ពលរដ្ឋ​នៅ​ល្វាឯម​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​បង្ក្រាប​ល្បែង​ស៊ី​សង​ក្នុង​ភូមិ

ដោយ អ៊ុក សាវបូរី
2014.09.27

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ឃុំ​បឹងគ្រុំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ចោទ​អាជ្ញា​មូលដ្ឋាន​ថា បាន​បណ្ដែត​បណ្តោយ​អោយ​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ក្នុង​ភូមិ។ ល្បែង​ស៊ី​សង​ទាំង​នោះ កំពុង​បង្ក​អសន្តិសុខ​ក្នុង​ភូមិ ជាពិសេស​កើត​មាន​អំពើ​ហិង្សា​ក្នុង​ភូមិ។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បឹងគ្រុំ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

មេ​ឃុំ និង​ប៉ូលិស​បឹងគ្រុំ បដិសេធ​ភ្លាមៗ​លើ​ការ​ចោទ​ថា នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​វត្ត​ជ្រៃ ក្នុង​ឃុំ​បឹងគ្រុំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មាន​បើក​លេង​ល្បែង​ស៊ី​សង។

លោក លី កូយ មេ​ឃុំ​បឹងគ្រុំ ថ្លែង​ថា មិន​មាន​សកម្មភាព​លេង​ល្បែង​ក្នុង​មូលដ្ឋាន​នេះ​នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​អសន្តិសុខ​នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្នុង​ពេល​ភ្ជុំបិណ្ឌ អ្នក​ភូមិ​បាន​លេង​បៀ​ជា​លក្ខណៈ​គ្រួសារ ជុំ​គ្នា​បង​ប្អូន​ដែល​ទៅ​លេង​ស្រុក​កំណើត មិន​មាន​ជា​ការ​ស៊ី​សង​ធំ​ដុំ​ទេ៖ «ជួន​កាល​គាត់​ខឹង គាត់​ចង់​សប្បាយ​ម្តងម្កាល យើង​បញ្ហា​ល្បែង​ស៊ី​គូ​អី​តិចតួច ១០០-២០០​អី​ហ្នឹង បើ​កាល​ណា​យើង​រឹត​គាត់​ខ្លាំង​ពេក​ទៅ គាត់​ខឹង ដល់​យើង​ពន្យល់​ហេតុផល ប្រាប់​គាត់​ពី​ការងារ​ហ្នឹង​ឲ្យ​គាត់​កាត់​បន្ថយ​បណ្ដើរៗ​ទៅ​ណា»

អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​បឹងគ្រុំ លោក សុចិត្រា ថ្លែង​ថា បើ​សិន​ជា​មាន​ល្បែង​ស៊ី​សង​ធំ​ដុំ លោក​ជា​អ្នក​បង្ក្រាប​ផ្ទាល់។ ប៉ុន្តែ លោក​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ការ​លេង​ល្បែង​អាប៉ោង ល្បែង​ចាក់​ភ្នាល់​ផ្សេងៗ បើ​មាន​លេង គឺ​បៀ ឃើញ​ក្រុម​ស្ត្រី​លេង​ស៊ី​សង​ម្តង ១០០​រៀល​ប៉ុណ្ណោះ។ លោក​ថា ពី​មុន​នៅ​ឃុំ​នេះ​មាន​អ្នក​ភ្នាល់​ជល់​មាន់ ប៉ុន្តែ​លោក​បាន​អញ្ជើញ​មេ​ល្បែង​ភ្នាល់​ជល់​មាន់​នោះ ទៅ​ធ្វើ​កិច្ច​សន្យា ហើយ​ល្បែង​ជល់​មាន់​ក៏​ស្ងប់ស្ងាត់។

