ពលរដ្ឋ​នៅ​រតនគិរី​ត្អូញ​ពី​តម្លៃ​ថ្លៃ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី

ដោយ រដ្ឋា វិសាល
2014.03.06

ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ខេត្ត​រតនគិរី បច្ចុប្បន្ន​ត្រូវ​បាន​ទិញ​ពី​ប្រទេស​វៀតណាម ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ខេត្ត​បាន​ងាយ​ស្រួល ក៏ប៉ុន្តែ​បណ្ដាញ​ចែក​ចាយ​ថាមពល​អគ្គិសនី​នៅ​ខេត្ត​នេះ មិន​ទាន់​ពង្រីក​ទៅ​គ្រប់​បណ្ដា​ស្រុក​នៅ​ឡើយ ជាពិសេស​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បាន​លក់​ថាមពល​អគ្គិសនី​ទៅ​ឲ្យ​អ្នក​ជាវ​ដុំ ហើយ​អ្នក​ជាវ​ដុំ​បាន​លក់​ចែក​ចាយ​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​តម្លៃ​ខ្ពស់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ជុំវិញ​តម្លៃ​អគ្គិសនី​នេះ​ជា​បន្តបន្ទាប់។

ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ រស់​នៅ​ស្រុក​បរកែវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​មីនា ស្នើសុំ​ជា​ថ្មី​ឲ្យ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កំណត់​តម្លៃ​លក់​អគ្គិសនី​សម្រាប់​អ្នក​ជាវ​ដុំ​លក់​ជូន​ប្រជាពលរដ្ឋ ឲ្យ​នៅ​ទាប​ក្រោម ១​ពាន់​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

តំណាង​ប្រជាពលរដ្ឋ លោក ឈៀង ប៊ុនថា រៀប​រាប់​ថា បច្ចុប្បន្ន​តម្លៃ​អគ្គិសនី​ដែល​អ្នក​ជាវ​ដុំ​លក់​ចែក​ចាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ មាន​តម្លៃ​រហូត​ដល់ ១.២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ជា​តម្លៃ​ខ្ពស់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​បញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​ចំនួន​ពីរ​លើក តាម​រយៈ​វេទិកា​សាធារណៈ​រៀប​ចំ​ដោយ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ មិន​ឃើញ​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ៖ «មេដៃ​ប្រជាពលរដ្ឋ​ប្រហែល​ច្រើន​ជាង ១​ពាន់​នាក់ នៅ​តាម​មេ​ភូមិ សុំ​ចុះ​ថា​ក្រោម​ពី ១​ពាន់​ឥឡូវ​ហ្នឹង​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ អ្នក​វិនិយោគ​អគ្គិសនី​នៅ​បរកែវ ហ្នឹង​គាត់​ថា​រង់ចាំ​តែ​អាជ្ញាធរ​អគ្គិសនី​ចុះ​មក​គាត់​ចុះ​ឲ្យ​ដែរ។ បើ​គាត់​អត់​ឃើញ​ចុះ​មក គាត់​នៅ​យក​តម្លៃ​ពេញ​ដដែល»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ស្រុក​បរកែវ មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ដែរ​ថា អគ្គិសនី​ដែល​អ្នក​ជាវ​ដុំ​ទិញ​បន្ត​ពី​ក្រុមហ៊ុន​អគ្គិសនី គឺ​ជា​ថាមពល​ទិញ​ពី​វារីអគ្គិសនី​ពី​ប្រទេស​វៀតណាម មាន​តម្លៃ​ប្រមាណ ៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ ហេតុ​នេះ អាជ្ញាធរ​អគ្គិសនី​គួរ​កំណត់​ឲ្យ​អ្នក​លក់​បន្ត​លក់​ក្នុង​តម្លៃ​ក្រោម ១​ពាន់​រៀល ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​មាន​ជីវភាព​ទាប​អាច​ប្រើប្រាស់​អគ្គិសនី​បាន​គ្រប់​គ្នា៖ «មតិ​ប្រជាពលរដ្ឋ​លោក​ថា​អស់​សង្ឃឹម​ហើយ ពីព្រោះ​បី​ដង​ហើយ ចំណាយ​ពេល​មួយ​ថ្ងៃ​ទៅ​អង្គុយ​ស្តាប់​វេទិកា​សាធារណៈ​ហ្នឹង។ បើ​ទៅ​ធ្វើ​ការ​ឲ្យ​គេ​មួយ​ថ្ងៃ បាន​ពីរ​ម៉ឺន​ដែរ ហើយ​គាត់​និយាយ​ថា ថ្ងៃ​ក្រោយ​គាត់​ឈប់​ទៅ»

ក្រុមហ៊ុន​អគ្គិសនី​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ហើយ​លក់​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ដោយ​ផ្ទាល់​តម្លៃ ៦៧០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ជា​តម្លៃ​សមរម្យ​ដែល​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ទទួល​យក​បាន។

ម្ចាស់​សេវាកម្ម​ចែក​ចាយ​ថាមពល​អគ្គិសនី​បន្ត ស្រុក​បរកែវ លោក សំរិត ហន មាន​ប្រសាសន៍​បញ្ជាក់​ថា តម្លៃ​ដែល​លោក​លក់​ចែក​ចាយ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​អាជ្ញាធរ​អគ្គិសនី​បាន​ចុះ​សិក្សា​វាយ​តម្លៃ និង​ជា​អ្នក​កំណត់​តម្លៃ ហើយ​ក៏​ជា​តម្លៃ​សមស្រប​ទាក់ទិន​ទៅ​នឹង​ទុន​វិនិយោគ ការ​ចំណាយ​ខ្សែ​បណ្ដាញ​ចាក​ចែក​ដល់​មូលដ្ឋាន លំនៅឋាន​ប្រជាពលរដ្ឋ និង​ការ​ចំណាយ​លើ​បុគ្គលិក​កម្មករ រួម​ទាំង​ចំណាយ​លើ​សេវាកម្ម​ថែទាំ ជាដើម។ យ៉ាង​ណា លោក​បន្ត​ថា ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ស្ថិត​លើ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​ជា​អ្នក​សម្រេច៖ «គាត់​ធ្វើ​ក្រដាស​សុំ​ទៅ​ខេត្តៗ​បញ្ជូន​ទៅ​អាជ្ញាធរ ហើយ​តើ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច។ ប្រសិន​បើ​អាជ្ញាធរ​កំណត់​ថា ឥឡូវ​ឲ្យ​ចុះ​ទៀត ខ្ញុំ​ចុះ​ទៀត មិន​ដឹង​ធ្វើ​ម៉េច បើ​យើង​ធ្វើ​ការ​ក្រោម​អាជ្ញាធរ​ដូច​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា។ ចំណែក​នាយក​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ មន្ត្រី​លេខា​លោក​បញ្ជាក់​ថា លោក​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ទេ។

យ៉ាង​នេះ​ក្តី ប្រភព​មន្ត្រី​ក្រសួង​ថាមពល សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​អគ្គិសនី​ទទួល​បន្ទុក​បញ្ហា​នេះ កំពុង​ប្រជុំ​កំណត់​គោលការណ៍​រួម និង​ដោយ​ឡែក​តាម​តំបន់​ស្ដីពី​តម្លៃ​សម្រាប់​អ្នក​ជាវ​ដុំ​ទិញ​ថាមពល​ពី​អគ្គិសនី​ពី​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា និង​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នេះ​ហើយ។ គោលការណ៍​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។