សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា​ចំពោះ​សំណង់​ខុស​ច្បាប់

ដោយ ដែន អយុធ្យា
2017-08-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ការដ្ឋាន​សាងសង់​សំណង់​ផ្ទះ​ល្វែង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ដែល​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​ពី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ការដ្ឋាន​សាងសង់​សំណង់​ផ្ទះ​ល្វែង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ដែល​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​ពី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​ច្បាប់​សាងសង់​ឲ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មានទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ ប្រយោជន៍​ជៀស​ពី​ការ​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ខ្សត់​ក្រ និង​មាន​ការ​រិះគន់​នាំ​ឲ្យ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម បាន​ចោទ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា អនុវត្ត​ច្បាប់​សាងសង់​សំណង់​រឹងមាំ​ផ្សេងៗ មិន​ទាន់​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។ ពួកគេ​រិះគន់​ថា រាល់​ថ្ងៃ​នេះ​សំណង់​ផ្ទះ​ល្វែង​របស់​ឈ្មួញ​ខ្លះ បាន​បើក​ការដ្ឋាន​សាងសង់​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ក៏​មាន។

អ្នកឃ្លាំមើល​សង្គម​ចោទ​ថា សំណង់ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា មាន​ទីតាំងនៅ​ទល់​មុខ​វត្ត​អូរត្រេះ ក្រុង​ព្រះសីហនុ ជា​សំណង់​ផ្ទះល្វែង​មួយ​ស្ថិត​ក្នុង​ចំណោម​សំណង់​រឹងមាំ​ផ្សេង​ទៀត ដែល​បើក​ការដ្ឋាន​សាងសង់​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ទេ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​លោក នួន ប៉ុក ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មានទ្រព្យ និង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រី សុធារី កត់សម្គាល់​ថា កន្លង​មក​សកម្មភាព​ចុះ​ផ្អាក ឬ​វាយ​កម្ទេច​ចោល​ភាគ​ច្រើន​របស់​អាជ្ញាធរ​ខេត្ត​នេះ គឺ​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព​ចំពោះ​សំណង់​អត់​ច្បាប់​របស់​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ធំៗ មាន​ដូចជា​សំណង់ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា ជាក់ស្ដែង​មិន​ឃើញ​រដ្ឋបាល​ក្រុង-​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​ទេ។ ពួកគេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​អាច​សង់​សំណង់​រឹង​មាំ​ធំៗ បាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បែប​នេះ? តើ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ឬ​យ៉ាង​ណា?

អ្នក​ឃ្លាំមើល​រូប​នេះ​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្នាក់​ជាតិ ឲ្យ​ជួយ​ពិនិត្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «បើសិនជា​មន្ត្រី​ជំនាញ​មិន​ហ៊ាន​យក​ច្បាប់​មក​អនុវត្ត​ផង តើ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទំនុក​ចិត្ត មាន​ភាព​កក់ក្ដៅ​ពី​មន្ត្រី​ជំនាញ​ម្ដេច​បាន? ហើយ​ម្យ៉ាង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខក​ចិត្ត​របស់​រដ្ឋាភិបាល ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​បាន​ប្រគល់​ការងារ​ឲ្យ​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​សំណង់​ផ្សេងៗ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ការ​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្ទះល្វែង​នៅ​មុខ​វត្ត​អូរត្រេះ មាន​ម្ចាស់​ឈ្មោះ ឆឹង សុខា ពិត​ជា​មិន​ទាន់​មាន​ច្បាប់​សាងសង់​ពិត​មែន។ លោក​ថា ករណី​នេះ ខាង​មន្ទីរ​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ពង្រឹង​ច្បាប់​សំណង់​ឲ្យ​មាន​ប្រសិទ្ធភាព។

