សេដាក​ណែនាំ​កសិករ​ឲ្យ​ត្រៀម​លក្ខណៈ​៦​ចំណុច​សម្រាប់​ការ​ធ្វើ​ស្រែវស្សា

ដោយ អ៊ុក សាវបូរី
2015.05.23
កសិករ កំពង់ឆ្នាំង ៦១០ ប្រជា​កសិករ​ធ្វើ​ស្រែ​នៅ​តំបន់​ទួល​អំពិល ខេត្ត​កំពង់ឆ្នាំង លោក គៀត ភារម្យ បូម​ទឹក​ចេញ​ពី​ក្នុង​ស្រែ​ប្រាំង​របស់​គាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Chin Chetha

នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​២០១៥​នេះ អង្គការ​សេដាក (CEDAC) បាន​ប្រាប់​ពី​គន្លឹះ​សំខាន់​ ៦​ចំណុច សម្រាប់​ឲ្យ​កសិករ​ត្រៀមខ្លួន​ផលិត​ស្រូវវស្សា​បាន​ជោគជ័យ ទទួល​បាន​ទិន្នផល​ខ្ពស់។ កសិករ​នៅ​ខេត្ត​កំពត ដែល​រៀន​បច្ចេកទេស​ពី​អង្គការ​សេដាក ក៏បាន​តៀម​ពូជ​ជីធម្មជាតិ និង​រៀន​ធ្វើស្រែ​តាម​ការណែនាំ​ឲ្យ​ពង្រាប​ដីស្រែ សម្រាប់​ការ​ធ្វើ​ស្រែវស្សា​នៅ​ឆ្នាំនេះ។

ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​កសិករ ឲ្យ​ត្រៀមខ្លួន​បាន​ល្អ ក្នុង​ការ​ធ្វើស្រែ​វស្សា ទទួល​បាន​ផល​ច្រើន លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​ណែនាំ​ឲ្យ​កសិករ ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ពង្រាប​ដីស្រែ​ឲ្យ​ស្មើ ដាំ​សណ្ដែក​គ្រប​ពី​លើ​ដី ប្រមូល​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន​តោន ជីក​ស្រះ​ក្នុង​ស្រែ និង​ត្រៀម​ពូជស្រូវ​សុទ្ធ​ល្អ​ជាដើម។

លោក​បន្ត​ថា ការ​ត្រៀម​លក្ខណៈ​បែបនេះ សម្រាប់​បង្ការ​អាកាសធាតុ​ប្រែប្រួល ដែល​បង្ក​ភាព​រាំងស្ងួត ឬ​ជំនន់ រំខាន​ដល់​ការ​ធ្វើ​ស្រែ។ លោក​ណែនាំ​ថា ចន្លោះ​ពី​ខែ​មេសា ទៅ​មិថុនា ដីស្រែ​គួរ​ដាំ​សណ្ដែក ដើម្បី​ភ្ជួរ​លុប ធ្វើជា​ជី​ស្រស់​ជំនួយ​ដីស្រែ ឲ្យ​សំបូរ​ជីរ​ជាតិ៖ «ដើម្បី​ព្រោះ​វា​បាន​ជោគជ័យ យើង​យក​គ្រាប់​សណ្តែក លាយ​ជាមួយ​អាចម៍គោ ឬ​ជីកំប៉ុស​លាយ​ច្របល់​គ្នា។ យក​សណ្ដែក​១ និង​ជី​ឲ្យ​បាន​៤​ទៅ​៥ ដង លាយ​ច្របល់​វា​ហើយ យក​ទៅ​បាច​លើ​ដីស្រែ ហើយ​យើង​ភ្ជួរ​វា​លុប​ទៅ»

ក្រៅពី​វិធី​នេះ​លោក​ថា ការ​ត្រៀម​ពូជស្រូវ​សុទ្ធ ពី​ក្នុង​ស្រែ​ពេល​ច្រូត និង​ការ​រើស​គ្រាប់ស្រូវ​បន្សុទ្ធ​បន្ថែម​មុន​សាប ក៏​ជា​កត្តា​សំខាន់​ដែរ៖ «អីចឹង​យើង​យក​ពូជ​ទៅ​បណ្ដុះ​វា​សាក​មើល​ទៅ គ្រាប់​ស្រូវ​១​ដៃ ឬក៏​គ្រាប់ស្រូវ​២ ទៅ​៣០០​គ្រាប់​អី​ទៅ យើង​យក​ទៅ​ផ្អាប់​បណ្ដុះ​វា​ទៅ។ ហើយ​យើង​រាប់​មើល បើ​ក្នុង​១០០​គ្រាប់ វា​មាន​គ្រាប់​ដុះ វា​លើស​ពី​៩០​គ្រាប់​ឡើង​ទៅ មានន័យថា​ពូជ​យើង​ល្អ ទើប​យើង​យក​ទៅ​សាប​ទៅ។ បើ​ដំណុះ​វា​ទាប​ពេក យក​ល្អ​យើង​ចោល​វា​វិញ ហើយ​ទៅ​រក​គ្រាប់​ពូជ​ណា​ដែល​មាន​ដំណុះ​ល្អ។ ព្រោះ​វា​មាន​សុខភាព​ល្អ នាំ​មក​ស្រូវ​យើង​លូតលាស់​ល្អ​ដែរ»

នៅ​ក្នុង​គំនិត​សំខាន់​៦​ចំណុច ដែល​អង្គការ​សេដាក​ណែនាំ ឲ្យ​កសិករ​ត្រៀមលក្ខណៈ​សម្រាប់​ធ្វើស្រែ វស្សា​រដូវ​ថ្មី​នេះ គឺ​ការ​ថែរក្សា​គល់​ជញ្ជ្រាំង​ឲ្យ​ល្អ ដោយ​ហាម​ដុត​ជញ្ជ្រាំង ដែល​នាំ​ឲ្យ​ងាប់​ជីវចម្រុះ និង​សត្វ​មាន​ប្រយោជន៍ តែ​តម្រូវ​ឲ្យ​ភ្ជួរ​លុប​ក្នុង​ដី​ធ្វើ​ជី។ កសិករ​ត្រូវ​ពង្រាប​ដី​ឲ្យ​ស្មើ ងាយ​ឲ្យ​ទឹក​រត់​ស្មើ​ក្នុង​ស្រែ នៅ​ពេល​ស្ទូងស្រូវ​រួច។ បើ​ដីស្រែ​ម្ខាង​ខ្ពស់ គួរ​បែងចែក​ដីស្រែ ជា​បំណែក​តូចៗ កុំ​ស្ដាយ​ដី វា​និង​បាន​ផល​ស្រូវ​ច្រើន នៅ​ពេល​ផ្ទៃដី​ស្រែ​រាបស្មើ ទឹក​រត់​ចិញ្ចឹម​ដើម​ស្រូវ គ្រប់​គុម្ព។ បើ​សិន​ដីស្រែ​ខ្ពស់​ពី​ទឹក ធ្វើស្រែ​មិនសូវ​បាន​ផល គួរ​ជីក​ស្រះ​ក្នុង​ស្រែ​ជាដើម។