លោក​សូម​អរគុណ ប្រសិន​បើ​អ្នក​ណា​បាន​ឃើញ​នៅ​ផ្ទះ​ណា​លេង​ស៊ី​សង​ធំ​ដុំ និង​លេង​អាប៉ោង សូម​រាយការណ៍​មក​សមត្ថកិច្ច​ឃុំ​បឹងគ្រុំ ផង៖ «បើ​ល្បែង​ខ្ញុំ​ទទួល​ស្គាល់​ថា គឺ​បៀ វា​មាន​មែន​ជា​លក្ខណៈ​គ្រួសារ តែ​បើ​អាប៉ោង វា​មិន​មាន​ទេ ជា​លក្ខណៈ​គ្រួសារ​តាម​ភូមិ​តាម​អី វា​មាន​មែន​តែ​មិន​ហូរហែ វា​ច្រើន​តែ​លេង​ក្នុង​ផ្ទះ ឬ​លើ​ផ្ទះ អ៊ីចឹង​នេះ​ខ្ញុំ​ប្រាប់​តាម​ត្រង់ តែ​បើ​បើក​ជា​អាជីព​វា​អត់​មាន​ផង»

ពាក់ព័ន្ធ​ការ​បដិសេធ​គ្មាន​ល្បែង​អាប៉ោង និង​ភ្នាល់​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​របស់​អាជ្ញាធរ​ឃុំ​បឹងគ្រុំ ពលរដ្ឋ​នៅ​ភូមិ​បឹងគ្រុំ​ក្រោម ឃុំ​បឹងគ្រុំ សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ល្បែង​ស៊ី​សង​នៅ​ក្បែរ​វត្ត​ជ្រៃ ហៅ​វត្ត​បឹងគ្រុំ ក្នុង​ភូមិ​បឹងគ្រុំ​ក្រោម កំពុង​លេង​ល្បែង​ស៊ី​សង​ហាក់​ដូច​ជា​អ្នក​ភូមិ​ញៀន​លេង​ល្បែង ដែល​នាំ​ឲ្យ​មាន​ទំនាស់​នៅ​ក្នុង​គ្រួសារ និង​អាច​ឈាន​ទៅ​រក​ការ​ប្រើ​ហិង្សា​ទៀត​ផង៖ «មិន​មែន​ថា​តែ​ពេល​ភ្ជុំ​ទេ គឺ​នៅ​ថ្ងៃ​ធម្មតា​ហ្នឹង ក៏​គេ​លេង​អាប៉ោង​ជា​លក្ខណៈ​ធំ​គួរសម​ដែរ។ ភាគ​ច្រើន​អា​លេង​អាប៉ោង​ហ្នឹង វា​រាង​លេង​ខ្លាំង​ជាង​ល្បែង​ផ្សេងៗ ដូចជា​វង់​បៀ​វង់​អី​ក៏​មាន​ច្រើន​កន្លែង​ដែរ នៅ​ហ្នឹង​នោះ»

ជំទប់​ទី​១ ឃុំ​បឹងគ្រុំ លោក ទេព ឆុន ថ្លែង​ថា ប្រធាន​ក្រុមប្រឹក្សា​ឃុំ​តែង​តែ​បដិសេធ​មិន​មាន​ល្បែង​ស៊ី​សង​ធំ​ដុំ​ទេ។ ប៉ុន្តែ​អ្នក​ភូមិ​បាន​ញៀន​ល្បែង​ទៅ​ហើយ គឺ​លេង​មិន​ថា​ថ្ងៃ​បុណ្យ ឬ​មិន​បុណ្យ​ទេ។ បញ្ហា​នេះ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​របស់​អ្នក​ភូមិ​អំពី​សុវត្ថិភាព​ភូមិ​ឃុំ៖ «ខ្ញុំ​បាន​លើក​សំណើ​ទៅ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ហ្នឹង ឲ្យ​បង្ក្រាប​នៅ​លើ​បទល្មើស​ទាំង​ល្បែង​ស៊ី​សង តែ​មេ​ឃុំ​គេ​អត់​មាន​អើពើ​អី​សោះ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប៉ូលិស និង​មេ​ឃុំ​បឹងគ្រុំ បាន​សន្យា​ថា នឹង​បង្ក្រាប​ល្បែង​ស៊ី​សង​មិន​ឲ្យ​បន្ត​លេង​នៅ​ក្នុង​មូលដ្ឋាន​នេះ​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។