លោក ហ៊ុន សែន បញ្ជា​មិន​ឲ្យ​ឡាន​ដឹក​លើស​ចំណុះ​និង​សណ្ដោង​វែង​ធ្វើ​ចរាចរណ៍

ដោយ អ៊ុង សេរីវុទ្ធ
2016.11.21
ស្ថានីយ​ជញ្ជីង កំពង់ចាម ២០១៦ ៨៥៥ ឡាន​យីឌុប​របស់​ប្រជាពលរដ្ឋ​ចូល​ថ្លឹង​ទម្ងន់​នៅ​ស្ថានីយ​ជញ្ជីង​ថ្នល់​កែង ស្ថិត​នៅ​ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ម្ចាស់​រថយន្ត​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ថ្លឹង​លើស​ទម្ងន់​ជាក់ស្តែង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭក​សាជាថ្មី​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​ប្រាប់​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ផ្អាក​មិន​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ និង​រថយន្ត​សណ្ដោង​វែង​ខុស​ពី​ទ្រង់​ទ្រាយ​ដើម​ទាំង​អស់ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នានា​បន្ត​ទៀត។

លោក ហ៊ុន សែន ថា បញ្ហា​រថយន្ត​ដឹក​លើស​ទម្ងន់​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​បញ្ហា​រថយន្ត​សណ្ដោង​វែង​ខុស​ពី​ទ្រង់ទ្រាយ​ដើម មិនមែន​ជា​រឿង​ថ្មី​ទេ។ លោកបញ្ជាក់​ថា ​បញ្ហា​នេះ លោក​ធ្លាប់​ស្រែក​បញ្ជាម្ដង​រួច​ទៅ​ហើយ ដោយ​លោក​ប្រៀប​ទៅ​នឹង​ជំងឺ​ដែល​រើ មក​ពី​ការ​ភ្លេច​ខ្លួន​របស់​អាជ្ញាធរ៖ «អ៊ីចឹង​ទេ! អំពាវនាវ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន មាន​ការ​ធ្វើ​ចរាចរណ៍​ដោយ​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​ដឹក​លើស​ទម្ងន់ ហើយ​មិន​ត្រូវ​ត​រថយន្ត​នោះ​ទេ។ ឥឡូវ​ចាប់​ទាំងអស់ ប្រមូល​អា​ឡាន​នឹង​កុំ​ឲ្យ​មាន​លើ​ផ្លូវ។ សហការ​ជាមួយ​នគរបាល​ដើម្បី​ប្រមូល​អា​ឡាន​នឹង ហើយ​យក​ទៅ​កាត់ បើ​មិន​កាត់​ទេ ទុក​នៅ​នឹង ទុក​ចោល​ម៉ង​កុំ​ទៅ​ធ្វើ​ខ្វល់​អ្វី! មក​បំផ្លាញ​ផ្លូវ​អា​ម៉េច?»។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​កម្រិត​ប្រាក់​ពិន័យ និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍។ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ជាដើម ហើយ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១៥​លាន​រៀល ឬ​អាច​បន្ថែម​ទោស​ទណ្ឌ​លើស​ពី​នេះ​ទៀត។

កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​ចេញ​បញ្ហា​ឲ្យ​​អាជ្ញាធរ ទប់​ស្កាត់​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ទោះបីជា​ម្ចាស់​រថយន្ត​ទាំងនោះ មាន​ខ្នង​បង្អែក​ពាក់​ផ្កាយ​បែប​ណា​ក្ដី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​ទាំងអស់​នេះ​នៅ​បន្ត​កើត​មាន​នៅ​លើ​ដង​ផ្លូវ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។