អង្គការ​សិទ្ធិមនុស្ស​នៅ​សៀមរាប​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ​ដែល​បាត់​ព្រះកាយ

ដោយ ហង្ស សាវយុត
2017-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​ស៊ើប​អង្កេត​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន។ RFA/Hang Savyouth
មន្ត្រី​ស៊ើប​អង្កេត​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន។ RFA/Hang Savyouth
RFA/Hang Savyouth

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អ្នកស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប ខំ​រូតរះ​ដំណើរ​ទៅ​តំបន់​ជើង​ភ្នំ​គូលែន នៃ​ស្រុក​បន្ទាយស្រី ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២៧ ខែ​មិថុនា ដើម្បី​ពិនិត្យ​មើល​ភិនភាគ​មនុស្ស​ម្នាក់​ដែល​កំពុង​វង្វេង​នៅ​តំបន់​ជើងភ្នំ​គូលែន​នោះ។

ការ​រូតរះ​ទៅ​ពិនិត្យ​ភិន​ភាគ ខ្លាច​ក្រែង​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ ដែល​កំពុងតែ​បាត់​ព្រះ​កាយ​នោះ គឺ​មិន​បាន​លទ្ធផល​ទេ ដោយសារ​តែ​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​កោរ​សក់​ដូចជា​ព្រះសង្ឃ ហើយ​វង្វេង​នោះ គឺ​មិន​មែន​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ ព្រះនាម មាស វិចិត្រ ដែល​កំពុងតែ​បាត់​ព្រះ​កាយ​ជាមួយ​នឹង​តា​អាចារ្យ​ម្នាក់​នោះ​ឡើយ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ខេត្ត​សៀមរាប បង្ហាញ​ជំហរ​ថា គេ​នៅ​តែ​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម ១​អង្គ និង​តា​អាចារ្យ​ម្នាក់​ដែល​បាត់​ខ្លួន​បន្ត​ទៀត បើ​ទោះ​បី​ជា​ពេល​នេះ​មិន​ទាន់​មាន​តម្រុយ​ច្បាស់លាស់ ជុំវិញ​ការ​បាត់​ខ្លួន​នោះ​ក៏ដោយ។

ជំហរ​របស់​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​បាន​ទទួល​បណ្ដឹង​ពឹង​ពាក់​ពី​គ្រួសារ​របស់​ព្រះសង្ឃ​កម្ពុជា​ក្រោម ១​អង្គ​នោះ​មក។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប គឺ​លោក សួស ណារិន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​មិថុនា ថា តាំង​ពី​ព្រឹក​ព្រលឹម​លោក​បាន​រូតរះ​ទៅ​កាន់​តំបន់​ជើងភ្នំ​គូលែន ក្នុង​ស្រុក​បន្ទាយស្រី ដើម្បី​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ដែល​សហគមន៍​ប្រជាពលរដ្ឋ​នៅ​ចំបក់​៣​ដើម បាន​ជួប​ទំនង​ជា​ព្រះសង្ឃ​ដែរ ហើយ​វង្វេង​នៅ​ក្នុង​ព្រៃ។ តាម​លោក​ពិនិត្យ​បុរស​វ័យ​ក្មេង​ដែល​វង្វេង​នៅ​តំបន់​ភ្នំ​គូលែន​នោះ ឈ្មោះ សុខ ចិត្រា ក៏​ជា​ព្រះសង្ឃ​ដែរ ប៉ុន្តែ​បាត់​ស្បង់​ចីវរ​អស់​ហើយ ប៉ុន្តែ​មិន​មែន​ជា​ព្រះសង្ឃ​កម្ពុជា​ក្រោម ព្រះនាម មាស វិចិត្រ ដែល​កំពុងតែ​បាត់​ព្រះ​កាយ​ជាមួយ​នឹង​តា​អាចារ្យ​ម្នាក់​ទៀត​នោះ​ទេ។

លោក សួស ណារិន៖ «អង្គការ​អាដហុក និង​សង្គម​ស៊ីវិល កំពុងតែ​តាម​រក​ពេញ​ក្នុង​ព្រៃ​ជើង​ភ្នំ​គូលែន ក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ហើយ​យើង​មិន​គិត​ថា ការ​តាម​រក​នេះ​អត់​ប្រយោជន៍​ទេ គឺ​យើង​កំពុង​ស្វែង​រក​បន្ត​ទៀត»

ចំណែក​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក ម៉ែន គឹមសួរ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​បាន​ទៅ​សួរ​ព័ត៌មាន​ជុំវិញ​រឿង​ព្រះសង្ឃ​កម្ពុជា​ក្រោម ១​អង្គ ព្រះនាម មាស វិចិត្រ ជាមួយនឹង​តា​អាចារ្យ​ម្នាក់ នៅ​ឯ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រងែ។ នៅ​ឯ​ប៉ុស្តិ៍​នោះ​ប៉ូលិស​បាន​បង្ហាញ​រូបថត​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ ព្រម​ទាំង​បង្ហាញ​សម្ភារៈ​របស់​ព្រះអង្គ​មួយ​ចំនួន​ដែល​គេ​ថត​នៅ​ក្នុង​ថង់យាម​ផង ក៏ប៉ុន្តែ​ក្រោយពី​ប៉ូលិស ប្រើ​ប្រជា​ការពារ​ឱ្យ​បញ្ជូន​អ្នក​ទាំង​ពីរ​ចេញ​ពី​ប៉ុស្តិ៍​ក៏​បាត់​ដំណឹង​សូន្យឈឹង​មិន​ដឹង​នៅ​ទី​ណា?។

លោក ម៉ែន គឹមសួរ៖ «យើង​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្ត​សៀមរាប ដើម្បី​តាម​រក​ព្រះសង្ឃ​អង្គ​នោះ។ មក​ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា យើង​បាន​ទទួល​ព័ត៌មាន​ពី​បណ្ដាញ​សហគមន៍​ចំបក់​៣​ដើម​ថា ជួប​ព្រះសង្ឃ​ដែល​វង្វេង​ដែរ ហើយ​យើង​ក៏​ចុះ​ទៅ​មើល ប៉ុន្តែ​មិន​មែន​ជា​ព្រះសង្ឃ​កម្ពុជា​ក្រោម​នោះ​ទេ»

សាច់ញាតិ​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ ឱ្យ​ដឹង​ថា ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១​ព្រះវស្សា និង​តា​អាចារ្យ ឈ្មោះ នី បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា។ លោក រស់ សេរី ដែល​ជា​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​ភូមិ​ទទា សង្កាត់​ក្របីរៀល ឱ្យ​ដឹង​ថា យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា គឺ​ព្រះសង្ឃ​នាម មាស វិចិត្រ និង​តា​អាចារ្យ បាន​ទៅ​លេង​ផ្ទះ​របស់​លោក ហើយ​វេលា​ម៉ោង ៩​យប់​ក៏​បាន​និមន្ត​ត្រឡប់​វិញ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយ​មក​លោក​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រងែ បាន​ចាប់​ព្រះសង្ឃ ព្រមទាំង​តា​អាចារ្យ​នោះ ដោយ​គេ​សង្ស័យ​ថា ជន​ជន​ខិលខូច ហើយ​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រងែ។ គេ​បាន​ឃើញ​ប៉ូលិស​បង្ហោះ​រូបថត​ព្រះសង្ឃ​១​អង្គ និង​តា​អាចារ្យ​ម្នាក់​នោះ អាក្រាត​កាយ ដោយ​ស្លៀក​ការុង ហើយ​ដេក​អោប​គ្នា​ហាក់​ដូច​ជា​មាន​អ្នក​ណា​វាយ​ធ្វើ​ទារុណកម្ម។

ប៉ូលិស​ប៉ុស្តិ៍​ស្រងែ បាន​ឆ្លើយ​ប្រាប់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថា ពេល​ដែល​ប៉ូលិស​រក​មិន​ឃើញ​កំហុស​របស់​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ គេ​ក៏​បញ្ជា​ឱ្យ​ប្រជា​ការពារ​បើក​ម៉ូតូ ៣​គ្រឿង ដឹក​អ្នក​ទាំង​ពីរ​ទៅ​រក​បេនឡាន​ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​ជិះ​ត្រឡប់​ទៅ​លំនៅ​វិញ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ជិត​ផ្ទះ​អង្គការ​មេត្តាករុណា អ្នក​ទាំង​ពីរ​ក៏​ចុះ​ពី​លើ​ម៉ូតូ ហើយ​រត់​គេច​ខ្លួន​បាត់។

រហូត​មក​ដល់​ពេល​នេះ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ហ៊ូ វ៉ាន់នី នៅ​មិន​ទាន់​ដឹង​ថា មាន​ករណី​បាត់​ព្រះសង្ឃ​កម្ពុជា​ក្រោម​១​អង្គ និង​តា​អាចារ្យ​ម្នាក់ នៅ​ក្នុង​ទឹកដី​ខេត្ត​នេះ​ទេ ដោយ​លោក​ឆ្លើយ​បដិសេធ​ថា មិន​មាន​ការ​បាត់​ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម និង​តា​អាចារ្យ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល