ILO ជំរុញ​កម្ពុជា​ឱ្យ​បង្កើន​សេវា​សង្គម​ដើម្បី​ឱ្យ​ទាន់​ប្រទេស​ក្នុង​តំបន់

ដោយ អាស៊ីសេរី
2017.11.29
ហ៊ុន សែន ជួប​កម្មករ ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លើក​ឡើង​ថា ប្រជាជន​ក្នុង​ពិភពលោក និង​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​នាក់ ត្រូវ​រងគ្រោះ​ដោយ​ភាព​ក្រីក្រ វិសមភាព និង​ការ​ផាត់​ចេញពី​សង្គម ដែល​ជា​ឧបសគ្គ​ដ៏​ធំ​មួយ រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។ ការ​លើក​ឡើង​បែបនេះ បន្ទាប់ពី​អង្គការ​ILO បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី២៩ វិច្ឆិកា ២០១៧ ស្ដីពី​កិច្ច​គាំពារ​សង្គម​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​បន្ថែម​ទៀត​ថា វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ នៅ​តំបន់​អាស៊ី​មានការ​កើន​ឡើង ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា នៅ​មាន​ភាព​យឺតយ៉ាវ​ជាង​បណ្ដា​ប្រទេស​ផ្សេងទៀត។

របាយការណ៍​ថ្មី​របស់​អង្គការILO កត់សម្គាល់​ថា ដោយសារ​ការប្រើប្រាស់​គំរូ​នៃ​ការអភិវឌ្ឍ​ដែល​ផ្ដល់​អាទិភាព​លើ​កំណើន​សេដ្ឋកិច្ច ជាជាង​គោលនយោបាយ ដែល​បាន​មក​ពី​ការបែងចែក​ភាគលាភ​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច។ កន្លង​មក ប្រទេស​កម្ពុជា​មានលទ្ធភាព​សារពើពន្ធ​ទាប សម្រាប់​រ៉ាប់រង​លើ​ការ​ចំណាយ​សង្គម គឺជា​មូលហេតុ​នាំ​ឱ្យ​វិសាលភាព​ទៅលើ​កិច្ច​គាំពារ​សង្គម​នេះ​នៅ​មាន​កម្រិត​នៅឡើយ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ កិច្ច​គាំពារ​សង្គម បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​ក្នុង​ការ​អភិវឌ្ឍ​តំបន់ និង​ថ្នាក់ជាតិ កាន់តែ​ច្រើន​ឡើងៗ។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការរៀបចំ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​ការ​ចាំបាច់​បំផុត ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌។

ក្នុង​របាយការណ៍​ដដែល​នេះ មើល​ឃើញ​ថា​គោលនយោបាយ​ថ្មី​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នោះ បាន​កំណត់​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា ដូចជា​ការ​ផ្ដល់​អត្ថប្រយោជន៍​ជា​សាច់ប្រាក់ ដល់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ ជន​ពិការ និង​ចាស់ជរា​ជាដើម។ ILOយល់ថា ដើម្បី​សម្រេច​តាម​គោលដៅ​ទាំងនេះ រដ្ឋាភិបាល​ត្រូវ​ពង្រីក​លំហ ឬ​លទ្ធភាព​សារពើពន្ធ​របស់​ខ្លួន សម្រាប់​ផ្ដល់​ជំនួយ​សង្គម បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា ចំណាយ​ថវិកា​តិច​ជាង ១​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប លើ​កិច្ច​គាំពារ​សង្គម។ ចំនួន​នេះ ស្ថិតនៅ​កម្រិត​ទាប បើ​ធៀប​តួលេខ​មធ្យម ជិត ១០​ភាគរយ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ទោះបីជា​យ៉ាង​នេះ​ក្ដី ក្នុង​ឆ្នាំ​កន្លងទៅ កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ដែល​នាំមក​នូវ​ក្ដី​សង្ឃឹម​ខ្ពស់ ជាពិសេស​ចាប់​តាំង​ពី​ពេល​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម(..) បង្កើត​ឡើង​កាលពី​មួយ​ទសវត្សរ៍​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។