អ្នកឃ្លាំមើលលើកឡើងថា បើរដ្ឋាភិបាលកម្ពុជា មិនដោះស្រាយបញ្ហាអំពើពុករលួយ និងឧក្រិដ្ឋកម្មមួយចំនួនទេ ទោះជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះបានប្រកាសថា មិនយកពន្ធពីសហគ្រាសលើវិស័យទេសចរណ៍ ក៏កម្ពុជាមិនអាចស្ដារវិស័យនេះឲ្យងើបឡើងវិញបាននោះឡើយ។
អ្នកឃ្លាំមើលយល់ឃើញថា ការប្រកាសមិនយកពន្ធលើសហគ្រាសក្នុងវិស័យទេសចរណ៍ដូចជាផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម អាចសម្រាលបន្ទុកមួយចំនួនរបស់អាជីវករ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ប៉ុន្តែកត្តានេះ មិនមែនជាចំណុចស្នូលនៃការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនោះឡើយ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែតុលា ថា រដ្ឋាភិបាលកម្ពុជា ត្រូវបានសហគមន៍ជាតិ-អន្តរជាតិ មើលឃើញថា មានការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងជាកន្លែងប្រមូលផ្តុំដោយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ តាមរយៈរបាយការណ៍អង្គការសហប្រជាជាតិ និងខ្សែភាពយន្តចិនឈ្មោះ នូ ម៉រ បែតស៍ (No more bets)ជាដើម។ លោកថា បើរដ្ឋាភិបាល មិនដោះស្រាយបញ្ហាទាំងនេះទេ គឺមិនអាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកទស្សនាកម្ពុជាបានឡើយ។
លោក ស៊ឹង សែនករុណា៖«ខ្ញុំយល់ថាបញ្ហាសំខាន់គឺការស្ដារនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយពិនិត្យមើលឡើងវិញ នូវបញ្ហាសង្គមបញ្ហា គ្រឿងញៀន បញ្ហាជួញដូរមនុស្ស ហ្គេមអនឡាញទាំងអស់នេះហើយជាមូលដ្ឋានសំខាន់ ដែលប៉ះពាល់ទៅដល់ការចូលពីអ្នកទេសចរមកពីបណ្ដាលប្រទេសផ្សេងៗ។ អីចឹងរឿងទាំងអស់នេះ ខ្ញុំថា មិនអាចស្ដារបានទេ បើគ្រាន់តែដកពន្ធអាករ»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែតុលានេះ បានចេញប្រកាសស្ដីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាដើម ក្នុងគោលបំណងជួយស្ដារវិស័យនេះឲ្យងើបឡើងវិញ។ ក្រសួងសេដ្ឋកិច្ច សម្រេចលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ និងមិនរងការធ្វើសវនកម្មពន្ធដារ សម្រាប់ឆ្នាំ២០២៤។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងនេះ បាននៅឡើយទេ នៅថ្ងៃទី១៦ ខែតុលា។
អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ ឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេស មកទស្សនាតំបន់អង្គរចំនួនជិត ៧០ម៉ឺននាក់ ហើយរដ្ឋាភិបាលរកចំណូលបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ចំនួន ៣២លាន ៥សែនដុល្លារ ហើយចំនួននេះ មានការកើនឡើង៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលឆ្នាំ២០២៣ ប៉ុន្តែបើប្រៀបធៀបនឹងពេលមុនជំងឺកូវីដ-១៩ គឺចំនួននេះ បានធ្លាក់ចុះជាង៤០ភាគរយ ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ថ្លែងថា ការលើកលែងពន្ធលើសហគ្រាសវិស័យទេសចរណ៍ គឺលំបាកក្នុងការស្ដារឡើងវិញ នូវវិស័យទេសចរណ៍នៅកម្ពុជា ព្រោះលោកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ពុំបានដោះស្រាយបញ្ហាអសន្តិសុខក្នុងសង្គម បញ្ហារំលោភសិទ្ធិមនុស្ស អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងទៀត បាននៅឡើយទេ។
លោក គឹម សុខ៖«ឧក្រិដ្ឋកម្មទាំងនេះ បានធ្វើឲ្យភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរអន្តរជាតិ ស្អប់ផង និងខ្លាចផង តើអ្នកណាគេប្រថុយជីវិតមកទស្សនាប្រទេសកម្ពុជា យកលុយគេទៅចាយនៅកម្ពុជាក្នុងស្ថានភាពបែបហ្នឹង»។
អ្នកឃ្លាំមើល ផ្ដល់ជាទស្សនៈថា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្សាន្តនៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស អំពើពុករលួយ អំពើឆបោកតាមអនឡាញ និងធានាសន្តិសុខនៅក្នុងសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។