ម្ចាស់​ផ្ទះ​ល្វែង​មាន​ទីតាំង​នៅ​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ លោក ឆឹង សុខា ទទួល​ស្គាល់​ថា រូបលោក​មិន​ទាន់​ទទួល​បាន​ឯកសារ​ច្បាប់​សាងសង់​សំណង់​ផ្ទះ​ល្វែង នៅ​មុខ​វត្ត​អូរត្រេះ​នេះ ជា​លាយលក្ខណ៍អក្សរ​ពី​ស្ថាប័ន​ជំនាញ មក​កាន់​ក្នុង​ដៃ​ពិត​មែន ប៉ុន្តែ​លោក​ថា បាន​រត់​ការ​ច្បាប់​សាងសង់​នេះ នៅ​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​សុរិយោដី​ជាដើម រួច​ហើយ៖ «ឥឡូវ​ឯកសារ​រត់ការ​ច្បាប់​សាងសង់​សំណង់​ផ្ទះ​ល្វែង​របស់​ខ្ញុំ​នេះ គឺ​មាន​មន្ត្រី​បម្រើ​ការងារ​នៅ​ខាង​សុរិយោដី​សាលា​ក្រុង​ព្រះសីហនុ បាន​ជួយ​ធ្វើ​កិច្ច​ការងារ​នេះ​រួច​ហើយ។ មាន​ន័យ​ថា ការ​បើក​ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង មាន​ទីតាំង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ គឺ​បាន​រត់​ការ​ច្បាប់​សាងសង់​រួច​ហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ធ្វើ​ជូន​ក្រុមហ៊ុន​រួចរាល់​នៅ​ឡើយ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន កន្លង​មក​ធ្លាប់​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ និង​វិស័យ​ឯកជន​ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់​សាងសង់ និង​ច្បាប់​ផ្សេងៗ​ទៀត ឲ្យ​បាន​ទាំង​អស់​គ្នា ជៀសវាង​អាង​បក្ស​ពួក ឬ​អាង​ខ្នង​បង្អែក​ជាដើម។ ករណី​សំណង់​ផ្ទះ​ល្វែង លោក ឆឹង សុខា សង់​អត់​មាន​ច្បាប់ លោក យន្ត មីន មិន​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ក្រុង-​ខេត្ត និង​មន្ទីរ​សុរិយោដី​ខេត្ត​ជាដើម ចុះ​ផ្អាក​សកម្មភាព​សាងសង់ ឬ​តម្រូវ​ឲ្យ​វាយកម្ទេច​ចោល​ភ្លាមៗ​ទេ ប៉ុន្តែ​លោក​ថា នឹង​ជំរុញ​ឲ្យ​ម្ចាស់​ផ្ទះល្វែង ឈ្មោះ ឆឹង សុខា ពន្លឿន​ធ្វើ​ឯកសារ​ច្បាប់​សាងសង់​ពី​ស្ថាប័ន​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ឲ្យ​បាន​ឆាប់៖ «ក្រុមហ៊ុន​ផ្ទះល្វែង​របស់​លោក ឆឹង សុខា នេះ គឺ​គេ​បាន​សាងសង់​បណ្ដើរ និង​បាន​រត់​ច្បាប់​បណ្ដើរ​រួច​ហើយ»

​ទាក់ទិន​បញ្ហា​នេះ គ្មាន​ប្រភព​ណាមួយ​មក​បញ្ជាក់​ថា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​សំណង់​ខុស​ច្បាប់​ចំនួន​ប៉ុន្មាន​កំពុង​សាងសង់ ហើយ​មាន​សំណង់​សង់​អត់​ច្បាប់​ចំនួន​ប៉ុន្មាន ត្រូវ​អាជ្ញាធរ​រុះរើ​ឲ្យ​ច្បាស់លាស់​ទេ ព្រោះ​មិន​មាន​តួលេខ​ពិត​ប្រាកដ​ចេញ​ដោយ​អាជ្ញាធរ​នោះ​ឡើយ។

​តាម​ការ​កត់សម្គាល់​ចំពោះ​សំណង់​អត់​ទាន់​រត់​ច្បាប់​សាងសង់​រួច​រាល់​ផង ប៉ុន្តែ​ម្ចាស់​សំណង់​ដែល​ជា​អ្នក​មាន​ទ្រព្យ​វិញ គឺ​ភាគ​ច្រើន​អាជ្ញាធរ​មិន​មាន​វិធានការ​ចុះ​ផ្អាក ឬ​វាយ​កម្ទេច​ចោល​ភ្លាមៗ​ទេ ដោយ​ខុស​ពី​សំណង់​សង់​អត់​ច្បាប់ មាន​ម្ចាស់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ច្បាប់​មាន​សកម្មភាព​លឿន និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល