នឹង​ប្រជាជន​ផ»

លោក ហេង រតនា ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បញ្ហា​ប្រឈម និង​ការ​លំបាក​មួយ​ចំនួន​ដែល​ក្រុម​ជំនាញ​របស់​លោក​ជួបប្រទះ​ក្នុង​បេសកកម្ម​ដោះ​គ្រាប់​គីមី​នេះ ក្រៅពី​បញ្ហា​កត្តា​អាកាសធាតុ នៅ​មាន​ករណី​ដូចជា ទីតាំង​គ្រាប់​គីមី​នេះ ស្ថិតនៅ​ក្បែរ​អាគារ​សាលាឆាន់ វិហារ សាលារៀន អណ្ដូង​ទឹក​ជាដើម ដែល​ធ្វើ​ឲ្យ​ការរុករក​មានការ​ពិបាក ដោយសារតែ​បច្ចេកទេស​ឧបករណ៍​រាវ​អាច​ទទួលរង​នូវ​ការ​ឆ្លង និង​រំខាន​ផ្សេងៗ។ យ៉ាងណាក៏ដោយ លោក​ថា ដោយសារតែ​ជំនាញ​ដែល​ក្រុម​របស់​លោក​ធ្លាប់​ទទួល​បាន​ការ​ហ្វឹកហ្វឺន ហើយ​មាន​សម្ភារៈ​ច្រើន​ប្រភេទ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​សហរដ្ឋអាមេរិក ទើប​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការរុករក​គ្រាប់​គីមី​នេះ​បាន​ប្រព្រឹត្តទៅ​ល្អ។ លោក​បញ្ជាក់​ថា សម្រាប់​ប្រតិបត្តិការ​ថ្ងៃ​ទី៣ គឺ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា នេះ នឹង​មាន​ជំនាញការ​អាមេរិកាំង ទៅ​ចូលរួម​សហការ​ជួយ​ជាមួយ​ក្រុម​ដោះ​គ្រាប់​គីមី​របស់​លោក។

លោក ហេង រតនា បញ្ជាក់​ថា ក្រុម​ជំនាញ​របស់​លោក​នៅ​មិនទាន់​អាច​វាយតម្លៃ​លម្អិត​អំពី​ផល​ប៉ះពាល់ និង​ឥទ្ធិពល​របស់​គ្រាប់​គីមី​នេះ​ឡើយ​ទេ ដោយ​លោក​ថា តាម​ការ​ពិភាក្សា​គ្នា​ជំហាន​ដំបូង តម្រូវ​ឲ្យ​មានការ​ឆ្លងកាត់​ទីពិសោធន៍​មួយ​ចំនួន​ទៀត ដើម្បី​បញ្ជាក់​សារធាតុ​គីមី​នេះ​ឲ្យ​បាន​កាន់​តែ​ច្បាស់។ លោក​បញ្ជាក់​បន្ថែម​ថា ខាង​មន្ត្រី​ជំនាញ​នឹង​ធ្វើ​ការសិក្សា​លម្អិត​ដោយឡែក​មួយទៀត​អំពី​ការ​បន្សាប​សារជាតិ​គីមី​ទាំងនេះ។

អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី លោក កេ ដា បាន​ឲ្យ​អាស៊ីសេរី ដឹងកាលពី​ថ្ងៃ​ពុធ ទី៤ ខែ​តុលា ថា មាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ​នៅ​ជិត​វត្ត​គគីរ ត្រូវ​បាន​ជម្លៀស​ចេញ គឺ​ភូមិ​គគីរ និង​ភូមិ​ត្រពាំង​ស្គុន សរុប​ប្រមាណ ២១៤ គ្រួសារ ស្មើនឹង​ជាង ៨០០​នាក់។ លោក​ថា ករណី​ជម្លៀស​នេះ មិន​មែន​ជា​ករណី​ជម្លៀស​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​បរិវេណ​នោះ ត្រូវ​ចាកចេញ​ជា​បណ្ដោះអាសន្ន ពី​តាំង​នោះ ក្នុង​អំឡុង​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​កំពុង​បំពេញ​ប្រតិបត្តិការ ហើយ​ពលរដ្ឋ​អាច​ចូល​មក​កាន់​ទីតាំង​នេះ​វិញ​បាន ក្រោយពេល​បញ្ឈប់​ប្រតិបត្តិការ៖ «រឿង​នេះ​មិនមែន​ជា​ជម្លៀស​អី​ធ្ងន់ធ្ងរ​នោះ​ទេ​... គ្រាន់តែ​អញ្ជើញ​គាត់ ពេល​ដែល​យើង​ធ្វើ​គាត់​ត្រូវ​ចេញ ឈប់​ធ្វើ​គាត់​ចូល​ទៅ​វិញ។ មិនមែន​ជា​ជម្លៀស​អី​... ដឹកជញ្ជូន​អីវ៉ាន់​អី​ទេ។ ប្រជាជន​គាត់​សប្បាយ​រីករាយ​នឹង​ដើរចេញ ដោយសារតែ​គាត់​ឭ​រឿង​ហ្នឹង​យូរហើយ។ រឿង​នេះ​មិនមែន​កើតឡើង​ដោយ​អាជ្ញាធរ​ហ្នឹង​ទៅ​រក​ឃើញ​ទេ គឺ​ប្រជាជន​គាត់​រាយការណ៍ ក្រោយ​ពេល​ដែល​យើង​សាងសង់​សាលាឆាន់​ហ្នឹង ដែល​គាត់​ខ្លាច​វា​ប៉ះពាល់​សាលាឆាន់​គាត់។ អ៊ីចឹង​ហើយ​សាក្សី​ដែល​ឃើញ​ហ្នឹង គាត់​រាយការណ៍»

ទាំង​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា និង​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី លោក កេ ដា ព្យាយាម​មិន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​គម្រោង​ចំណាយ​ថវិកា​សម្រាប់​ប្រតិបត្តិការ​បេសកកម្ម​ដោះ​គ្រាប់​គីមី​នេះ ដោយ​លោក​ទាំងពីរ​មានប្រសាសន៍ថា ខាង​អាជ្ញាធរ​ធ្វើការ​តាម​ការ​បញ្ជា និង​ថវិកា​បែងចែក​ពី​រដ្ឋាភិបាល។

ក្រៅពី​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​សហ​ការណ៍​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រុម​ជំនាញ​របស់​លោក តាម​គោលការណ៍​សុវត្ថិភាព អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជឿ​ទុកចិត្ត​ទៅលើ​សមត្ថភាព​ប្រតិបត្តិការ​ក្រុម​របស់​លោក៖ «សុំ​ឲ្យ​គាត់​ជឿ​ទុក​ចិត្ត​ទៅលើ​សមត្ថភាព​ប្រតិបត្តិការ​របស់​យើង យើង​ខិតខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ធានា​សុវត្ថិភាព​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ក៏ដូចជា​កូនចៅ ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ សិស្សានុសិស្ស​នៅ​ទីនោះ។ មិន​បន្សល់ទុក​នៅ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ដល់​ពួកគាត់​ទៀត​ទេ។ ហើយ​សុំ​ឲ្យ​ពួកគាត់​ចូលរួម​ប្រសិនបើ​មាន​ព័ត៌មាន​អ្វី​ថ្មី ហើយ​ប្លែក​ដែល​គិត​ថា​មាន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​អាវុធ​ជាតិផ្ទុះ​នេះ សុំ​ឲ្យ​រាយការណ៍​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ដើម្បី​ឲ្យ​យើង​ជួយ​ដល់​ពួកគាត់»

គ្រាប់​គីមី​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​នេះ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​ជា​ប្រធានបទ​ដើម្បី​រិះគន់​សហរដ្ឋអាមេរិក។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចំអក​ឲ្យ​អាមេរិក​ជា​សាធារណៈ​ថា អាមេរិក​មិនដែល​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ឲ្យ​ជួយ​សម្អាត និង​ប្រមូល​យក​គ្រាប់​គីមី​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​កប់​ក្នុង​ដី​នៅ​ខេត្ត​ស្វាយរៀង​នេះ បើ​ទោះ​ជា​លោក​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​ស្លាប់​ក៏ដោយ។ លោក ហ៊ុន សែន ថា រដ្ឋាភិបាល​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល។

ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ស្ថានទូត​អាមេរិក​បដិសេធ​ថា មិនមែន​ជា​ការពិត។ ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បដិសេធ​ថា មិនដែល​ធ្លាប់​ទទួល​បាន​សំណើ​ជា​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ម្ដង​ណា​ឡើយ ឲ្យ​ជួយ​សម្អាត និង​ដោះ​គ្រាប់​គីមី​នៅ​ខេត្ត​ស្វាយរៀង​នេះ​ឡើយ។

អាជ្ញាធរ​ខ្មែរ​ធ្លាប់​អះអាង​ថា យ៉ាង​ហោច​ណាស់ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជិត ៣​លាន​តោន កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​៧០ ក្នុង​សម័យ​សង្គ្រាម​វៀតណាម។ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា ពាក់​កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​លុបបំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ លោក​អះអាង​ថា ប្រាក់​ចំនួន​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស ពោល​គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០ ដង​លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។