នៅ​ក្នុង​ការ​ត្រៀម​លក្ខណៈ សម្រាប់​ធ្វើ​ស្រែវស្សា​ឆ្នាំ​នេះ​ដែរ អ្នកស្រី ជ័យ ស៊ីយ៉ាត នៅ​ភូមិ​អង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត អះអាង​ថា គាត់​បាន​រៀន​សូត្រ​បច្ចេកទេស​មួយ​ចំនួន ពី​អង្គការ​សេដាក ដោយ​គាត់​បាន​ទុក​គ្រាប់​ស្រូវ​ពូជ​សុទ្ធ ចំនួន​១២​គីឡូក្រាម សម្រាប់​ដាំ​លើ​ដី​១​ហិកតារ ៥​អារ និង​មាន​ទឹកស្រះ​មួយ ដែល​ជា​ជំនួយ​ក្នុង​ការ​ស្រោចស្រព។ ទន្ទឹម​នោះ​នៅ​ដើម​ខែ​ឧសភា ភ្ជួរ​គល់​ជញ្ជ្រាំង​ក្នុង​ស្រែ ហើយ​ដាំ​សណ្ដែក​បាយ​គ្រប​លើ​ដី ព្រោះ​ឥឡូវ​អាកាសធាតុ​ក្ដៅ​ខ្លាំង គាត់​ដាំ​សណ្ដែក​បាយ​នេះ ការពារ​កុំ​ឲ្យ​ដី​ខ្សោះ​ជីជាតិ​។ ក្រៅពីនោះ​គាត់​បាន​ប្រមូល​ស្លឹកឈើ និង​លាមក​សត្វ លាយ​ជាមួយ​កាកសំណល់​ឡ​ជីវឧស្ម័ន ចំនួន​១២​តោន សម្រាប់​ធ្វើ​ស្រែ​វស្សា​នេះ។ ក្រៅ​ពី​នោះ គាត់​កំពុង​រៀបចំ​ថ្នាល​សំណាប ព្រោះ​នៅ​ខែ​មិថុនា តំបន់​គាត់​តែង​តែ​មាន​ភ្លៀង​ធ្លាក់ ដែល​អាច​ឲ្យ​គាត់​ប្រញាប់​សាប​ស្រូវ ដើម្បី​ដាំ​តាម​បច្ចេកទេស ប្រព័ន្ធ​ប្រពល​វប្បកម្ម​ស្រូវ តាម​គោល​ការ​ធម្មជាតិ ឬ​ហៅថា ប..ស​នោះ៖ «ខ្ញុំ​មាន​ទឹកស្រះ ដែល​ទឹកស្រះ​ហ្នឹង​ហើយ​ដែល​ជួយ​សម្រួល​ដល់​ការ​ផលិត និង​ជួយសង្គ្រោះ​ដល់​ដំណាំ ជួយ​សង្គ្រោះ​ដល់​ស្រូវ»

នៅ​ក្នុង​ការណែនាំ​ដែរ បណ្ឌិត យ៉ង សាំងកុមារ បន្ថែម​ថា កសិករ​ជាច្រើន​បាន​ជីក​ស្រះ​ក្នុង​ស្រែ តែ​បែរ​ជា​យកដី​មុខ​លើ បោះចោល ឬ​កាយ​កប់​ទៅ​ដាក់​នៅ​បាត​ក្រោម ហើយ​យក​ដី​ពី​ក្រោម ទៅ​ដាក់​ខាងលើ​វិញ។ លោក​ថា ការ​កែប្រែ​ដីស្រែ​បែបនេះ ធ្វើ​ឲ្យ​ខាត​ពេលវេលា ក្នុង​ការ​ផ្ដល់​ជីជាតិ​ទៅ​ដី​ថ្មី​នោះ គួរ​ទុក​ដី​មុខ​លើ​នៅ​ម្ដុំ ក្រោយពី​ជីក​ស្រះ​រួច ត្រូវ​យក​ដី​មុខ​លើ ទៅ​ចាក់​រាប​ពី​លើ​ដី​ថ្មី​វិញ ទើប​ដីស្រែ​នៅតែ​ល្អ។

ចំពោះ​វិធី​ជីក​ស្រះ​ក្នុង​ស្រែ លោក​ប្រាប់​ថា គួរ​កាត់​យក​ដី​១០ ទៅ​១៥​ភាគរយ ពី​ក្នុង​ដីស្រែ ហើយ​ជីក​ស្រះ។ ជីក​ស្រះ​រួច ត្រូវ​ដាំ​ស្លឹកគ្រៃ​ជុំវិញ​ស្រះ ការពារ​កុំ​ឲ្យ​ដី​ធ្លាក់​ចូល​ទឹក នាំ​ឲ្យ​ទឹកល្អក់ នៅ​ពេល​ភ្ជួរ ហើយ​អាច​ចិញ្ចឹម​ត្រី និង​កង្កែប​ក្នុង​នោះ ឲ្យ​វា​ជួយ​ស៊ី​សត្វល្អិត ដែល​រោម​ដើម​ស្រូវ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។