លោក រ៉ុង ឈុន ស្នើ​ក្រសួង​បញ្ចូល​មេរៀន​ប្រវត្តិសាស្ត្រ​ស៊ី​ជម្រៅ​ក្នុង​កម្មវិធី​សិក្សា

ដោយ ដែន អយុធ្យា
2014.09.02
រ៉ុង ឈុន ៦១០ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក និង​កាណាដា ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
RFA/Morm Moniroth

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​ដាក់​បញ្ជូន​សៀវភៅ​មេរៀន ស្ដីពី​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ប្រទេស​កម្ពុជា ឲ្យ​បាន​ស៊ី​ជម្រៅ​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​អនាគត។

សំណើ​នេះ កើត​ឡើង​នៅ​គ្រា​សមាគម​គ្រូ​មើល​ឃើញ​ថា សិស្សានុសិស្ស ឬ​យុវជន​កម្ពុជា មាន​ការ​យល់​ដឹង​តិចតួច​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ប្រទេស​កម្ពុជា ពី​អតីតកាល។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា បាន​ដាក់​លិខិត​ជូន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស្នើ​ជួប​ពិភាក្សា​អំពី​ស្ថានភាព​កំពុង​កើត​មាន​ក្នុង​វិស័យ​អប់រំ ទាក់ទង​ជាមួយ​មុខ​វិជ្ជា​មួយ​ចំនួន ក្នុង​បំណង​ចូលរួម​កែលំអ​វិស័យ​អប់រំ​កម្ពុជា ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ។

លោក​បន្ត​ថា សវនាការ​នេះ​ក៏​នឹង​ស្នើ​ឲ្យ​ក្រសួង​អប់រំ ដាក់​បញ្ចូល​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​ដូច​ជា ទឹក​ដី​កម្ពុជា កោះ​ត្រល់ ឬ​ទឹក​ដី​ខ្មែរ​សុរិន្ទ ជាដើម ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស ចាប់​ពី​កម្រិត​បឋម​ត​ទៅ។ ព្រោះ​បច្ចុប្បន្ន​នេះ យុវជន​កម្ពុជា មាន​ការ​យល់​ដឹង​តិចតួច​អំពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​កម្ពុជា ព្រោះ​គ្មាន​នៅ​កម្មវិធី​សិក្សា​ច្រើន​ទេ៖ «កម្មវិធី​សិក្សា​សព្វថ្ងៃ​ហ្នឹង បាន​បញ្ចូល​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ស្បោលៗ គឺ​មិន​បាន​ស៊ី​ជម្រៅ​ទេ។ យើង​ចង់​ឲ្យ​ក្រសួង​អប់រំ ធ្វើ​ម៉េច​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​ទាក់ទង​ខ្មែរ​ក្រោម ខ្មែរ​សុរិន្ទ​សព្វ​បែប​យ៉ាង​ហ្នឹង ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​ស្គាល់​ពី​ប្រវត្តិ​ខ្លួន​ច្បាស់​លាស់ ថា​ខ្លួន​ជា​ខ្មែរ ហើយ​មក​ពី​ប្រភព​ណា និង​មាន​ដែនដី​ពី​ណា​ដល់​ណា? អា​ហ្នឹង​ត្រូវ​តែ​រៀន​ឲ្យ​ស៊ី​ជម្រៅ បណ្តុះបណ្តាល​នូវ​ឆន្ទៈ​របស់​កូន​ខ្មែរ​ឲ្យ​មាន​ឆន្ទៈ​ជាតិ​និយម។ ជាពិសេស យើង​ចង់​ឲ្យ​មេរៀន​ប្រវត្តិសាស្ត្រ កំណត់​យក​ពិន្ទុ​ស្មើ​ទៅ​នឹង​ពិន្ទុ​មុខ​វិជ្ជា​ខ្មែរ ក៏​ដូច​ជា​គណិតវិទ្យា ដើម្បី​ទាក់ទាញ​ឲ្យ​យុវជន​យើង​ហ្នឹង ខំ​យក​ចិត្ត​ទុក​ដាក់​រៀនសូត្រ​ទៅ​លើ​មេរៀន​ប្រវត្តិសាស្ត្រ​ហ្នឹង»

ផ្ដើម​ពី​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​ស្នើ​ជួប លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ខាង​មុខ ដើម្បី​ចូលរួម​ផ្តល់​យោបល់​កែលំអ​វិស័យ​អប់រំ ៤​ចំណុច​សំខាន់ ឲ្យ​ស្រប​តាម​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ ដាក់​ចេញ។

លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​គាំទ្រ​ការ​ស្នើ​ដាក់​បញ្ចូល​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​នា​ថ្ងៃ​អនាគត។ ព្រោះ​លោក​យល់​ថា យុវជន​ខ្មែរ​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

ទន្ទឹម​គ្នា​នេះ លោក​ក៏​ស្នើ​ដល់​ក្រសួង​អប់រំ ត្រូវ​ផ្តល់​សៀវភៅ​សិក្សា​គោល​ឲ្យ​បាន​គ្រប់​មុខ​វិជ្ជា នៅ​តាម​សាលា​នីមួយៗ ព្រោះ​សព្វថ្ងៃ​នេះ សិស្សានុសិស្ស​នៅ​តាម​សាលា​ស្ទើរ​ទូទាំង​ប្រទេស មិន​មាន​សៀវភៅ​សិក្សា​គោល ដើម្បី​រៀន​ឲ្យ​បាន​គ្រប់​មុខ​វិជ្ជា​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៣ សង្គម​ស៊ីវិល​រក​ឃើញ​ថា មាន​សិស្ស​ជាង ៨៥% នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ មិន​មាន​សៀវភៅ​សិក្សា​គោល​ដើម្បី​រៀន​ទេ៖ «ជំរុញ​មុខ​វិជ្ជា​សង្គម​ហ្នឹង​ដូច​ជា​ប្រវត្តិសាស្ត្រ​អី​ហ្នឹង គួរ​ជា​មុខ​វិជ្ជា​ដែល​មាន​ការ​រៀន​សូត្រ​ច្បាស់​លាស់ និង​គ្រប់គ្រាន់»

ទាក់ទិន​បញ្ហា​នេះ សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ស្រុក​ឈូក ខេត្ត​កំពត ក៏​ចង់​ឲ្យ​ក្រសួង​អប់រំ ដាក់​បញ្ចូល​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​នា​ថ្ងៃ​អនាគត​ដែរ។ សិស្សានុសិស្ស​មួយ​ចំនួន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ពួក​គេ​មិន​បាន​យល់​ដឹង​ទាល់​តែ​សោះ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ប្រទេស​កម្ពុជា ពី​អតីតកាល​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន ថ្លែង​ថា មន្ត្រី​ក្រសួង​អប់រំ មិន​ទាន់​ឆ្លើយ​តប ឬ​កំណត់​ថ្ងៃ​អនុញ្ញាត​ឲ្យ​រូប​លោក​ដឹក​នាំ​ប្រតិភូ​គ្រូបង្រៀន ចូល​ជួប​ពិភាក្សា និង​ផ្តល់​យោបល់​កែលំអ​វិស័យ​អប់រំ នៅ​ថ្ងៃ​ណា​មួយ​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​មក​ដល់​ថ្ងៃ​អង្គារ ទី​២ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។